ពលរដ្ឋ​អាមេរិក​១,៥​​លាន​នាក់​​បន្ថែម​ទៀត​ដាក់​ពាក្យ​​ជំនួយ​អត់​ការងារ

អ្នក​ដំណើរ​ម្នាក់​ពាក់ម៉ាស់​ដើរ​កាត់ស្លាក​សញ្ញាផ្សព្វផ្សាយ​ការងារ​នៅ​ក្រុមហ៊ុន​មួយ​ក្នុងទីក្រុង Seattle។

ក្រសួង​ការងារ​សហរដ្ឋអាមេរិក​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មាន​ពលរដ្ឋ​អាមេរិក ១,៥ ​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន ដែល​ជាចំនួន​ទាប​បំផុត​ក្នុង​រយៈ​ពេល​៣​ខែមក ខណៈ​ដែល​អាជីវកម្មកាន់​តែ​ច្រើនបានចាប់​បើក​ទ្វារ​ឡើង​វិញ​ ក្រោយ​ពី​បិទ​ដោយ​សារ​វិបត្តិ​កូវីដ១៩។

ចំនួន​អ្នកបាត់បង់​ការងារ​ថ្មីនេះ​ធ្វើ​ឲ្យ​ចំនួន​សរុប ​តាំង​ពីវិបត្តិកូវីដ១៩ ​នៅ​សហរដ្ឋ​អាមេរិក​ តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក​ បាន​កើន​ដល់ចំនួន​សរុប ​៤៤ លាន​នាក់ ឬ​ស្មើ​នឹង​ជាង ១ភាគ​៤​ នៃពលរដ្ឋ​អាមេរិក​ពេញ​វ័យធ្វើ​ការសរុប ​១៦៤.៦ ​លាន​នាក់។ ប៉ុន្តែ​ចំនួន​អ្នក​ទទួល​ជំនួយ​រដ្ឋ​ជាក់​ស្តែង​នៅ​ពេល​នេះ​បាន​ធ្លាក់​ចុះ​ដល់ ​២០,៩​ លាន​នាក់​វិញ ដោយ​មនុស្ស​រាប់​លាន​នាក់​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។

ទោះ​បី​ចំនួន​អ្នក​អត់​ការងារ​ថ្មី​ប្រចាំ​សប្តាហ៍​បាន​ធ្លាក់​ចុះ​អស់​ ១២​ សប្តាហ៍​ក្តី ក៏​មន្ត្រី​ខាង​សេដ្ឋកិច្ច​សំខាន់ៗបាន​ទស្សន៍ទាយ​ថា​ ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ក្រោយ​វិបត្តិ​កូវីដ១៩ ​នឹង​ត្រូវ​ការ​រយៈ​យូរ​រហូត​ដល់​ឆ្នាំ ​២០២១។

មន្ត្រី​អាមេរិក​បាន​ប្រកាស​ថា ​អត្រា​អត់​ការងារ​កាល​ពី​ខែ​ឧសភា ​មាន​យ៉ាង​ហោច​ណាស់ ​១៣,៣%។​កាល​ពី​ថ្ងៃ​ពុធ​ ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក បានទស្សន៍​ថា ចំនួន​នេះ​អាច​ធ្លាក់​ចុះ​វិញ​មក​ត្រឹម​ ៩,៣%​ នៅ​ដំណាច់​ឆ្នាំ​ ២០២០ និង​ចុះ​ដល់ ​៦,៥%​ នៅ​ដំណាច់​ឆ្នាំ ​២០២១។

ប្រធាន​ធនាគារ​កណ្តាល​លោក ​Jerome Powell បាន​ទទួល​ស្គាល់​ថា ​ចំនួន​អត់​ការងារ​មាន​កម្រិត​ខ្ពស់​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​ ហើយ​បាន​ប៉ះពាល់​ខ្លាំង​បំផុត​ដល់អ្នក​ធ្វើ​ការ​បើក​ប្រាក់​ម៉ោង ស្ត្រី ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​ និង​ពលរដ្ឋ​ដើម​កំណើត​ Hispanics (អាមេរិក​ឡាទីន)៕