អ្នកវិភាគនយោបាយអន្តរជាតិវាយតម្លៃថា ការណ៍ដែលរដ្ឋាភិបាលកម្ពុជាចាប់កប៉ាល់ចិនដឹកធ្យូងថ្មមានប្រភពមកពីប្រទេសកូរ៉េខាងជើងជាការងាកចេញពីទំនាក់ទំនងប្រពៃណីរវាងកម្ពុជានិងរបបដឹកនាំទីក្រុងព្យុងយ៉ាង ដើម្បីកសាងមិត្តភាពល្អជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដែលក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីខាងកើត។
កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍របស់វីអូអេជាភាសាកូរ៉េថា រដ្ឋាភិបាលកម្ពុជាបានរឹបអូសកប៉ាល់ចិនដែលដឹកធ្យូងថ្មរបស់កូរ៉េខាងជើងកាលពីដើមឆ្នាំនេះ។ កម្ពុជាដែលគេស្គាល់ថាជាប្រទេសមិត្តជាមួយកូរ៉េខាងជើង បានរឹបអូសយកកប៉ាល់ចំនួន ៣ គ្រឿង ពីបទបំពានទណ្ឌកម្មប្រឆាំងនឹងរដ្ឋឯកោមួយនេះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ប្រាប់វីអូអេថា មួយរយៈកាលចុងក្រោយនេះទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញនិងរដ្ឋកុម្មុយនិស្តកូរ៉េខាងជើង មានការឃ្លាតឆ្ងាយ ដោយសារតែកម្ពុជាចង់បានទំនាក់ទំនងជិតដិតជាមួយកូរ៉េខាងត្បូង និងជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
លោក សេង វណ្ណលី បន្តថា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អសេដ្ឋកិច្ច-សង្គម និងនយោបាយរវាងកម្ពុជាជាមួយនឹងកូរ៉េខាងត្បូងនិងជប៉ុន គឺទាមទារឱ្យកម្ពុជាមានជំហរតឹងរ៉ឹងជាមួយកូរ៉េខាងជើង។
លោកបញ្ជាក់ថា៖ «ដូច្នេះយើងឃើញថា ក្រោយអំពីការចរចាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកូរ៉េខាងត្បូងនិងកម្ពុជាអី យើងឃើញថា ជំហររបស់កម្ពុជាចំពោះកូរ៉េខាងជើងរាងមានភាពតឹងរ៉ឹង ជាពិសេសការគោរពនូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងហ្នឹង។ យើងឃើញថា កម្ពុជាហាក់មានការអនុវត្តបានគ្រាន់បើជាងមុន»។
អ្នកជំនាញរូបនេះបន្ថែមថា សេចក្តីរាយការណ៍ដែលថា កម្ពុជារឹបអូសកប៉ាល់ដឹកធ្យូងថ្មកូរ៉េខាងជើង ទំនងជាការណ៍ពិត ដែលឆ្លើយតបទៅនឹងជំនួបរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងភ្នំពេញថ្មីៗនេះ ដែលបានលើកឡើងពាក់ព័ន្ធនឹងការអនុវត្តទៅតាមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
លោក សេង វណ្ណលី អះអាងថា កម្ពុជាកំពុងងាកចេញពីទំនាក់ទំនងប្រពៃណីជាមួយកូរ៉េខាងជើងដោយសន្សឹមៗ ដោយសារតែកូរ៉េខាងជើងមិនហុចប្រយោជន៍ច្រើនឱ្យកម្ពុជាឡើយ ខណៈកូរ៉េខាងត្បូង និងជប៉ុនបានផ្តល់ប្រយោជន៍ជាច្រើន ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងទំនាក់ទំនងរបស់កម្ពុជា។
វីអូអេបានព្យាយាមសុំការការអត្ថាធិប្បាយពីស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងភ្នំពេញ ប៉ុន្តែអ្នកលើកទូរស័ព្ទបាននិយាយថា៖ «អត់មានព័ត៌មានផ្តល់ជូនទេ។ អរគុណ ជម្រាបលា»។
វីអូអេភាសាកូរ៉េបានយោងតាមឯកសារនៃក្រសួងយុត្តិធម៌របស់កម្ពុជាដែលថា ឆ្មាំសមុទ្ររបស់កម្ពុជាបានរឹបអូសយកកប៉ាល់ទង់ជាតិចិនឈ្មោះ Hang Jun Lun និងធ្យូងថ្មកូរ៉េខាងជើងចំនួន ១២.០០០តោន កាលពីខែកុម្ភៈឆ្នាំនេះ។
សំណើរឹបអូសកប៉ាល់ និងធ្យូងថ្ម ត្រូវបានអនុម័តដោយក្រសួងយុត្តិធម៌កម្ពុជា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយទាំងកប៉ាល់និងធ្យូងថ្មនោះត្រូវបានបង្កកតាមរយៈអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
វីអូអេភាសាកូរ៉េបានលើកឡើងដោយយោងតាមក្រសួងយុត្តិធម៌ថា ការរឹបអូសបានធ្វើឡើងស្របតាមច្បាប់ស្តីពីការរីកសាយភាយអាវុធប្រល័យលោកឆ្នាំ ២០២០ របស់រដ្ឋាភិបាលកម្ពុជា។
សេចក្តីសម្រេចលេខ ២៣៧១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានហាមប្រាមការជួញដូរធ្យូងថ្មរបស់កូរ៉េខាងជើង ហើយសេចក្តីសម្រេច ២២៧០ តម្រូវឱ្យត្រួតពិនិត្យទំនិញដែលធ្វើដំណើរទៅកាន់ ឬមានប្រភពមកពីប្រទេសកូរ៉េខាងជើង។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយប្រាប់អ្នកយកព័ត៌មានវីអូអេថា លោកលែងជាអ្នកនាំពាក្យក្រសួងទៀតហើយ ដោយបានស្នើឱ្យទាក់ទងទៅលោក សេង ឌីណា អ្នកនាំពាក្យថ្មីរបស់ក្រសួង ប៉ុន្តែលោក សេង ឌីណា បានប្រាប់វីអូអេកាលពីថ្ងៃចន្ទឱ្យទាក់ទងទៅលោក ជិន ម៉ាលីនវិញ ព្រោះលោកកំពុងជាប់បេសកកម្ម។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានដែរ។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់លោក ឯក ប៊ុនលី ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា សកម្មភាពនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលកម្ពុជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ជាពិសេសទាក់ទងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSCR 2371 ដែលហាមប្រាមការជួញដូរធ្យូងថ្ម ដែក និងសំណជាមួយកូរ៉េខាងជើង។
បើតាមអ្នកស្រាវជ្រាវរូបនេះ ជំហររបស់កម្ពុជា ស្របតាមការអនុម័តរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ លើច្បាប់ស្តីពីការហាមឃាត់អាវុធប្រល័យលោកនៅឆ្នាំ ២០២០ ដោយគូសបញ្ជាក់ពីការកាន់ខ្ជាប់របស់កម្ពុជាចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវបទដ្ឋានអន្តរជាតិ។
លោកបញ្ជាក់ថា៖ «សកម្មភាពរបស់កម្ពុជាបង្ហាញពីការគោរពរបស់ខ្លួនចំពោះការសម្រេចចិត្តអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ UNSCR 2371។ វាបង្ហាញថា កម្ពុជាកំពុងកាន់យកជំហរនៃ ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងជើង ធ្វើឱ្យមានតុល្យភាពការទូត និងការចូលរួមជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ខណៈពេលដែលផ្តល់អាទិភាពដល់កាតព្វកិច្ចរបស់ខ្លួននៅក្នុងស្ថាប័នពហុភាគីដូចជាអង្គការសហប្រជាជាតិ»។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជាលោក ចាង យ៉ុងហ្គុនកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសុំការយោគយល់ពីកូរ៉េខាងជើង ដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិចំពោះទណ្ឌកម្មទៅលើកូរ៉េខាងជើង ខណៈថា កម្ពុជាគឺជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ហេតុនេះ កម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តតាមសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខនេះ។
លោក ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតរូបនោះថា ការដាក់ទណ្ឌកម្មនេះមិនត្រឹមតែប៉ះពាល់ដល់កូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់ប្រទេសនានារួមទាំងកម្ពុជាផងដែរ៕