អ្នកវិភាគ៖ អាស៊ាន​ត្រៀម​ទទួល​លោក ​ត្រាំ ​ជាមួយ​នឹង​ក្ដី​រំពឹង​តិច​តួច

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលរួមពិធីលាងសាយភោជន៍ផ្លូវការមួយនៃកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ខណៈ​ដែល​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សន​កិច្ច​ការងារ​រយៈពេល​១២ថ្ងៃ​ជា​លើក​ដំបូង​របស់​លោក ​មក​កាន់​ទ្វីប​អាស៊ី ​អ្នក​វិភាគ ​និង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ក្នុង​តំបន់​ បាន​លើក​ឡើង​ថា ​បណ្ដា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(អាស៊ាន) ហាក់​មាន​ក្ដី​រំពឹង​ទុក​ក្នុង​កម្រិត​មួយ​ប៉ុណ្ណោះ​ពី​ប្រធានាធិបតី​ទី​៤៥​ដ៏​ចម្រូង​ចម្រាស​របស់​សហរដ្ឋ​អាមេរិក។

​បន្ទាប់​ពី​បាន​ឈប់​សំចត​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ជប៉ុន ​កូរ៉េ​ខាងត្បូង និង​ចិន​ ​ហើយ​និង​ចូល​រួម​ប្រជុំ​ក្នុង​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ​នៅ​វៀតណាម ​លោក ​ដូណាល់ ​ត្រាំ ​ត្រូវ​បន្ត​ដំណើរ​ទៅ​បង្ហើយ​ផ្នែក​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កាន់​ទ្វីប​អាស៊ី ​នៅ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​ត្រូវ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ផង​ដែរ​ ក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា។

​លោក ​ត្រាំ ​ដំបូង​ឡើយ​មិន​មាន​គម្រោង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ទេ​ តែ​លោក​បាន​ប្ដូរ​ចិត្ត​សម្រេច​ចូល​រួម​វិញ​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​ថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់​ ដែល​ផ្ដួច​ផ្ដើម​ដោយ​អាស៊ាន​មួយ​នេះ។

​បើ​ទោះ​ជា​លោក ត្រាំ សម្រេច​ចិត្ត​ចូល​រួម​រាល់​កិច្ច​ប្រជុំ​ដែល​ចាំ​បាច់​ត្រូវ​មាន​វត្តមាន​រូប​លោក​យ៉ាង​ណា​ក្ដី ​លោក ​Miguel Chanco ​អ្នក​វិភាគ​នាំ​មុខ​ផ្នែក​កិច្ចការ​អាស៊ាន​ឱ្យ​អង្គភាព​ស៊ើប​អង្កេត​នៃ​ទស្សនាវដ្ដី ​Economist ​(EIU) បាន​សម្ដែង​ក្ដី​មន្ទិល​សង្ស័យ​នៅ​ឡើយ​អំពី​ការ​ថា​តើ​ លោក ​ត្រាំ ចាត់​ទុក​តំបន់​អាស៊ាន ​និង​អាស៊ី​ប៉ាស៊ីហ្វិក​សំខាន់​ប៉ុណ្ណា ក្នុង​បញ្ជី​អាទិភាព​គោល​នយោបាយ​ការបរទេស​របស់​លោក។

លោក ​Chanco ​បាន​លើក​ឡើង​គាំទ្រ​ក្ដី​មន្ទិល​របស់​លោក ​អំពី​ភាព​សំខាន់​របស់​អាស៊ាន​ក្នុង​ក្រសែ​ភ្នែក​លោក​ ត្រាំ​ ​ដោយ​លើក​អំពី​ការណ៍​ដែល​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នៅ​តែ​បង្អែបង្អង់​មិន​ទាន់​តែង​តាំង​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​ប្រចាំ​លេខាធិការដ្ឋាន​អាស៊ាន​ នៅ​ក្រុង​ហ្សាកាតា​នៅ​ឡើយ ​បន្ត​ពី​អ្នក​ការ​ទូត​ចាស់​ក្នុង​ជំនាន់​ប្រធានាធិបតី ​អូបាម៉ា។

​អ្នក​វិភាគ​ដែល​តាំង​ទី​នៅ​ទីក្រុង​ឡុងដ៍ ​ប្រទេស​អង់គ្លេស​រូប​នេះ​ បាន​ប្រាប់ ​VOA ​តាម​សារ​អេឡិចត្រូនិក​ថា៖

​«ខ្ញុំ​មាន​ក្ដី​ពិភាល់​ថា លោក ​ដូណាល់ ​ត្រាំ ​នឹង​នៅ​ដក់​ជាប់​ជាមួយ​នឹង​វិចារ​ប្រចាំ​ជា​ទូទៅ​របស់​លោក ​នៅ​លើ​ប្រធានបទ​ដូច​ជា៖ ​អតុល្យភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​មួយ​ចំនួន ​ហើយ​ក៏​ដូច​ជា​ការ​ស្វះ​ស្វែង​រក​វិធី​«កែកុន» និង​ក៏​ដូច​ជា​ការ​កៀង​គរ​រដ្ឋ​ជា​សមាជិក​អាស៊ាន ​ឱ្យ​បញ្ចេញ​សកម្មភាព​បន្ថែម​ដើម្បី​តបត​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាងជើង​ជា​ដើម»។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​គណៈប្រតិភូ​នៃ​ប្រទេស​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រីរួមគ្នា នៅក្នុង​អំឡុងវេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

​យ៉ាង​ណា​ក្ដី ​លោក ​ឈាង ​វណ្ណារិទ្ធិ​ អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​ភូមិ​សាស្ត្រ​នយោបាយ ​នៅ​វិទ្យា​ស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា ​បើ​ទោះ​ជា​មិន​ទាន់​មាន​ក្តី​រំពឹង​អ្វី​ច្រើន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ​ យ៉ាង​ហោច​ណាស់ វា​ក៏​ជួយ​មេ​ដឹកនាំ​អាស៊ាន​ឱ្យ​កក់​ក្ដៅ​ក្នុង​ចិត្ត​ពី​វត្តមាន​ផ្នែក​សន្តិសុខ ​និង​យោធា​របស់​អាមេរិក​ក្នុង​តំបន់ ចំ​កណ្ដាល​នៃ​យុគ​សម័យ​អនុត្តរភាព​របស់​ប្រទេស​ចិន​ប៉េកាំង។

​បណ្ឌិត ឈាង ​វណ្ណារិទ្ធិ ​បាន​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថា៖

​«ការ​ចូល​រួម​របស់​លោក ​ដូណាល់ ​ត្រាំ ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​តំបន់ ​ជា​ពិសេស​កិច្ច​ប្រជុំ​អាស៊ាន​-សហរដ្ឋ​អាមេរិក​ ​និង​អាស៊ី​បូព៌ា ​នៅ​ប្រទេស​ហ្វីលីពីន នឹង​បង្ហាញ​ពី​គោល​ជំហរ ​និង​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​បន្ត​នូវ​តួនាទី​ជា​ពិសេស​តួនាទី​សន្តិសុខ​របស់​ខ្លួន​នៅ​ក្នុង​តំបន់»។

​អ្នក​ស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​រូប​នេះ​បាន​បន្ត​ថា៖

​«ដូច្នេះ​ការ​ចូល​រួម​របស់​លោក ត្រាំ ​សំខាន់​ណាស់។ ​សូម្បី​តែ​ខ្លឹម​សារ​គាត់​នឹង​និយាយ​ហ្នឹង​ យ៉ាង​ម៉េច​យ៉ាង​ម៉ា យើង​មិន​ទាន់​ដឹង​ទេ​ ក៏​ប៉ុន្តែ​រូបភាព​នៃ​ការ​ចូល​រួម​ហ្នឹង បញ្ជូន​នូវ​សញ្ញា​ថា ​សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​នូវ​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហ្នឹង​បាទ​ គឺ​មិន​បោះ​បង់​ចោល​តំបន់​ហ្នឹង​ទេ»។

