ឯកអគ្គរដ្ឋទូតចិនលោក Wang Wenbin គ្រោងនឹងមកដល់ប្រទេសកម្ពុជានាថ្ងៃសុក្រនេះ ដើម្បីបំពេញបេសកម្មការទូតរយៈពេល ៥ ឆ្នាំ និងបន្តរក្សាទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់អ្នកនយោបាយជំនាន់ថ្មីនៃគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង ៤០ ឆ្នាំនៅប្រទេសកម្ពុជា។
លោក Wang Wenbin វ័យ ៥៣ ឆ្នាំ ជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០២៤។ លោកមានបទពិសោធន៍ការទូតជាង ៣០ ឆ្នាំ និងធ្លាប់ជាឯកអគ្គរដ្ឋទូតនៅប្រទេស Tunisia។ នេះបើតាមសារព័ត៌មានចិន China Daily។
ជាមួយនឹងបទពិសោធន៍ការទូតក្រាស់ក្រែលនេះ អ្នកវិភាគជឿថា លោក Wang Wenbin នឹងអាចបន្តរក្សាទំនាក់ទំនងស្អិតល្មួតរវាងចិន និងកម្ពុជា ឬអាចបង្កើនឥទ្ធិពលកាន់តែខ្លាំងថែមទៀតមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ និងក្នុងតំបន់ផងដែរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី យល់ឃើញថាលោក Wang Wenbin ជាមន្ត្រីការទូតជាន់ខ្ពស់ និងមានបទពិសោធន៍ច្រើនក្នុងវិស័យការទូត ដែលអាចធ្វើឱ្យការសម្រេចចិត្តរបស់លោកមានឥទ្ធិពលខ្លាំងជាងអ្នកកាន់ការងារមុនលោកក្នុងពេលលោកបំពេញភារកិច្ចជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតំណាងឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងនៅប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ដោយសារតែលោកមានភាពល្បីល្បាញ ធ្លាប់ជាអ្នកនាំពាក្យហើយថ្វីមាត់របស់លោកហ្នឹងមានភាពស៊ីជម្រៅ ក៏ដូចជាការឆ្លើយតបរបស់លោកហ្នឹងមានការទទួលស្គាល់នៅក្នុងចំណោមអ្នកការទូតចិនក៏ដូចជា ពិភពលោក ដែលមើលឃើញលោកតែងតែលេចមុខមាត់ឆ្លើយតបយ៉ាងខ្លាំងទៅកាន់ប្រទេសបច្ចាមិត្ត ឬក៏ប្រទេស បស្ចិមលោកមានសហរដ្ឋអាមេរិកជាដើមរាល់ការចោទប្រកាន់នានា ពាក់ព័ន្ធនឹងការដែលចិនងើបឡើង មិនសន្តិភាពអីជាដើមនោះ ឬក៏ភាពគឃ្លើនរបស់ចិននៅក្នុងសកម្មភាពនានា មិនថាសមុទ្រចិនខាងត្បូង ឬក៏ជម្លោះរបស់ខ្លួនជាមួយតៃវ៉ាន់អីជាដើម»។
លោកថា វត្តមានរបស់លោក Wang Wenbin ជាឯកអគ្គរដ្ឋទូតចិននៅកម្ពុជា គឺចំពេលដែលប្រទេសលោកសេរីមួយចំនួនដូចជា អូស្រ្តាលី និង សហរដ្ឋអាមេរិកបានបញ្ជូនមន្ត្រីការទូតជាន់ខ្ពស់ការទូតរបស់ផងខ្លួន ដែលសុទ្ធសឹងតែបានសិក្សាពីកិច្ចការនានារបស់ប្រទេសចិនមកបំពេញការងារនៅកម្ពុជា។ ទោះយ៉ាងណា លោកជឿថា លោក Wang Wenbin អាចនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា និងមានសមត្ថភាពតបតក្នុងសមរភូមិការទូតរបស់ប្រទេសមហាអំណាច និងប្រទេសក្នុងតំបន់មួយចំនួនដែលអាចកើតមាននៅកម្ពុជា។
លោកថ្លែងថា៖ «ទូតថ្មីៗនេះ ហាក់បីដូចជាទូតដែលមានជំនាញកិច្ចការនយោបាយចិនខ្លាំង ហើយអាចដោយសារអ៊ីចឹងហើយ បានធ្វើឱ្យចិនហ្នឹងគាត់តែងតាំង លោក Wang Wenbin ដែលជាអតីតអ្នកនាំពាក្យរបស់ការបទេសចិនហ្នឹងឱ្យជាឯកអគ្គរដ្ឋទូត ឯកអគ្គរដ្ឋទូតរបស់ខ្លួននៅភ្នំពេញ អាចថាដើម្បីទប់ទល់នឹងការវាយប្រហាររិះគន់ ឬក៏ទប់ទល់ជាមួយនឹងយុទ្ធសាស្ត្ររបស់ប្រទេសបស្ចិមលោកដែលតែងតាំងទូតរបស់ខ្លួនដែលមានជំនាញចិនហ្នឹងមកកាន់កម្ពុជាដែរ»។
លោក Wang Wenbin បានបម្រើការងារជាអ្នកនាំពាក្យក្រសួងការបរទេសចិនទី ៣២ ចាប់ពីខែកក្កដា ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៤។ លោកបានធ្វើកិច្ចការច្រើនក្នុងការរៀបផែនការគោលនយោបាយ និងកិច្ចការរបស់ក្រុមប្រទេសអាហ្វ្រិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
លោក Wang Wenbin បានទទួលការតែងតាំងពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតីចិន Xi Jinpin ឱ្យមកបំពេញការងារជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជំនួសលោក Wang Wentian ដែលទើបបញ្ចប់អាណត្តិនាពេលថ្មីៗនេះ។ លោក Wang Wentian ទទួលបានការកោតសរសើរពីរដ្ឋាភិបាលកម្ពុជាចំពោះតួនាទីលោកដែលបានពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំកម្ពុជាតាមសារអ៊ីមែលបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ។
