ជារឿយៗ អ្នកនយោបាយកម្ពុជាតែងតែប្រើយុទ្ធសាស្ត្រវាយប្រហារ និងលាបពណ៌គ្នាទៅវិញទៅមកដើម្បីប្រជាប្រិយភាពរបស់ខ្លួន។ ការណ៍នេះធ្វើឱ្យអ្នកតាមដាននិងអ្នកវិភាគអំពីសង្គម យល់ថា វប្បធម៌វាយប្រហាររបស់អ្នកនយោបាយកម្ពុជាល្មមដល់ពេលបញ្ចប់ ដោយគួរតែងាយមកផ្សះផ្សាប្រទេសជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យល្អប្រសើរវិញ ល្អជាង។
ជាក់ស្តែងការវាយប្រហារវោហារសព្ទនយោបាយនេះ កំពុងតែកើតឡើងជាបន្តបន្ទាប់រវាងអ្នកនយោបាយជើងចាស់មួយរូបគឺលោក សម រង្ស៊ី និងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ទាក់ទងការសិក្សារបស់លោក ម៉ាណែត នៅសាលាទាហាន West Point នៃសហរដ្ឋអាមេរិក។ លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន ម៉ាណែត «គ្មានចេះអ្វី ក្រៅពីតោងជើងខោឳ ដើម្បីឡើងតាមជើងខោឳ» ខណៈលោក ហ៊ុន ម៉ាណែត បានការពារខ្លួននិងបានបបួលលោក សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការវាយប្រហារគ្នាលក្ខណៈបុគ្គលរបស់អ្នកនយោបាយកម្ពុជា មិនមែនជារូបភាពល្អនោះទេ។ លោកកត់សម្គាល់ថា ការវាយប្រហារគ្នាបែបនេះ កើតចេញពីគណបក្សប្រជាជនកម្ពុជា បន្ទាប់មករីកសុសសាយដល់គណបក្សប្រឆាំង ដែលធ្វើការតបតគ្នាទៅវិញទៅមក ដើម្បី«អត្ថប្រយោជន៍ប្រៀបឈ្នះយកនយោបាយ»។
លោក ឯម សុវណ្ណារ៉ា យល់ថា វប្បធម៌មួយនេះមិនដឹងថាអាចបញ្ចប់នៅពេលណានោះទេ ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ក្នុងការទាមទារឱ្យមានការផ្លាស់ប្តូរពីអ្នកនយោបាយ។ ក៏ប៉ុន្តែលោកថា អ្នកនយោបាយយកចិត្តទុកដាក់លើចន្លោះប្រហោងនៃគុណភាពនៃការដឹកនាំ និងតម្លៃនយោបាយរបស់ដៃគូប្រកួតវិញ ដែលអាចចាត់ទុកថាជាការរិះគន់បែបស្ថាបនាដើម្បីផលប្រយោជន៍រួម។
លោកថ្លែងថា៖ «ការប្រើប្រាស់ការប្រកួតប្រជែងគុណភាពជាអ្នកដឹកនាំ ជាអ្នកកៀងគរយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ គួរតែមានយន្តការគុណភាពនៃការដឹកនាំ តម្លៃនយោបាយយកមកប្រកួតប្រជែងគ្នា ទើបវាមានភាពផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសជាតិ»។
កាលពីថ្ងៃទី ១២ ខែមីនា លោក សម រង្ស៊ី បានបន្តរិះគន់ទាក់ទងការចូលរៀនរបស់លោក ហ៊ុន ម៉ាណែត នៅសាលាទាហាន West Point នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «សារជាថ្មីអំពីគាត់បានចូលរៀនសាលាទាហាន នៅសហរដ្ឋអាមេរិក ដោយសារតែការយោគយល់ និងការជំរុញពីឪពុកគាត់ ហ៊ុន សែន ដែលមានឋានៈជានាយករដ្ឋមន្ត្រី និងជាមេទ័ព»។
