អ្នក​វិភាគ​ឃើញ​ការ​ប្រែប្រួល​យុទ្ធសាស្ត្រ​របស់​អឺរ៉ុប​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ចិន

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen ចាកចេញ​ពី​កិច្ចប្រជុំ​តាម​អ៊ីនធឺណិត​ជាមួយ​នឹង​លោក​ប្រធានាធិបតី ស៊ី ជីនពីង នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

នៅ​ក្នុង​ជំនួប​​កំពូល​តាម​វីដេអូ​អនឡាញ​​កាល​ពី​ថ្ងៃ​ចន្ទទី២២ ខែ​មិថុនា ជា​មួយ​មេដឹក​នាំ​ចិន អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប ​បានលើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ដែនដី​ទីបេ និង​នៅ​ទី​ក្រុង​ Xinjiang និង​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​ក្លែងក្លាយ​របស់​ចិន​អំពី​វីរ៉ុស​កូរ៉ូណា។

ជំនួប​កំពូល​តាមវីដេអូ​អនឡាញកាល​ពី​ពេល​ថ្មីៗ​នេះ ​រវាងមេដឹក​នាំចិន និង​សហគមន៍​អឺរ៉ុប មាន​របៀប​វារៈ​ជាច្រើន​រួម​មាន ពាណិជ្ជកម្ម ការ​ប្រែ​ប្រួល​អាកាស​ធាតុ សន្តិសុខ​តាម​អ៊ីនធឺណិត និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ [ជំនួប​នេះ] បញ្ចប់​ទៅ​វិញ​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង​អ្វី​ទាំង​អស់ សូម្បី​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​ក៏​គ្មាន​ដែរ។

ផ្ទុយ​ទៅ​វិញ មន្ត្រីសហគមន៍​អឺរ៉ុប បាន​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​មួយ ដែលអ្នកវិភាគ​និយាយ​ថា វា​ជា​សញ្ញា​ដ៏​ច្បាស់​មួយ​បង្ហាញ​ថា​ទំនាក់​ទំនង​រវាង​សេដ្ឋកិច្ច​ធំៗទាំង​ពីរ កំពុងតែ​ឈាន​ចូល​ដំណាក់​កាល​ថ្មី​មួយ។

លោក Charles Michel ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប បាន​និយាយថា៖ «ការ​ចូល​រួម​ និង​ការ​សហការ​ជា​មួយចិន​គឺ​ជាឱកាស និងជា​រឿង​ចាំ​បាច់។ ប៉ុន្តែទន្ទឹម​គ្នា​នេះ​ដែរ យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​មិន​មាន​គុណ​តម្លៃ ប្រព័ន្ធ​នយោបាយ ឬ​វិធីសាស្ត្រ​ពហុភាគី​និយម​ដូច​គ្នា​នោះទេ»។

លោក Erik Brattberg នាយក​ផ្នែក​កម្មវិធី​អឺរ៉ុប និង​ជា​អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន Carnegie សម្រាប់​សន្តិភាព​អន្តរជាតិ The Carnegie Endowment for International Peace បាន​ឱ្យ​ដឹង​ថា កាល​ពី​អតីតកាល​សហគមន៍​អឺរ៉ុបផ្ដល់​អាទិភាព​ដល់​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាង​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ផ្សេង​ៗទៀត​ដែលជា​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Brattberg បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ជំនួប​កំពូល​នេះ​បាន​បញ្ជាក់​ថា វិធី​សាស្ត្រ​ខាង​លើ​នេះ​អាច​ឈាន​ដល់​ទី​បញ្ចប់​ហើយ»។

អ្នកស្រី Alice Ekman អ្នកវិភាគ​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប្រចាំ​វិទ្យាស្ថាន​សហគមន៍​អឺរ៉ុប​សម្រាប់​ការ​សិក្សា​សន្តិសុខ​បាន​និយាយ​ថា៖ «ចំណាប់​អារម្មណ៍​របស់​ខ្ញុំ គឺ​ថា​អឺរ៉ុបពិត​ជា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្ដូរ​មួយ ក្នុង​ការ​បង្កើត និង​រៀបចំ​យុទ្ធសាស្ត្រ​របស់​ចិន ដែល​ប្រាកដ​និយម និង​មាន​ប្រសិទ្ធ​ភាព​នៅ​ថ្ងៃ​មុខ»។

នៅ​ក្នុង​ជំនួបកំពូល​តាម​វីដេអូ​អនឡាញកាល​ពី​ថ្ងៃ​ចន្ទទី២២ ខែ​មិថុនា ជា​មួយ​មេដឹក​នាំ​ចិន អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប ​បានលើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ដែនដី​ទីបេ និង​នៅ​ទី​ក្រុង​ Xinjiang និង​ការ​ផ្សព្វ​ផ្សាយព័ត៌មាន​ក្លែងក្លាយ​របស់​ចិន​អំពី​វីរ៉ុស​កូរ៉ូណា។ អ្នក​ស្រី​ក៏​បាន​បន្ទោស​ចិន​ចំពោះការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ និង​បណ្ដាញ​កុំព្យូទ័រ​របស់​មន្ទីរ​ពេទ្យ​ក្នុង​បណ្ដាប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដោយ​និយាយ​ថា​សកម្មភាព​ទាំង​នេះ​មិន​អាច​អត់​ឱន​ឱ្យ​បាន​ទេ។​

អ្នកស្រី Von der Leyen បាន​និយាយ​ថា អ្នកស្រី និង​ លោក Michel បានបញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​នៅ​ក្នុង​ទីក្រុង​ហុងកុង មិន​ត្រឹម​តែ​រំលោភ​លើ​មូលដ្ឋាន​ច្បាប់​របស់​ហុងកុង​ប៉ុណ្ណោះទេ តែថែម​ទាំងរំលោភ​លើការ​ប្ដេជ្ញា​ចិត្ត​ជា​អន្តរជាតិ​របស់ចិន​ផង​ដែរ។

អ្នកស្រី Ekman និយាយថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ថ្លែង​ការណ៍​ធ្ងន់​ធ្ងរ​បែប​នេះ​ចេញ​ពី​ភាគី​អឺរ៉ុប លើ​បញ្ហា​សិទ្ធិមនុស្ស​ ឧទាហរណ៍​បញ្ហានៅ​ហុងកុង​នោះទេ»។

លោក Hal Brands សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​សាកលលោក នៅ​សាកលវិទ្យាល័យ John Hopkins​ សម្រាប់​ការ​សិក្សា​កិច្ចការ​អន្តរជាតិ​ជាន់​ខ្ពស់ (John Hopkins​ School of Advanced International Studies) បាន​ប្រាប់ VOA ថា​ ស្រប​ពេល​ដែល​សហគមន៍​អឺរ៉ុប​រិះគន់​ពី​សកម្មភាព​របស់​ចិន អឺរ៉ុប​មិន​បាន​ចាត់​វិធានការ​អ្វី​ឡើយ។

លោក​ លើក​យកទីក្រុង​ហុងកុង​ជា​ឧទាហរណ៍។

សហគមន៍​អឺរ៉ុប​បាន​ «បដិសេធ​មិន​ដាក់​ទណ្ឌកម្ម [លើចិន] ដោយ​សារ​ការ​ជំរុញហុងកុង»។ លោក Brands បាន​និយាយថា៖ «សហគមន៍អឺរ៉ុប គ្រាន់​តែ​សម្តែង​ការ​ព្រួយ​បារម្ភ ប៉ុន្តែ​មិន​ដែល​ចាត់​វិធានការ​តឹងរ៉ឹង​ណា​មួយ​ឡើយ។ ដូច្នេះ​ចិន ប្រហែល​ជាកំពុង​គិត​គូរ​ថា ស្រប​ពេល​ដែល​មានការ​រិះគន់​ផ្នែក​ការទូត ហើយ​សហរដ្ឋ​អាមេរិក​ប្រហែល​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន ផល​ប៉ះ​ពាល់​សរុប​ប្រហែល​ជា​មិន​សូវ​ធ្ងន់ធ្ងរ​ឡើយ»។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo អំពាវនាវ​ឱ្យ​សហគមន៍​ អឺរ៉ុប​ជ្រើសរើស​រវាង​សេរីភាព និង​របប​ផ្ដាច់​ការ​របស់​ចិន កាល​ពី​ថ្ងៃទី១៩ ខែ​មិថុនា នៅ​កិច្ច​ប្រជុំ​កំពូល​ស្ដី​ពី​ប្រជាធិបតេយ្យ​នៅ​ទៅ​ក្រុងCopenhagen ប្រទេស​ដាណឺម៉ាក។

លោក Pompeo បាន​និយាយថា៖ «ខ្ញុំ​មិន​ជឿថា​ វា​មាន​វិធី​បែប​អឺរ៉ុប ឬ​បែប​អាមេរិកាំង ដើម្បី​ប្រឈម​នឹង​ជម្រើស​នេះ​នោះ​ទេ។ ហើយ​ក៏​គ្មាន​វិធី​ណា​ ដើម្បី​យក​មក​ជំនួស​ជម្រើស​ទាំងនេះ ដោយ​មិន​បោះបង់​ខ្លួន​យើង​ដែរ។ លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ពឹងលើ​ជន​ផ្ដាច់​ការ​ គ្មាន​តម្លៃស័ក្ដិសម​នឹង​ឈ្មោះប្រជាធិបតេយ្យ​នោះ​ទេ»៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា