កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​រាជាណាចក្រ​អារ៉ាប់​ផ្តោត​លើ​ជម្លោះ​នៅ​ស៊ីរី និង​ប៉ាឡេស្ទីន

ស្តេច Salman bin Abdulaziz Al-Saud របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​យាង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អារ៉ាប់​លើក​ទី២៩ នៅ​ក្នុង​ក្រុង Dhahran ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

មេដឹកនាំ​រាជាណាចក្រ​អារ៉ាប់​បាន​ជួប​ប្រជុំ​គ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​អារ៉ាប់​លើក​ទី២៩ នៅក្នុង​ទីក្រុង Dhahran ប្រទេស​អារ៉ាប៊ីសាអូឌីត​ នៅ​ស្របពេល​មាន​កិច្ចពិភាក្សា​អំពីស្ថានភាព​មហន្តរាយ​នៅក្នុង​រដ្ឋ​ជាច្រើន​ក្នុង​តំបន់។ មេដឹកនាំ​ទាំង​នោះ​បាន​ផ្តោត​ការពិភាក្សា​សំខាន់​ទៅ​លើ​ជម្លោះ​ក្នុង​តំបន់​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ជម្លោះ​ផ្ទៃនៅក្នុង​ប្រទេស​យេម៉ែន ​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​ឃោរឃៅ​ក្នុង​ប្រទេសស៊ីរី​ ការ​បែងចែក​នយោបាយ​និង​យោធា​ក្នុង​ប្រទេស​លីប៊ី​ និង​ការទទួល​ស្គាល់​របស់​សហរដ្ឋអាមេរិក​ថា​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ជាដើម។

មុន​នឹង​ផ្ទេរ​ភារៈកិច្ច​ជាផ្លូវ​ការ​នៃ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​លើក​ទី២៩​ជូន​ដល់​ស្តេច​Salman នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដែល​ជា​អ្នក​រៀបចំ​កិច្ចប្រជុំ​ក្នុង​ឆ្នាំ​នេះ​ស្តេច Abdullah របស់​ប្រទេស​ហ៊្សកដានី​បាន​ថ្លែង​សង្ខេប​ពី​បញ្ហា​សំខាន់ៗ​ដែល​កំពុងប្រឈម​ក្នុង​តំបន់។

ស្តេច Salman បាន​ផ្តោត​លើ​បញ្ហា​ទីក្រុង Jerusalem ដែល​ជា​បញ្ហា​ចម្បង​នៅក្នុង​របៀប​វារៈ​នៃ​កិច្ចប្រជុំ​ក្នុង​ឆ្នាំ​នេះ ​ព្រម​ទាំង​បញ្ហា​ដែល​ព្រះអង្គ​ហៅ​ថា​ជា​ការ​ជ្រៀតជ្រែក​របស់​អ៊ីរ៉ង់​នៅក្នុង​កិច្ចការ​របស់​រដ្ឋ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា​ពួកសកម្ម​ប្រយុទ្ធ​ហ៊ូទី​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំងស្រុង​ចំពោះ​ការ​បង្ក​ការឈឺចាប់​ដល់​ពលរដ្ឋ​យេម៉ែន​ និង​បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ក្រុមហ៊ូទី​ចំពោះ​ការ​បាញ់​កាំជ្រួញ​ម៉ីស៊ីល​ទៅ​លើ​ទីក្រុង​របស់​អារ៉ាប៊ីសាអូឌីត​ រួម​ទាំង​ទីក្រុង​ពិសិដ្ឋ​មេកា​ផងដែរ៕