អ្នកវិភាគ៖ ទំនាក់ទំនង​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប ក្រោយ​អាមេរិក​​បញ្ចប់​កម្មវិធី​​អាហារូបករណ៍​យោធា​ដល់​និស្សិត​កម្ពុជា​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Lloyd Austin ថ្លែង​ទៅ​កាន់​និស្សិត​នាយ​ទាហាន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចូល​រួម​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​​ឯ​បណ្ឌិត​សភា​យោធា​ជើងគោក​សហរដ្ឋ​អាមេរិក​ West Point នៅ​រដ្ឋ New York កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។

អ្នក​វិភាគ​និង​អ្នក​តាម​ដាន​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បានលើកឡើង​ពី​ការ​បន្តធ្លាក់​ចុះ​ដុនដាប​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ក៏​ដូចជា​ផលវិបាក​បន្ថែម​ទៀតដែល​អាច​កើតមាន​ខណៈ​កម្ពុជា​កាន់​តែខិត​ទៅ​ជិត​ប្រទេស​ចិន។

ការលើក​ឡើង​នេះ គឺបន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់កម្មវិធីអាហារូបករណ៍​ផ្នែក​យោធា​ដល់​និស្សិត​កម្ពុជា​ចំនួន​៦នាក់ ដែល​ពួកគេ​ក៏​បាន​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​រដ្ឋាភិបាល​បាន​ប្រកាស​ជួយ​ធានា​ថ្លៃ​សិក្សា​ទាំង​នោះ​ដល់​ពួកគេ។ ការ​បញ្ចប់​កម្មវិធីសិក្សា​ផ្នែក​យោធា​នេះ ត្រូវបាន​អាមេរិក​លើក​ឡើង​ថា​ដោយសារ​ទំនាក់ទំនង​មិន​ល្អ​រវាង​ប្រទេស​ទាំងពីរ។ ចំណុច​ប្រទាំងប្រទើស​មួយ​ដែល​គេ​មើល​ឃើញ​ចុង​ក្រោយ​នេះ គឺ​ការ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​យោធា​អនុព័ន្ធ​អាមេរិក​ចូល​មើល​គ្រប់​ជ្រុង​ជ្រោយក្នុង​តំបន់​កងទ័ពជើង​ទឹករាម​ដែល​អាមេរិក​សង្ស័យ​ថា​នឹង​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន។

លោក អ៊ូ វីរៈ ប្រធាន​និង​ស្ថាបនិក​អង្គការ​វេទិកា​អនាគត​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ព្រឹត្តិការណ៍​វិវត្ត​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ពីការ​ធ្លាក់ចុះ​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និងកម្ពុជា ដែល​លោក​សង្កេត​ឃើញ​បាន​ធ្លាក់​ចុះ ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស កាល​ពី​ឆ្នាំ២០១៧។

លោក​បន្ថែម​ថា​ទំនង​ជា​សហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាងលិច​កំពុងងាក​ចេញ​ពី​«យុទ្ធសាស្ត្រ​លួងលោម» មក​ដាក់​កំហិត​លើ​កម្ពុជា​វិញ​ដើម្បី​ជា​ការ​ព្រមាន​ទៅ​ដល់​ប្រទេស​ផ្សេង​ទៀត។

យ៉ាង​ណាក្តី លោក​ អ៊ូ វីរៈ ជឿ​ថា​ការ​កែប្រែ​នូវ​លម្ហសិទ្ធិ​សេរីភាព​នយោបាយ និង​ការ​ពង្រឹង​អព្យាក្រឹត​ក្នុង​បរិបទនយោបាយការបរទេស​អាច​ជួយ​លើកកម្ពស់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា​ឡើង​វិញ។

​លោក​ប្រាប់​វីអូអេ​ថា៖ «បើ​សិន​ជា​យើង​អាច​ដើរ​ថយ​ក្រោយ​រឿង​ចិន​ក៏​ដោយ​រឿង​ប្រជាធិបតេយ្យ​ក៏​ដោយ ប្រហែល​ជា​អាច​បង្កើន​នូវ​ទំនាក់ទំនង​ល្អ​ជាង​ឥឡូវ​នេះ។ បាន​ន័យ​ដូច​ស្រដៀង​ពី​មុន ស្រដៀង​ទសវត្សរ៍​ ២០០០​ជាង​អី​ហ្នឹង។ ប៉ុន្តែ​នេះ​ជា​សេណារីយ៉ូ​មួយ​ដែល​ខ្ញុំ​មើល​ទៅ​ពិបាក»។

អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy R. Sherman ដែលជាមន្ត្រីជាន់ខ្ពស់លំដាប់ទី ២ ក្នុងក្រសួងការបរទេសអាមេរិក បានជួបលោក កឹម សុខា មេដឹកនាំ​ប្រឆាំង​កម្ពុជា ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១។ (Facebook/US Embassy Phnom Penh)

លោកបន្ថែម​ថា ៖ «កែប្រែ​ទំនាក់ទំនង​ហ្នឹង​គឺ​វា​ចេញ​ពី​លំហ​គណបក្ស​សង្គ្រោះជាតិ​ឬ​ក៏​បុគ្គល​ធំៗ​ចេញ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ជា​ពិសេស​លោក ​កឹម សុខា​សេរីភាព​លោក ​កឹម សុខា ​អីអញ្ចឹង ហើយ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ឡើង​វិញ។ ទីពីរ​គឺ​ទាក់ទង​រឿង​ចិន។ រឿង​ចិន​ហ្នឹង​តាមពិត​ទៅ​ជា​រឿង​ធំ​មែនទែន​ទោះ​បី​សហរដ្ឋ​អាមេរិក​និង​ពិភពលោក​មិន​និយាយ​ក៏​ដោយ ប៉ុន្តែ​ជា​រឿង​ធំ​ជាង​គេ​សម្រាប់​លោក​ខាង​លិច។ ទាក់ទង​រឿង​ចិន​នេះ​មាន​ន័យ​ថា​តើ​កម្ពុជា​នៅ​បន្ត​មាន​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​នឹង​ចិន​ទៀត​ឬ​ក៏​អត់»។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​តាមដាន​សង្គម​មួយ​រូប បាន​ថ្លែង​ប្រាប់ VOA ថា​ការបញ្ចប់​កម្មវិធីអាហារូបករណ៍​ផ្នែក​យោធាដល់​និស្សិតកម្ពុជា ជា​សញ្ញា​បង្ហាញ​ពី​ការ​បាត់បង់​ជំនឿ​ទុកចិត្ត​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។

លោកបន្ត​ថា ការ​ធ្លាក់ចុះ​ទំនាក់ទំនង​ផ្នែក​យោធា​ក៏​អាច​បង្ក​ផលវិបាក​ដល់​ផ្នែក​ការទូត​និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​វិស័យ​នេះ និង​ភាព​មន្ទិលនៅ​ក្នុង​វិស័យ​យោធា​ហ្នឹង​វា​មិន​ល្អ វា​អាច​ជះ​ឥទ្ធិពល​លើ​វិស័យ​នយោបាយ​ការ​បរទេស នយោបាយ​ការ​ទូត ទំនាក់ទំនង​ការ​ទូត​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ព្រម​ទាំង​វិស័យ​ការទូត​កម្ពុជា​ជា​អន្តរជាតិ​ដែរ​ព្រោះ​សហរដ្ឋ​អាមេរិក​មាន​ឥទ្ធិពល ធំ។ ចំណុច​មួយ​ទៀត​អាច​ប៉ះពាល់​ដល់​វិស័យ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដែល​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​GSP [ប្រព័ន្ធ​អនុគ្រោះពន្ធ​]ពី​សហរដ្ឋ​អាមេរិក»។

ចំពោះ​លទ្ធភាព​នៃ​ការ​ស្តារ​ឡើងវិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ លោក​បាន​លើកឡើង​ថា​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់អ្នក​នយោបាយ​នៅ​កម្ពុជា។​

គួរបញ្ជាក់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​ឆ្លង​តាម​លិខិត​ទៅ​វិញ​ទៅ​មក ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដែលមាន​ភាព​រកាំ​រកូស​ជាច្រើន​ឆ្នាំ។ នៅ​ក្នុង​លិខិត​ឆ្លើយ​ឆ្លង​នោះ លោក ​Trump បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ប៉ុន្តែ​លោក ​Trump​ បាន​ប្រាប់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដាក់​ប្រទេស​កម្ពុជា​លើ​មាគ៌ា​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ឡើង​វិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក Donald Trump ​អតីត​ប្រធានាធិបតីអាមេរិក។

ជា​ការ​ឆ្លើយ​តប លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា​លោក​នឹង​ឲ្យ​ក្រុម​ការងារ​កិច្ចការ​បរទេស​របស់កម្ពុជា ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​កិច្ចការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ស្តារ​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​ឡើង​វិញ និង​កសាង​ឡើង​វិញ​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

​លោក មាស នី អ្នក​វិភាគ​សង្គម​និង​នយោបាយ ​បាន​ថ្លែង​ប្រាប់​VOAថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​រកាំរកូស​ជា​យូរមក​ហើយ ដែល​លោក​ថា​ នៅពេល​កម្ពុជា​«បោះបង់​អាមេរិក​ចោល ហើយ​ស្រវា​រក​ចិន»។​លោក​បន្ថែម​ថាសហរដ្ឋ​អាមេរិក​បាន​កាត់ផ្តាច់​នូវ​ជំនួយអាហារូបករណ៍ គឺដោយសារ​តែ​កម្ពុជា​មិនបានបំពេញ​តាម​លក្ខខណ្ឌ​របស់​សហរដ្ឋអាមេរិក។

លោកបន្ត​ថាការ​ឃ្លាតឆ្ងាយ​ពី​ទំនាក់ទំនង​ជាមួយសហរដ្ឋ​អាមេរិក អាច​ធ្វើឲ្យ​កម្ពុជា​ជាប់​ក្នុង​អន្ទាក់​នយោបាយ​ភូមិសាស្ត្រពី​សំណាក់​ប្រទេស​ចិន ហើយ​បាត់បង់​នូវ​អំណាច​អធិបតេយ្យភាព​របស់​ខ្លួន។

លោក​មាស នី​ និយាយ​ថា៖ «ស្ថានភាព​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​គឺ​នៅ​ពេល​ដែល​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ​មែនទែន​នោះ​គឺ​ជា​ញឹកញាប់ ប្រទេស​សាមីខ្លួន​ជា​ពិសេស​ប្រទេស​យើង​ដែល​តូច​ហ្នឹង ច្រើន​តែ​មិន​សូវជា​មាន​អំណាច​អី​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​បញ្ហា​អំណាច​ទោះបីជា​បញ្ហា​អំណាច​ជិត​ស្និទ្ធ​យ៉ាង​ម៉េច​ក៏​ដោយ​ដូច​ជា​ប្រទស​ចិន​ក៏​ដោយ​ក៏​ប៉ុន្តែ​យើង​ហាក់​ដូចជា​មាន​លម្ហតិច​ណាស់​នៅ​ក្នុង​ការ​ប្រើ​នូវ​អធិបតេយ្យ​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ ពិសេស​នៅ​ពេល​គេ​ស្នើសុំ​អី​មួយ យើង​អត់​អី​ប្រកែក​ជាមួយ​គ្នា​ដោយសារ​យើង​អត់​មាន​ជម្រើស​អី​ផ្សេង​ទៀត»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បញ្ហា​ទំនាក់ទំនង​ធ្លាក់ចុះ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ផ្នែក​យោធា​មិនមែន​ជា​បញ្ហា​ធំ​ដុំ​នោះ​ទេ ដោយ​លោក​ធ្លាប់​បាន​លើកឡើង​ពី​ការ​ផ្តាច់ជំនួយ​ផ្សេងៗ​ពី​សហរដ្ឋអាមេរិក​កាល​ពី​ពេល​កន្លង​មក។

លោក​និយាយ​ថា៖ «នេះ​ជា​រឿង​ធម្មតា​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសកម្ពុជា​និង​សហរដ្ឋអាមេរិក​ក៏​ប៉ុន្តែ​យើង​មាន​វិស័យ​ច្រើន​ទៀត​ដែល​សហរដ្ឋអាមេរិក​ជួយ​កម្ពុជា​នោះ។ ដូច្នេះ​គ្មាន​អ្វី​ដែល​ជា​រូបភាព​បង្កប់​នោះ​ទេ។ គ្រាន់​តែ​ជា​សារ​មួយ​ប្រាប់​ថា គេ​ដាក់​សម្ពាធ​យើង​បន្តិចបន្តួច​នៅ​ក្នុង​វិស័យ​យោធា​ប៉ុណ្ណោះ»។

លោកបន្ត​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​គោលនយោបាយ​ការបរទេស ខណៈ​កម្ពុជា​បន្ត​សហការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដែល​មិនមាន​ទំនាក់ទំនងល្អ​ជាមួយ​ចិន​ដូចជាជប៉ុន វៀតណាម និង​ឥណ្ឌា​ជា​ដើម។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ការ​លើកឡើង​ពី​សំណើឲ្យ​មាន​ការ​កែប្រែ​លម្ហ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​គឺ​គ្រាន់​តែ​របៀបវារៈ​នយោបាយ​នៃ​បណ្តាប្រទេស​ប្រជាធិបតេយ្យ​និយម​ប៉ុណ្ណោះ។

VOA មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ និង​លោក ឈុំ សុជាតិ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​នោះ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

និស្សិត​ នូ ច័ន្ទ​យុទ្ធា​ ដែល​កំពុង​សិក្សា​ដល់​ឆ្នាំ​ទី​៣ ​ខាង​ជំនាញ​វិស្វកម្ម​កងទ័ព​អាកាស​នៃ​សាលា​បណ្ឌិត​សភា​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បញ្ជាក់​ប្រាប់​វីអូអេថា​លោក​ត្រេកអរដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ចេញ​ថ្លៃសិក្សា​។ (រូប​ផ្តល់​ឱ្យ​ដោយ នូ ច័ន្ទ​យុទ្ធា)

ក្រសួង​ការពារជាតិ​កម្ពុជា​បានចាត់ទុក​ថា​ការផ្តាច់​អាហារូបករណ៍​នោះ​គឺជា​ចំណាត់ការ​ឯកតោ​ភាគី​ពី​ខាង​សហរដ្ឋ​អាមេរិក​ដែល​ភាគី​កម្ពុជា​ត្រូវ​មាន​ចំណាត់ការ​«បន្ទាន់​និង​ចាំបាច់»​ដើម្បី​ជួយ​និស្សិត​ទាំងនោះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន។ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង់ថ្លៃ​សិក្សា​ដល់​និស្សិត​យោធា​កម្ពុជា​ចំនួន​៦​នាក់ដែល​កំពុង​សិក្សា​នៅ​អាមេរិក។

និស្សិត​ទាំង​៦​នាក់​នោះកំពុង​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ជើងគោក ​West Point ចំនួន​២​រូប​បណ្ឌិតសភា​ទ័ព​អាកាស​ចំនួន​២​រូប​កងទ័ព​ជើង​ទឹក​ចំនួន​១​រូប​និង​ឆ្មាំសមុទ្រ​ចំនួន​១​រូប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​និស្សិត​និង​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិកប្រាប់​វីអូអេ​ខេមរភាសា​ក្នុង​ពេល​កន្លង​មក។

ការ​ផ្តាច់​អាហារូបករណ៍​ដល់​និស្សិត​យោធា​កម្ពុជា​នៅ​សហរដ្ឋអាមេរិក​គឺ​កើតឡើង​បន្ទាប់​ពីសហរដ្ឋ​អាមេរិក​ក៏​សម្តែង​ការព្រួយ​បារម្ភកាល​ពី​ពេល​ថ្មីៗ​នេះ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ដោយសារ​ចិន​កំពុង​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​យោធា​ជើងទឹក​រាម​នៅ​ក្រុង​ព្រះសីហនុ​និង​ការណ៍​ដែល​កម្ពុជា​វាយ​កម្ទេច​ចោល​អគារ​ពីរ​ដែល​សហរដ្ឋ​អាមេរិក​ទើប​សាងសង់​ថ្មី៕