អង្គការ​មិត្ត​គ្មាន​ព្រំដែន​ប្រារព្ធ​ខួប​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​នៅ​កម្ពុជា

រូបថត​អនុស្សាវរីយ៍​របស់​អ្នក​ចូលរួម​ជាមួយ​នឹង​លោក Kenro Izu ស្ថាបនិក និង​ជា​ប្រធាន​នៃ​អង្គការមិត្ត​គ្មាន​ព្រំដែន​នៅ​ក្នុង​កម្មវិធី​រៃ​អង្គាស​ថវិកា​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រដ្ឋ New Jersey កាល​ពី​ថ្ងៃទី១០ ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។ (VOA Khmer)

អង្គការ​មិត្ត​គ្មាន​ព្រំដែន​បាន​ប្រារព្ធ​កម្មវិធី​រៃ​អង្គាស​ថវិកា​ប្រចាំ​ឆ្នាំ​លើក​ទី១៦​​របស់​ខ្លួន​កាល​ពី​ថ្ងៃទី​១០ ​ខែតុលា ​ឆ្នាំ២០១៥ នៅ​រដ្ឋ New Jersey ​ក្នុង​សហរដ្ឋ​អាមេរិក។

អង្គការ​មិត្ត​គ្មាន​ព្រំដែន​បាន​ប្រារព្ធ​កម្មវិធី​រៃ​អង្គាស​ថវិកា​ប្រចាំ​ឆ្នាំ​លើក​ទី១៦របស់​ខ្លួន​កាល​ពី​ថ្ងៃទី​១០ ​ខែតុលា ​ឆ្នាំ២០១៥ នៅ​រដ្ឋ New Jersey ​ក្នុង​សហរដ្ឋ​អាមេរិក។ កម្មវិធី​នោះ​ មាន​ការ​ចូលរួម​យ៉ាង​អធិកអធម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ដែល​មក​ពី​រដ្ឋ New Jersey រដ្ឋ New YorK និង​រដ្ឋ​ដទៃ​ទៀត​ផង​ដែរ។

អង្គការមិត្ត​គ្មាន​ព្រំដែន​គឺ​ជា​អង្គការ​អន្តរជាតិ​មិន​ស្វែង​រក​កំរៃ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​បុរី​ New YorK។ ​អង្គការ​នេះ​ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៦ ​ក្នុង​គោលដៅ​លើក​កម្ពស់​សុខភាព​ និង​សុខុមាលភាព​របស់​កុមារ​ក្រីក្រ ​តាមរយៈ​ការ​បង្កើត​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ឆ្នាំ​១៩៩៩។​ មន្ទីរពេទ្យ​នេះ​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប​ក្នុង​ប្រទេស​កម្ពុជា។

លោក Kenro Izu ​ដែល​ជា​ស្ថាបនិក ​និង​ជា​ប្រធាន​របស់​អង្គការ​មិត្ត​គ្មាន​ព្រំដែន ​ហើយ​ក៏​ជា​ជាង​ថតរូប​ជនជាតិ​ជប៉ុន​ដ៏​ល្បីល្បាញ​មួយ​រូប ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ អង្គការ​របស់​លោក​ទទួល​បាន​ជោគជ័យ​ដោយ​ពឹងផ្អែក​លើ​ការ​រៃ​អង្គាស​ប្រាក់​តាមរយៈការ​រៀបចំ​កម្មវិធី​សប្បុរសធម៌​នៅ​បរទេស ដូចជា​នៅ​ប្រទេស​ជប៉ុន ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កាណាដា​ជា​ដើម។

លោក Izu ​បាន​និយាយ​ថា​ «គ្រប់​គ្នា​ព្យាយាម​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​ទទួល​បាន​ជោគជ័យ​ និង​នៅ​តែ​បន្ត​ដំណើរការ​ទៅ​មុខ​ទៀត។ ដូច្នេះ​ប្រតិបត្តិការ​របស់​យើង​ទទួល​បាន​ជោគជ័យ​អស់​រយៈពេល​១៦ឆ្នាំ​មក​ហើយ»។

នៅ​ក្នុង​កម្មវិធី​គម្រប់​ខួប​នោះ ​មាន​ការ​ទទួលទាន​អាហារ​សាមគ្គី​ និង​មាន​ការ​រាំរែក​ចង្វាក់​ប្រពៃណី​ខ្មែរ​ផង​ដែរ។ ស្ថិត​ក្នុង​បរិយាកាស​ដ៏​រីករាយ​ដែល​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ប្រមាណ​៤ម៉ោង​នោះ ក៏​មាន​ការ​ដាក់​ដេញ​ថ្លៃ​វត្ថុ​អនុស្សាវរីយ៍​ ដែល​ជា​ស្នាដៃ​ខ្មែរ ​និង​រូបថត​ដ៏​ល្អ​ប្រណិត​ជា​ច្រើន​ផ្ទាំង​ ដែល​ជា​ស្នាដៃ​របស់​លោក Izu ​ដោយ​ផ្ទាល់​ទៀត​ផង។ ​ថវិកា​ដែល​បាន​មក​ពី​កម្មវិធី​សប្បុរស​ធម៌​នេះ​ទាំងអស់​នឹង​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។

លោក Kenro Izu ​មាន​ជំនឿ​ថា​ កុមារ​គឺ​ជា​ឆ្អឹងខ្នង​របស់​សង្គម​ ដូច្នេះ​ពួកគេ​គួរ​តែ​រស់នៅ​ដោយ​មាន​សុខភាព​ល្អ ​ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ក្ដី​ស្រមៃ​វែង​ឆ្ងាយ។ លោក Izu ​បាន​និយាយ​ថា៖ «កុមារ​ ទោះ​មាន​ឬ​ក្រ​ គួរតែ​ទទួល​បាន​ការ​មើលថែ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មើភាព ​និង​យុត្តិធម៌។ នៅ​ពេល​ដែលពួកគេ​មាន​សុខភាព​ល្អ ពួកគេ​នឹង​មាន​ឱកាស​ទទួល​បាន​ការអប់រំ​ ដើម្បី​ក្លាយ​ជា​វេជ្ជបណ្ឌិត ឬ​នាយក​រដ្ឋមន្ត្រី ​នា​ពេល​អនាគត»។

កម្មវិធី​រាត្រី​សប្បុរសធម៌​នោះ​ មាន​ភ្ញៀវ​ចូលរួម​សរុប​ប្រមាណ​២០០នាក់។ លោក គឹម តារា ​ដែល​ជាភ្ញៀវម្នាក់​ក្នុង​កម្មវិធី​នោះ ​បាន​និយាយ​ថា៖ «​នេះ​គឺ​ជា​កម្មវិធី​មួយ​ដ៏​ល្អ​ ដែល​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​ទើប​ខ្ញុំ​មក​ចូល​រួម»។

លោក តារា ​បាន​គាំទ្រ​កម្មវិធី​សប្បុរស​ធម៌​របស់​អង្គការ​មិត្ត​គ្មាន​ព្រំដែន​តាំង​ពី​ឆ្នាំ​២០០០​មក​ម្ល៉េះ។ លោក​ថែម​ទាំង​ធ្លាប់​ស្ម័គ្រ​ចិត្ត​ជួយ​រៀបចំ​កម្មវិធី​នេះ​ទៀត​ផង​។ លោក​ តារា បាន​និយាយ​ថា យើង​ទាំងអស់​គ្នា​អាច​ជួយ​ដល់​អង្គការ​នេះ តាមរយៈ​មធ្យោបាយ​ជាច្រើន ​ដូចជា​ការ​ស្ម័គ្រចិត្ត​ ឬ​កា​របរិច្ចាគ​ជា​ថវិកា ឬ​សម្ភារៈ​ផ្សេងៗ។

លោក តារា ​បាន​ថ្លែង​ថា៖ «យើង​គ្រប់គ្នា​នៅ​ទីនេះ​អាច​ជួយ​បរិច្ចាគ​ជា​ថវិកា​បន្តិចបន្តួច ឬ​ជា​អ្វី​ក៏​បាន​ ដូចជា​ការ​ស្ម័គ្រ​ចិត្ត​ជាដើម។ ខ្ញុំ​គិត​ថា ​យើង​គួរតែ​បរិច្ចាគ​តាម​តែ​អាច​ធ្វើ​បាន​ដល់​អ្នកក្រីក្រ​ ដូចជា​កុមារ​នៅ​កម្ពុជា​»។

មក​ទល់​នឹង​ពេល​នេះ មន្ទីរពេទ្យ​កុមារអង្គរ​មាន​បុគ្គលិក​ជាង​៥០០នាក់​ និង​បាន​ផ្តល់​សេវាកម្ម​ព្យាបាល​ជំងឺ​ ប្រកប​ដោយ​គុណភាព​ខ្ពស់​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​កម្ពុជា​ជាង​១លាន​៤សែននាក់​ហើយ។

នៅ​ទីបញ្ចប់​ លោក Kenro Izu ​បាន​អំពាវនាវ​ឲ្យ​មនុស្សម្នា​ដទៃ​ទៀត​ចូលរួម​បរិច្ចាគ តាម​ដែល​អាច​ធ្វើ​បាន។ លោកIzu បាន​និយាយ​ថា «ការ​បរិច្ចាគ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ អ្នក​សប្បាយចិត្ត ហើយ​ការ​បរិច្ចាគ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​សប្បាយ​ចិត្ត​ដូច​គ្នា​ដែរ»៕