ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​របស់​ចិន​មិន​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​លើ​សេដ្ឋកិច្ច​កម្ពុជា​ទេ


កំណើនសេដ្ឋកិច្ចចិនជា​មធ្យម​១០​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
កំណើនសេដ្ឋកិច្ចចិនជា​មធ្យម​១០​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
ភ្នំពេញ៖ ប្រទេស​ចិនដែល​ជា​ប្រទេស​អ្នក​ផ្តល់​ជំនួយ​និង​វិនិយោគ​ដ៏​ធំ​មួយ​របស់​កម្ពុជា បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួនក្នុងរយៈពេល​ចុង​ក្រោយនេះ​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេសចិន​មាន​ការ​ធ្លាក់​ចុះ​មួយ​កម្រិត។ ប៉ុន្តែ​ការណ៍​នេះ មិន​បាន​ផ្តល់ផល​ប៉ះពាល់​គួរ​ឱ្យ​កត់​សម្គាល់ណា​មួយ​មក​កម្ពុជា​ទេ។

ថ្វី​បើ​ប្រទេសចិន​ដែល​ជា​ដៃ​គូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​មានការ​ថយ​ចុះកំណើន​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន ប៉ុន្តែ​មន្ត្រី​ផ្លូវការ​ចិន​និង​មន្ត្រី​កម្ពុជា​ជឿថាឱនភាពសេដ្ឋកិច្ចនេះ​នឹង​មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ​មក​លើសេដ្ឋកិច្ច​កម្ពុជា​ទេ។

រយៈពេល​៩ខែ​ក្នុងឆ្នាំ​២០១៣ ប្រទេសចិន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ​ជាង​៧​ភាគរយ​ប៉ុណ្ណោះ ដែល​ជា​អត្រា​កំណើន​ប្រចាំ​ឆ្នាំទាប​បំផុត​មិនធ្លាប់មានរបស់​ចិនក្នុង​អំឡុង​ពេល​១៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ កំណើន​សេដ្ឋកិច្ច​ចិន​ជាមធ្យម១០ភាគ​រយក្នុងមួយ​ឆ្នាំ។

ការស្រុតចុះ​នៃកំណើន​សេដ្ឋកិច្ចនៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភព​លោក​លំដាប់ទី​២​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​មួយនេះ​ កើតចេញ​មួយផ្នែក​ដោយសារការកែទម្រង់​ផ្ទៃ​ក្នុង។

លោក ចេង ហុងបូ អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ថ្លែង​តាម​សារ​អេឡិចត្រូនិច​ប្រាប់​វីអូអេ ខេមរភាសាថា​ ស្ថានភាព​សេដ្ឋកិច្ច​ចិន «នឹង​មិន​ផ្តល់​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទេ។ ផ្ទុយ​ទៅ​វិញ ការ​កែ​ប្រែ​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​នៃ​សេដ្ឋកិច្ច​ចិន​នឹង​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​កម្ពុជា ជា​ពិសេស​លើ​ការ​វិនិយោគ​និង​ហេដ្ឋារចនា​សម្ព័ន្ធ»។

រដ្ឋាភិបាល​ចិនបាន​សម្រេច​ចិត្ត​ប្តូរ​គោលនយោបាយ​កំណើន​សេដ្ឋកិច្ចពីការ​ពឹង​ផ្អែកខ្លាំងលើ​ការ​នាំ​ចេញ​និង​ការ​វិនិយោគនៅក្រៅ​ប្រទេស មក​កំណើន​សេដ្ឋកិច្ចមួយដែលអាច​រក្សា​លំនឹង​បាន​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ប្រើប្រាស់​ក្នុង​ស្រុក ដែល​ជា​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​ចិន​នៅពេល​នេះ។

​ប្រទេស​ចិនរំពឹង​ថា​ ភាព​ម្ចាស់ការដោយពឹង​ផ្អែកលើការប្រើប្រាស់ក្នុងស្រុកនឹង​ជួយ​ដោះស្រាយផលប៉ះពាល់​ដល់កំណើនសេដ្ឋកិច្ចចិន​ក្នុងរយៈ​ពេលវែង។

ចំណែក​ឯ​មូលហេតុនៃ​ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ចចិន​មួយទៀត​នោះ​ គឺ​មក​ពី​តម្រូវ​ការផលិតផលចិនលើ​ទីផ្សារអន្តរជាតិមានការ​ធ្លាក់ចុះ​ទាប​ជាងការ​រំពឹង​ទុក ជា​ពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងអឺរ៉ុបដែលកំពុងជួបវិបត្តិ។

លោក ចេង ហុងបូ បញ្ជាក់​បន្ថែមថា ​រដ្ឋាភិបាល​ក្រុងប៉េកាំង«​នឹង​បន្ត​គាំទ្រ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ស្វែងរក​មាគ៌ា​អភិវឌ្ឍ​របស់​ខ្លួន​ស្រប​តាម​ស្ថានភាព​ជាក់ស្តែងរបស់​កម្ពុជា។ យើង​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​តាម​សមត្ថភាព​របស់​យើង​និង​ដោយ​គ្មាន​ការ​ភ្ជាប់​លក្ខខណ្ឌ»។

លោក ចាន់ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ម្នាក់ យល់​ថា​កំណើន​សេដ្ឋកិច្ច​ដែល​ថយចុះ​នេះ​ នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទេ។

«ខ្ញុំ​យល់​ថា ​ការ​ណ៍ដែល​សេដ្ឋកិច្ច​មាន​កំណើន​ទាប​ជាង​មុនមក​ត្រឹម​តែ​៧​ភាគរយ​នោះ​ប្រហែល​ជា​មិន​ប៉ះពាល់​ដល់​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា​យើងទេ។ ​ទី​មួយ​អាច​ថា​ ទំនងមក​ពី​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា។ ហើយ​ប្រទេស​កម្ពុជា​យើង​ក៏​មិនមែន​ជា​ចំណែក​មួយ​ដ៏​ធំ​នៃ​ការ​វិនិយោគ​របស់​ចិន​ដែរ។ គឺ​យើង​ជា​ចំណែក​តូច​មួយ​ទេ​នៃ​ប្រាក់​សន្សំ​របស់​ចិនដែល​យក​ទៅ​វិនិយោគ​នៅ​ក្រៅ​ប្រទេស»។

លោក ចាន់ សុផល បន្ថែម​ថា ធនធាន​រ៉ែ​និង​ថាមពល​ជា​ច្រើន​ដែល​នៅ​មិន​ទាន់​រុករក​នៅ​កម្ពុជា​ នឹង​បន្ត​ទាក់ទាញ​លំហូរ​វិនិយោគ​ពី​បរទេស​រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ។ ជា​មួយ​គ្នា​នេះ កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ដៃគូ​យុទ្ធសាស្ត្រ​និង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​របស់​ចិន​ក្នុង​ការ​រក្សា​លំនឹង​ឥទ្ធិពល​របស់​ខ្លួន​ក្នុងតំបន់​ផង​ដែរ។

ប៉ុន្តែ​ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា យល់​ថា​ប្រសិន​បើការ​វិនិយោគនៅ​កម្ពុជា​ធ្លាក់ចុះ​បែបណានោះ​ គឺ​ទំនងជា​ដោយសារមូលហេតុ​នយោបាយ​ក្នុងប្រទេសកម្ពុជា​ច្រើនជាង។

«អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​គឺ​មិនមែន​ចិន​ទេ គឺ​រឿងស្ថេរភាព​នយោបាយក្នុង​ស្រុក​យើង។ កាល​ណា​យើង​នៅ​តែ​បន្ត​ឈ្លោះ​គ្នា​រឿង​នយោបាយ​និង​មិន​បាន​ដោះស្រាយ​ឱ្យ​បាន​ជ្រះ​ស្រឡះទេ​នោះ​នឹង​មាន​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។ ខ្ញុំ​បាន​ជួប​អ្នក​វិនិយោគ​មួយ​ចំនួន ពួកគេ​មាន​ការ​ព្រួយ​បារម្ភ។ ខ្លះ​គេ​សួរ​ថាគួរ​មក​បាន​ឬ​អត់ អ្នក​ខ្លះ​គេ​មកហើយ​ប៉ុន្តែ​គេ​មិន​ទាន់​វិនិយោគ​ទេ គេ​ចាំ​មើល​ស្ថានការណ៍​សិន»។

យោងតាម​តួលេខ​ពី​ស្ថានទូតចិន​នៅ​ប្រទេសកម្ពុជា​ឲ្យដឹងថាគិតត្រឹមរយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៣ ពាណិជ្ជកម្មរវាង​ប្រទេសទាំង​ពីរកើន​ដល់​១.៤២៨​ពាន់​លាន​ដុល្លារ ដែល​មាន​កំណើន​ប្រហែល​៣៧​ភាគរយធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុនស្របពេល​ដែលប្រទេសទាំង​ពីរ​បាន​ព្រមព្រៀង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​របស់​ខ្លួន​ឱ្យកើនដល់​៥​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០១៧។

ជាមួយ​គ្នា​នេះ ត្រឹម៦​ខែ​ដើម​ឆ្នាំ​២០១៣ មាន​ទេសចរ​ណ៍​ចិន​ចំនួន​ជាង​២៣០​ពាន់នាក់​មក​កាន់​ប្រទេស​កម្ពុជា ពោលគឺកើន​ឡើង​៥៥​ភាគរយ​បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ប្រទេស​ចិន​ជា​ប្រភព​ទេសចរណ៍​ធំលំដាប់​ទី​៣​របស់​កម្ពុជា​បន្ទាប់​ប្រទេស​វៀតណាម និង​កូរ៉េ​ខាងត្បូង។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍។

វីអូអេ​ ខេមរភាសា មិន​ទាន់​អាច​ទទួល​បាន​តួ​លេខ​ផ្លូវ​ការ​ពី​ជំនួយនិង​ការ​វិនិយោគ​របស់ចិន​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៣ ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​និង​រដ្ឋាភិបាល​កម្ពុជា​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ត្រឹម​ចុង​ឆ្នាំ​២០១២ ប្រទេស​ចិន​បាន​ក្លាយ​ជា​អ្នក​វិនិយោគ​ធំ​បង្អស់​របស់​កម្ពុជា។ មាន​ក្រុមហ៊ុន​ចិន​ចំនួន​៤១៧​មក​បណ្តាក់ទុក​នៅ​កម្ពុជា ដែល​មាន​តម្លៃ​៩.២​ពាន់​លាន​ដុល្លារ។

ជាមួយ​គ្នា​នេះ កាល​ពី​ខែ​មេសា​ដើម​ឆ្នាំ​នេះ​ប្រទេស​ចិនបាន​សន្យា​ផ្តល់​ជំនួយ​មក​កម្ពុជា​ចំនួន​៥៤៨​លាន​ដុល្លារ ដែល​ក្នុង​នោះ​៥០០​លាន​ដុល្លារ​ជា​កម្ចី និង៤៨​លានដុល្លារជា​ជំនួយ​គ្មាន​សំណង សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ប្រទេស។ ដោយ​ឡែក ត្រឹម​ឆ្នាំ​២០១២ កម្ចី​និង​ជំនួយ​របស់​ចិន​មក​កម្ពុជា​ឡើង​ដល់​២ពាន់​៧រយ​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​អ្នក​ផ្តល់ជំនួយ​ធំ​ជាង​គេ​លំដាប់​ទី​២​បន្ទាប់​ពី​ប្រទេស​ជប៉ុន។

រដ្ឋាភិបាល​ចិន​ក៏បាន​សន្យាវិនិយោគ​លើ​គម្រោង​ដ៏​ធំ​មួយ​មាន​តម្លៃប្រមាណ​១.៦៨​ពាន់​លាន​ដុល្លារ​ដើម្បី​ដំឡើង​រោងចក្រ​ចម្រាញ់​ប្រេង​មូយ​ចន្លោះ​ខេត្ត​ព្រះ​សីហនុ​និង​កំពត​ដែរ។ ការណ៍នេះ ទំនងនឹង​ធ្វើឱ្យ​ប្រទេសចិន​បន្ត​នាំមុខខាងវិនិយោគ​នៅ​កម្ពុជាក្នុងឆ្នាំ២០១៣ទៀត។

យ៉ាង​ណា​ក៏​ដោយ ការ​វិនិយោគ​និង​កម្ចី​ពី​ប្រទេស​ចិននា​ពេល​កន្លង​មក​ ត្រូវ​បាន​រិះ​គន់​ថា​ខ្វះ​តម្លាភាព​និង​ខ្វះ​ការ​ទទួល​ខុសត្រូវ និងរំលោភ​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG