អ្នកការពារសិទ្ធិមនុស្ស៖ ស្ថានភាពសិទ្ធិមនុស្សកម្ពុជានឹងកាន់តែធ្លាក់ចុះនៅមុនការបោះឆ្នោត២០១៨

អ្នកស្រី​ង៉ែត ឃុន សកម្មជនសហគមន៍​បឹងកក់ ត្រូវ​ក្រុមសមត្ថកិច្ច​ចាប់​ឲ្យ​នៅ​មួយកន្លែង​ខណៈពេល​ដែល​តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។

រីឯអ្នកស្រី ទេព វន្នី បានរងការចោទប្រកាន់ថ្មីមួយទៀត គឺបទហិង្សាដោយចេតនា ដែលទើបត្រូវបានតុលាការលើកយកមកជំនុំជម្រះកាលពីសប្តាហ៍មុន ទាក់ទងនឹងការតវ៉ា ដែលបានកើតឡើង កាលពីឆ្នាំ២០១៣។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ព្យាករណ៍​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​ធ្លាក់​ចុះ​ រហូត​ដល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ដោយ​អាជ្ញាធរ​សារ​ជាថ្មី​ លើ​សកម្មជន​ការពារ​សិទិ្ធ​លំនៅដ្ឋាន​នៅ​សហគមន៍​បឹងកក់។

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ហៅ​បទ​ចោទ​ប្រកាន់​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​លើ​អ្នកស្រី​ ទេព វន្នី​ ជ័យ​លាភី​រងា្វន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices​ ថា​ ជា​ការ​បង្កើន​ការ​ដាក់​សម្ពាធ​មិន​ឲ្យ​មាន​ចលនា​តស៊ូ​មតិ​ដោយ​អហិង្សា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ បាន​សម្រេច​ផ្តន្ទា​ទោស​អ្នកស្រី​ ទេព​ វន្នី​ សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បឹង​កក់ ​និង​សហការី​លោក​ស្រី​ម្នាក់​ទៀត​ គឺ​អ្នកស្រី​ បូវ សោភា ពី​បទ​«ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ»​ បន្ទាប់​ពី​ពួក​បាន​រៀបចំ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ក្នុង​សហគមន៍​បឹងកក់​ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន។​ ក្រោយ​ពី​តុលាការ​ផ្តន្ទាទោស​អ្នក​ទាំង​ពីរ​ឲ្យជាប់​ក្នុង​ពន្ធនាគារ​ចំនួន​៦​ថ្ងៃ​ មាន​តែ​អ្នកស្រី​ បូវ សោភា​ ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាល​ពី​យប់​ថ្ងៃច័ន្ទ។

អ្នកតំណាងសហគមន៍បឹងកក់បក់តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ២០១៦។

រី​ឯ​អ្នកស្រី​ ទេព វន្នី​ បាន​រង​ការ​ចោទ​ប្រកាន់​ថ្មី​មួយ​ទៀត​ គឺ​បទ​ហិង្សា​ដោយ​ចេតនា​ ដែល​ទើប​ត្រូវ​បាន​តុលាការ​លើក​យក​មក​ជំនុំ​ជម្រះ​កាលពី​សប្តាហ៍​មុន​ ទាក់​ទង​នឹង​ការ​តវ៉ា ដែល​បាន​កើត​ឡើង ​កាល​ពី​ឆ្នាំ​២០១៣។

​ការ​ជំនុំ​ជម្រះ​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ចាប់​ខ្លួន​អ្នកស្រី​ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ សប្តាហ៍​មុន​ នៅ​ក្រោយពេល​ដែល​អ្នកស្រី​ និង​សកម្មជន​ដីធ្លី​ ក្នុង​សហគមន៍​បឹង​កក់​ បាន​រៀបចំ​ពិធី​ដាក់​បណ្តាសា​ ទៅ​លើ​ទីងមោង​ចំនួន​បួន​ ដែល​តំណាង​ឲ្យ​ឃាតករ​ តុលាការ​អយុត្តិធម៌​ មន្ត្រី​ពុករលួយ​ និង​អ្នក​ជួល​ឃាតករ​ឲ្យ​សម្លាប់​សកម្មជន​នានា​ ដូច​ជា​អ្នក​ការពារ​បរិស្ថាន​ អ្នក​ការពារ​សិទ្ធិ​កម្មករ​ ឬ​អ្នកវិភាគ​នយោបាយ ដូច​ជា​លោក​ កែម​ ឡី​ ​ជា​ដើម។

អ្នកស្រី​ បូ​ ឆវី​ វ័យ​៤០ឆ្នាំ​ សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​នៅ​ក្នុង​សហគមន៍​បឹងកក់​ បាន​បញ្ជាក់​ប្រាប់​ VOA​ ថា​ អាជ្ញាធរ​កំពុង​ដាក់​សម្ពាធ​ខ្លាំង​ឡើង​លើ​សិទ្ធិ​ជួបជុំ​តវ៉ា​ តាម​ការ​បំបែក​សំឡេង​ក្រុម​សកម្មជន​ក្នុង​សហគមន៍​បឹងកក់​ ដែល​ធ្លាប់​រង​ការ​ឈឺចាប់​ពី​ការរំលោភ​បំពាន​សិទ្ធិ​ដីធ្លី​ និង​ផ្ទះ​សម្បែង​ជា​យូរ​ឆ្នាំ​មក​ហើយ។

សកម្មជន​រូប​នេះថ្លែង​ថា៖​

«និយាយ​រួម​ទៅ​ ដូច​គេ​ថា​ ចង់​ដាក់​គំនាប​មក​លើ​សហគមន៍​ហ្នឹង​កុំ​ឲ្យ​សហគមន៍​ហ្នឹង​ប្រើ​ និយាយ​រួម​ធ្វើ​យុទ្ធនាការ​នៅ​ នៅ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ហ្នឹង​ណ៎ា​ គេ​ចង់​បំបាត់​ ដូច​ថា​ យើង​ទាមទារ​ជា​ពិសេស​ដូច​លោក​បណ្ឌិត កែម​ ឡី​ ហ្នឹង​ គាត់​អ្នក​សេ្នហា​ជាតិ​ ស្នេហា​យុត្តិធម៌​ហ្នឹង​ គាត់​ហ៊ាន​លះបង់​ជីវិត​ ព្រោះ​ខ្ញុំ​ សហគមន៍​ក៏​ទាមទារ​ដើម្បី​រក​យុត្តិធម៌​ជូន​គាត់​ ដើម្បី​រក​វែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​ហ្នឹង​ដែរ»។

ត្បិត​តែ​មាន​ការ​ដាក់​គំនាប​ខ្លាំង​យ៉ាង​ណា​ក្តី​ អ្នកស្រី​ បូ ឆវី​ ថ្លែង​បញ្ជាក់​ទៀត​ថា៖​

«ទឹកចិត្ត​របស់​ខ្ញុំ​ ជា​ជន​រងគ្រោះ​ ច៎ា​ចង់​បាន​យុត្តិ​ធម៌​ពិតប្រាកដ​ហ្នឹង​ គឺ​មិន​អាច​រារាំង​បាន​ទេ។​ ខ្ញុំ​នៅ​តែ ​ទាំងអស់​គ្នា​នៅ​តែ​ធ្វើ​យុទ្ធនាការ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ហ្នឹង​ច៎ា​ ដោយ​មិន​បាក់​ស្មារតី​ទេ​ច៎ា»។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​ឃ្លាំមើល​សកម្មភាព​តវ៉ា​ដោយ​អហិង្សា​របស់​សកម្មជន​ក្នុង​តំបន់​បឹងកក់​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​ថា៖​

«​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ អ្នកស្រី​ ទេព វន្នី​ ត្រូវ​បាន​នាំ​ខ្លួន​ពី​កន្លែង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​នៅ​ខាងក្រៅ​គេហដ្ឋាន​របស់​សម្តេច​នាយករដ្ឋ​មន្ត្រី​ កាល​ពី​ឆ្នាំ​២០១៣»។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​បន្ត​ថា៖​

«ក្រោយ​មក​ អ្នកស្រី​ត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា។​ ការ​តវ៉ា​កាល​ពី​ឆ្នាំ​២០១៣​នោះ​ គឺ​ស្ថិត​ក្នុង​ការ​តវ៉ា​ផ្សេង​ទៀត​ដែល​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​ជា​ង​គេ​ទៅ​លើ​សហគមន៍។​ ការ​បង្ក្រាប​កាលពី​ពេលនោះ​ នាំ​ឲ្យ​មាន​អ្នក​របួស​រហូត​ទៅ​ដល់​ប្រាំ​នាក់​ ហើយ​ក្នុង​នោះ​មាន​អ្នកខ្លះ​ត្រូវ​បាន​បាក់​ឆ្អឹង​ផង​ដែរ»។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​បន្ថែម​បទ​ចោទ​លើ​អ្នកស្រី​ ទេព វន្នី​ គឺ​ជា​ការ​ព្យាយាម​បន្ថយ​ភាព​សកម្ម​របស់​សកម្មជន​រូប​នេះ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ។

លោក​ថ្លែង​ថា​ សកម្មភាព​របស់​អ្នកស្រី ទេព វន្នី​ និង​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​ផ្សេងទៀតនៅ​ក្នុង​សហគមន៍​បឹង​កក់​ បាន​កើតចេញ​ពី​សេចក្តី​ឈឺចាប់​ដែល​ពួកគេ​ធ្លាប់​ជួបកាល​ពី​ពេល​មុន។​ លោក​បន្ត​ថា​ ការ​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​តវ៉ា​រឿង​ដីធ្លី​របស់​ពួកគេ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្រោក​ជួយ​អ្នកការពារ​សិទ្ធិ​ដែល​រង​អំពើ​អយុតិ្តធម៌​តាម​ការ​រួមគ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ។

លោក​ អំ សំអាត ថា៖

«អ្នក​ដែល​រងគ្រោះ​ហើយ​ គាត់​ដឹង​អំពី​ការ​ឈឺ​ចាប់​ អ៊ីចឹង​បើ​គាត់​ឃើញ​អ្នក​រងគ្រោះ​ដទៃ​ទៀត​ គាត់​មាន​ការ​ឈឺឆ្អាល​នេះ​មួយ។​ ទីពីរ​ ដូច​ជា​ការ​ចាប់​មន្ត្រី​សមាគម​អាដហុក​អី​ ព្រោះ​កន្លង​មក​ពួក​មន្ត្រី​សមាគម​អាដហុក​ហ្នឹង​ក៏​ ធ្លាប់​ជួយ​គាត់​ពី​បញ្ហា​ដីធ្លី​នៅ​បឹងកក់​ដែរ​ នៅ​ពេល​ដែល​ចាប់​ពួកគាត់​ ហើយ​ជា​ធម្មតា​ដែល​គាត់​ត្រូវ​តែ​មាន​ការ​ឈឺឆ្អាល​ ហើយ​និង​ទាម​ទារ​ឲ្យ​មានការ​ដោះលែង​ហ្នឹង​បាទ»។

លោក​ អំ សំអាត​ បាន​បញ្ជាក់​ទៀត​ថា​ ការ​ដាក់​គំនាប​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ​នឹង​បន្ត​កើត​មាន​ទៅ​មុខ​ទៀត រហូត​ដល់​ពេល​នៃ​ការ​រៀបចំ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

«ខ្ញុំ​គិត​ថា ​រឿង​ហ្នឹង​អាច​បន្តបន្ទាប់​ទៀត​រហូត​ដល់​បោះឆ្នោត​ជាតិ​[ឯ]ណោះ​ មិនមែន​ត្រឹម​តែ​បោះឆ្នោត​ឃុំ​សង្កាត់​ទេ។​ អ៊ីចឹង​ ខ្ញុំ​គិត​ថា​ ដំណោះស្រាយ​ទាំង​អស់​ហ្នឹង​ មិន​ជា​ការ​ល្អ​ទេ។​ អ្វី​ដែល​ល្អ​គឺ​ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ ​ឫស​គល់​នៃ​បញ្ហា​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ផង»។

លោក​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​ការ​គិតគូរ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ផង​ដែរ​នៅ​ក្រោយពេល​នៃ​ការ​រៀបចំ​វេទិកា​ស្តី​ពី​«ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ»​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នៅរាជធានីភ្នំពេញ។​

​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ដឹកនាំ​វេទិកា​នោះ​ មិន​ត្រឹម​តែ​លើកឡើង​ពី​វិធានការ​នានា​ក្នុង​ការ​រក្សា​ធនធាន​ធម្មជាតិ​នោះ​ទេ​ លោក​ថែម​ទាំង​បាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​អំពីការ​កើត​មាន​ឡើង​នៃ​វិបត្តិ​សង្គម​ ដោយ​លោក​បាន​ប្រៀបធៀប​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ ទៅ​នឹង​ចលនា​បដិវត្តន៍​ដែល​បាន​កើត​ឡើង​នៅ​មជ្ឈិមបូព៌ា​ប្រទេស​ និង​ប្រទេស​អ៊ុយក្រែន​នៅ​អឺរ៉ុប​ខាងកើត។​

លោក​ថ្លែង​ថា៖​

«ស្អី​ Black Monday សូម​កុំ​សូវ​ពេក។​ មើល​ទៅ (ប្រទេស) ​អ៊ីរ៉ាក់ ស៊ីរី លីប៊ី យេម៉ែន បាន​ស្អី​ហើយ​ មើល​ទៅ!​ សូម្បីអ៊ុយក្រែន​ ដែល​មាន​ទាំង​ទឹកក្រូច​ផង​ មាន​ទាំង​ស្អី​ផង​ ឥឡូវ​បាន​អី?​ ឥឡូវ​បាន​ត្រឹម​ភាព​តាន​តឹង»។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ដែល​ជួប​ការ​បង្រ្កាប និង​ឈាន​ដល់​តុលាការ​នៅ​គ្រា​ដែល​យុទ្ធនាការ​នេះ​ បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​១៥​ មាន​គោល​បំណង​ចម្បង​មួយ​គឺ​ការ​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បួន​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ រួម​មាន​លោក​ យី សុខសាន្ត​ លោក​ ណៃ​ វង់ដា​ លោក​ នី​ សុខា​ និង​លោក​ស្រី​ លឹម មុន្នី​ និង​លោក​ នី ចរិយា​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។

យុទ្ធនាការ​ដែល​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​យល់​ថា​ អាច​ជា​ចលនា​បដិវត្តន៍​នោះ​មាន​គោលដៅ​ផ្សេង​ទៀត​ដែរ​ គឺ​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស្វែងរក​ឲ្យ​ឃើញ​ការណ៍​ពិត​ នៃ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ទាំង​កណ្ដាល​ថ្ងៃ​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ កន្លង​ទៅ៕