អ្នក​វិភាគ​ថា រុស្ស៊ី​ប្រើ​វិបត្តិ​វីរុសកូរ៉ូណា​ដើម្បី​បង្ក​ភាព​ចលាចល​នៅ​បស្ចិម​ប្រទេស

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងសុន្ទរកថាមួយនៅក្រុង Sevastopol តំបន់ Crimea កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

រុស្ស៊ី​ទំនង​ជា​អ្នក​នៅ​ពីក្រោយ​យុទ្ធនាការ​ផ្ដល់​ព័ត៌មាន​មិន​ពិត​អំពី​វិបត្តិ​កូរ៉ូណា​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិមប្រទេស ដើម្បី​បង្កើន​ការ​ភ័យ​ស្លន់ស្លោ​និង​ជម្លោះ​ក្នុង​ចំណោម​ក្រុម​សម្ព័ន្ធមិត្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ VOA ពី​សំណាក់​ក្រុម​អ្នក​ជំនាញ។

សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា​បាន​បង្ហោះ​ព័ត៌មាន​ប្រឌិត​លើ​អ៊ីនធឺណិត​ជា​ភាសា​អង់គ្លេស អេស៉្បាញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំង ដោយ​ប្រើប្រាស់​«សេចក្ដីរាយការណ៍​ដែល​មាន​ព័ត៌មាន​ផ្ទុយ​ស្រឡះ​ពី​ការពិត ធ្វើឲ្យ​គេ​យល់​ច្រឡំ និង​មាន​លក្ខណៈ​ព្យាបាទ» ដើម្បី​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​ពិភពលោក​កាន់​តែ​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩​។​

បណ្ដាញ​ព័ត៌មាន Reuters បាន​រាយការណ៍​កាល​ពី​ពុធ​ ទី​១៨ ខែ​មីនា ថា ទីភ្នាក់ងារ European External Action Service បាន​ចេញ​របាយការណ៍​ផ្ទៃ​ក្នុង​មួយ​ច្បាប់​ដែល​មាន​កម្រាស់​៩​ទំព័រ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ដែល​មាន​សេចក្ដី​ថា៖ «គោលបំណង​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​គឺ​ដើម្បី​ធ្វើ​ឲ្យ​វិបត្តិ​វីរុសកូរ៉ូណា​នៅ​ក្នុង​បស្ចិមប្រទេស​កាន់​តែ​ធ្ងន់ធ្ងរ ដែល​ស្រប​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ដែល​ទូលំទូលាយ​ជាង​នេះ​របស់​វិមាន​ក្រឹមឡាំង​ ក្នុង​ការ​ប៉ុនប៉ង​ជាន់​ពន្លិច​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប»។​

របាយការណ៍​ដែល​បណ្ដាញ​ព័ត៌មាន Reuters ទទួល​បាន​ បាន​ឲ្យ​ដឹង​ថា បណ្ដុំ​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប​បាន​កត់ត្រា​ទុក​នូវ​ករណី​ព័ត៌មាន​មិន​ពិត​ចំនួន​៨០​អំពី​វីរុស​កូរ៉ូណា ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មករា​មក ហើយ​ទិន្នន័យ​មួយ​ចំនួន​បង្ហាញ​ថា វីរុស​កូរ៉ូណា​គឺ​ជា​សព្វាវុធ​ជីវសាស្ត្រ​របស់​សហរដ្ឋអាមេរិក។​

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​បដិសេធ​ភ្លាមៗ​ចំពោះ​ការ​ចោទប្រកាន់​នេះ ដោយ​លើកឡើង​ថា ខ្វះ​ឧទាហរណ៍​ជាក់លាក់។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​កំពុង​និយាយ​ម្ដង​ទៀត​អំពី​ការ​ចោទប្រកាន់​ដែល​គ្មាន​ហេតុផល​មួយ​ចំនួន ដែល​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ប្រហែល​ជា​បណ្ដាល​មក​ពី​ការ​ងប់ងល់​នឹង​និន្នាការប្រឆាំង​នឹង​រុស្ស៊ី​ខ្លាំង​ហួស​ហេតុ​ពេក»។ ​

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​អំពី​ប្រទេស​រុស្ស៊ី​បាន​ប្រាប់ VOA ថា រដ្ឋាភិបាល​រុស្ស៊ី​កំពុង​តែ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​តាម​តែ​អាច​ធ្វើ​បាន​ ដើម្បី​យក​វិបត្តិ​សុខភាព​សាធារណៈ​បង្ក​ដោយ​វីរុស​កូរ៉ូណា​នេះ ជា​ផល​ប្រយោជន៍​របស់​ខ្លួន តាមរយៈ​ការ​ប្រើប្រាស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ជា​អាវុធ​ដើម្បី​ប្រយុទ្ធ​នឹង​បស្ចិមប្រទេស។

រុស្ស៊ី​មាន​អត្រា​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​កម្រិតទាប​ខ្លាំង​ណាស់ បើ​ប្រៀបធៀប​នឹង​អឺរ៉ុប។

លោក Peter Eltsov ដែល​ជា​អ្នក​វិភាគ​នយោបាយ​ ​ជា​ប្រវត្តិវិទូ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា “The Long Telegram 2.0: A Neo-Kennanite Approach to Russia”​ បាន​ថ្លែង​ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រុស្ស៊ី​កំពុង​តែ​ប្រើប្រាស់​តួលេខ​ទាំង​នេះ​ដើម្បី​កោតសរសើរ​រដ្ឋាភិបាល​រុស្ស៊ីនិង​ជាពិសេស​លោក​ប្រធានាធិបតី Vladimir Putin ចំពោះ​ការទប់ស្កាត់​មិន​ឲ្យ​វីរុស​កូរ៉ូណា​ឆ្លង​រាលដាល​លឿន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី»។

លោក Eltsov បាន​ថ្លែង​ទៀត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រុស្ស៊ី​ក៏​បាន​អះអាង​ថា សូម្បី​តែ​ចិន​ក៏​កំពុង​តែ​ចាត់វិធានការ​លើ​វីរុស​កូរ៉ូណា​នេះ​បាន​ល្អ​ជាង​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ដែរ។

លោក​បាន​ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «សូម្បី​តែ​កម្មវិធី​ជជែក​កំសាន្ដ​មួយ​ចំនួន​ក៏​ចែករំលែក​ទ្រឹស្ដី​ឃុបឃិត​គ្នាដែល​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បង្កើត​វីរុស​កូរ៉ូណា​នេះ​ឡើង ហើយ​កំពុង​តែ​ប្រើប្រាស់​វីរុស​នេះ​ជា​អាវុធ​ធ្វើ​សង្គ្រាម​ជីវសាស្ត្រ​ទៀត​ផង»។ ​

លោក​បាន​និយាយ​ទៀត​ថា គោលដៅ​នៃ​ការ​ឃោសនា​នេះ​គឺ​ដើម្បី​បង្ក​ឲ្យ​មាន​ចលាចល​និង​ជម្លោះ​នៅ​ក្នុង​សហភាព​អឺរ៉ុប អង្គការ​អូតង់ និង​សហរដ្ឋអាមេរិក។

លោក Eltsov បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ជា​ញឹកញយ លោក Putin សង្កត់ធ្ងន់​ថា រុស្ស៊ី​ត្រូវ​ការ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​មួយ​ក្នុង​អឺរ៉ុប។ ខណៈ​ដែល​បណ្ដា​ប្រទេស​អឺរ៉ុប​ហាម​មិន​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ធ្វើដំណើរ​ចេញ​ពី​ផ្ទះ​ លោក Putin មើល​ឃើញ​ស្ថានការណ៍​នេះ​ថា​ជា​ឱកាស​មួយ​ក្នុង​ការ​អនុវត្ត​ផែនការ​របស់​លោក»។

សភា​សហរដ្ឋអាមេរិក​បាន​រកឃើញ​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​ថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ហើយ​មន្ត្រី​ជាច្រើន​ក៏​បាន​និយាយ​ថា គ្មាន​មន្ទិល​សង្ស័យ​ទេ​ដែល​ថា រដ្ឋាភិបាល​មាន​ផែនការ​នឹង​ធ្វើ​ដូច្នេះ​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​នេះ។

ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​មួយ​កាល​ពី​ឆ្នាំ​២០១៧​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក​ប្រធានាធិបតី Emmanuel Macron បាន​ស្នើ​លោក Putin ​ជា​សាធារណៈ​ឲ្យ​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​រូប​លោក​ទៀត ដែល​ព័ត៌មាន​មិន​ពិត​ទាំង​នោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​របស់​រុស្ស៊ី​ចំនួន​ពីរ​ គឺ​បណ្ដាញ​ព័ត៌មាន Sputnik និង​បណ្ដាញ​ព័ត៌មាន RT television៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា