បណ្តាញ​សារព័ត៌មាន ABS-CBN នៅ​ហ្វីលីពីន តតាំង​នឹង​រដ្ឋាភិបាល​ដើម្បី​រក្សា​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន

  • Ralph Jennings

បុគ្គលិក​នៃ​បណ្តាញ​សារព័ត៌មាន ABS-CBN និង​សមាជិក​នៃ​សហភាព​អ្នក​កាសែត​ជាតិ​ហ្វីលីពីន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ការ​គាំទ្រ​ដល់​បណ្តាញ​ផ្សព្វផ្សាយ​នេះ​នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី5 ខែឧសភា ឆ្នាំ២០២០។

ការ​បិទ​បណ្តាញ​ផ្សព្វផ្សាយ​ហ្វីលីពីន​ដែល​មាន​អាយុកាល ៧៤ ឆ្នាំ ភ្លាមៗ គឺ​ជា​សកម្មភាព​ផ្លូវ​ច្បាប់​លើក​ទី ២ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ​ប្រឆាំង​នឹង​បណ្តាញ​ផ្សព្វផ្សាយ​ដែល​ដេញ​ដោល​ប្រធានាធិបតី។ ករណី​នេះ​ធ្វើ​ឱ្យ​មាន​ក្តីបារម្ភ​កាន់​តែ​ខ្លាំង​អំពី​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

បណ្តាញ​សារព័ត៌មាន ABS-CBN បាន​សរសេរ​នៅ​លើ​គេហទំព័រ​ព័ត៌មាន​របស់​ខ្លួន​ថា គណៈកម្មការ​ទូរគមនាគមន៍​ជាតិ​នៃ​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា បាន​បញ្ជា​ឱ្យ​បណ្តាញ​នេះ​បញ្ឈប់​ប្រតិបត្តិការ​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល។ បណ្តាញ​នេះ​បន្ត​ថា គណៈកម្មការ​ខាង​លើ​ក៏​បាន​បញ្ជា​បន្ថែម​មិន​ឱ្យ​មាន​ការ​ចាក់ផ្សាយ​នៅ​ក្នុង​ស្ថានីយ​ថ្នាក់​តំបន់​ចំនួន ៤ ផង​ដែរ។

កិច្ចព្រមព្រៀង​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​របស់​បណ្តាញ​សារព័ត៌មាន ABS-CBN បាន​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៤ ខែ​ឧសភា ក្នុង​អំឡុង​ពេល​បិទ​ប្រទេស​ដ៏​យូរ​ដោយសារ​តែ​ការ​ផ្ទុះ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូវីដ១៩ ទោះបីជា​បណ្តាញ​នេះ​ប្រឹងប្រែង​ស្វែងរក​ការ​យល់ព្រម​ពី​សភា​ដើម្បី​បន្ត​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ។

បណ្តាញ​សារព័ត៌មាន ABS-CBN បាន​រាយការណ៍​នៅ​លើ​គេហទំព័រ​ព័ត៌មាន​របស់​ខ្លួន​ថា រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Rodrigo Duterte មិន​យល់ព្រម​នឹង​លក្ខខណ្ឌ​នៃ​ការ​បន្ត​កិច្ចព្រមព្រៀង​នោះ។ លោក Duterte យល់​ថា បណ្តាញ​សារព័ត៌មាន​នេះ​បាន «បោកប្រាស់» លោក ទាក់ទិន​នឹង​អ្វី​ដែល​លោក​ពណ៌នា​ថា បណ្ដាញ​នេះ​មិន​បាន​ចាក់​ផ្សាយ​ការ​ឃោសនា​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ថ្នាក់​ជាតិ​របស់​លោក​កាល​ពី​ឆ្នាំ ២០១៦។

សកម្មជន​ម្នាក់​លើក​ពាក្យ​ស្លោក​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​នៃ​បណ្តាញ​ផ្សព្វផ្សាយ ABS-CBN កាលពី​ថ្ងៃទី៥ ខែឧសភា ក្នុង​ក្រុង Quezon ប្រទេស​ហ្វីលីពីន។

លោក Herbie Gomez អ្នក​គ្រប់គ្រង​គេហទំព័រ​ព័ត៌មាន Gold Star Daily នៅ​ក្នុង​ទីក្រុង Cagayan de Oro ប្រទេស​ហ្វីលីពីន និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​រឿង​អាក្រក់។។ បណ្តាញ​សារព័ត៌មាន​នោះ​ជា​បណ្តាញ​ទូរទស្សន៍​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស។ ការ​បិទ​បណ្តាញ​នេះ​បាន​ធ្វើ​ឱ្យ​គេ​ស្រឡាំងកាំង។ មាន​បណ្តាញ​សារព័ត៌មាន​ជាច្រើន​ទៀត ប៉ុន្តែ​បណ្តាញ ABS-CBN មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ។ ខ្ញុំ​គិត​ថា អ្វី​ដែល​បាន​កើត​ឡើង​គឺ​ថា ការ​រាយការណ៍​របស់​បណ្តាញ​នេះ​បាន​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​ខឹង​សម្បារ»។

ជា​ឧទាហរណ៍ របាយការណ៍​មួយ​នៅ​លើ​គេហទំព័រ​នៃ​បណ្តាញ​នេះ បាន​រាយការណ៍​ថា ប្រទេស​ហ្វីលីពីន «ជាប់​ចំណាត់ថ្នាក់​ទាប​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩» ដោយ​មាន​អត្រា​អ្នក​ស្លាប់​ខ្ពស់​មិន​ធម្មតា។

ពលរដ្ឋ​ហ្វីលីពីន​ចាត់​ទុក​បណ្តាញ​នេះ​ថា​ជា​ប្រភព​នៃ​សារព័ត៌មាន​ឯករាជ្យ ជា​ជាង​ការ​រៀបរាប់​ឡើង​វិញ​នៃ​សេចក្តី​ថ្លែងការណ៍​ផ្លូវ​ការ​នានា។

នៅ​ក្នុង​ការ​បង្ក្រាប​លើ​សារព័ត៌មាន​ជា​លើក​ទី២​នៅ​ក្នុង​ឆ្នាំ​នេះ តុលាការ​ថ្នាក់​តំបន់​មួយ​នៃ​ទីក្រុង​ម៉ានីល​បាន​បញ្ចប់​សំណុំ​រឿង​បរិហារកេរ្តិ៍​តាម​អ៊ីនធឺណិត​ប្រឆាំង​នឹង​សារព័ត៌មាន​អនឡាញ​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា Rappler អ្នកស្រី Maria Ressa ដែល​ជា​នាយកប្រតិបត្តិ​នៃ​សារព័ត៌មាន​នេះ និង​អតីត​អ្នក​និពន្ធ​ស្រាវជ្រាវ​នៃ​សារព័ត៌មាន​នេះ។ សារព័ត៌មាន Rappler នេះ ជា​ញឹកញាប់​ចេញ​ផ្សាយ​របាយការណ៍​រិះគន់​លើ​ពួក​យោធា និង​លើ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក​ប្រធានាធិបតី Duterte។

លោក Gomez បាន​និយាយ​ថា ករណី​ទាំង​ពីរ​បង្ហាញ​ថា លោក​ប្រធានាធិបតី Duterte «បាន​យក​ច្បាប់​ធ្វើ​ជា​អាវុធ» ដើម្បី​រករឿង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ប្រទេស​ហ្វីលីពីន​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​អនុញ្ញាត​ជា​ផ្លូវ​ការ​ឱ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​នៃ​ការ​ផ្សព្វផ្សាយ។ ទីស្នាក់ការ​កណ្តាល​របស់​បណ្តាញ​សារព័ត៌មាន ABS-CBN នៅ​ក្នុង​ទីក្រុង​ម៉ានីល មិន​បាន​ឆ្លើយ​ទូរស័ព្ទ​របស់ VOA ក្នុង​ការ​សុំ​យោបល់​នោះ​ទេ កាលពី​ពេល​ថ្មីៗ​នេះ។

លោក Renato Reyes អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អង្គការ​នយោបាយ​ឆ្វេង​និយមBagong Alyansang Makabayan នៅ​ក្នុង​ក្រុង​ម៉ានីល បាន​និយាយ​ថា គណៈកម្មាការ​ទូរគមនាគមន៍​ជាតិ​បាន​បដិសេធ​ថា បណ្តាញ​សារព័ត៌មាន ABS-CBN មិន​មាន «ដំណើរការ​ត្រឹមត្រូវ» នោះ​ទេ។

បណ្តាញ​សារព័ត៌មាន​នេះ​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា គណៈកម្មការ​នេះ​បាន​ធ្វើ​ការ​សុំទោស​រដ្ឋសភា​ចំពោះ​ការ​មិន​បាន​ជូន​ដំណឹង​ដល់​រដ្ឋសភា​អំពី​ការ​បិទ​នេះ។ គេហទំព័រ​នេះ​សរសេរ​ថា សភា​កំពុង​ពិចារណា​លើ​ច្បាប់​ដើម្បី​បន្ត​សិទ្ធិ​អាជីវកម្ម​រហូត​ដល់​ខែ​តុលា ក្នុង​ចំណោម​ច្បាប់​ផ្សេង​ទៀត ដែល​អាច​អនុញ្ញាត​ឱ្យ​បណ្តាញ​នេះ​បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​រលក​ធាតុអាកាស​បាន។ សម្ព័ន្ធមិត្ត​របស់​លោក Duterte គ្រប់គ្រង​ព្រឹទ្ធសភា ដែល​ឥឡូវ​នេះ​កំពុង​តែ​សិក្សា​លើ​ច្បាប់​ទាំង​នេះ​មួយ​ចំនួន។

លោក Reyes បាន​និយាយ​ថា ការ​បិទ​នេះ «កើត​ឡើង​ចំ​ពេល​អាក្រក់​បំផុត គឺ​ចំ​ពេល​ដែល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​សាកល ដោយ​វា​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាត់បត់​ការងារ​ធ្វើ។ រឿង​ចាំបាច់​ដែល​យើង​ត្រូវការ​នៅ​ពេល​ឥឡូវ​នេះ​គឺ​សេរីភាព​សារព័ត៌មាន»។

លោក Daniel Bastard ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters without Borders) ដែល​ជា​អង្គការ​តស៊ូ​មតិ​មួយ បាន​និយាយ​ថា បណ្តាញ​សារព័ត៌មានABS-CBN បាន «ដើរ​តួ​យ៉ាង​សំខាន់» ក្នុង​ការ​ផ្តល់​ដំណឹង​ដល់​អ្នក​ស្តាប់​នៅ​តាម​ជនបទ​ក្នុង​ប្រទេស​ហ្វីលីពីន​អំពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា។

ផ្នែក​ជាច្រើន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​បិទ ស្រប​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​នេះ​មាន​ចំនួន​ប្រមាណ ១២.៥០០ ករណី និង​ការ​ស្លាប់​ជាង ៨០០ ករណី។ លោក​បាន​និយាយ​ថា ប្រសិនបើ​បណ្តាញ​សារព័ត៌មាន​នេះ​ឈប់​ដំណើរការ​ជា​រៀង​រហូត វា​បង្ហាញ​ថា «ពហុនិយម​នៃ​សារព័ត៌មាន​ត្រូវ​បាន​កាត់បន្ថយ​ទៅ​ដល់​កម្រិត​នៃ​សម័យ​របស់​លោក​ប្រធានាធិបតី Marcos»។

បណ្តាញ​សារព័ត៌មានABS-CBN នេះ​ធ្លាប់​ត្រូវ​បាន​បិទ​នៅ​ក្នុង​ឆ្នាំ ១៩៧២ បន្ទាប់​ពី​លោក​អតីត​ប្រធានាធិបតី Ferdinand Marcos បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក តែ​ក្រោយ​មក បណ្ដាញ​នេះ​បាន​ដំណើរការ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ១៩៨៦។ បណ្តាញ​សារព័ត៌មាន​នេះ​បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ថា​មាន​ចំនួន ២៣ ពាន់ ៣ រយ​លាន​ប៉េសូ ដែល​ស្មើ​នឹង​ប្រហែល ៤៥៨ លាន​ដុល្លារ​អាមេរិក។

មន្ត្រី​នៃ​អង្គការ​តស៊ូ​មតិ​ខាង​លើ​និយាយ​ថា៖ «ជា​មូលដ្ឋាន វិធី​ដែល​រដ្ឋបាល​របស់​លោក Duterte ចាត់ការ​ជាមួយ​នឹង​សារព័ត៌មាន បង្ហាញ​ថា ក្រុម​របស់​លោក Duterte មិន​ត្រឹម​តែ​មិន​អត់ឱន​ឱ្យ​សារព័ត៌មាន​ឯករាជ្យ ឬ​សារព័ត៌មាន​ដែល​តិទៀន​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​រំឭក​ទៅ​ដល់​ដំណាក់កាល​ខ្មៅ​ងងឹត​របស់​ប្រទេស​ហ្វីលីពីន​ក្នុង​ពេល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្តាច់ការ»៕