ក្រោយលេចឮដំណឹងថា បន្ទាប់ពីទស្សនកិច្ចនៅប្រទេសចិន ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីននឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម នាពេលឆាប់ៗខាងមុខនេះ អ្នកតាមដានមើលឃើញថា ដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងរកការគាំទ្រពីវៀតណាម និងរឹតចំណងទំនាក់ទំនងបន្ថែមជាមួយរបបក្រុងព្យុងយ៉ាង។
អ្នកវិភាគក៏មើលឃើញថា ដំណើរទស្សនកិច្ចនេះក៏នឹងធ្វើឱ្យសន្តិសុខក្នុងតំបន់កាន់តែក្តៅនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ លោក រ៉ឹម សុខវី ប្រាប់វីអូអេថា៖«រុស្ស៊ីត្រូវបានដាក់ឱ្យនៅឯកោ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដែលសូម្បីតែវៀតណាមក៏កាត់បន្ថយការនាំចូលអាវុធពីរុស្ស៊ីដែរ។ រុស្ស៊ីចង់រក្សាវៀតណាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។
ផ្ទុយទៅវិញ ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរបបក្រុងព្យុងយ៉ាង ដោយសាររបបនេះត្រូវបានដាក់ឱ្យនៅឯកោ ព្រោះបំពានច្បាប់ និងបទដ្ឋានអន្តរជាតិ»។
អ្នកស្រាវជ្រាវរូបនេះយល់ថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងអាចនឹងផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ ប៉ុន្តែលោកមិនរំពឹងថា នឹងមានលទ្ធផលជាផ្លែផ្កាណាមួយពីដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ប្រទេសវៀតណាមនោះទេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង និងវៀតណាមក្នុងពេលឆាប់ៗខាងមុខនេះ ចំពេលមានការរំពឹងទុក។
លោក ពូទីន ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនៅខែនេះ មុនពេលទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Vedomosti។
កាសែតនេះក៏បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora ដែលបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង «នឹងកើតឡើង ហើយកំពុងត្រូវបានរៀបចំយ៉ាងសកម្ម»។
មន្ត្រីម្នាក់ក្នុងប្រទេសវៀតណាមបានប្រាប់សារព័ត៌មាន Reuters ថា ដំណើរទស្សនកិច្ចនៅវៀតណាមត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៩ និង ២០ ខែមិថុនា ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិលោក សេង វណ្ណលី លើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងហាណូយ និងទីក្រុងព្យុងយ៉ាង បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងរុស្ស៊ី និងប្រទេសទាំងពីរនេះ។
បើតាមអ្នកតាមដានរូបនេះ កូរ៉េខាងជើងគឺជាប្រទេសមួយដែលជាប្រភពផ្គត់ផ្គង់សព្វាវុធ និងផលិតសព្វាវុធដល់រុស្ស៊ីដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន។
លោកថ្លែងថា៖ «វាជួយសម្រួលដល់ការចំណាយទៅលើផ្នែកធនធាន ឬក៏ផ្នែកសព្វាវុធរបស់រុស្ស៊ី ដោយសារតែរុស្ស៊ីគាត់ត្រូវតែប្រើប្រាស់សព្វាវុធច្រើន ហើយគាត់ត្រូវតែមានឃ្លាំងដើម្បីផ្ទុកអាវុធ ដើម្បីត្រៀមទៅនឹងការធ្វើសង្គ្រាមទប់ទល់នឹងឥទ្ធិពលរបស់ ណាតូ (NATO) ប្រសិនជាមានការរួបរួមរបស់ណាតូ វាយសម្រុកចូលទៅអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន»។
លោក សេង វណ្ណលី អះអាងថា កន្លងមករុស្ស៊ីមិនមានអាវុធគ្រប់គ្រាន់នោះទេ ហេតុនេះលោក ពូទីន ត្រូវតែស្វែងរកសម្ព័ន្ធមិត្តដើម្បីគាំទ្រ ជាពិសេសប្រសិនមានការចូលរួមពីសមាជិកអង្គការអូតង់ នៅក្នុងសង្គ្រាមនោះ។
កន្លងមកវៀតណាមតែងតែបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដោយបោះឆ្នោតអនុប្បវាទ ហើយវៀតណាមគឺជាសម្ព័ន្ធមិត្តប្រពៃណីរបស់រុស្ស៊ី ដែលទីក្រុងមូស្គូមើលឃើញថា ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏មានសក្តានុពលសម្រាប់ខ្លួន។ នេះបើតាមលោក សេង វណ្ណលី។
លោកបញ្ជាក់ថា៖ «វៀតណាមគឺជាសម្ព័ន្ធមិត្តដ៏ប្រពៃណីរបស់រុស្ស៊ី ហើយអ្វីដែលរុស្ស៊ីមើលឃើញនោះគឺវៀតណាមគឺជាដៃគូផ្នែកពាណិជ្ជកម្មដ៏សំខាន់ក៏ដូចជាការវិនិយោគដ៏សំខាន់សម្រាប់រុស្ស៊ី ដែលអាចជួយរុស្ស៊ីទប់ទល់ទៅនឹងសម្ពាធផ្នែកសេដ្ឋកិច្ចពីបស្ចឹមលោក។ វៀតណាមបច្ចុបន្នគឺជាមូលដ្ឋានផលិតដែលមានភាពទាក់ទាញសម្រាប់រាល់ប្រទេសទូទាំងពិភពលោក ហើយដោយឡែកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមជាមួយរុស្ស៊ីនៅតែបន្តកើតមាន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតរុស្ស៊ី និង ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអំពីជំហរកម្ពុជានោះដែរ។
កិច្ចសហប្រតិបត្តិការផ្នែកយោធា សេដ្ឋកិច្ច និងផ្នែកផ្សេងទៀតរវាងកូរ៉េខាងជើង និងរុស្ស៊ីបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីលោក គីម ជុងអ៊ុនបានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តជឿថា កូរ៉េខាងជើងបានផ្គត់ផ្គង់កាំភ្លើងធំ កាំជ្រួច និងសព្វាវុធសាមញ្ញផ្សេងទៀតដល់រុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមនៅអ៊ុយក្រែនជាថ្នូរនឹងបច្ចេកវិទ្យាយោធាទំនើប និងជំនួយសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក្តី កូរ៉េខាងជើង និងរុស្ស៊ីបានបដិសេធការលើកឡើងនេះ។
អ្នកតាមដានខ្លះមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅជួបលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាងគឺជាដំណើរទស្សនកិច្ចទៅវិញទៅមកនៃមេដឹកនាំទាំងពីរ និងថា នៅក្នុងជំនួបនោះរុស្ស៊ីនឹងបញ្ជាក់ឡើងវិញនូវទំនាក់ទំនង និងការគាំទ្រដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាពិសេសនៅគ្រាជម្លោះរុស្ស៊ី-អ៊ុយក្រែនកំពុងបន្ត។
ចំណែកអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់លោក ឯក ប៊ុនលី ប្រាប់វីអូអេថា ជាការគួរឱ្យចាប់អារម្មណ៍ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនត្រឹមតែជ្រើសរើសប្រទេសកូរ៉េខាងជើងជាគោលដៅសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសវៀតណាមផងដែរ។ លោកថា វាបញ្ជូនសញ្ញាចំនួនពីរ គឺទី១ ដើម្បីបង្អាក់ការប្រឈមមុខ ពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក និងទី២ ខិតខំប្រឹងប្រែងដើម្បីបង្រួញឥទ្ធិពលអាមេរិក និងចិននៅវៀតណាម។
លោកបញ្ជាក់ថា៖ «ក្នុងនាមជាមិត្តជិតស្និទ្ធនឹងសហភាពសូវៀតក្នុងអំឡុងសង្គ្រាមវៀតណាម រដ្ឋាភិបាលទីក្រុងហាណូយ និងទីក្រុងមូស្គូមានទំនាក់ទំនងជាប្រពៃណីដ៏រឹងមាំ ហើយដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ប្រទេសវៀតណាមនឹងបញ្ជាក់ឡើងវិញ»។
បើតាមអ្នកស្រាវជ្រាវរូបនេះ កូរ៉េខាងត្បូង និងជប៉ុននឹងត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលលោកថា ភាពតានតឹងសន្តិសុខភូមិសាស្ត្រនយោបាយក្នុងតំបន់កាន់តែឡើងកម្តៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថា ថ្មីៗនេះ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងម្តងទៀត នៅពេលដែលកូរ៉េខាងជើងបានបាញ់បង្ហោះប៉េងប៉ោងដឹកសំរាមឆ្ពោះទៅកាន់កូរ៉េខាងត្បូង ដែលជំរុញឱ្យកូរ៉េខាងត្បូងបន្តការឃោសនានៅតាមតំបន់ព្រំដែន៕