​​អ្នកវិភាគ​បារម្ភ​ពី​អនាគត​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​ ​ក្រោយ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន​ ​ទៅ​ប្រទេស​ចិន

រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិតបីចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ (Reuters)

បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​ជាថ្មី​ទៀត​ថា​​ខ្លួន​គាំទ្រ​នយោបាយ​ចិន​តែមួយ​ ​និង​ប្រឆាំង​រាល់​ការ​ប្រកាស​ឯករាជ្យ​ភាព​គ្រប់​ទម្រង់​របស់​តៃវ៉ាន់​ អ្នកវិភាគ​បាន​លើកឡើង​ពី​ការ​បារម្ភ​ថា ការ​​​បង្ហាញ​ការ​គាំទ្រ​ ​ឬ​មិន​គាំទ្រ​ប្រទេស​ណា​មួយ​ដោយ​ចំហ​ខ្លាំង​ពេក​ ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ នៅ​ពេល​ដែល​ស្ថានភាព​ពិភព​លោក​មាន​ការ​ប្រែប្រួល។

នៅ​សប្ដាហ៍​នេះ ​អ្នកវិភាគ​បង្ហាញ​ពី​ក្ដី​បារម្ភ​នា​នា​ចំពោះ​អនាគត​នៃ​ទំនាក់​ទំនង​អន្តរជាតិរបស់​កម្ពុជា ​ក្រោយ​រដ្ឋាភិបាល​ខ្មែរ​ប្រកាសជា​ច្រើន​ដង​ពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​នយោបាយ​ចិន​តែមួយ ហើយ​ប្រឆាំង​នឹង​ការ​ប្រកាសឯករាជ្យ​ភាព​របស់​កោះ តៃវ៉ាន់។

​កាលពី​ថ្ងៃ​ទី​២៣​ ខែ​មករា​ ​ឆ្នាំ​២០១៩​ ​កម្ពុជា​ ​និង​ចិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមគ្នា​មួយ​ដែល​មាន​១៤​ចំណុច ​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​៤​ថ្ងៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​ចិន។

​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ដែល​ធ្វើ​នៅ​រដ្ឋធានី​ប៉េកាំង​ ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​នោះ ​កម្ពុជា​បាន​ប្រ​កាស​ប្រឆាំង​ចំពោះ​ការប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​គ្រប់​ទម្រង់​ ​និង​អះអាង​ថា​ ​តៃវ៉ាន់​គ្រាន់​តែ​ជា​ផ្នែក​សំខាន់​មួយរបស់​ចិន​តែ​ប៉ុណ្ណោះ។

ចំណុច​ទី​១០​នៃ​សេចក្ដី​ថ្លែង​ការណ៍​រួម​នោះ​ បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

​«ភាគី​កម្ពុជា​សូម​បញ្ជាក់​សារ​ជា​ថ្មី​ ​នូវ​ការ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​មួយ​ ​ព្រមទាំង​ទទួល​ស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយ​គត់​ ​តំណាង​ឲ្យ​ប្រទេស​ចិន​ទាំង​មូល​ ​ហើយ​តៃវ៉ាន់​ជា​ផ្នែក​សំខាន់​មួយ​ ​នៃ​បូរណភាព​ដែនដី​របស់​ចិន។​ ភាគី​កម្ពុជា​សូម​ប្រឆាំង​ចំពោះ​ការប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​គ្រប់​ទម្រង់ ​ព្រមទាំង​បន្ត​គាំទ្រ​ការអភិវឌ្ឍន៍​ដោយ​សន្តិភាព​នូវ​ទំនាក់​ទំនង​ចិន​ ​និង​តៃវ៉ាន់​ ​និង​បុព្វហេតុ​ក្នុង​ការ​បង្រួប​បង្រួម​ចិន»។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​កម្ពុជា​ប្រកាស​គាំទ្រ​ចិន​តែមួយ​ ​ហើយ​ប្រឆាំង​នឹង​ការ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់។​ ​លោក​ ​ហ៊ុន សែន​ ​តែង​ប្រកាស​ជារឿយៗ​ថា​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែមួយ​ ​ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហូត​ទង់ជាតិ​តៃវ៉ាន់​លើ​ទឹកដី​កម្ពុជា​ផង​ដែរ។

