សេដ្ឋកិច្ចស.រ.អា.កំពុងកើនឡើងតែក្រុមអ្នកវិភាគទស្សន៍ទាយថាក្រុមអ្នកតាក់តែងគោលនយោបាយក្នុងធនាគារកណ្តាលស.រ.អានៅតែអត់ធ្មត់ក្នុងការសម្រេចចិត្តថាពេលណាដែលត្រូវបង្កើនលក្ខខណ្ឌអាត្រាការប្រាក់របស់ខ្លួនលើកដំបូងចាប់តាំងពីឆ្នាំ២០០៦មកនោះ។
ក្រុមមន្ត្រីសំខាន់ៗនៃក្រសួងរតនាគារបានបញ្ចប់កិច្ចប្រជុំពីរថ្ងៃកាលពីថ្ងៃពុធក្នុងរដ្ឋធានីវ៉ាស៊ីនតោនហើយបន្ទាប់មកនឹងផ្តល់ការវាយតម្លៃរបស់ខ្លួនចំពោះសេដ្ឋកិច្ចស.រ.អា.ដែលធំជាងគេបង្អស់ក្នុងពិភពលោក។
សេដ្ឋកិច្ចស.រ.អា.ដែលមានការរីកចម្រើនមានភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងកំណើនយឺតៗក្នុងប្រទេសចិន ក្នុងប្រទេសជប៉ុន និងដំណើរការយឺតសឹងតែជាប់គាំងក្នុងប្រទេសអឺរ៉ុបទាំង១៩ ដែលជាប្លុកចាយលុយអឺរ៉ូ។
លោក ម៉ាក វីតន័រ (Mark Vitner) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារដ៏ធំបំផុតមួយរបស់ស.រ.អា. Wells Fargo បានប្រាប់វីអូអេថាកំណើនរបស់សេដ្ឋកិច្ចស.រ.អា.កើនឡើងពេលដែលប្រទេសនានាក្នុងពិភពលោកកំពុងស្វែងរកវិធីដើម្បីរីកចម្រើន។
សេដ្ឋកិច្ចស.រ.អា.បានបង្កើតការងារឲ្យមនុស្សជិត៣លាននាក់កាលពីឆ្នាំទៅ ដោយទម្លាក់អាត្រាគ្មានការងារធ្វើមកត្រឹមតែ៥.៦ភាគរយហើយសេដ្ឋកិច្ចស.រ.អា.បានកើនឡើង៥ភាគរយកាលពីខែកក្កដា និងខែកញ្ញាឆ្នាំទៅ៕