យ៉ាងណាក៏ដោយ ភាគីកម្ពុជានិងចិនបានបញ្ជាក់ជាច្រើនដងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានលក្ខណៈ «ល្អប្រសើរ និងការចេះជួយគ្នាទៅវិញទៅមក ក្នុងឋានៈជាមិត្តដែកថែប ដ៏ស្មោះត្រង់ និងទុកចិត្តបាន»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា យល់ឃើញថា ការផ្លាស់ប្តូរនិងតែងតាំងឯកអគ្គរដ្ឋចិនថ្មីគឺជាការបន្តនិរន្តភាពក្នុងទំនាក់ទំនងកម្ពុជាចិន ដែលកំពុងមានភាពល្អស្រាប់ទៅហើយ។ ក្រៅពីកិច្ចការទូត លោករំពឹងថាលោក Wang Wenbin នឹងអាចដោះស្រាយបញ្ហាជាប់គាំងផ្នែកសេដ្ឋកិច្ចសំណង់របស់ចិនដូចជានៅក្នុងខេត្តព្រះសីហនុជាដើម។
លោកថ្លែងថា៖ «ជាក់ស្តែងដូចជាបញ្ហានៅអាគារនៅក្រុងព្រះសីហនុគួរតែត្រូវបានវិនិយោគ គួរតែត្រូវបានកែលម្អ ដោយធ្វើយ៉ាងណាដើម្បីកុំឱ្យមានរូបភាពអវិជ្ជមាននៅក្នុងទំនាក់ទំនងទេ្វភាគីរបស់ប្រទេសទាំងពីរ ជាពិសេសកុំឱ្យការវិនិយោគចិនត្រូវបានគេលាបពណ៌ថាជាការវិនិយោគចិនជាការវិនិយោគបែបពពុះសាប៊ូ»។
ជុំវិញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទេ្វភាគីកម្ពុជាចិន លោក គិន ភា លើកឡើងថា ប្រទេសទាំងពីរគឺនឹងកាន់តែប្រសើរឡើង ស្របពេលដែលកម្ពុជាចិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ហៅកាត់ថា RCEP។
លោកបញ្ជាក់ថា បើទោះបីជាមានកិច្ចព្រមព្រៀងទាំងនេះហើយក្តី ក៏កម្ពុជាគួរតែធ្វើពិពិធកម្មលើទំនិញរបស់ខ្លួនបន្ថែមទៀតសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន ដោយសារតែកន្លងទៅកម្ពុជាបាននាំចូលទំនិញពីប្រទេសចិនច្រើនជាងការនាំចេញពីកម្ពុជា ដោយការនាំចូលនោះគឺមានទំហំធំខ្លាំងជាងការវិនិយោគក្នុងស្រុកទៀតផង។
លោកបណ្ឌិត គិន ភា ថ្លែងថា៖ «ឥទ្ធិពលរបស់ចិនក៏មិនមានការស្រកស្រុតដែរទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ហើយនេះគេហៅថាការផ្តល់នូវផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ទៅលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម សង្គម វប្បធម៌។ អ៊ីចឹងឥទ្ធិពលនេះវាមិនចំណុះខ្លាំងពេកទេទៅលើអ្នកការទូត ប៉ុន្តែវាជះឥទ្ធិពលជារួមទៅលើទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ»។
មុនការមកដល់របស់លោក Wang Wenbin រដ្ឋាភិបាលទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំងបានប្រកាសគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ និងបានបង្ហាញការតាំងចិត្តលើការកសាង «វាសនារួម» រវាងប្រទេសទាំងពីរ។ ការប្រកាសនេះ កើតមានឡើង ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងទីក្រុងភ្នំពេញកាលពីខែមេសាកន្លងទៅ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននៅឡើយទេ។
ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងដែកថែបកម្ពុជាចិន រដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ ដោយប្រសិទ្ធនាម ឬដាក់ឈ្មោះកំណាត់ផ្លូវមួយខ្សែជា «មហាវិថីស៊ី ជីនពីង» ដែលជាឈ្មោះរបស់ប្រធានាធិបតីចិន នៅកំណាត់ផ្លូវប្រវែងជាង ៥០ គីឡូម៉ែត្រ ដែលភ្ជាប់ពីផ្លូវជាតិលេខ ១ ក្នុងខេត្តកណ្តាល មកផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការសាងសង់ផ្លូវនេះចំណាយថវិកាប្រមាណ ២៧០ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននិងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
ការលេចមុខរបស់លោក Wang Wenbin ជាឯកអគ្គរដ្ឋទូតចិនតែងតាំងថ្មីនៅកម្ពុជា កើតឡើង ស្របពេលដែលសហរដ្ឋអាមេរិកបានចាត់តាំងមន្រ្តីការបរទេសជាន់ខ្ពស់គឺលោក Robert Forden ឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
លោក Robert Forden គឺជាសមាជិកផ្នែកកិច្ចការបរទេសជាន់ខ្ពស់ ដែលមានឋានៈជាទីប្រឹក្សារបស់រដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះ លោកកំពុងបំពេញតួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យ កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ការណ៍នេះគឺត្រូវបានអ្នកវិភាគមើលឃើញថា ការតែងតាំងមន្រ្តីការទូតជាន់ខ្ពស់របស់ចិន និងសហរដ្ឋអាមេរិកត្រូវបានធ្វើឡើងដោយផ្អែកលើនិន្នាការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយក្នុងតំបន់៕