ក្រុម​អ្នក​វិភាគ​ស្វាគមន៍​ការ​ប្តេជ្ញា​របស់​អ.ស.ប.​និង​កម្ពុជា​ក្នុង​ការ​គាំទ្រ​ដំណើរការ​កាត់ទោស​ខ្មែរក្រហម

ព្រះសង្ឃ​មួយ​អង្គ​និមន្ត​ក្បែរ​សាលសវនាការ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាង​ក្រុង​ភ្នំពេញ។ (១៦ តុលា ២០១៣)

ក្រុម​អ្នកវិភាគ​អន្តរជាតិ​ និង​ក្នុង​ប្រទេស​បាន​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ជាថ្មី​របស់​អ.ស.ប.​និង​ប្រទេស​កម្ពុជា​ក្នុងការ​គាំទ្រ​ដំណើរ​ការ​កាត់ទោស​ខ្មែរក្រហម​ ហើយ​និយាយ​ថា​ទង្វើ​នេះ​អាច​នាំ​ឲ្យ​មាន​ជំនឿ​ចិត្ត​ឡើង​វិញ​ខ្លះ​ចំពោះ​តុលាការ។​

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីអ.ស.ប.និង​ប្រទេស​កម្ពុជា​បាន​ព្រមព្រៀង​គ្នា​ជាថ្មី​ថា​ នឹង​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ ដោយ​ការ​ស្វែងរក​ថវិកា​ និង​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​នោះ​ ​ក្រុម​អ្នក​វិភាគ​ជាតិ​ និង​អន្តរជាតិ​សំខាន់ៗ​បាន​អះអាង​ថា​ ការ​តាំងចិត្ត​ជាថ្មី​នេះ​ជា​ក្តីសង្ឃឹម​ថា ​តុលាការ​នេះ​នឹង​ដំណើរការ​ទៅ​មុខ​ដោយ​គ្មាន​ឧបសគ្គ​ផ្នែក​ថវិកា​ និង​កិច្ចប្រតិបត្តិការ​ដូច​មុនៗ​ទៀត​ទេ។

សាលាក្តី​ខ្មែរក្រហម​ ក្នុងរយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ភាព​តាន​តឹង​រវាង​ភាគី​ទាំង​ពីរ​លើ​បញ្ហា​ដំណើរការ​កាត់ទោស​ បញ្ហា​ទទួល​ខុសត្រូវ​ដ៏​ស្មុគ​ស្មាញ ដែល​ធ្វើ​ឲ្យ​មាន​ភាព​តប់ប្រម៉ល់​និង​តានតឹង​ច្រើន​ បញ្ហា​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ រួម​ទាំង​ការ​ខកចិត្ត​របស់​ម្ចាស់​ជំនួយ​ ដែល​នាំឲ្យតុលាការ​នេះ​មាន​ដំណើរ​ ការ​យឺត​យ៉ាវ​ និង​ស្មុគស្មាញ​រហូត​ដល់​មាន​ពហិការ​ពី​បុគ្គលិក​ខ្មែរ​និង​ការ​លា​ឈប់​ពីមុខ​តំណែង​របស់​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​បរទេស​ផង​ដែរ។​

តែបញ្ហា​ជាច្រើន​ ត្រូវ​បាន​ដោះស្រាយ​នៅ​ពេល​គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​អ.ស.ប.​ដឹកនាំ​ដោយ លោក​មីហ្គែល ​ឌឺសឺប៉ា​ ស័ររ៉េស​ (Miguel de ​Serpa ​Soares) ​អគ្គលេខា​ធិការ​រង អ.ស.ប.​ទទួល​បន្ទុក​ផ្នែកច្បាប់​ដែល​បំពេញ​ទស្សន​កិច្ច​បីថ្ងៃ​របស់​លោក​ចាប់ពី​ថ្ងៃទី​២៧​មករា​នោះ​ បាន​ជួប​ជាមួយ​នឹង​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ រដ្ឋ​មន្ត្រី​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ការ​ចរចា​រឿង​សាលាក្តី​ខ្មែរ​ក្រហម។​ ភាគី​ទាំង​ពីរ​បាន​ថ្លែង​រួមគ្នា​ថា​ នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​និង​ស្វែងរក​ថវិកា​គាំទ្រ​តុលាការ​ដើម្បី​ឈាន​ទៅរក​ការ​បញ្ចប់​ដំណើរ​ការ​រកយុត្តិ​ធម៌​ ឬការ​កាត់​ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

លោក​បណ្ឌិត​ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari)​ ជា​សាស្ត្រាចារ្យនៃ​សាកល​វិទ្យាល័យ​មីជីហ្គ៊ែន ​(Michigan)​ ​និងជា​អ្នក​និពន្ធ​សៀវភៅ​អំពី​ខ្មែរក្រហម​ឈ្មោះ​ថា ​Hybrid ​Justice។ លោក​បានចាត់​ទុក​ថា ​ការ​ប្តេជ្ញា​របស់​ភាគី​ទាំង​ពីរ​ជា​ការ​ប្តេជ្ញា​ ត្រូវ​ការ​ពេល​វេលារបស់​ភាគី​ទាំងពីរ​ ហើយ​ជារឿង​ដែល​ផ្តល់​ក្តី​សង្ឃឹម​ថា​ សំណុំ​រឿងច្រើន​ទៀត​ត្រូវ​ដំណើរការ​កាត់ទោស​បន្ត។

លោក​និយាយថា៖​ «ពេលវេលា​ល្អណាស់​សម្រាប់​ភាគី​ទាំងពីរ​ក្នុង​ការ​សហការ​គ្នា​ពេលនេះ ​ព្រោះ​ជា​រឿង​ ដែល​ភាគី​ទាំង​ពីរ​ចង់​បាន។​ ហើយ​រឿងនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​កិច្ចប្រតិបត្តិ​ការ​ការកាត់​ទោស​ក្នុងវគ្គ​ទៅមុខ​ទៀត​ដំណើរការ​បាន​ដោយ​រលូន​គឺ​វគ្គ​ដែលនាំ​ទៅដល់​សាលក្រម​ដំបូង​ក្នុង​សំណុំ​រឿង​០០២»។​

លោក​ថា ​សញ្ញា​ល្អ​ច្រើន​នោះ​គឺ​ប្រទេស​កម្ពុជា​យល់ព្រម​ចំណាយ​ថវិកា១លាន​១​សែន​ដុល្លារ​ស.រ.អា.​ទៀត​ ហើយ​ម្ចាស់​ជំនួយ​នានា​រង់ចាំ​មើល​ការ​តាំងចិត្ត​របស់​កម្ពុជា​ជា​យូរ​មក​ហើយ ​ ហើយ​មួយ​ទៀត​គឺ​អ.ស.ប.​ក៏​បាន​សន្យា​ថា ​នឹង​ស្វែងរក​ ថវិកា​ពី​កញ្ចប់​ថវិកា​របស់​ខ្លួន​ដើម្បីកាត់​ទោស​ខ្មែរក្រហម។​ ហើយ​ភាគី​ទាំង​ពីរ​ក៏​បាន​សន្យា​ថា​នឹង​គាំទ្រ​សាលាក្តី​នេះ​រហូត​ទល់​ចប់​ និង​រកបាន​យុត្តិធម៌​ និង​បញ្ចប់​វប្បធម៌​គ្មាន​ទោស​ពៃរ៍។

លោក​សាស្ត្រាចារ្យ​អាមេរិកាំង​ ភីធ័រ ម៉ាខ្វៃអឺ ​(Peter Maguire)​ ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ឈ្មោះ​ថា ​Facing Death​ in ​Cambodia។ លោកមាន​សុទិដ្ឋិនិយម​ ​តែមិន​ដឹង​ ថា​តើជន​ជាប់​ចោទ​ដែល​មានវ័យ​ជាង​៨០​ឆ្នាំ​រស់នៅ​ដល់​ពេល​ណា​ទេ។​

«តែ​ខ្ញុំ​គិត​ថា​ វា​ជារឿង​វិជ្ជមាន​ ហើយ​ប្រសិន​បើអ.ស.ប.អាច​ដំណើរការ​បាន​លឿន ​ជាង​នេះ។​ យ៉ាង​ហោចណាស់​ គេអាចបញ្ចប់​ផ្នែកខ្លះ​នៃ​តុលាការ​ក្នុង​ពេល​ជន​ជាប់​ចោទនៅ​មាន​ជីវិត។​ ចំពោះ​ដំណើរការ​កាត់ទោស​សំណុំ​រឿង​បន្ថែម​វិញ ​ខ្ញុំ​គ្មាន​សុទិដ្ឋិនិយម​ទេ»។​

លោក​ថ្លែង​ថា​ ការ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​អ.ស.ប.​និង​កម្ពុជា​ដូច្នេះ​នាំ​ឲ្យ​លោក​ចង់​ដឹងពី​គោល​ជំហរ​ចិន​ដែល​មាន​ឥទ្ធិពល​ស្ងាត់ៗ ដ៏​មាន​ប្រសិទ្ធិភាព​ ពីក្រោយ​ខ្នង​សាលាក្តីនេះ​ក្នុង​ការ​ការពារ​ភាព​អាម៉ាស់របស់​ខ្លួន​ដែល​ធ្លាប់​គាំទ្រ​របប​ខ្មែរ ក្រហម​នោះ។​

«ខ្ញុំ​គិត​ថា​ រឿង​នេះ​ជា​ព័ត៌មាន​អាម៉ាស់​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ​របស់​ចិន​ដល់​របប​ខ្មែរក្រហម​ ហើយ​ខ្ញុំ​មិន​គិត​ថា​ ចិន​ចង់​ឲ្យ​មាន​ការ​បញ្ចាំង​ពន្លឺ​ដ៏ភ្លឺ​ក្នុង​រឿង​នេះ​ទេ។ ​ខ្ញុំគិត​ថា​ មាន​ភស្តុតាង​ជាច្រើន​ក្នុង​ប្រទេស​ចិន​ដែល​ចិន​មិនបាន​បញ្ចេញ​ ព្រោះ​វា​ជា​រឿង​អាម៉ាស់ពិតៗ»។​

លោក ​ឆាំង យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC Cam)​ ដែល​ផ្តល់​ឯកសារ​ជាច្រើន​ដល់​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ បាន​អះអាង​ថា​ លោក​បានជួប​ពិភាក្សា​ជាមួយ​គណៈ​ប្រតិភូ​របស់​អ.ស.ប.​ដែរ​ កាលពី​ដើម​សប្តាហ៍​នេះ។ ​លោក​ក៏​បាន​ដាក់ក្តី​សង្ឃឹម​លើ​ការ​តាំងចិត្ត​ចុងក្រោយ​របស់​អ.ស.ប.​ និង​កម្ពុជា​នេះ​ដែរ។​

«ខ្ញុំ​គិត​ថា ​មក​ដល់​បច្ចុប្បន្ននេះ ​ភាគី​ទាំង​សង​ខាង​មាន​ការ​ទុកចិត្ត​គ្នា​ច្រើន​ ហើយ​ជា​សញ្ញាល្អ​ ហើយ​ខាងភាគី​កម្ពុជា​ក៏បាន​ដាក់ថវិកា​មួយ​ចំនួន​បង្ហាញ​ពី​សុឆន្ទៈ​របស់ខ្លួន ​ប៉ុន្តែ​យើងគួរ​តែបន្ត​រំឭក​ភាគី​ទាំងសង​ខាង​ថា ​ដំណើរការ​នេះ​មិនត្រូវ​ឲ្យ​មាន​ការពន្យារ​ពេល​ទៅថ្ងៃ​មុខ​តទៅ​ទៀត​ ហើយ​ផែនការ​បញ្ចប់​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង»។​

លោក​ថ្លែង​ថា​ មាន​បញ្ហា​មួយ​ចំនួន​ទៀត​ត្រូវការ​ការ​សម្រេច​ចិត្តទាំង​សងខាង​ ដូចជា​សំណុំ​រឿង​០០៣ និង​០០៤។ ​តើបោះ​ជំហាន​ត្រឹមណា?​ រយៈពេល​ណា? ​ព្រោះ​រឿង​នេះ​ទាក់ទង​នឹងការ​ផ្តល់​ជំនួយ​ដែរ​ ដោយ​សារ​ការ​ស៊ើប​អង្កេត​នេះ​ហាក់​ដូច​ជា​យូរ​ជាង​ការ​សន្មត់​ទុក។​

«អញ្ចឹង​ហើយ​ បើ​សិន​ជាតុលាការ​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បច្ចុប្បន្ន​នេះ​មាន​សញ្ញា​ល្អ ​មាន​ការ​ទុកចិត្តគ្នា​ហើយ​ គួរ​តែ​ជំរុញ​ឲ្យមាន​ផែនការ​បញ្ចប់​តុលាការ​ទាំងស្រុង​ដើម្បី​ធានា​បាន​ភាព​កក់ក្តៅ​ និង​ការ​ទុកចិត្ត​ និង​ការ​បំពេញ​បេសក​កម្ម​របស់ខ្លួន​ដោយ​មាន​ការ​ឧបត្ថម្ភ​ឲ្យ​បាន​គ្រប់គ្រាន់​ពី​សហគមន៍​អន្តរជាតិ»។​

