អ្នកជំនាញផ្នែកកិច្ចការតំបន់រំពឹងថា កាណាដានឹងជំរុញឱ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាប្រសើរឡើង នៅពេលប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំមួយនេះបើកស្ថានទូតលើទឹកដីកម្ពុជា។
ក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំកាណាដា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវកាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា កាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជានាពេលឆាប់ៗខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត ចេញកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ថា កាណាដាតែងចាប់អារម្មណ៍ក្នុងការពង្រីកចំណងមិត្តភាព និងពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងកើតមាន។ លោកថា គម្រោងនៃការបើកស្ថានទូតកាណាដានៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងការទូត និងពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែប្រសើរ។
លោកនិយាយថា៖ «ដើម្បីធ្វើម៉េចការពារកុំឱ្យមានភាពរអាក់រអួលនៅក្នុងសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាការធ្វើវិនិយោគ ដូច្នេះកាណាដាត្រូវតែពង្រីកការវិនិយោគរបស់គាត់ទៅប្រទេសដទៃទៀត ការពារនៅពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកើនឡើង វាប៉ះពាល់ដល់លំហូរ ឬសង្វាក់ផ្គត់ផ្គង់ផលិតកម្មដែលកាណាដារកស៊ីនៅចិន។ ដូច្នេះគោលបំណងនៃការបើកស្ថានទូតនេះគឺបង្ហាញពីចំណងទាក់ទងផ្នែកការទូតកើនឡើង ក៏ដូចជាការចាប់អារម្មណ៍របស់កាណាដាក្នុងការពង្រីកការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់អាស៊ាន»។
គម្រោងនៃការបើកស្ថានទូតកាណាដាប្រចាំកម្ពុជា ធ្វើឡើងបន្ទាប់ពីប្រទេសស៊ុយអែត កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសបិទការិយាល័យស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញជាផ្លូវការ ក្រោយដកស្ថានទូតចេញកាលពីកម្ពុជាកាលពីចុងឆ្នាំ២០២១។
មុននឹងសម្រេចបិទស្ថានទូត ស៊ុយអែតបានបង្វែរជំនួយសហប្រតិបត្តិការអភិវឌ្ឍជាមួយរដ្ឋាភិបាលកម្ពុជាប្រមាណ ២០ លានដុល្លារអាមេរិក ទៅជាជំនួយគាំទ្រសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋវិញ ដោយរដ្ឋាភិបាលស៊ុយអែតបញ្ជាក់នាពេលនោះថា លំហប្រជាធិបតេយ្យនៅកម្ពុជាមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ។
បើទោះបីស៊ុយអែតដែលជាប្រទេសប្រជាធិបតេយ្យធំមួយបានសម្រេចបិទស្ថានទូត និងការិយាល័យស្ថានទូតរបស់ខ្លួននៅកម្ពុជាក្តី អ្នកជំនាញកិច្ចការតំបន់យល់ថា ស៊ុយអែតជាប្រទេសផ្តោតលើជំនួយច្រើនជាងពាណិជ្ជកម្ម ដែលខុសពីកាណាដា មានទំហំពាណិជ្ជកម្មច្រើនជាមួយកម្ពុជា។
លោក សេង វណ្ណលី រំពឹងថា ការបើកស្ថានទូតកាណាដាប្រចាំកម្ពុជា ស្របពេលដែលកម្ពុជាកំពុងរងការរិះគន់ខ្លាំងពីការថយចុះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហាក់បង្ហាញថា កាណាដាយកចិត្តទុកដាក់លើរឿងពាណិជ្ជកម្មច្រើនជាង។ ទោះយ៉ាងណាលោករំពឹងថា កាណាដានឹងអាចជំរុញឱ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាប្រសើរឡើង ដោយសារកាណាដាជាប្រទេសគិតគូរពីប្រជាធិបតេយ្យខ្លាំង និងមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនគួរសម។
ចំណែកអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់លោក ឯក ប៊ុនលី យល់ឃើញដែរថា ការប្រកាសគម្រោងបើកស្ថានទូតនៅកម្ពុជា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់រដ្ឋាភិបាលកាណាដាក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាស៊ានទាំងមូល ដើម្បីឆ្លើយតបទៅនឹងទំនាក់ទំនងល្អក់កកររវាងកាណាដា និងចិនជុំវិញការអនុវត្តពាណិជ្ជកម្មនាពេលថ្មីៗនេះ។
លោកបន្ថែមថា ក្នុងពេលបច្ចុប្បន្ន ប្រទេសកាណាដាហាក់សង្កត់ធ្ងន់ខ្លាំងលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា ហើយនឹងសកម្មពាក់ព័ន្ធនឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនាពេលខាងមុខ។
លោកបញ្ជាក់ថា៖ «នៅពេលដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសកាណាដា និងប្រទេសកម្ពុជាកាន់តែស្អិតរមួតជាងនេះនាពេលអនាគត កាណាដាទំនងជានឹងមានភាពកាន់តែសកម្មក្នុងស្ថានភាពប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ ដូច្នេះនៅដំណាក់កាលដំបូងដូចជាពេលនេះជាដើម ការធានាខ្សែចង្វាក់ទំនាក់ទំនង ការបង្កើតស្ថាប័នការទូត និងធ្វើឱ្យប្រាកដប្រជារវាងប្រទេសកាណាដា និងប្រទេសកម្ពុជា គឺជារឿងមួយដែលខ្ញុំគិតថាជាអាទិភាពចម្បងរបស់រដ្ឋាភិបាលទាំងពីរនៅពេលនេះ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិជាដើម បានរិះគន់កម្ពុជាជាបន្តបន្ទាប់ពីការធ្លាក់ចុះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយសារការកើនឡើងនូវការបំបិទសិទ្ធិបញ្ចេញមតិ ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងសង្គមស៊ីវិលជាដើម។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាតែងការពារថា កម្ពុជាជាប្រទេសនីតិរដ្ឋ និងគោរពលទ្ធិប្រជាធិបតេយ្យពេញលេញ។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពី លោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដាប្រចាំរាជធានីភ្នំពេញ និងលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា ដែលមានទីលំនៅនៅទីក្រុងបាងកក ប៉ុន្តែអ្នកទាំងពីរមិនទាន់ឆ្លើយតប។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី១៥ ខែតុលាថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដាមានការរីកចម្រើនគួរឱ្យកត់សំគាល់ ទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការបោសសំអាតមីន ព្រមទាំងការកើនឡើងខ្លាំងនូវចំនួនអ្នកទេសចរណ៍កាណាដានៅកម្ពុជា។
លោកបន្ថែមថា សម្រាប់ពេលវេលានៃការបើកស្ថានទូតកាណាដានៅកម្ពុជា គឺអាស្រ័យទៅលើការសម្រេចរបស់ភាគីកាណាដា ហើយក្រសួងការបរទេសកម្ពុជាត្រៀមផ្តល់ការគាំទ្រ និងការសម្របសម្រួលពេញលេញ។
កាណាដាជាប្រទេសប្រជាធិបតេយ្យធំមួយ និងមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាសរុបជិត ៨៩៦ លានដុល្លារ ដោយគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសកាណាដាមានទំហំទឹកប្រាក់ជិត ៨៥០ លានដុល្លារ ហើយការនាំចូលទំនិញពីកាណាដាមកកម្ពុជាមានជាង ៤៧ លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)៕