អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅកម្ពុជាយល់ថា តម្លៃសំបុត្រថ្មីសម្រាប់ទេសចរបរទេសចូលទស្សនាតំបន់អង្គរវត្តដែលកើនឡើងជិត២ដងនោះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅតំបន់នេះនោះទេ បើទោះបីជាពួកគេយល់ថា ការដំឡើងថ្លៃនេះអាចនឹងប៉ះពាល់ខ្លះដល់អារម្មណ៍របស់ភ្ញៀវទេសចរណ៍។
កាលពីខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចដំឡើងតម្លៃសំបុត្រចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរណ៍បរទេស។ តម្លៃសំបុត្រសម្រាប់ចូលទស្សនារយៈពេល១ថ្ងៃនឹងត្រូវដំឡើងពី២០ដុល្លារទៅ៣៧ដុល្លារ តម្លៃសំបុត្រសម្រាប់រយៈពេល៣ថ្ងៃ នឹងត្រូវដំឡើងពី៤០ដុល្លារទៅ៦២ដុល្លារ និងតម្លៃសំបុត្រចូលទស្សនារយៈពេលមួយសប្ដាហ៍ នឹងត្រូវដំឡើងពី៦០ដុល្លារទៅ៧២ដុល្លារ ហើយតម្លៃថ្មីនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះតទៅ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៅកម្ពុជាប្រាប់VOA នៅថ្ងៃសុក្រនេះថា ការដំឡើងថ្លៃសំបុត្រជិតទ្វេដងនេះមានលក្ខណៈ «គំហុក» ដែលអាចនឹងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេចរណ៍ និងនាំឱ្យមានការរិះគន់។ ទោះជាយ៉ាងណា លោកស្រីយល់ថា តម្លៃថ្មីនេះនៅតែអាចទទួលយកបាន គឺប្រហាក់ប្រហែលនឹងប្រទេសជិតខាង។
យ៉ាងនេះក្ដី លោកស្រី ឆាយ ស៊ីវលីន យល់ថា ស្របជាមួយនឹងការដំឡើងតម្លៃនេះ កម្ពុជាក៏គួរពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អផងដែរ។
«ស្រុកគេ គេតម្លៃប៉ុណ្ណឹង ហេដ្ឋារចនាសម្ព័ន្ធគេ សន្តិសុខគេវាមានច្រើនជាង ប៉ុន្តែយើងសង្ឃឹមថា បន្ទាប់ពីរាជរដ្ឋាភិបាលដំឡើងថ្លៃចឹងទៅ គាត់អាចមានថវិកាមួយចំនួនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស័យទេសចរណ៍ហ្នឹងឱ្យបានល្អ អាចប្រដំប្រសងជាមួយគេ»។
លោកស្រី ឆាយ ស៊ីវលីន បន្តថា ការទុកពេល៦ខែមុនចាប់ផ្ដើមអនុវត្តតម្លៃថ្មីនេះគឺជាការទុកពេលខ្លីពេក ដែលលោកស្រីថា ធ្វើឱ្យភ្នាក់ងារទេសចរណ៍ខ្លះជួបការលំបាក។ លោកស្រីស្នើឱ្យមានការទុករយៈពេលយូរជាងនេះសម្រាប់ការឡើងថ្លៃលើកក្រោយៗទៀត និងដំឡើងថ្លៃម្ដងបន្តិចជាជាងការឡើងថ្លៃដោយគំហុក។
លោក ធួន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Pacific Asia Travel Association) នៅប្រទេសកម្ពុជា យល់ឃើញប្រហាក់ប្រហែលគ្នាថា ការដំឡើងថ្លៃសំបុត្រនេះអាចនឹងប៉ះពាល់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ តែនឹងមិនធ្វើឱ្យចំនួនភ្ញៀវថយចុះនោះទេ។ ទោះយ៉ាងណា លោករិះគន់របៀបដែលរដ្ឋាភិបាលកំណត់តម្លៃសំបុត្រសម្រាប់ចូលទស្សនាតំបន់អង្គរនេះ។
«នៅពេលដែលយើងលក់[សំបុត្រចូលទស្សនា]អង្គរវត្តតម្លៃ២០ដុល្លារ វាថោកណាស់ វាថោកមែនទែន។ វាមិនស្មើនឹង[តម្លៃចូល]តំបន់កម្សាន្តរបៀបសិប្បនិម្មិតនៅក្នុងប្រទេសជុំវិញផង។ ក៏ប៉ុន្តែ វិធីសាស្ត្រដែលរដ្ឋាភិបាលដំឡើងហ្នឹង វាអត់ត្រូវនៅក្នុងកាលៈទេសៈ ឬក្នុងស្ថានភាពដែលយើងមាន»។
លោក ធួន ស៊ីណាន បន្តថា នៅក្នុងតំបន់អង្គរមានប្រាង្គប្រាសាទច្រើនរាប់រយ និងត្រូវការពេលច្រើនថ្ងៃដើម្បីទស្សនា។ លោកលើកជាយោបល់ថា រដ្ឋាភិបាលគួរលក់សំបុត្រដោយបែងចែកជាតំបន់ប្រាសាទ ជាជាងលក់សំបុត្រសម្រាប់ទស្សនាតំបន់អង្គរទាំងមូល ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការជ្រើសរើសតំបន់ដែលខ្លួនចង់ទៅទស្សនាតាមពេលវេលាដែលខ្លួនមាន។
លោក លី សែ ប្រធានគ្រឹះស្ថានអង្គរដែលជាស្ថាប័នរបស់រដ្ឋគ្រប់គ្រងចំណូលពីរមណីយដ្ឋានអង្គរមានប្រសាសន៍ថា រដ្ឋាភិបាលបានលើកពេលក្នុងការដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរនេះអស់ច្រើនលើកមកហើយ ហើយនេះជាការឡើងថ្លៃលើកដំបូងក្នុងរយៈពេល២៥ឆ្នាំ។ លោកអះអាងថា រដ្ឋាភិបាលបានធ្វើការសិក្សាច្បាស់លាស់មុននឹងដំឡើងថ្លៃ ហើយវានឹងមិនប៉ះពាល់ដល់ភ្ញៀវទេសចរណ៍នោះទេ។
«ចឹងមិនមែនលើកនេះទើបចាប់ព្រឹបឡើងទេ! យើងស្ទាបស្ទង់ យើងឱ្យពេល យើងទុកពេលវេលាឱ្យគេត្រឹមត្រូវ ហើយការដំឡើងហ្នឹង រដ្ឋាភិបាល inform (ប្រាប់មុន)៦ខែមុន។ ទុករយៈពេល ហើយពិគ្រោះយោបល់ហ្នឹងប៉ុន្មានខែមុនឯណោះ»។
លោក លី សែ អះអាងដែរថា គ្រឹះស្ថាននិងអាជ្ញាធរអប្សរាមានផែនការជាបន្តបន្ទាប់ដើម្បីធ្វើឱ្យសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ តែលោកពុំបានបញ្ជាក់ពីផែនការទាំងអស់នោះទេ។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយកាលពីដើមខែមករា ទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៦សរុបមានចំនួន២ ១៩៧ ២៥៤នាក់ កើនឡើង៤,៦៣ភាគរយធៀបនឹងឆ្នាំ២០១៥។ ចំណែកប្រាក់ចំណូលពេញមួយឆ្នាំ២០១៦ ទទួលបាន ៦២.៥៨២.២០០ដុល្លារ កើនឡើង ៤,២១ភាគរយធៀបនឹងឆ្នាំ២០១៥។
បើតាមលោក លី សែ ក្រោយការដំឡើងថ្លៃ គ្រឹះស្ថានរំពឹងថា នឹងទទួលបានចំណូល១០០លានដុល្លារពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរក្នុងឆ្នាំ២០១៧នេះ៕