​ដោយ​មិន​មាន​ការ​លើក​ឡើង​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​តាំង​ពី​ដើម​អាណត្តិ​ក្នុង​ការ​យក​អាមេរិក​ចេញ​ពី​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​ឆ្លង​មហា​សាគរ​ប៉ាស៊ីហ្វិក ​(TPP) ​នៅ​ក្នុង​ប្រទេស​វៀតណាម ​លោក ដូណាល់ ត្រាំ​ បាន​លើក​ឡើង​អំពី​ឈ្មោះ​ថ្មី​មួយ​សម្រាប់​ដាក់​ឱ្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​គឺ​ឈ្មោះ ​«ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ក្រុម​ធុរជន​ដែល​ប្រមូល​ផ្ដុំ​នៅ​កិច្ច​ប្រជុំ​ APEC ​ក្នុង​ទីក្រុងដាណាង លោក ​ត្រាំ ​បាន​ផ្ដោត​សំខាន់​លើ​តំបន់​«ឥណ្ឌូ​ប៉ាស៊ីហ្វិក» ដែល​សេរី ​និង​បើក​ចំហ ​ដើម្បី​ធានា​នូវ​អនាគត​មួយ​សម្រាប់​តំបន់​ជាមួយ​នឹង​សេរីភាព ​និង​សន្តិភាព។

​បណ្ឌិត ឈាង វណ្ណារិទ្ធិ បាន​លើក​ឡើង​ថា​ការ​ប្រើ​ប្រាស់​ពាក្យពេចន៍​នេះ មាន​គោល​ដៅ​ប្រមូល​ផ្ដុំ​កម្លាំង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ និង​បន្សាប​រូប​ភាព​នៃ​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់៖

​«អា​ហ្នឹង​ជា ​Strategic Concept មួយ ​ឬ​ទស្សន​វិស័យ​ផ្នែក​យុទ្ធសាស្ត្រ​មួយ ដើម្បី​ឱ្យ​មាន​ការ​ចូល​រួម​ពី​ឥណ្ឌា​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ហ្នឹង ​ដែល​ជា​កត្តា​មួយ​ដើម្បី ​កុំ​ឱ្យ​លំនឹង​ហ្នឹង វា​បះ​ទៅ​ខាង​ចិន​ពេក ដើម្បី​ទប់​នូវ​ឥទ្ធិពល​របស់​ចិន​ដែរ ដោយ​ផ្ដល់​នូវ​អំណាច ​និង​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ជា​ពិសេស​តួនាទី​របស់​ឥណ្ឌា​នៅ​ក្នុង​តំបន់​ហ្នឹង»។

​ខណៈ​ដែល​បណ្ឌិត ​ឈាង ​វណ្ណារិទ្ធិ ​លើក​ឡើង​ថា​ ក្ដី​រំពឹង​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្រិត​តំបន់​ពី​លោក ​ត្រាំ ​សម្រាប់​អាស៊ាន ​អាច​មាន​តិច​តួច អ្នក​តាម​ដាន​ដទៃ​ទៀត​បាន​យល់​ស្រប​ថា មូល​បទ​គោល​នយោបាយ ​«អាមេរិក​ជា​ចម្បង» ​របស់​លោក ​ត្រាំ​ ​ដើរ​បញ្ច្រាស​ទិស​ជាមួយ​នឹង​ដំណើរ​សមាហរណកម្ម​តំបន់​ដែល​កំពុង​អនុវត្ត​ដោយ​អាស៊ាន។

​បណ្ឌិត ​Kaewkamol ​Pitakdumrongkit ​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ណាន់យ៉ាង​ ប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា​ ការ​អនុវត្ត​គោល​នយោបាយ ​«អាមេរិក​ជា​ចម្បង» ​របស់​លោក ត្រាំ ​ក្នុង​កិច្ច​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​អាស៊ាន​ អាច​នឹង​នាំ​ឱ្យ​អាមេរិក​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​រយៈពេល​យូរ។

​បណ្ឌិត ​Pitakdumrongkit ​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិក​ថា៖

​«បើ​សិន​ជា​សហរដ្ឋ​អាមេរិក​បន្ត​គោល​នយោបាយ ​«អាមេរិក​ជា​ចម្បង» ​បន្ត​ទៅ​ទៀត ​ខ្ញុំ​ខ្លាច​ថា​អាមេរិក​នឹង​មិន​អាច​ទប់​ទល់​ការ​រីក​ត្រដែត​ឡើង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​បាន​នោះ​ទេ ​យ៉ាង​ហោច​ក៏​នៅ​លើ​ផ្នែក​សេដ្ឋកិច្ច​នោះ​ដែរ»។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង និង​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលរួម​ពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​រវាងមេដឹកនាំជំនួញអាមេរិក និង​ចិន នៅវិមាន Great Hall of the People នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

​គោល​នយោបាយ​«អាមេរិក​ជា​ចម្បង»​ បាន​នាំ​ឱ្យ​លោក ​ត្រាំ ​ដក​ខ្លួន​ចេញ​ពី​ TPP ​កាល​ពី​ដើម​ឆ្នាំ​ ហើយ​ក្នុង​សុន្ទរកថា​នៅ​ទីក្រុង​ដាណាង ​លោក ​ត្រាំ ​បាន​ចង្អុល​ចំៗ​ទៅ​លើ ​អតុល្យភាព​ពាណិជ្ជកម្ម​«រ៉ាំរ៉ៃ» ​ខណៈ​ដែល​ផ្ដោត​សំខាន់​នៃ​ការ​ចរចា​ទ្វេ​ភាគី​នៅ​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ផ្នែក​ពាណិជ្ជ​កម្ម​ជាមួយ​អាមេរិក ​ជា​ជាង​សមាហរណកម្ម​ពហុ​ភាគី​និយម ​ដែល​លោក ត្រាំ​ ​មិន​សូវ​ជា​មាន​ចំណូល​និយម​ចូល​ចិត្ត​ឡើយ។

​បណ្ឌិត​ Pitakdumrongkit ​បាន​បន្ត​ទៀត​ថា៖

​«ទាំង​នេះ​ឆ្លុះ​បញ្ចាំង​អំពី​គោល​គំនិត​នៃ​គោល​នយោបាយ ​«អាមេរិក​ជា​ចម្បង»​របស់​លោក ​ដែល​ចាត់​ទុក​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​រឿង​មិន​ចំណេញ មិន​ខាត ​ហើយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​និយម​ធ្វើ​ការ​ចរចា​ទ្វេ​ភាគី​ជា​វិធី​មួយ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​បណ្ដា​រដ្ឋ​ដទៃ ​ព្រោះ​សហរដ្ឋ​អាមេរិក​យល់​ថា​ កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ទាំង​នេះ នឹង​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​ជា​អតិបរមា​ ក្នុង​ការ​ទទួល​បាន​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀងដែល​ផ្ដល់​ប្រយោជន៍​ដល់​ខ្លួន»។

​អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បន្ត​ថា ​ខណៈ​ដែល​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ក្នុង​ជំនាន់​លោក​ ត្រាំ ​នេះ​ បណ្ដា​មេ​ដឹក​នាំ​អាស៊ាន ​គួរ​តែ​គិត​ថា​ វា​ដល់​ពេល​ហើយ ​ដែល​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ ​សម្រេច​គោល​ដៅ​របស់​តំបន់ ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​នេះ។

​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​-អាស៊ាន​ខាង​មុខ​នេះ​ លោក ​ត្រាំ​ នឹង​ត្រូវ​អង្គុយ​ប្រជុំ​ក្នុង​បន្ទប់​ជាមួយ​បណ្ដា​ក្រុម​បុរស​ខ្លាំង​ ដែល​ជា​មេដឹកនាំ​រដ្ឋាភិបាល​អាស៊ីអាគ្នេយ៍ ​ទី​ដែល​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង។ ​នេះ​បើ​យោង​តាម​បណ្ឌិត Thitinan ​Pongsudhirak ​អ្នក​វិទ្យា​សាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ ប្រទេស​ថៃ។

