ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំនិងប្រកបដោយចីរភាព រួមទាំងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
អ្នកវិភាគនយោបាយ និងអ្នកតាមដានសង្គមកម្ពុជាសាទរចំពោះការបង្កើតមូលនិធិមួយនេះ តែពួកគេថា ដើម្បីពង្រីកវិសាលភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនឱ្យបានលឿន និងមិនប្រឈមនឹងឧបសគ្គច្រើននោះ រដ្ឋាភិបាលគួរពិនិត្យលើការបង្កើនខ្ទង់ថវិកាជាតិដើម្បីចាត់ចែងរឿងនេះ ហើយឧកញ៉ានៅក្នុងប្រទេសក៏អាចចូលរួមជាមួយរដ្ឋាភិបាលឱ្យបានច្រើនដើម្បីជំរុញដំណើរការអភិវឌ្ឍនៅតាមបណ្តាខេត្តដែលជាប់ព្រំដែន ព្រោះពួកគេមួយចំនួនមានទ្រព្យសម្បត្តិច្រើនហូរហៀរ។
អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការបង្កើតមូលនិធិរៃអង្គាសប្រាក់ពីសាធារណជនទូទៅដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅតាមព្រំដែននេះជាការសម្រេចចិត្តខាងនយោបាយត្រឹមត្រូវមួយរបស់រដ្ឋាភិបាល ខណៈប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច និងដើម្បីចៀសពីការបង្កើនបំណុលបរទេស។
លោកថ្លែងថា៖ «ការរៃអង្គាសនេះក៏អាចជាជម្រើសមួយដែរ! ដើម្បីធ្វើបណ្ដើរៗទៅកុំឱ្យយើងពឹងតែទៅលើលុយកម្ចីភាគីខាងក្រៅ។ហើយយើងមើលនៅក្នុងស្រុកយើងនេះ បើសិនជាការរៃអង្គាស ពីឧកញ៉ាធំៗហ្នឹងគឺខ្ញុំគិតថា ក៏ជារឿងមួយល្អដែរព្រោះអីឧកញ៉ានៅស្រុកយើងគាត់មានៗណាស់»។
លោកបន្ថែមថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើឱ្យបាន ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ និងចៀសវាងការមិនទុកចិត្តគ្នាពីសំណាក់ប្រជាពលរដ្ឋ ពិសេសនោះគឺយុវជនជំនាន់ក្រោយ។
ការប្រកាសបង្កើតមូលនិធិនេះកើតមានឡើងក្រោយការកើតឡើងនូវបញ្ហាចម្រូងចម្រាសនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA ដោយក្រុមអ្នកនយោបាយជំទាស់នៅបរទេសបានអំពាវនាវឱ្យពលរដ្ឋខ្មែរ ក្រោកឈរធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីតំបន់ត្រីកោណនេះ ព្រោះពួកគេបារម្ភថា ខ្លាចបាត់បង់ខេត្តចំនួនបួននៅភាគឦសានរបស់កម្ពុជាទៅវៀតណាម ដូចការបាត់បង់ទឹកដីកម្ពុជាក្រោម។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានអះអាងថា កិច្ចសហការនេះជាការខិតខំរបស់ប្រទេសទាំងបីក្នុងការបង្កើនសកម្មភាព ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ហើយមិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសទាំងបីនោះទេ។
ប្រធានវេទិកាអនាគត Future Forum ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយ លោក អ៊ូ វីរៈ ប្រាប់វីអូអេថា គ្រប់បណ្ដាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលត្រូវបង្វែរចំណាប់អារម្មណ៍លើការស្នើឱ្យមានការបង្កើនថវិកាជាតិសម្រាប់ការអភិវឌ្ឍតាមព្រំដែនឱ្យបានច្រើនជាងមុន ហើយប្រជាពលរដ្ឋទូទៅក៏មិនអាចមើលរំលងបញ្ហានេះបានដែរ។
លោកថ្លែងថា៖ «គ្រប់ក្រសួងទាំងអស់! ក្រសួងការពារជាតិ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ដែលមានទាក់ទងរឿងការអភិវឌ្ឍខេត្ត និងតួនាទីរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិទាំងអស់នេះគឺត្រូវតែចូលរួមគ្នាក្នុងការបង្វែរទិស និងបង្វែរទិសដៅនៃការចាប់អារម្មណ៍ និងបង្វែរថវិកាជាតិដើម្បីជំរុញឱ្យមានការអភិវឌ្ឍនៅតាមព្រំដែន»។
លោកបន្ថែមថា ប្រជាពលរដ្ឋគួរតែចូលរួមតាមដានបញ្ហាព្រំដែននេះ ពីព្រោះការចូលរួមរបស់ប្រជាពលរដ្ឋគឺជាភាគីមួយសំខាន់ ទាំងអ្នកគាំទ្រ និងមិនគាំទ្រ ដើម្បីចូលរួមចំណែកពិភាក្សាស្វែងរកដំណោះស្រាយ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថ្លែងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែលោកស្នើឱ្យមានការបង្ហាញផែនការចំណូលចំណាយ និងទំហំទឹកប្រាក់ឱ្យបានជាក់លាក់ដើម្បីធានាបាននូវគណនេយ្យភាព និងតម្លាភាព។
លោកថ្លែងថា៖ «ការគិតគូប្រើប្រាស់ថវិកាជាតិសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជាលំនៅឋាន មន្ទីរពេទ្យ សាលារៀន ទីផ្សារសម្រាប់ប្រជាពលរដ្ឋទៅរស់នៅហើយនឹងប្រកបមុខរបររកស៊ីនៅទីនោះ ខ្ញុំគិតថា ជាផែនការបន្ទាន់បន្ថែមមួយទៀតដែលយើងចង់ឃើញដែរ»។
បើតាមសេចក្តីថ្លែងការណ៍ពិសេសមួយទៅកាន់ប្រជាពលរដ្ឋខ្មែរអំពី «សមិទ្ធផល ១ ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧» ដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងប្រព័ន្ធទំនាក់ទំនងសង្គមកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាកសាងផ្លូវក្រវ៉ាត់ព្រំដែនគឺជារឿងសំខាន់ក្នុងការជំរុញការអភិវឌ្ឍព្រំដែន ដោយចាប់តាំងពីឆ្នាំ ១៩៩៤ មក រដ្ឋាភិបាលបានខិតខំកសាងផ្លូវក្រវ៉ាត់ព្រំដែនជាមួយប្រទេសវៀតណាម ឡាវ និងថៃបានជាច្រើនរយគីឡូម៉ែត្រ។
លោក ហ៊ុន ម៉ាណែត បន្តថា ចន្លោះពីឆ្នាំ ២០១៧ មកឆ្នាំ ២០២២ ផ្លូវបណ្តោយព្រំដែនជាមួយវៀតណាមកសាងបាន ៦៨៥,៩៦ គីឡូម៉ែត្រលើផែនការសរុប ១០៦៩ គីឡូម៉ែត្រ ហើយចាប់ពីចន្លោះពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២៣ ផ្លូវបណ្តោយព្រំដែនជាមួយប្រទេសថៃកសាងបាន ៤៥៥,៥ គីឡូម៉ែត្រ លើផែនការសរុប ៥០៩ គីឡូម៉ែត្រ និងចន្លោះពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ ផ្លូវបណ្តោយព្រំដែនជាមួយឡាវកសាងបាន ១៧៩,២ គីឡូម៉ែត្រ លើផែនការសរុប ៣៧៧ គីឡូម៉ែត្រ។
លោកថ្លែងថា៖ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនមានគោលដៅពីរ ទី ១ គឺកៀរគរថវិកាបន្ថែម និងទី ២ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែនដោយផ្តោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវ៉ាត់ព្រំដែន»។
នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសទៅកាន់ប្រជាពលរដ្ឋខ្មែរកាលពីសប្តាហ៍មុន លោក ហ៊ុន ម៉ាណែត បានប្រកាសថា ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ ២០២៤ រដ្ឋាភិបាលនឹងផ្តល់មធ្យោបាយដឹកជញ្ជូន និងម្ហូបអាហារជូនប្រជាពលរដ្ឋទៅកាន់ខេត្តមួយចំនួននៅភាគឦសានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរីដោយឥតគិតថ្លៃដើម្បីពួកគេមើលឃើញពីការអភិវឌ្ឍនៅទីនោះ៕