ការិយាល័យស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃចន្ទនេះប្រកាសបិទជាផ្លូវការនិងឈប់ធ្វើការ ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដោយសាររដ្ឋាភិបាលស៊ុយអែតសម្រេច បញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។
ស្ថានទូតបានបង្ហោះសារនៅលើទំព័រហ្វេកប៊ុកចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ ថា៖ « ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកនឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី ១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជាយោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិកត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍របស់ស៊ុយអែតក្នុងទីក្រុង Stockholm។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីការិយាល័យស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញបាននៅឡើយទេ។
រដ្ឋាភិបាលស៊ុយអែតបានប្រកាសការបិទស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញកាលពីចុងឆ្នាំ ២០២១។ រដ្ឋាភិបាលនេះមិនបានបញ្ជាក់មូលហេតុឲ្យចំនោះទេ។ មុននឹងការសម្រេចបិទស្ថានទូតនេះ ស៊ុយអែតក៏បានសម្រេចបង្វែរជំនួយសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជាប្រមាណ ២០ លានដុល្លារអាមេរិក ទៅជាជំនួយលើការគាំទ្រការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែខ្លាំងក្លា។ រដ្ឋាភិបាលស៊ុយអែតបញ្ជាក់កាលនោះថា លំហប្រជាធិបតេយ្យនៅកម្ពុជាមាន «ការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេថា ស៊ុយអែតគឺជាប្រទេសសេរី ដែលបានជួយរដ្ឋាភិបាលនិងអង្គការសង្គមស៊ីលនៅកម្ពុជាច្រើន។
លោក នី សុខា សម្តែងការសោកស្តាយពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតនៅកម្ពុជា។ លោកថា ការបិទនេះនឹងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលកម្ពុជាផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងទេយើងគិតថា អ្វីដែលជាការដកស្ថានទូតនេះគឺថា វាចង់ មិនចង់ វាអាចនឹងប៉ះពាល់ ជាពិសេសគឺប៉ះពាល់មួយផ្នែកដល់អង្គការសង្គមស៊ីវិល ដែលទទួលបានជំនួយពីស៊ុយអែតកន្លងមកនេះ ដែលជំនួយទាំងនោះពាក់ព័ន្ធនឹងការធ្វើយ៉ាងណាចូលរួមជាមួយរដ្ឋាភិបាលក្នុងការស្តារសិទ្ធិមនុស្សនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ»។
ប្រទេសស៊ុយអែតបានរិះគន់យ៉ាងខ្លាំងចំពោះការបង្រ្កាបរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៧ ដែលបានរំលាយគណបក្សប្រឆាំងចម្បង និងបង្ខំឱ្យស្ថាប័នព័ត៌មានឯករាជ្យបិទការិយាល័យ និងកំណត់គោលដៅបង្ក្រាបអង្គការមិនមែនរដ្ឋាភិបាល។
វីអូអេបានសុំការអត្ថាធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យជើងចាស់របស់គណបក្សប្រជាជនកម្ពុជា និងលោក ប៉ែន បូណា អ្នកនាំពាក្យរបស់រដ្ឋាភិបាល ប៉ុន្តែលោកឱ្យសុំការបកស្រាយពីអ្នកនាំពាក្យរបស់ក្រសួងការបរទេស។ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានប្រាប់វីអូអេថា៖ «យើងកំពុងរៀបចំការបំភ្លឺបញ្ហានេះ»។
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីបំភ្លឺនៅថ្ងៃច័ន្ទនេះថា ក្រសួងការបរទេសស៊ុយអែតបានជូនដំណឹងថា ការបិទការិយាល័យស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញក្រោមហេតុផលនៃការរៀបចំឡើងវិញនូវចំណុចអាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាពនិងសន្តិសុខនៅតំបន់ជិតខាងស៊ុយអែត ដោយឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោកបន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
កាលពីដើម ខែកុម្ភៈ ក្រោយស៊ុយអែតសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកអភិវឌ្ឍន៍ លោក ប៉ែន បូណា អ្នកនាំពាក្យរបស់រដ្ឋាភិបាលមើលឃើញថា ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដោយសារប្រទេសម្ចាស់ជំនួយយល់ថា រដ្ឋាភិបាលកម្ពុជាបានបំពេញការងារទាំងនេះបានល្អប្រសើរហើយមិនចាំបាច់មានជំនួយមកដល់អង្គការសង្គមស៊ីវិលឡើយ។
លោកប្រាប់វីអូអេថា៖ «រាជរដ្ឋាភិបាលបានខិតខំធ្វើការងារគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋលើគ្រប់វិស័យ មានទាំងវិស័យអប់រំ សុខាភិបាលអីគ្រប់បែបយ៉ាង អ៊ីចឹងប្រទេសស៊ុយអែតមិនបាច់់ចំណាយលុយដល់អង្គការក្រៅរដ្ឋាភិបាលទៀតទេ»។ លោក ប៉ែន បូណា បន្ថែមថា៖ «អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបំពេញការងារជួយកម្ពុជាបានច្រើន ប៉ុន្តែអង្គការសង្គមស៊ីវិលខ្លះសរសេររបាយការណ៍អាក្រក់»ពីកម្ពុជាដើម្បីទទួលបានជំនួយ»។
បើតាមវេបសាយរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា ទំនាក់ទំនងការទូតជាមួយកម្ពុជាត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៦១។ កាលពីខែសីហាឆ្នាំ ២០១០ ប្រទេសស៊ុយអែតបានបើកឲ្យមានស្ថានទូតនៅក្នុងប្រទេសកម្ពុជា និងបានប្រកាសការបិទកាលពីចុងឆ្នាំ ២០២១៕
វេទិកាបញ្ចេញមតិ