ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចាត់ទុកថា ការផ្អាកសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកម្ពុជា នឹងមិនប៉ះពាល់ដល់កម្មវិធីផ្លាស់ប្តូរវគ្គបណ្តុះបណ្តាលជំនាញកងទ័ពនានាផ្សេងទៀត ដែលសហរដ្ឋអាមេរិកបានកំពុងសហការជាមួយប្រទេសកម្ពុជានោះទេ ខណៈដែលក្រុមអ្នកវិភាគផ្តល់ការយល់ឃើញផ្សេងគ្នា ចំពោះជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក។
រយៈពេលជិត១០ឆ្នាំ មកនេះ សមយុទ្ធយោធារវាងកងទ័ពសហរដ្ឋអាមេរិក និងកម្ពុជា ដែលមានឈ្មោះថា ឆ្មាំអង្គរ ជារឿយៗត្រូវបានធ្វើឡើងរៀងរាល់ចុងឆ្នាំ។ ក្រសួងការពារជាតិ បានសម្រេចផ្អាកសមយុទ្ធនេះ សម្រាប់ឆ្នាំ២០១៧ និង២០១៨ ដោយសារភាពមមាញឹកក្នុងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងការត្រៀមការពារដំណើរការរៀបចំបោះឆ្នោត ឃុំ សង្កាត់ និងបោះឆ្នោតជាតិ។
លោក Jay Raman អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានបញ្ជាក់ VOA តាមសារអេឡិចត្រូនិក ឬ email កាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតបានទទួលការឆ្លើយតបជាផ្លូវការពីរាជដ្ឋាភិបាលកម្ពុជាថាការធ្វើសមយុទ្ធនឹងមិនត្រូវបានធ្វើឡើងពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០១៨។ តែទោះជាយ៉ាណា លោកថា កម្មវិធីផ្លាស់ប្តូរ និងកម្មវិធីហ្វឹកហ្វឺនយោធាផ្សេងៗទៀត នឹងមិនប៉ះពាល់នោះទេ។
លោក Jay Raman មិនបានផ្តល់ការអធិប្បាយអំពីហេតុផលដែលរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកសមយុទ្ធនេះទេ។
តែលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ ក្រោយពីចាកចេញពីកិច្ចប្រជុំប្រចាំឆ្នាំរបស់កងយុទ្ធពលខេមរៈភូមិន្ទ ដែលធ្វើឡើងនៅអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទថា កងទ័ពមានកិច្ចការងារច្រើន ដែលត្រូវធ្វើជំនួសការធ្វើសមយុទ្ធជាមួយទាហានសហរដ្ឋអាមេរិក នៅក្នុង២០១៧ និង២០១៨។
លោកអះអាងថា កិច្ចការដែលសំខាន់នោះ គឺការរក្សាស្ថេរភាពក្នុងពេលបោះឆ្នោត។ លោកនាយឧត្តមសេនីយ៍មានប្រសាសន៍ថា៖
«ខាងផ្នែកយោធា គឺត្រូវបំពេញ តួនាទីរបស់ខ្លួន ធ្វើម៉េចគឺ រក្សាស្ថេរភាព បង្កលក្ខណៈសម្បត្តិឲ្យការ បោះឆ្នោតនោះ គឺបានទទួល សេរីពេញលេញ ទាំងអស់មានភាពយុត្តិធម៌ទាំងអស់»។
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ថ្លែងបញ្ជាក់ថា លោកមិនខ្វល់ពីការធ្វើវិភាគនានា ចំពោះការផ្អាកសមយុទ្ធយោធានេះទេ។
ទោះជាមានការពន្យល់និងការបកស្រាយយ៉ាងណាពីមន្ត្រីស្ថានទូតនិងមន្ត្រីយោធាកំពូលកម្ពុជាក្តី តែក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាហាក់ដូចជាមានការសង្ស័យចំពោះទំនាក់ទំនងនិងកិច្ច ប្រតិបត្តិការយោធារវាងកម្ពុជានិងសរអាក្នុងពេលដែលសរអាមានរដ្ឋបាលថ្មី។
លោក ឈាង វណ្ណារិទ្ធិអ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ អំពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្រ្ត យល់ថា ការផ្អាកសមយុទ្ធនេះ នឹងផ្តល់ផលប៉ះពាល់លើប្រទេសកម្ពុជាចំពោះសមត្ថភាពការពារខ្លួន និងយុទ្ធសាស្ត្រក្នុងការទប់ទល់។ លោកថា គណបក្សប្រជាជនកម្ពុជាដែលកំពុងក្តាប់អំណាច កំពុងតែព្យាយាមឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក និងបង្កើនការពឹងផ្អែកកាន់តែច្រើនឡើងថែមទៀតលើប្រទេសចិន។
លោកបានថ្លែងតាមរយៈសារអេឡិចត្រូនិកក្នុងន័យដើមថា៖
«គណបក្សកាន់អំណាចបានសម្របខ្លួនយ៉ាងខ្លាំង និងជាលក្ខណៈយុទ្ធសាស្ត្រជាមួយប្រទេសចិន ខណៈដែលគណបក្សនេះ កំពុងដាក់ឲ្យប្រទេសកម្ពុជានៅឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិកដោយសន្សឹមៗ។ ជោគវាសនារបស់កម្ពុជា គឺស្ថិតលើប្រទេសចិន»។
ការផ្អាកសមយុទ្ធយោធារួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក ធ្វើឡើង បន្ទាប់ពីកម្ពុជាបានបញ្ចប់សមយុទ្ធយោធាជាមួយចិន ដែលពុំធ្លាប់មានពីមុនមក។ សមយុទ្ធយោធារួមគ្នារវាងកម្ពុជា និងចិនត្រូវបានធ្វើឡើង កាលពីចុងឆ្នាំ ២០១៦។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក ប្រាប់VOA កាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជា នឹងខាតបង់ផលប្រយោជន៍យោធា ដោយការផ្អាកសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។ លោកព្រួយបារម្ភថា ប្រទេសកម្ពុជា អាចនឹងបាត់បង់តុល្យភាពនៃទំនាក់យោធាកម្ពុជា-អាមេរិក និងកម្ពុជា-ចិន។
«ខ្ញុំព្រួយបារម្ភបំផុតនោះគឺ ការបាត់បង់តុល្យភាពនេះ គឺបានធ្វើឲ្យកម្ពុជា មានរូបភាពលម្អៀង អាហ្នឹងគឺវាអាចប៉ះពាល់ ទៅលើស្ថេរភាព កម្ពុជានៅរយៈពេលយូអង្វែង»។
ទោះបីជាមានការអធិប្បាយបែបណាពីក្រុមអ្នកវិភាគក្តី ប្រមុខកងទ័ពកម្ពុជា បានថ្លែងការពារការផ្អាកសមយុទ្ធយោធានេះ ដោយបានផ្តល់ហេតុផលថា កងទ័ពកម្ពុជា កំពុងត្រៀមខ្លួន ក្នុងការធ្វើឲ្យដំណើរការបោះឆ្នោតកម្ពុជា ប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ។
ទំនាក់ទំនងកម្ពុជាសរអា និងកម្ពុជាចិន គឺជាប្រធានបទមួយដែលមានការឃ្លាំមើលនិងពិភាក្សាយ៉ាង ខ្លាំងពី ពលរដ្ឋកម្ពុជា ពលរដ្ឋក្នុងតំបន់និងពិភពលោកផងដែរ ជាពិសេសនៅពេលដែលកម្ពុជាទទួលជំនួយពីប្រទេសចិន។
ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន Xi Jinping មកកម្ពុជា កាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារចំនួន៣១ ដោយឯកសារទាំងនោះគ្របដណ្ដប់លើវិស័យផ្សេងៗ រាប់ចាប់តាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល វិស័យវិទ្យុនិងទូរទស្សន៍ ការផ្ដល់ប្រាក់ជំនួយនិងកម្ចីបន្ថែមជាង២៣០លានដុល្លារ ការបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ការលុបបំណុលជិត៩០លានដុល្លារ និងកិច្ចព្រមព្រៀងលើវិស័យមួយចំនួនទៀត។ ចិនក៏បានផ្តល់ការគំាទ្រផ្នែកយោធាក្នុងទឹកប្រាក់ ១៥លានដុល្លារផងដែរ៕