ខណៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងទី៤៥ ខិតជិតមកដល់ អ្នកវិភាគនៅកម្ពុជាមើលឃើញថា បញ្ហាសំខាន់ៗដែលមេដឹកនាំអាស៊ាននិងពិភពលោកនឹងលើកយកមកពិភាក្សា មានដូចជាសង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមស៊ីវិលនៅភូមា និងជម្លោះនៅសមុទ្រចិនខាងត្បូងជាដើម។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងទី៤៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន។ មេដឹកនាំអាស៊ាន រួមមានទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ នឹងទៅចូលរួមកិច្ចប្រជុំកំពូលនោះ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាក្តីបារម្ភសម្រាប់អាស៊ាននិងកម្ពុជា ដែលលោកថា កម្ពុជានិងអាស៊ានត្រូវបង្ហាញជំហរយ៉ាងម៉េច ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសជាដៃគូរបស់ខ្លួន ដូចជារុស្ស៊ីជាដើម។
លោកថ្លែងថា៖ «ខ្ញុំចាប់អារម្មណ៍រឿងបញ្ហាសកល សន្តិសុខសកល។ នេះជាកិច្ចការមួយដែលអាស៊ានក៏ត្រូវជំពាក់ជំពិនឬក៏ត្រូវចូលរួមសម្តែងនូវជំហរ។ ឧទាហរណ៍ថា សង្គ្រាមនៅមជ្ឈិមបូព៌ាថាតើអាស៊ានឬកម្ពុជាឈរជំហរណា ដើម្បីកុំឱ្យប៉ះពាល់មិត្តដៃគូ។ ឧទាហរណ៍អ៊ីស្រាអែលឬក៏អ៊ីរ៉ង់ជាដើម កម្ពុជាមានទំនាក់ទំនង។ អ៊ីចឹងអាហ្នឹងគឺជាកិច្ចការមួយដែលតំបន់អាស៊ានមានក្តីបារម្ភ»។
បើតាមលោក ឯម សុវណ្ណារ៉ា បញ្ហាសមុទ្រចិនខាងត្បូងដែលសមាជិកអាស៊ានមួយចំនួនមានជម្លោះជាមួយចិន និងវិបត្តិនៅភូមាក៏នឹងត្រូវលើកយកមកជជែកគ្នាផងដែរ។
លោកបន្ថែមថា បញ្ហានៅកូរ៉េខាងជើងក៏ជាចំណុចមួយដែលមេដឹកនាំពិភពលោកកំពុងព្រួយបារម្ភផងដែរ។
លោកបញ្ជាក់ថា៖ «ចំណុចមួយទៀតគឺតំបន់អាស៊ាន ហើយនឹងសន្តិសុខក្នុងតំបន់ជាមួយកូរ៉េខាងជើងដែលយើងឃើញមានឯកអគ្គរដ្ឋទូតកូរ៉េខាងជើងទើបជួបប្រធានព្រឹទ្ធសភាកម្ពុជាថ្មីៗនេះក៏ជាកិច្ចការមួយដែលត្រូវជជែកឬត្រូវលើកយកមកជជែក ជាកិច្ចការមួយបន្ទាប់បន្សំមួយដែរ»។
ក្នុងរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកនិងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀតបានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង។ ជាការឆ្លើយតប នាវាចិនបានបង្កើនការអះអាងដ៏គឃ្លើនអំពីការទាមទារទឹកដីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងដែនទឹកដែលមានដណ្តើមគ្នាដ៏ក្តៅគគុក ដោយសាកល្បងការតាំងចិត្តរបស់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងវៀតណាម ដែលមានជម្លោះដែនទឹកជាមួយចិន។
កាលពីពេលថ្មីៗនេះ ប្រទេសហ្វីលីពីនបានថ្កោលទោសប្រទេសចិនដែលគេថា បានវាយប្រហារលើអ្នកនេសាទវៀតណាមនៅសមុទ្រចិនខាងត្បូង។ វៀតណាមបានចោទប្រកាន់ «កងកម្លាំងអនុវត្តច្បាប់របស់ចិន» ថា បានប្រើដំបងដែកវាយដំលើអ្នកនេសាទវៀតណាម ១០នាក់ និងប្លន់ត្រី និងឧបករណ៍នេសាទពីអ្នកនេសាទទាំងនោះដែលមានតម្លៃរាប់ពាន់ដុល្លារនៅជិតប្រជុំកោះ Paracel។
នៅក្នុងកិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងនាសប្តាហ៍នេះក្នុងប្រទេសឡាវ ក៏នឹងមានជំនួបកំពូលអាស៊ីខាងកើតដែលមានប្រទេសមហាអំណាចចូលរួម ក្នុងនោះមានអាមេរិក ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងរុស្ស៊ីជាដើម។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាសប្តាហ៍នេះ ជំនួសលោកប្រធានាធិបតី Joe Biden។
សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏នឹងចូលរួមផងដែរ ដែលនេះជាលើកទី២ហើយសម្រាប់លោកក្នុងនាមជានាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីលោកកាន់តំណែងជាង១ឆ្នាំ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក សុខ ចិន្តាសោភា និងមន្ត្រីសំខាន់ៗនៃរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «កិច្ចប្រជុំកំពូល ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ានឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមាន»។
ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំអាស៊ាននិងពិភពលោកមួយចំនួន ដើម្បីរឹតចំណងទ្វេភាគីបន្ថែម។ នេះបើតាមក្រសួងការបរទេសកម្ពុជា។
អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ស៊ឺន សម ប្រាប់វីអូអេថា កន្លងទៅ កម្ពុជាធ្វើបានល្អពាក់ព័ន្ធនឹងជំហររបស់ខ្លួន ដោយឈរនៅលើស្មារតីនៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងជំរុញឱ្យកម្ពុជាកាន់ខ្ជាប់តាមគោលការណ៍អាស៊ាននិយម និងគោលការណ៍អង្គការសហប្រជាជាតិ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងទេ ការគោរពទៅតាមធម្មនុញ្ញអាស៊ាន ការគោរពទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាចំណុចសំខាន់ ហើយក៏ជាចំណុចមួយដែលធ្វើឱ្យប្រទេសដទៃហ្នឹងមិនរិះគន់កម្ពុជាផងដែរ»។
ទោះជាយ៉ាងណា លោកថា កម្ពុជាគួរតែធ្វើអ្វីដោយផ្អែកទៅតាមផលប្រយោជន៍ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
កម្ពុជាត្រូវបានអ្នករិះគន់មួយចំនួនលើកឡើងថា កាន់តែសិ្នទ្ធនឹងប្រទេសចិន ហើយមានការព្រួយបារម្ភថា កម្ពុជានឹងគាំទ្រចិននៅលើឆាកអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត ដែលទើបបង្ហាញមុខលើកដំបូងក្នុងកិច្ចប្រជុំអាស៊ាន កាលពីឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី ធ្លាប់ថ្លែងថា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចកាន់តែតឹងតែងដែលនាំឱ្យមានការផ្លាស់ប្តូរជាបន្តបន្ទាប់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក និងការធ្វើពាណិជ្ជកម្ម។ លោកបន្ថែមថា ការប្រកួតប្រជែងរបស់មហាអំណាចមានសម្ពាធកាន់តែខ្លាំងទៅលើសន្តិភាព សន្តិសុខ និងការរីកចម្រើនរបស់អាស៊ានទាំងមូល៕