លោក សម រង្ស៊ី បានសរសេររិះគន់បន្ថែមថា៖ «នៅស្រុកគេ ហ៊ុន ម៉ាណែត ពេលចេញពីសាលានេះ ហើយបើគាត់មានសញ្ជាតិអាមេរិកកាំង គាត់អាចធ្វើត្រឹមតែកូនទាហានពាក់សក្តិ ១ ប៉ុណ្ណោះ។ តែនៅស្រុកខ្មែរ ដោយសារតែឡើងតាមជើងខោឪពុកគាត់ ស្រាប់តែគាត់បានឡើងជាឧត្តមសេនីយ៍ផ្កាយ ៣ ភ្លាមមួយរំពេច»។
លោក ហ៊ុន ម៉ាណែត ក៏បានតបតទៅលោក សម រង្ស៊ី វិញដោយបានការពារខ្លួន និងបានបបួលលោក សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយសារជាថ្មីផងដែរ បើអ្នកណាចាញ់ «ហ៊ានភ្នាល់ឈប់ធ្វើនយោបាយទេ»។ នេះបើតាមវីដេអូរយៈពេលជិត ១១ នាទី ដែលលោក ហ៊ុន ម៉ាណែត បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទីពុធនេះ។
ក្នុងវីដេអូរយៈពេលជិត ១១ នាទី លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ហើយខ្ញុំថា បើហ៊ានយើងបបួលគ្នាផ្នាល់គ្នា ហើយខ្ញុំនឹងដឹកដៃគាត់ទៅសុំសាលាមើលទាំងអស់គ្នា ថាតើហ៊ុន ម៉ាណែត រៀនបានលេខប៉ុន្មាននៅក្នុងសាលាអាមេរិកកាំងដែលលំបាកហ្នឹង។ តើហ៊ុន ម៉ាណែត រៀនកន្ទុយគេ ធ្លាក់ផងអីផងអត់? តែហ៊ានភ្នាល់ជាមួយខ្ញុំ បើសិនជាឃើញហើយថាខ្ញុំមិនចុងប៉ូច ហើយខ្ញុំរៀនបានពិន្ទុល្អ មិនចាញ់គេ មិនចាញ់កូនអាមេរិក នៅក្នុងសាលាដែលលំបាក លោកឯងហ៊ានផ្នាល់ឈប់ធ្វើនយោបាយទេ? ប្រហែលជាអត់ទេ គ្រាន់តែភ្នាល់ជាមួយខ្ញុំ រឿងសញ្ញាប័ត្រកម្រិតពីរ មិនហ៊ានភ្នាល់ផង»។
នេះមិនមែនជាលើកទី ១ ទេ ដែលលោក សម រង្ស៊ី និងលោក ហ៊ុន ម៉ាណែត បានប្រតិកម្មដាក់គ្នាទៅវិញទៅមក ជាពិសេសចាប់តាំងពីលោក ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតផ្តល់ទំនុកចិត្តដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្ស។
លោក ហ៊ុន ម៉ាណែត អាយុ ៤៥ ឆ្នាំ (កើតនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៧៧) បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក West Point កាលពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះ លោកកំពុងមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា។
ការវាយប្រហារនិងលាបពណ៌គ្នាឥតឈប់ឈរនេះ មិនមានអ្វីចំណេញនោះទេ។ នេះបើតាមការយល់ឃើញរបស់លោក មាស នី អ្នកស្រាវជ្រាវអំពីសង្គមនិងនយោបាយកម្ពុជា។
លោកថ្លែងថា៖ «ការកាត់បន្ថយការលាបពណ៌ វាអាចនឹងឈានបណ្តើរៗទៅរកការបង្រួបង្រួមមួយពិតប្រាកដ។ ហើយការលាបពណ៌មិនមែនជាកត្តានាំឱ្យមានការបង្រួបបង្រួមជាតិទេ កាន់តែលាបពណ៌គឺកាន់តែបែកបាក់»។
យ៉ាងណាមិញ លោក មាស នី ក៏បានសន្និដ្ឋានថា អ្វីដែលលោក សម រង្ស៊ី តែងតែលើកឡើងអំពីលោក ហ៊ុន ម៉ាណែត អាចជា «យុទ្ធសាស្ត្រក្រៅឆាក» ដើម្បីឱ្យអ្នកក្នុងជួរគណបក្សប្រជាជនកម្ពុជាសំឡឹងមើលលើសមត្ថភាពលោក ហ៊ុន ម៉ាណែត ព្រោះមិនមានអ្នកណាហ៊ាននិយាយដោយសារភាពភ័យខ្លាច។ លោកបន្តថា លោក សម រង្ស៊ី ទំនងមើលឃើញថា លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយ ដូច្នេះទើបចេះតែរកមធ្យោបាយដើម្បីបង្អាប់លើសមត្ថភាពនេះ។
ដោយឡែក អ្នកសា្រវជ្រាវពីកិច្ចការសង្គមរូបនេះ ក៏បានពន្យល់ពីពាក្យលាបពណ៌ យ៉ាងដូច្នេះថា៖ «ពាក្យថា លាបពណ៌ លុះត្រាគេមកពណ៌ក្រហម ហើយយើងលាបពណ៌ខៀវទៅវិញ អាហ្នឹងបានគេហៅថាលាបពណ៌។ បើទិដ្ឋភាពនយោបាយក៏អ៊ីចឹងដែរ បើបុគ្គលមានស្ថានភាពបែបហ្នឹង ហើយគេគ្រាន់តែលើកយកមកនិយាយបន្ថែម អាហ្នឹងមិនមែនជាការលាបពណ៌ទេ។ ប៉ុន្តែបើនិយាយបំផ្លើស ឧបមាថា គេមិនបានមានរឿងបែបហ្នឹងកើតឡើងទេ គេមិនបានធ្វើកិច្ចការហ្នឹង ប៉ុន្តែយើងយកលេសផ្សេងៗដើម្បីយកមកបូកផ្សំ ដើម្បីវាយប្រហារគេហៅថាជាការលាបពណ៌»។
លោក មាស នី អះអាងបន្ថែមថា ការលាបពណ៌នេះមិនមែនបន្ទោសតែទៅលើអ្នកនយោបាយទេ ព្រោះពលរដ្ឋនៅក្រោម «ម្លប់នយោបាយរបស់គណបក្សនីមួយៗ» ក៏បង្កើនការលាបពណ៌គ្នាសម្បើមណាស់ដែរ។ ដូច្នេះលោកថា ដើម្បីកាត់បន្ថយការលាបពណ៌នេះ គឺត្រូវធ្វើឡើងជាការងារសង្គម ដោយកសាងវប្បធម៌ថ្មីមួយ គឺ«វប្បធម៌មិនងាយក្នុងការលាបពណ៌គ្នា» ព្រោះយើងជាខ្មែរទាំងអស់គ្នា។ លោកបន្តថា «បើយើងបន្តបាញ់ថ្នាំដាក់គ្នារហូតយូរៗខ្មែរទៅជាពពាល អាចថ្ងៃក្រោយ អាចបាត់ទឹកដី បាត់ពូជខ្មែរថែមទៀត»។
ចំណែក លោក សេង សារី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមនិងនយោបាយនៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី ប្រាប់វីអូអេថា លោកថា សារនយោបាយវាយប្រហារគ្នាមួយរយៈពេលចុងក្រោយនេះ ជាគំរូអាក្រក់ដល់អ្នកជំនាន់ក្រោយ ចំពោះការប្រហារគ្នាលើសេចក្តីថ្លៃថ្នូររបស់បុគ្គលនយោបាយ ដែលប្រាកចាកពីវិទ្យាសាស្ត្រនយោបាយ។
ក្នុងមួយរយៈពេលចុងក្រោយ លោក សម រង្ស៊ី ហាក់ប្តូរគោលដៅនយោបាយ ដោយមកមកលែងរិះគន់គណបក្សកាន់អំណាច និង ចំណុចអវិជ្ជមាននានារបស់រដ្ឋាភិបាល ប៉ុន្តែងាយមករិះគន់ត្រកូលហ៊ុលដោយផ្ទាល់។ នេះបើតាមលោក សេង សារី។ ប៉ុន្តែលោកថា មិនមែនមានតែលោក សម រង្ស៊ី ទេ សូម្បីគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រើប្រាស់ពាក្យធ្ងន់ធ្ងរដែរ ដូចជាហៅ លោក សម រង្ស៊ី ថាជាក្បត់ជាតិ ៣ ជំនាន់ជាដើម។ ដូច្នេះលោកយល់ថា «សំរាមនយោបាយ ដែលជាសារនយោបាយវាយប្រហារ» គួរតែសំអាតចេញ ដើម្បីនយោបាយកម្ពុជារក្សាបានភាពថ្លៃថ្នូរ តាមរយៈការប្រកួតប្រជែងគ្នានូវគោលនយោបាយ និងឈរលើគោលការណ៍ប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំមើលឃើញ ខ្ញុំឃើញថា វាជាគំរូអាក្រក់សម្រាប់អ្នកនយោបាយជំនាន់ថ្មី។ ហើយធ្វើឱ្យអ្នកនយោបាយជំនាន់ថ្មីគិតថា ការវាយប្រហារជាលក្ខណៈបុគ្គលនេះ ជាឧបករណ៍នៅក្នុងការឃោសនា ឬជាឧបករណ៍នយោបាយដើម្បីអាចឈ្នះដៃគូ ដែលវាប្រាកចាកពីវិទ្យាសាស្ត្រនយោបាយ ឬការធ្វើនយោបាយបែបអាជីព»។
លោក សេង សារី បន្ថែមថា ការវាយប្រហាររបស់លោក សម រង្ស៊ី លើលោក ហ៊ុន ម៉ាណែត អាចនឹងបង្កផលប៉ះពាល់ដល់គណបក្សភ្លើងទៀន។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់គណបក្សនេះ រួមមានលោក ថាច់ សេដ្ឋា និងលោក សុន ឆ័យ កំពុងរងក្តីក្តាំងនៅតុលាការ បើទោះបីជាគណបក្សភ្លើងទៀនបានបញ្ជាក់ច្បាស់ថា ខ្លួនមិនពាក់ព័ន្ធលោក សម រង្ស៊ី ជាច្រើនលើកយ៉ាងណាក៏ដោយ។
ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា ការឆ្លើយតបរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់លោក សម រង្ស៊ី ហុចផលចំណេញខ្លះដល់គណបក្សកាន់អំណាច។
លោកថ្លែងថា៖ «វាអាចជួយទប់ស្កាត់នូវគេហៅថា ការលើកឡើងរបស់លោក សម រង្ស៊ី ដែរ ដើម្បីកាត់បន្ថយការយល់ច្រឡំអ៊ីចឹងទៅ ឬហៅថាបំប៉នស្មារតីរបស់គណបក្សប្រជាជនដើម្បីកុំឱ្យមានសតិអារម្មណ៍ដែរ។ វាអាចចំណេញសម្រាប់គណបក្សកាន់អំណាច កុំឱ្យមានភាពរង្គោះរង្គើ ឬមានការបាត់ការគាំទ្រដែរ»។
ក៏ប៉ុន្តែលោកថា ការឆ្លើយតបជាបន្តបន្ទាប់នេះក៏ឆ្លុះបង្ហាញឱ្យឃើញថា លោក សម រង្ស៊ី នៅតែមានតម្លៃនយោបាយ ព្រោះទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតែមានការព្រួយបារម្ភចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី លើឆាកនយោបាយនេះ៕
អ្នកវិភាគ៖ វប្បធម៌វាយប្រហារនិងលាបពណ៌គ្នារបស់អ្នកនយោបាយល្មមដល់ពេលបញ្ចប់ដើម្បីជាប្រយោជន៍ជាតិ
ភ្នំពេញ —