ទោះជា​យ៉ាង​ដូច្នេះ​ក្តី​ តុលាការ​នៅ​មាន​សំណុំ​រឿង​ចម្រូងចម្រាស់​ពីរ​ទៀត​គឺ​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ជំទាស់​ក្នុងការ​កាត់​ទោស។​

ចន ស៊ីយ៉ូស៊ីយ៉ារី​បាន​អះអាង​ថា ​សំណុំ​រឿង​នេះ​អាច​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ ជំនួយ​មានការ​ខកចិត្ត​ បើមិន​បាន​ដំណើរការ​ទៅ​មុខ។​

«វា​ជា​រឿង​ដែល​អាច​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​នឹង​តប់​ប្រមល់​ ដោយ​សារការ​មិន​បាន​ធ្វើ​ឲ្យ​រីក​ចម្រើន​ ជា​ពិសេស​លើ​សំណុំ​រឿង​០០៣ ​និង​០០៤។ ​ប្រទេស​ផ្តល់​ជំនួយ​អាច​នឹង​ឃើញ​ច្បាស់​ថា​ កិច្ចការ​នេះជារឿង​ចំណាយ​ពេល​ឥត​ប្រយោជន៍ ​ព្រោះ​ភាគី​កម្ពុជា​មិន​ចង់​សហការ​ដើម្បី​បញ្ចប់​សំណុំ​រឿង​ទាំង​នោះ»។​

ក្រុម​អ្នក​ឃ្លាំមើល ​និង​អ្នក​វិភាគ​បាន​អះអាង​ថា ​អ.ស.ប.​និង​កម្ពុជា​ត្រូវតែ​ពន្លឿន​ ដំណើរការ​កាត់ទោស​ ដោយ​បារម្ភ​ថា ​អតីត​មេដឹកនាំ​ខ្មែរក្រហមនួន ជា ​និង​ខៀវ សំផន ​ដែល​មាន​វ័យ​ចំណាស់​ជាង​៨០​ឆ្នាំ​ហើយ​នោះ ​មិន​អាច​មាន​ជីវិត​រស់​ដល់​ការ​កាត់ទោស​ទេ​គឺ​ដូចជន​ជាប់​ចោទ​មួយ​ចំនួន​ រួម​ទាំង​អៀង សារី ​អតីត​ រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម ​ដែល​បាន​ស្លាប់​មុន​ការ​កាត់ទោស។​

សាលាក្តី​នេះ​បាន​កាត់ទោស​សំណុំ​រឿង​០០២ ​វគ្គ​១​រួច​ហើយ ​តែ​មិន​ទាន់​ចាប់​ ផ្តើម​កាត់​ទោស​វគ្គ​ទី២ ​ដែល​គេ​ចាត់​ទុក​ថា ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​សំខាន់​ក្នុង​ សម័យ​ខ្មែរក្រហម​នៅ​ឡើយ​ទេ។​ ចៅក្រម​ភាគី​អ.ស.ប.​ និង​កម្ពុជា​នៅ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ទាក់ទង​នឹង​ពេល​វេលា​នៅ​ឡើយ​ មុនពេល​មាន​ការ​ប្តេជ្ញា​រវាង​អ.ស.ប. និង​កម្ពុជា​រួមគ្នា​ដើម្បី​គាំទ្រ​សាលាក្តី​ដល់ទី​បញ្ចប់​នោះ។​

ការ​សច្ចា​រួមគ្នា​រវាង​អ.ស.ប.​និង​កម្ពុជា​លើ​សាលាក្តី​ខ្មែរក្រហម​នេះ​បាន​ផ្តល់ក្តី​សង្ឃឹម​ឡើង​វិញ​ដល់​លោក​ស៊ុំ ឫទ្ធី​ តំណាង​ជនរងគ្រោះ​រួច​ជីវិត​ពីគុក​ខ្មែរ​ក្រហម។​

«ហើយ​យើងជឿ​ជាក់​ថា ​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ហ្នឹង​ប្រាកដ​ជា​ចប់​ចុង​ ចប់​ដើមជាមិន​ខាន​នៅ​ក្នុង​ដំណើរការ​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​នៅ​ទូទាំង​ ប្រទេស​កម្ពុជា»។​

លោក​នៅ​មាន​ជំនឿ​ថា ​អ.ស.ប.​ ប្រទេស​កម្ពុជា​ និង​ម្ចាស់​ជំនួយ​នឹង​មិន​ទុក​ឲ្យ​តុលាការ​នេះ​នៅ​ពាក់​កណ្តាល​ទី​នោះ​ទេ៕