អ្នកជំនាញខាងយោធាព្រមានអំពីការកើនឡើងនូវហានិភ័យនៃសង្គ្រាមជាមួយចិន បន្ទាប់ពីការប្រកាសកាលពីពេលថ្មីៗនេះរបស់ចិនបានពង្រឹងកាន់តែខ្លាំងបន្ថែមទៀតដល់ការទាមទាររបស់ខ្លួននៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។
កាលពីចុងខែឧសភា ប្រទេសចិនបានប្រកាសថាឆ្មាំសមុទ្ររបស់ខ្លួននឹងត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការស៊ើបអង្កេតនិងឃុំខ្លួនរហូតដល់ ៦០ ថ្ងៃនូវ «ជនបរទេសណាដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខនិងផលប្រយោជន៍ជាតិរបស់ចិន» នៅក្នុងដែនទឹកដែលមានជម្លោះ។
ហើយនៅថ្ងៃទី ៨ ខែមិថុនា ចិនបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យហ្វីលីពីនផ្តល់សម្ភារៈផ្គត់ផ្គង់និងជម្លៀសទាហានចេញពីប៉ុស្តិ៍មួយនៅលើកោះ Second Thomas Shoal ប្រសិនបើហ្វីលីពីនជូនដំណឹងដល់ចិនជាមុន។ កោះនេះត្រូវបានកំណត់ដោយតុលាការអន្តរជាតិថាស្ថិតនៅក្នុងដែនទឹកហ្វីលីពីន។
ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនបានឆ្លើយតបភ្លាមៗថា ហ្វីលីពីននឹងបន្តរក្សានិងផ្គត់ផ្គង់ដល់ប៉ុស្តិ៍ជួរមុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដោយមិនស្វែងរកការអនុញ្ញាតពីប្រទេសណាមួយឡើយ។
ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនជឿថា នីតិវិធីថ្មីនេះនឹងផ្តល់អំណាចដល់ឆ្មាំសមុទ្រចិនក្នុងការចាប់ខ្លួនជនជាតិហ្វីលីពីន «តាមអំពើចិត្ត» នៅក្នុងដែនទឹករបស់ពួកគេ។ ចិនបានទាមទារយកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលរហូតដល់តំបន់សេដ្ឋកិច្ចដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនផងដែរ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានហៅវិធានការថ្មីនេះថា «មិនអាចទទួលយកបានទាំងស្រុង» និងបាននិយាយថា លោកនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បី «ការពារប្រជាពលរដ្ឋ» និងបន្ត «ការពារទឹកដីរបស់ប្រទេសជាតិ»។
នៅក្នុងសុន្ទរកថាគន្លឹះរបស់លោកនៅឯកិច្ចសន្ទនាសន្តិសុខ Shangri-La នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ៣១ ខែឧសភា លោក Marcos បានចង្អុលបង្ហាញថា ប្រសិនបើមានជនជាតិហ្វីលីពីនណាម្នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន វានឹង «ប្រាកដណាស់» ថារឿងនេះបានឆ្លងកាត់បន្ទាត់ក្រហមហើយនឹងដើរមក «កៀកខ្លាំង» ទៅនឹងអ្វីដែលហ្វីលីពីនកំណត់ថាជាសកម្មភាពនៃសង្រ្គាម។
លោក John C. Aquilino អតីតប្រធានបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្តល់សក្ខីកម្មនៅចំពោះមុខសភាសហរដ្ឋអាមេរិកកាលពីខែឧសភាថា ហ្វីលីពីនអាចយកមកប្រើនូវសន្ធិសញ្ញាការពារគ្នារវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនឆ្នាំ ១៩៥១ ក្នុងករណីបែបនេះ។
លោក Bob Savic ប្រធានផ្នែកពាណិជ្ជកម្មអន្តរជាតិនៅវិទ្យាស្ថានគោលនយោបាយសាកល (Global Policy Institute) ក្នុងទីក្រុងឡុងដ៍ បាននិយាយកាលពីពេលថ្មីៗនេះថា រឿងនេះអាចនាំឱ្យសហរដ្ឋអាមេរិកនិងចិនធ្លាក់ចូលទៅក្នុងជម្លោះដោយផ្ទាល់។
លោក Bob Savic បានសរសេរនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មាន Asia Times ថា៖ «ឆ្នួនផ្ទុះនៃសង្រ្គាមលោកលើកទីមួយបានកើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩១៤ ដោយការធ្វើគត់ព្រះអង្គម្ចាស់ Archduke Franz Ferdinand ជនជាតិអូទ្រីសនៅក្នុងប្រទេសមួយនៅអឺរ៉ុបអាគ្នេយ៍។ លើកនេះ ឆ្នួនផ្ទុះអាចជាការស្លាប់របស់នាវិកហ្វីលីពីននៅក្នុងដែនទឹកត្រូពិចនៃតំបន់អាស៊ីអាគ្នេយ៍»។
លោកជឿថា ប្រសិនបើហ្វីលីពីនត្រូវបានបង្ខំឱ្យស្នើសុំជំនួយពីសហរដ្ឋអាមេរិកក្រោមសន្ធិសញ្ញាការពារគ្នា នោះវាអាចទៅរួចដែលថានាវាឆ្មាំសមុទ្ររបស់ចិននឹងប្រឈមមុខភ្លាមៗជាមួយនឹងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកដែលកំពុងធ្វើប្រតិបត្តិការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់។
ថ្វីបើមានភាពតានតឹងកើនឡើងក៏ដោយ អ្នកស្រី Oriana Skylar Mastro អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Freeman Spogli សម្រាប់ការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Stanford បានប្រាប់ VOA ថា លទ្ធភាពនៃសង្គ្រាមលោកលើកទី ៣ ដែលផ្ទុះឡើងនៅសមុទ្រចិនខាងត្បូងគឺមិនខ្ពស់នោះទេ។
អ្នកស្រីជឿថា ប្រទេសចិននឹងមិនជ្រើសរើសធ្វើសង្រ្គាមនៅសមុទ្រចិនខាងត្បូងនៅពេលនេះទេ ព្រោះពួកគេដឹងថាពួកគេនឹងចាញ់៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង