អ្នក​ជំនាញ៖ ការ​ងាក​របស់​ហ្វីលីពីន​ទៅ​រក​ចិន​ធ្វើ​ឲ្យ​ចិន​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​លើ​តំបន់​អាស៊ាន

រូបឯកសារ៖ លោក Rodrigo Duterte (ឆ្វេង) ប្រធានាធិបតី​ប្រទេសហ្វីលីពីនចាប់ដៃជាមួយ​នឹង​លោក Xi Jingping ប្រធានាធិបតីប្រទេសចិន នៅ​ទីក្រុងប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

ការ​ប្រកាស​«ផ្ដាច់​ខ្លួន»​​របស់​លោក​ Duterte ពី​មិត្ត​រយ​ឆ្នាំ​សហរដ្ឋអាមេរិក ហើយ​ងាក​ទៅ​រក​​ប្រទេស​កុម្មុយនិស្ត រុស្ស៊ី និង​ចិន​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន​ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ដ៏​ចម្រូង​ចម្រាស​របស់​លោក Duterte ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ជិត​៤ពាន់​នាក់ គិត​ត្រឹម​ចុង​ខែ​តុលា​នេះ។

«ខ្ញុំ​សូម​ប្រកាស​ពី​ការ​ផ្ដាច់​ខ្លួន​របស់​ខ្ញុំ​ពី​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​បាន​បាត់បង់​ខ្ញុំ​ហើយ។​ ហើយ​ខ្ញុំ​ក៏​ប្រហែល​នឹង​ទៅ​រុស្ស៊ី​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ Putin ហើយ​ខ្ញុំ​នឹង​ប្រាប់​គាត់​ថា យើង​ទាំង​បី​នាក់​រួម​មាន​ចិន ហ្វីលីពីន​ និង​រុស្ស៊ី នឹង​ប្រឆាំង​នឹង​ពិភព​លោក។​ នេះ​គឺ​ជា​វិធី​តែ​មួយ​គត់»។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo ​Duterte នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​មួយ​ក្នុង​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​កន្លង​ទៅ។

ការ​ប្រកាស​សាធារណៈ​នេះ​ត្រូវ​បាន​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នា​នារួម​ទាំង​ទូរទស្សន៍​របស់​ចិន​ផង​ដែរ។

ការ​ប្រកាស​«ផ្ដាច់​ខ្លួន»របស់​លោក​ Duterte ពី​មិត្ត​រយ​ឆ្នាំ​សហរដ្ឋអាមេរិក ហើយ​ងាក​ទៅ​រកប្រទេស​កុម្មុយនិស្ត រុស្ស៊ី និង​ចិន​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន​ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ដ៏​ចម្រូង​ចម្រាស​របស់​លោក Duterte ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ជិត​៤ពាន់​នាក់ គិត​ត្រឹម​ចុង​ខែ​តុលា​នេះ។

ហ្វីលីពីន​គឺ​ជា​ប្រទេស​សមាជិក​អាស៊ាន​ទី​៣ ដែល​គេ​យល់​ថា​ មាន​ទំនោរ​ងាក​ទៅ​រក​ប្រទេស​មហា​អំណាច​ចិន ​ក្រៅ​ពី​កម្ពុជា ​និង​ឡាវ។

យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​មើល​ឃើញ​ថា ការ​ងាក​ទៅ​រក​ប្រទេស​ចិន​របស់​លោក​Duterte នេះ​ទំនង​ជា​ការ​ដើរ​តាម​គន្លង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៃ​កម្ពុជា​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​ដើម្បី​ចៀសវាង​ភាព​តាន​តឹង​ជាមួយ​ប្រទេស​យក្ខ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

ក៏​ប៉ុន្តែ ​អ្នក​ជំនាញ​បាន​ព្រមាន​ផង​ដែរ​ថា ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ចិន​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​មក​លើ​តំបន់​អាស៊ាន។

ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ លោក​ គង់​ ភោគ ប្រាប់​ VOA ​ថា ការ​ចូល​ទៅ​កៀក​ជាមួយ​ប្រទេស​ចិន​អាច​ផ្ដល់​ត្រលប់​មក​វិញ​នូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ដូច​ដែល​កម្ពុជា​ធ្លាប់​ធ្វើ​កន្លង​មក​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ថា​ប្រទេស​ហ្វីលីពីន​ក៏​មិន​អាច​ផ្ដាច់​ខ្លួន​ពី​សហរដ្ឋ​អាមេរិក​ទាំង​ស្រុង​បាន​ដែរ។

​«ក្នុង​ពេល​ជាមួយ​គ្នា​គាត់​ក៏​មិន​អាច​ផ្ដាច់​ចេញ​ពី​ចិន​បាន​ទេ ព្រោះ​ចិន​ជា​មហា​អំណាច​ក្នុង​ប្រទេស​អាស៊ី​ ជា​សេដ្ឋកិច្ច​ទី២​ក្នុង​ពិភពលោក។ ចង់​ឬ​មិន​ចង់​ វា​ជា​ដំណើរការ​ធម្មជាតិ​ ដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​ត្រូវ​ស្រូប​ចូល​ក្នុង​សេដ្ឋកិច្ច​របស់​ចិន»។

សម្រាប់​ លោក​ គង់​ ភោគ គោល​នយោបាយ​ការបរទេស​របស់​លោក​ Duterte​ ហាក់​នៅ​ភាព​ស្រពិច​ស្រពិល​ និង​នៅក្មេង​ខ្ចី​ ដោយ​សារ​លោក​សង្កេត​ឃើញ​ថា ពាក្យ​សម្ដី​របស់​លោក​ Duterte​ ជា​រឿយៗ​មាន​ការ​ផ្លាស់​ប្ដូរ។

លោក​ អៀ សុផល អ្នក​និពន្ធ​សៀវភៅ​ដែលមាន​ចំណង​ជើង​ថា​ «​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នៅ​កម្ពុជា៖ តើ​ជំនួយ​បរទេស​ធ្វើ​ឱ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដូចម្ដេច»​ឲ្យ​ដឹង​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា លោក​ Duterte កំពុង​«យក​គំរូ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន»។

​ក៏​ប៉ុន្តែ ​លោក​យល់​ថា​«ទំនាក់​ទំនង​រវាង​ចិន និង​ហ្វីលីពីន​មិន​មាន​លក្ខណៈ​ពិសេស​ដូច​កម្ពុជា និង​ចិន​ដែល​បាន​សាង​ឡើង​ជា​ច្រើន​ទសវត្សរ៍​នោះ​ទេ»។​

​ក្នុង​សារ​អេឡិចត្រូនិក​មួយ​មក​កាន់​ VOA ​កាល​ពី​សប្ដាហ៍​មុន ​លោក​ អៀ សុផល​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «បើ​សិន​អ្នក​មិន​អាច​យកឈ្នះ​ចិន​បាន​ អ្នក​គួរ​ចូលរួម​ជាមួយ​ចិន​វិញ»។​

​លោក​ អៀ សុផល បន្ត​ថា ចិន​ទំនង​ជា​មិន​ផ្ដល់​ប្រាក់​រាប់​លាន​ដល់​ហ្វីលីពីន​ភ្លាម​នោះ​ដែរ​ ​ពោល​គឺ​ចិន​ចង់​មើល​ឃើញ​ពី​ជំហរ​ជាក់ស្ដែង​របស់​លោក​ Duterte​ មក​លើ​ចិន។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​ក្នុង​ខែ​តុលា​កន្លង​ទៅ លោក Duterte បាន​ចុះ​ហត្ថលេខា​ទៅ​លើ​កិច្ច​ព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ចំនួន​១៣​ជាមួយ​នឹង​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​១៣ពាន់​លាន​ដុល្លារ។

កិច្ច​ព្រមព្រៀង​ទាំង​នេះ​ផ្តោត​សំខាន់ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​ការ​ប្រឆាំង​គ្រឿង​ញៀន​ និង​កិច្ច​ការ​ដែន​សមុទ្រ​ផង​ដែរ។

