ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វៀតណាម​តវ៉ា​អំពី​ការ​ពង្រាយ​នាវា​មន្ទីរ​ពេទ្យ​ចិននៅ​សមុទ្រចិន​ខាងត្បូង


រូបឯកសារ៖ រូបភាព​នៃកោះ Qilianyu នៅ​ប្រជុំកោះ Paracel ដែលចិនចាត់ទុកថា​ជាផ្នែកនៃខេត្ត Hainan កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។ (AFP)
រូបឯកសារ៖ រូបភាព​នៃកោះ Qilianyu នៅ​ប្រជុំកោះ Paracel ដែលចិនចាត់ទុកថា​ជាផ្នែកនៃខេត្ត Hainan កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។ (AFP)

វៀតណាម​អះអាងថា ចិនបាន​បំពាន​អធិបតេយ្យភាព​របស់ខ្លួន​ ពេល​ចិន​ពង្រាយនាវាមន្ទីរពេទ្យ​ទៅកាន់​ប្រជុំកោះ Paracel។

ប្រទេស​វៀតណាម​បានតវ៉ាអំពីអ្វី​ដែល​ខ្លួននិយាយថាជា​ការរំលោភ​ដោយ​ប្រទេសចិន​ទៅ​លើអធិបតេយ្យភាព​របស់ខ្លួន ក្រោយពេល​ដែលរដ្ឋាភិបាលក្រុង​ប៉េកាំង​បានបញ្ជូន​នាវា​មន្ទីរ​ពេទ្យ​មួយ​គ្រឿងនៃ​កងទ័ព​ជើង​ទឹកទៅកាន់​ប្រជុំ​កោះ Paracels ដែល​ជា​ប្រជុំ​កោះ​ផ្កា​ថ្មតូចៗ​និង​តំបន់​មានថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រចិន​ខាងត្បូង​ដែល​ឥឡូវ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយដោយ​ប្រទេសចិន ប៉ុន្តែ​ត្រូវទាមទារដោយវៀតណាម​និងកោះតៃវ៉ាន់​ផង​ដែរ។​ ទូរទស្សន៍កណ្តាលនៃ​ប្រទេស​ចិនបានរាយការណ៍​ដំបូងអំពី​រឿង​នេះកាលពីថ្ងៃទី២១ ខែឧសភា។

លោក Doan Khac Viet អ្នកនាំ​ពាក្យរង​នៃក្រសួងការបរទេសវៀតណាមបាន​និយាយថាប្រទេសលោក​ជំទាស់នឹង​វត្តមាន​កប៉ាល់​មន្ទីពេទ្យ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ កាល​ពីថ្ងៃទី២៣ ខែ​ឧសភា​លោក​បានឆ្លើយ​តប​នឹង​សំណួរ​មួយពីកាសែត Tuoi Tre ឬដែលមាន​ន័យថា «​យុវជន» អំពី​នាវា​មន្ទីរពេទ្យឈ្មោះ​ Youai ត្រូវបញ្ជូនទៅ​កាន់ប្រជុំ​កោះ​នេះ​ដែលត្រូវស្គាល់ជា​ភាសាវៀតណាមថា Hoang Sa។​

លោក Viet ​បាន​គូស​បញ្ជាក់​ថា«វៀតណាមប្រឆាំង​ដាច់ខាត​នឹង​សកម្មភាពទាំង​ឡាយ​ណាដែល​រំលោភលើអធិបតេយ្យភាពនៃ​ប្រទេស​វៀតណាម​លើប្រជុំ​កោះ Hoang Sa»។​

នាវា​មន្ទីរពេទ្យឈ្មោះ​ Youai ស្ថិតក្រោម​បញ្ជាការនៃ​បញ្ជាការដ្ឋានភាគ​ខាង​ត្បូង​នៃ​កងទ័ព​រំដោះ​ប្រជាជនចិន។ ​បើ​តាមរបាយការណ៍មួយ​ក្នុងកាសែត Global Times ដោយ​និយាយយោង​ដល់ទូរទស្សន៍​កណ្តាលនៃប្រទេសចិន កប៉ាល់នេះ​បើក​ជុំវិញ​ប្រជុំកោះ​ Paracels មានចម្ងាយ​ប្រមាណ១ពាន់គ.ម.​ហើយ​បានឈប់​នៅកោះ​ខ្លះដើម្បី​ផ្តល់​សេវា​សុខភាពនិង​ព្យាបាល​ទាហានចិន។​

សារព័ត៌មាន​តាម​អ៊ិនធើណិត VnExpress បានរាយ​ការណ៍​ថា លោក Viet បាន​និយាយថាប្រទេស​វៀតណាម«​ប្រឆាំងនឹងសកម្មភាពទាំង​ឡាយ​ណាដែល​រារាំង​និង​រំលោភ​លើ​អធិបតេយ្យ​ភាព សិទ្ធិ​អធិបតេយ្យ​និង​យុត្តា​ធិការ»​របស់វៀតណាមលើ​ប្រជុំ​កោះ Paracels តាម​រយៈអនុសញ្ញាអ.ស.ប.អំពីច្បាប់សមុទ្រ​ឆ្នាំ១៩៨២។​

វីអូអេ​បានទាក់ទង​ជាមួយ​ក្រសួង​ការបរទេស​ចិននិងស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បី​សុំ​អត្ថាធិប្បាយ ប៉ុន្តែមិនបានទទួល​ការ​ឆ្លើយ​តប​នៅពេល​ផ្សាយអត្ថបទនេះ។

លោក Raymond Powell ជាអ្នកស្រាវជ្រាវនៅ​មជ្ឈមណ្ឌល Gordian Knot ខាង​នវានុវត្តន៍​សន្តិសុខជាតិ​នៃសាកលវិទ្យាល័យ​ Stanford។ លោកបាន​និយាយ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែលថា«​ការណ៍នេះហាក់ដូចជាការជំទាស់ជា​ទម្រង់ដោយវៀតណាម​ ដោយមានបំណង​ឆ្លើយ​តប​នឹង​សេចក្តីប្រកាសសាធារណៈ​របស់ចិនអំពី​ការធ្វើដំណើរនៃ​នាវា​មន្ទីរ​ពេទ្យនេះ ហើយ​ដូច្នេះបន្តការទាមទាររបស់​រដ្ឋាភិបាល​ក្រុង​ហាណូយអំពី​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​ Paracel»។​

លោក Powell បានថ្លែង​ថា«ប្រទេស​ចិន​បានពង្រឹងការគ្រប់គ្រង​របស់ខ្លួនលើ​ប្រជុំ​កោះ Paracels កាល​ពី​៥០ឆ្នាំមុន​នៅពេល​ខ្លួន​រឹប​យកកោះទាំង​នេះពីប្រទេស​វៀតណាមខាងត្បូង នៅពេល​ដែល​ការ​យក​ចិត្តទុកដាក់ធំបំផុត​របស់​រដ្ឋាភិបាល​ហាណូយ​គឺ​ការ​វាយយក​ផ្នែក​ខាង​ត្បូង​ប្រទេសវៀតណាម»។ ​តាំង​ពី​ពេលនោះ​មក ប្រទេសចិន​បានអភិវឌ្ឍ​និងមានវត្តមាន​យោធាលើប្រជុំ​កោះ Paracels ដែលមិនទំនងជា​នឹងនាំ​ឱ្យមានការផ្លាស់ប្តូរណាមួយក្នុង​ភាពនៅដូចដើម​ដដែល​នៃស្ថានភាពនៅទីនោះទេ។

បើ​តាមលោក Powell ថា«ការណ៍​នេះធ្វើឱ្យការ​ទាមទារ​របស់រដ្ឋាភិបាលក្រុង​ហាណូយ​មាន​លក្ខណៈ​ការពារ​ខ្លួន ​ដោយមាន​បំណង​ជា​កំពែង​ការពារខាងផ្លូវច្បាប់ប្រឆាំង​នឹងការជ្រៀតចូល​នៅពេល​អនាគត​ក្នុង​ដែនទឹកវៀតណាមដោយបញ្ចៀស​កុំឱ្យមានការទទួលស្គាល់​អន្តរជាតិ​ដល់​ការ​ទាមទារអំពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ចិនផ្អែកលើ​ប្រជុំ​កោះ Paracels»។​

កាលពីឆ្នាំ១៩៥៩ ប្រទេសចិន​បានបង្កើត​ការិយាល័យរដ្ឋាភិបាល​ក្នុងប្រជុំ​កោះ Paracels ហើយ​ក្នុង​ឆ្នាំ១៩៧៤​ចិនបានគ្រប់គ្រង​ទាំងស្រុង​លើកោះទាំង​នេះក្រោយមានការ​ប្រយុទ្ធរបស់ខ្លួនក្នុង​សមុទ្រប្រឆាំង​នឹងរដ្ឋាភិបាល​វៀតណាម​ខាងត្បូង​នៅពេល​នោះ។