​លោក ​Pongsudhirak ​បាន​បន្ត​ថា​លោក ​ត្រាំ ​ទំនង​ជា​នឹង​មិន​លើក​ឡើង​អំពី​បញ្ហា​នៃ​ការ​ធ្លាក់​ដុន​ដាប​នៃ​លំហ​សេរីភាព​នយោបាយ​ជា​ទូទៅ​ក្នុង​តំបន់​នេះ​ទេ ​ដោយ​លោក​មើល​ពី​គំរូ​អតីត​ប្រធានាធិបតី​លោក បារ៉ាក់ ​អូបាម៉ា ​ដែល​ជា​រឿយៗ បាន​លើក​ឡើង​នូវ​ប្រធាន​រឿង​ទាំង​នេះ ក្នុង​កិច្ច​ប្រជុំ​ដូច​គ្នា ​ហើយ​នៅ​ទី​បញ្ចប់​នៃ​ចុង​អាណត្តិ​របស់​លោក ​អាមេរិក​បាន​ក្លាយ​ជា​ជន​ចម្លែក​ និង​មិន​អាច​ទប់​ទល់​នូវ​មហិច្ឆតា​របស់​ចិន ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​តំបន់​អាង​ទន្លេ​មេគង្គ​បាន​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

«វា​ជា​បញ្ហា​នៃ​តុល្យ​ភាព។ ​យើង​អាច​មើល​ឃើញ​យ៉ាង​ជាក់​ច្បាស់​ថា ​ប្រធានាធិបតី ​ត្រាំ​ បាន​ចាត់​យក​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​ជា​អាទិភាព​ចម្បង​របស់​លោក លុប​លើ​ប្រធាន​រឿង​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ​យ៉ាង​ណា​ក្ដី​ ខ្ញុំ​មិន​មើល​ថា​ នេះ​ជា​បញ្ហា​ស​ខ្មៅ​អ្វី​នោះ​ទេ ​... ​មិន​មែន​បាន​ន័យ​ថា ​គេ​ចាប់​យក​ផល​ប្រយោជន៍​តែ​ម្ខាង​ហើយគ្រវាត់​ចោល​គោល​តម្លៃ​[ប្រជាធិបតេយ្យ]​នោះ​ទេ ​គ្រាន់​តែ​ថា ​សម្រាប់​ទស្សនកិច្ច​លើក​នេះ ​លោក ​ត្រាំ ទំនង​ជា​មិន​ទាន់​ផ្ដោត​លើ​បញ្ហា​ប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស ​ការ​បោះឆ្នោត ​ជា​អាទិភាព​របស់​លោក​តែ​ប៉ុណ្ណោះ»។

​យ៉ាង​ណា​ក្ដី ​បើ​តាម​បណ្ឌិត​ Pongsudhirak ​គោល​តម្លៃ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ នឹង​មិន​រសាត់​ចេញ​ទាំង​ស្រុង​ពី​ទំព័រ​គោល​នយោបាយ​ការ​បរទេស​អាមេរិក​នោះ​ទេ ​គ្រាន់​តែ​ក្នុង​ដើម​ដំបូង​នៃ​រដ្ឋ​កាល​លោក ​ត្រាំ ​គោល​តម្លៃ​នេះ​ ពិបាក​នឹង​ស្ថិត​ក្នុង​ទីតាំង​អាទិភាព ​ហើយ​លោក​ថា ​បណ្ដា​ស្ថាន​ទូត ​និង​អ្នក​ការ​ទូត​បច្ចេកទេស​ថ្នាក់​ក្រោម​របស់​អាមេរិក នឹង​ត្រូវ​ទទួល​បន្ទុក​រក្សា​ទុក ​និង​ថែ​រក្សា​គោល​នយោបាយ​ការ​បរទេស​ ដែល​ផ្ដោត​លើ​តម្លៃ​សេរីភាព​នយោបាយ​នេះ​ បន្ត​ទៅ​ទៀត៕