រដ្ឋាភិបាល​ចិន​ បាន​ចាត់​ទុក​តៃវ៉ាន់​គឺ​ជា​កោះ​មួយ ​ដែលស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​ ​ប៉ុន្តែ​តៃវ៉ាន់​បាន​ប្រកាស​ខ្លួន​ថា​ជា​រដ្ឋ​ឯករាជ្យ​ ​មិន​ចំណុះ​រដ្ឋាភិបាល​ចិន​នោះ​ទេ។​ ​ប្រទេស​មួយ​ចំនួន​បាន​គាំទ្រ​តៃវ៉ាន់​ ​ថា​ជា​កោះ​មាន​អធិបតេយ្យ​ ​ដោយ​ក្នុង​នោះ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង។

លោក​បណ្ឌិត​ ​មាស នី​ ​អ្នក​ស្រាវជ្រាវ​ពី​ការ​វិវត្ត​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ ប្រាប់​ ​VOA​ ​ ​ថា​ការ​ប្រកាស​គាំទ្រ​ចិន​ ​ហើយ​ប្រឆាំង​នឹង​តៃវ៉ាន់​ ​គឺ​បង្ហាញ​ពី​ការ​ព្យាយាម​ចាប់​យក​ចិន​ធ្វើ​ជា​ខ្នង​បង្អែក​ដើម្បី​បន្ត​អំណាច​ ​ខណៈ​ដែល​ប្រទេស​អន្តរជាតិ​ធំៗ​មួយ​ចំនួន​កំពុង​រិះគន់​ការ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​របស់​កម្ពុជា។​

លោក​បន្ថែម​ថា​កម្ពុជា​គឺជា​ប្រទេស​តូច​ ដូច្នេះ​លោក​ថា​ការប្រកាសបង្ហាញ​ការ​គាំទ្រ​ ​ឬ​មិន​គាំទ្រ​ប្រ​ទេស​ណា​មួយ​ដោយ​ចំហ​ខ្លាំង​ពេក នឹង​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​វិបត្តិ​នៅ​ពេល​ដែល​ស្ថានភាព​ពិភព​លោក​មាន​ការ​ប្រែប្រួល។

លោក​បញ្ជាក់​ថា៖​

«រឿង​អស់​នេះ​វា​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ ថា​តើ​នៅ​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ណាមួយ​ក្នុង​ពិភព​លោក តើ​ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​នេះ​អាច​បត់​ទាន់​គេ​ដែរ​ឬ​អត់?​ ហើយ​ជា​បទ​ពិសោធន៍ ​ដែល​គេ​ឃើញ​ក្នុង​ពិភព​លោក ប្រវត្តិ​នៃ​សង្គ្រាម​លោក​ម្តងៗ​ ​តែ​កាលណា​មាន​វិបត្តិ​ពិភព​លោក​ម្តងៗ ប្រទេស​តូច​ខ្លះ​ត្រូវ​បាន​បាត់​ពី​ផែនទី​ពិភព​លោក​ដោយ​សារ​តែ​ប្រទេស​ហ្នឹង​ឯង​គឺ​ដើរ​អត់​ទាន់​ជាមួយ​ការ​វិវត្ត​នយោបាយ​ពិភព​លោក»។​

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​នៅ​កម្ពុជា ដែល​ធ្វើការងារ​ជិតស្និទ​ជាមួយ​នឹង​លោក​បណ្ឌិត​ កែម ឡី ដែល​ត្រូវបាន​ខ្មាន់​កំាភ្លើង​បាញ់​សម្លាប់។ (រូប​ដក​ស្រង់​ពី​ទំព័រ​ហ្វេកប៊ុក)

​ចំណែក​លោក​បណ្ឌិត​ ​អៀ សុផល​ ​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ ​និង​នយោបាយ​សកលនៅ​មហា​វិទ្យាល័យ​ ​Occidental​ ​សហរដ្ឋ​អាមេរិក​ ​ប្រាប់​ ​VOA​ ​តាមរយៈ​សារ​អេឡិចត្រូនិច​ ​ឬ​អ៊ីមែល​ថាក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជា​កំពុង​ទោរទន់​ទៅ​រក​ប្រទេស​ចិន​ ​និង​កំពុង​ប្រកាស​ប្រឆាំងតៃវ៉ាន់​ ​ដើម្បី​បង្ហាញ​ភក្ដីភាព​របស់​ខ្លួន ចំពោះ​ប្រទេស​ចិន។​ ​លោក​បន្ថែម​ថា​កម្ពុជា​គួរ​បង្ហាញ​ជំហរ​អព្យា​ក្រឹត្យ​តាមរយៈ​ការ​ចាត់​ទុក​ទាំង​ប្រទេស​ចិន​និង​តៃវ៉ាន់​គឺជា​មិត្ត។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ប្រទេស​កម្ពុជា​មិនមែន​ជា​រដ្ឋ​អព្យាក្រឹត្យ​នោះ​ទេ។​ ​វា​ច្បាស់​ណាស់​ថា​កម្ពុជា​គឺ​ស្ថិត​ក្រោម​រណប​របស់​ប្រ​ទេស​ចិន។​ ​ប៉ុន្តែ​ប្រសិនបើ​កម្ពុជា​ចង់​នៅ​អព្យា​ក្រឹត្យ​ ​កម្ពុជា​មិន​ត្រូវ​ធ្វើអ្វី​ដូច​ដែល​កម្ពុជា​កំពុង​ធ្វើ​បច្ចុប្បន្ន​នោះ​ទេ ​ហើយត្រូវ​ជៀសវាង​នូវ​ការ​ប្រកាស​ពី​ភាព​ស្មោះស្ម័គ្រ​ទាំង​អស់​នោះ»។​

រូបឯកសារ៖​ លោក អៀ សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យ Occidental College និយាយ​នៅ​ឯ​មូលនិធិ Heritage កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨។ (ស្រេង លក្ខិណា/VOA)

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ និង​លោក​ ​ជុំ សុន្ទរី​ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃសុក្រ​នេះ។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ចិន​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ជា​ម្ចាស់​បំណុល​ ​និង​ជា​ប្រទេស​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កម្ពុជា។

គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ចំនួន​ ​៦,៨២៥លាន​ដុល្លារ​អាមេរិក។​ ​ក្នុង​បំណុល​ដែល​ជំពាក់​បរទេស​សរុប​ ​កម្ពុជា​ជំពាក់​ចិន​ប្រមាណ​ជា​៤៨%​នៃ​បំណុល​សរុប។​ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​នាយកដ្ឋាន​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ។

រដ្ឋាភិបាលកម្ពុជា តែង​ប្រកាសប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ ​«ចិន​តែ​មួយ»​ ​ដែល​គាំទ្រ​មជ្ឈការ​អំណាច​នៃ​គណ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ទី​ក្រុង​ប៉េកាំង និង​ជំទាស់​រាល់​គំនិត​ទាមទារ​ឯករាជ្យ​ផ្ដាច់​ទឹក​ដី​និយម​ ​មិន​ថា​តែ​នៅ​កោះ​តៃវ៉ាន់​ ​ហុងកុង​ ​ម៉ាកាវ​ ​ទីបេ​ ​ឬ​ក៏​តំបន់​ខេត្ត​ស៊ីនជាំង​នៅ​ភាគ​ខាង​លិច​ប្រទេស​ចិន​នោះ​ទេ។

កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១២​ ​នៅ​ពេល​ដែលកម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ ​នៅ​ក្នុង​ប្រវត្តិ​ជាង​៤០​ឆ្នាំ​របស់​ខ្លួន ​អាស៊ាន​បាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​ ​នៅ​គ្រា​នោះ​ ​កម្ពុជា​បាន​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ ថា​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ព្យាយាម​រារាំង​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន។

ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋាភិបាល​កម្ពុជា​ រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​លើ​ពិភព​លោក ​ដោយ​ប្រទេស​ទាំង​នោះ​ ចាត់​ទុក​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​លទ្ធិ​ប្រជាធិបតេយ្យ និង​មិន​ស្រប​តាម​ច្បាប់។​

​យ៉ាង​ណា​ក្ដី​ ​ប្រទេស​ចិន គឺ​ជា​ប្រទេសស្ថិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​គាំទ្រ​ជ័យ​ជម្នះ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​នា​ពេល​នោះ៕