​លោក​ John Ciorciari សាស្ត្រាចារ្យ​អាមេរិក​នៅ​សកលវិទ្យាល័យ​មួយ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​សិក្សា​បញ្ហា​តំបន់​អាស៊ី​អាគ្នេយ៍ ​បញ្ជាក់​ថា ​លោក​ Duterte​ កំពុង​ដាក់​ប្រទេស​លោក​នៅ​លើ​វិថី​គ្រោះ​ថ្នាក់​មួយ​ ជា​ពិសេស​នៅ​ពេល​ដែល​លោក​ Duterte ចង់​បាន​ជំនួយ​សេដ្ឋកិច្ច​ពី​ប្រទេស​ណា​ដែល​មិន​ខ្វាយ​ខ្វល់​ថា ​លោក​កំពុង​ធ្វើ​អ្វី​នៅ​ក្នុង​ប្រទេស​លោក​ ឬ​ធ្វើ​អ្វី​ចំពោះ​ប្រជា​ពល​រដ្ឋ​របស់​លោក​នោះ។​

នៅ​ក្នុង​ការ​ឆ្លង​ឆ្លើយ​តាម​រយៈ​សារ​អេឡិចត្រូនិក​ជា​មួយ​ VOA កាល​ពី​សប្ដាហ៍​មុន​លោក​ចន ស៊ៀអ័រស៊ៀរី (John Ciorciari) សរសេរ​ថា​៖

«ពិត​ណាស់​ដែល​ថា​លោក​ Duterte ​រំពឹង​ចង់​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន។ ហើយ​ការ​សម្រេច​ចិត្ត​ផ្ដាច់​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នេះ​ ​ក៏​កើត​ចេញ​ពី​កំហឹង​ដែល​លោក​រង​ការ​រិះ​គន់​ពី​សហរដ្ឋអាមេរិក​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្សចំពោះ​ការ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​ប្រទេស​លោក​ដែរ»។​

ភាព​ចម្រូងចម្រាស​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បង្ក​ភាព​តាន​តឹង​រវាង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ រួមមាន​ប្រទេស​ហ្វីលីពីន ប្រ៊ុយណេ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ និង​វៀតណាម។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បើ​ទោះ​ជា​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ ​សម្រេច​ឲ្យហ្វីលីពីន​ឈ្នះ​ក្តី​ក្នុង​សំណុំរឿង​ក្តីសមុទ្រ​ចិន​ខាង​ត្បូង​យ៉ាង​ណា​ក្តី​ ក៏​ចិន​បាន​បដិសេធ​មិន​ទទួល​យក​ការ​សម្រេច​នោះ​ឡើយ។

ជា​រឿយៗ​ ​កម្ពុជា​រង​ការ​រិះ​គន់​ថា​ ​កាន់​ជើង​ប្រទេស​ចិន​ ​ដោយសារ​ឥទ្ធិពល​ជំនួយ​ ​និង​ភាព​ស្និទ្ធស្នាល​ជាមួយ​ចិន។

លោក ​អៀ សុផល ដែល​ជា​សាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យ​ Occidental ​នៃ​សហរដ្ឋ​អាមេរិក​ផង​ដែរ​នោះ ឲ្យដឹង​ទៀត​ថា ការ​វិវត្តន៍​ថ្មី​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ចិន និង​ហ្វីលីពីន​នេះ​ អាច​ជួយ​បំបែក​ភាព​តាន​តឹង​នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាសជា​ច្រើន​ឆ្នាំ។

ក៏ប៉ុន្តែ ​លោក​ថា​ ការ​វិវត្តន៍​ថ្មីនេះ​នឹង​ធ្វើ​ឲ្យ​អាស៊ាន​បាត់​កម្លាំង​ប្រឆាំង​នឹង​ប្រទេស​ចិន​ហើយ​សមាគម​អាស៊ាន​ទៀតសោត​ នឹង​លែង​ដាក់​បន្ទុក​មក​លើ​កម្ពុជា​តែ​មួយ​គត់​ចំពោះ​ជំហរ​កម្ពុជា​គាំទ្រ​ចិន​ក្នុង​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

​ស្របគ្នា​នោះ​ដែរ លោក​បណ្ឌិត​ ចន ស៊ៀអ័រស៊ៀរី សាស្ត្រាចារ្យដែល​សិក្សា​អំពី​តំបន់​អាស៊ី​អាគ្នេយ៍ យល់​ថា​ ការ​ងាក​ទៅ​រក​ចិន​របស់​លោក Duterte​ នឹង​ធ្វើ​ឲ្យ​ចិន​កាន់​តែ​មាន​ឥទ្ធិពល​មក​លើ​តំបន់​អាស៊ាន​ ​ដោយ​សារ​តែ​ហ្វីលីពីន​គឺ​ជា​ឆ្អឹង​ខ្នង​ដ៏​សំខាន់​មួយ​របស់​តំបន់​អាស៊ី​អាគ្នេយ៍។

ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ចិន​និង​ហ្វីលីពីន​បាន​ស្រាកស្រាន្ត​បន្តិច​កាល​ពី​សប្ដាហ៍​មុន ដោយ​ចិន​អនុញ្ញាត​ឲ្យ​ទូក​នេសាទ​ហ្វីលីពីន​ចូល​ក្នុង​តំបន់​ប្រជុំ​កោះ​ Paracel​ និង​ Sprately ​ដែល​ជា​តំបន់​ជម្លោះ។

​ការ​អនុញ្ញាត​នេះ​កើតឡើង​ភ្លាមៗ​ក្រោយ លោក Duterte​ ប្រកាស​បណ្ដេញ​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​ឱ្យ​ចេញ​ពី​ដែន​ដី​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ពីរ​ឆ្នាំ​ខាង​មុខ។

​ហ្វីលីពីន និង​សហរដ្ឋ​អាមេរិក​បាន​ផ្ដើម​ចំណង​ការ​ទូត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៤៦។

សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ដាក់​អាណានិគម​លើ​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ​១៨៩៨​ដោយបាន​បង្កើត​រចនា​សម្ព័ន្ធ​អប់រំ​ សុខភាព​សាធារណៈ និង​នយោបាយ​ឲ្យ​ប្រទេស​ហ្វីលីពីន​ផង​ដែរ។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ស្រពិច​ស្រពិល​នៃ​គោលនយោបាយ​ការបរទេស​របស់​លោក Duterte ​ លោក Daniel Russel ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​សប្ដាហ៍​មុន​ក្នុង​រាជធានី​ភ្នំពេញ​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​មិត្ត​ និង​ជា​ខ្នង​បង្អែក​ដល់​ហ្វីលីពីន​ក្នុង​ករណី​ប្រទេស​នេះ​ត្រូវ​ការ​ជំនួយ។​

«ពួកគេ​នៅ​តែ​អាច​ពឹង​ផ្អែក​លើ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​មិត្ត​ ដៃគូ និង​សម្ព័ន្ធ​មិត្ត​ ដោយសារ​យើង​គោរព​អធិបតេយ្យ​ភាព​ ស្វ័យភាព​ និង​ឯករាជ្យ​ភាព​របស់​ហ្វីលីពីន​ដូច​ដែល​យើង​ធ្លាប់​ធ្វើ​កន្លង​មក។​ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់​ដែល​ត្រូវ​ការ​ជំនួយ​ពី​យើង»។

លោក​ Daniel​ Russel ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកាស​ផ្ដាច់​ខ្លួន​របស់​ហ្វីលីពីន​នេះ​ ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​បរាជ័យ​នៃ​គោល​នយោបាយ​ The​ U.S. ​Rebalance to Asia ឬ​«ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ឡើង​វិញ​ទៅ​កាន់​តំបន់​អាស៊ី» ​របស់​ប្រធានាធិបតីបារ៉ាក់​ អូបាម៉ា ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ក្នុង​តំបន់​អាស៊ី​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ អ្នក​ឃ្លាំមើល​ស្ថានភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ក្រើន​រំលឹក​ផង​ដែរ​ថា​ ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ជំនួញ និង​នយោបាយ​បន្តិច​បន្តួច ដែល​បាន​ពី​ការ​ងាក​ទៅ​រក​ប្លុក​កុម្មុយនិស្ត​ចិន​របស់​រដ្ឋបាល​លោក​ Duterte ​គឺ​ជា​ផល​ចំណេញ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ៕