គេ​រំពឹង​ថា នាវាមន្ទីរពេទ្យនេះដែលត្រូវដាក់​ឱ្យប្រើការកាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០២០​និង​មាន​កន្លែងចុះចតឧទ្ធម្ភាគ​ចក្រ​មួយផងនឹងផ្តល់​ការគាំទ្រ​ដល់«សមយុទ្ធគ្រប់ជ្រុងជ្រោយក្នុង​សមុទ្រចិនខាង​ត្បូង» នេះ​បើ​តាម​គេហទំព័រ​ព័ត៌មាន China Military Online​នៃ​កង​យោធាចិន។

ទូរទស្សន៍​កណ្តាល​ចិនបានរាយការណ៍​ថា​កាលពី​ដើមខែ​ឧសភា កប៉ាល់​នេះបានចូល​រួម​ក្នុងការហ្វឹកហ្វឺន រួមមាន​ការដឹកជញ្ជូនអ្នក​របួស​ក្នុង​ស្ថានភាព​អាសន្ន​និង​ជួយសង្គ្រោះ​នាវា​មានការខូចខាត។

លោក Hoang Viet ជាអ្នក​ជំនាញខាង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​សាកលវិទ្យាល័យ​ជាតិ​នា​ក្រុង Ho Chi Minh។ លោកបាន​និយាយ​ប្រាប់វីអូអេ​នៅក្នុង​បទសម្ភាសន៍មួយ​តាម​ទូរសព្ទ​កាលពីពេលថ្មីៗ​នេះ​ថា«ដោយ​សារ​ប្រទេសវៀតណាម​បានពង្រឹងទំនាក់ទំនងរបស់ខ្លួនកាល​ពី​ពេល​ថ្មីៗ​នេះ​ជា​មួយ​ប្រទេស​ចិននិង​សហរដ្ឋអាមេរិក ខ្ញុំ​យល់ថាជា​គំនិត​ល្អមួយ​សម្រាប់ឱ្យវៀតណាម​រក្សា​ភាព​ដូចដើម​ដដែល​ក្នុងសមុទ្រចិន​ខាងត្បូង​និង​បន្ត​កាន់កាប់​ប៉ុស្តិ៍ជួរ​មុខ​របស់ខ្លួន​ក្នុងប្រជុំកោះ Spratly តទៅទៀត។

កាល​ពី​ខែ​មករា អ្នកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​បាននិយាយថា ​ប្រទេស​វៀតណាម​មាន«ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ទាមទារ​អធិបតេយ្យភាព​លើប្រជុំកោះទាំង​នេះ»នៅពេល​ខ្លួនប្រារព្ធខួប​ឆ្នាំទី៥០​នៃការ​លុកលុយ​របស់ចិន​ក្នុង​ប្រជុំ​កោះ Paracel។

អ្នកស្រី Pham ​បាន​ថ្លែងដូច្នេះនៅហាណូយ​ជាការឆ្លើយ​តប​នឹងសំណួររបស់ពួកអ្នកកាសែត​អំពីគោលជំហរ​វៀតណាមស្តីពីការ​លុកលុយរបស់ចិន​ក្នុងប្រជុំ​កោះ Hoang Sa កាលពីឆ្នាំ១៩៧៤។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​បាន​រាយការណ៍​ថាបួនថ្ងៃ​បន្ទាប់មក​ក្រសួង​ការបរទេសចិនបាន​និយាយថា​ការ​អះអាង​ទាមទាររបស់​រដ្ឋាភិបាលក្រុង​ប៉េកាំង​លើ​ប្រជុំ​កោះ​ទាំង​នេះ​មាន«ការគាំទ្រពេញលេញ​ក្នុង​ប្រវត្តិសាស្ត្រនិងនីតិសាស្ត្រ»។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាន​ថ្លែងនៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃទី២៤មករា​ថា«ប្រទេសចិន​ជា​ប្រទេសទី​មួយដែលបានរក​ឃើញកោះទាំង​នេះ បាន​ដាក់​ឈ្មោះកោះ​ទាំង​នេះ អភិវឌ្ឍ​និង​ចាត់ចែង​កោះ​និងប្រជុំ​កោះទាំង​នេះ ហើយ​មានយុត្តាធិការ​អធិបតេយ្យ​លើ​កោះទាំង​នេះ​ផងដែរ»។

លោក Wenbin ថា«ប្រទេស​ចិនតែងតែ​ជំទាស់​នឹងការទាមទារ​មិនត្រឹមត្រូវ​តាមច្បាប់នៃបណ្តា​ប្រទេសពាក់ព័ន្ធលើដែនដីចិន​ហើយ​នឹងបន្ត​ការពារអធិបតេយ្យភាព​របស់ខ្លួន​ដោយ​ម៉ឺងម៉ាត់»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG