អ្នកវិភាគបានលើកឡើងថាសំណើបែងចែកសិទ្ធិទទួលផល៦០ភាគរយឲ្យទៅប្រទេសហ្វីលីពីន និង៤០ភាគរយឲ្យទៅប្រទេសចិននៃទីតាំងសម្រាប់បូមប្រេងឬឧស្ម័នដែលត្រូវបានរកឃើញរួមគ្នានៅដែនសមុទ្រមានជម្លោះនោះ បានជួយរដ្ឋាភិបាលក្រុងប៉េកាំងការពារទំនាក់ទំនងការទូតដែលមិនច្បាស់តែមានតម្លៃជាមួយរដ្ឋាភិបាលទីក្រុងម៉ានីល ក៏ដូចជាបង្ហាញពីភាពវិជ្ជមានរបស់ខ្លួនទៅដល់ប្រទេសជិតខាងផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីផងដែរ។
រដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានគេដកស្រង់សម្តីកាលពីថ្ងៃទី៣១ ខែកក្កដាថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងទទួលយកសំណើបែងចែកការគ្រប់គ្រងទៅលើតំបន់បូមយកប្រេងឥន្ធនៈដែលត្រូវបានរកឃើញនៅសមុទ្រចិនខាងត្បូងដែលប្រទេសទាំងពីរប្រជែងគ្នាទាមទារកាន់កាប់នោះ។
អ្នកវិភាគបាននិយាយថាចំណែកតិចជាងដែលបានចែកឲ្យទៅប្រទេសចិននឹងជួយរដ្ឋាភិបាលក្រុងប៉េកាំងឲ្យបង្ហាញពីភាពវិជ្ជមានរបស់ខ្លួនចំពោះការសង្ស័យដែលមាននៅក្នុងក្រសែភ្នែករបស់សាធារណជនក្នុងប្រទេសហ្វីលីពីន។ លោកប្រធានាធិបតី Duterte បានភ្ជាប់ទំនាក់ទំនងរឹងមាំជាមួយប្រទេសចិនចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីឆ្នាំ២០១៦មកដោយបានដាក់ជម្លោះអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសទាំងពីរឲ្យនៅដាច់ដោយឡែក។ ចិនបានផ្តល់ជាជំនួយនិងការវិនិយោគក្នុងប្រទេសហ្វីលីពីនជាការតបស្នងទៅវិញ។ ប៉ុន្តែការស្ទង់មតិនានាបានបង្ហាញថាជនជាតិហ្វីលីពីននៅតែមិនទុកចិត្តប្រទេសចិន។
ប្រទេសទាំងពីរធ្លាប់មានជម្លោះយ៉ាងល្វីងជូរចត់ជាមួយគ្នាជុំវិញការទាមទារកាន់កាប់សមុទ្រចិនខាងត្បូង ដែលពេលនោះតុលាការអាជ្ញាកណ្តាលអន្តរជាតិបានសម្រេចឲ្យរដ្ឋាភិបាលទីក្រុងម៉ានីលឈ្នះក្តីកាលពីពីរឆ្នាំកន្លងទៅ។
អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យហ្វីលីពីន Diliman បានថ្លែងថា៖ «រដ្ឋាភិបាលហ្វីលីពីនអាចប្រឈមនឹងការរិះគន់ជាច្រើនចំពោះសំណើបែងចែកនេះ ដោយសារតែអ្នកផ្សេងទៀតអាចនឹងលើកឡើងថា ចុះប្រសិនបើទីតាំងទាំងនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដែលនោះគឺជាកម្មសិទ្ធិរបស់ប្រទេសហ្វីលីពីនទៅហើយមានន័យថាតំបន់ទាំងនោះមិនគួរត្រូវបែងចែកឲ្យប្រទេសចិននោះទេ»។
ជម្លោះដែលមិនទាន់ដោះស្រាយ ការពង្រឹងយោធារបស់ចិន
លោកប្រធានាធិបតី Duterte បានអំពាវនាវឲ្យចងសម្ព័ន្ធភាពជាមួយនឹងចិនដោយលោកបានលើកឡើងថាដោយសារតែហ្វីលីពីនមិនអាចឈ្នះសង្គ្រាមជាមួយប្រទេសចិនបានទេ។ ប្រទេសចិនដែលមានកងម្លាំងយោធាខ្លាំងជាងគេនៅតំបន់អាស៊ី បានសង់ទីតាំងផ្ទុកសម្ភារៈយោធានៅលើកោះតូចៗចំនួន៣ក្នុងប្រជុំកោះ Spratly ស្ថិតនៅសមុទ្រចិនខាងត្បូង ដែលភាគីនីមួយៗបានអះអាងថាជាដែនអធិបតេយ្យភាពរបស់ខ្លួន។ ប្រទេសព្រុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងប្រទេសវៀតណាមក៏បានទាមទារសិទ្ធិកាន់កាប់នៅប្រជុំកោះ Spratlys នេះផងដែរ។
នាវារបស់ចិនបានរារាំងមិនឲ្យទូកនេសាទរបស់ហ្វីលីពីនចូលនេសាទនៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានទីតាំងនៅជិតកោះ Luzon របស់ហ្វីលីពីនកាលពីឆ្នាំ២០១២ ដែលការណ៍នេះបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះ និងបានឈានទៅដោះស្រាយនៅតុលាការអាជ្ញាកណ្តាលកាលពីឆ្នាំ២០១៦។
អ្នកស្រីសាស្ត្រាចារ្យ Atienza បានថ្លែងបន្តថា ពលរដ្ឋហ្វីលីពីនមួយចំនួនបានរិះគន់រដ្ឋធម្មនុញ្ញទាក់ទិននឹងការឲ្យប្រទេសចិនធ្វើការរុករកប្រេងនៅក្រោមសមុទ្រដែលពលរដ្ឋហ្វីលីពីនយល់ថាជាកម្មសិទ្ធិរបស់ពួកគេ។ មនុស្សមួយចំនួនទៀតបានលើកឡើងពីក្រុមហ៊ុនរុករកប្រេងឯកជននានា ឧទាហរណ៍ដូចជាក្រុមហ៊ុនរបស់ជប៉ុនដែលយល់ព្រមធ្វើការរុករកប្រេងនិងឧស្ម័នក្រោមបាតសមុទ្រដោយមិនគិតពីជម្លោះអធិបតេយ្យដែនសមុទ្រដែលកំពុងកើតឡើងនេះ។
សុឆន្ទៈរបស់ចិនចំពោះហ្វីលីពីន
អ្នកជំនាញនិយាយថាប្រសិនបើចិនចុះហត្ថលេខាយល់ព្រមទទួលយកចំណែក៤០ភាគរយនេះ វានឹងបង្ហាញពីសុឆន្ទៈរបស់ចិនចំពោះហ្វីលីពីន បើមិនដូច្នោះទេហ្វីលីពីននឹងស្វែងរកជំនួយពីសហរដ្ឋអាមេរិកដែលជាគូប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់ចិន។ លោក Carl Thayer សាស្ត្រាចារ្យឯកទេសខាងកិច្ចការអាស៊ីអាគ្នេយ៍នៃសាកល វិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលីបានថ្លែងថា «ការអភិវឌ្ឍរួមគ្នាក្នុងប្រទេសហ្វីលីពីនគឺជាបញ្ហាចម្រូងចម្រាសដូចដែលមានចែងនៅក្នុងច្បាប់នៃរដ្ឋធម្មនុញ្ញ។ ការទទួលយកចំណែកដែលតិចជាងនេះ នឹងធ្វើឲ្យចិនទទួលបានទស្សនៈវិជ្ជមានពីប្រជាពលរដ្ឋហ្វីលីពីន។ លោកប្រធានាធិបតី Duterte ប្រកាន់ជំហរសម្របសម្រួលមួយ ហើយចិនកំពុងទាញយកប្រយោជន៍ពីទង្វើនេះដោយសង្ឃឹមថានឹងអាចដាក់សម្ពាធដល់ប្រទេសផ្សេងទៀត»។
កិច្ចព្រមព្រៀងរុករកនៅតាមឆ្នេរសមុទ្រនៃកោះ Palawan របស់ហ្វីលីពីនជាមួយក្រុមហ៊ុនឯកជនក៏នឹងផ្តល់ប្រាក់ចំណូល៦០ភាគរយដល់រដ្ឋាភិបាលផងដែរ។
សារទៅកាន់បណ្តាប្រទេសអាស៊ីផ្សេងទៀត
ក្រុមអ្នកវិភាគជឿថាប្រទេសចិនមិនមែនចង់បង្កើតសន្តិភាពតែជាមួយហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់ធ្វើដូចគ្នាជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីដែលទាមទារអធិបតេយ្យភាពដែនសមុទ្រនេះផងដែរ។ ពួកអ្នកវិភាគបានលើកឡើងថាតាមរយៈការបង្ហាញពីសុឆន្ទៈនេះ ចិនអាចលុបបំបាត់ផលប៉ះពាល់នានាពីសាលក្រមតុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលសម្រេចមិនទទួលស្គាល់ការទាមទាររបស់ចិនទៅលើដែនសមុទ្រនេះ ហើយចិនអាចបញ្ឈប់ប្រទេសផ្សេងៗមិនឲ្យសុំជំនួយពីសហរដ្ឋអាមេរិកនោះទេ។
លោក Alan Chong សាស្ត្រាចារ្យរងផ្នែកការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Rajaratnam ក្នុងប្រទេសសិង្ហបុរីបាននិយាយថា កិច្ចព្រមព្រៀងបូមប្រេងដែលមានលក្ខណៈសម្រុះសម្រួលគ្នានេះអាចនឹងត្រូវដឹងឮនៅទូទាំងតំបន់អាស៊ីដែលប្រទេសចិនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយនៃគម្រោងផ្តួចផ្តើមឈ្មោះផ្លូវនិងខ្សែក្រវ៉ាត់មានទឹកប្រាក់ចំនួន១លានលានដុល្លារនិងមានរយៈពេល៥ឆ្នាំ។
លោកសាស្ត្រាចារ្យបានថ្លែងបន្ថែមថារដ្ឋាភិបាលក្រុងប៉េកាំងចង់រក្សាទំនាក់ទំនងល្អជាមួយប្រទេសជាសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន នៅស្របពេលដែលភាគីទាំងពីរកំពុងពិភាក្សាអំពីក្រមប្រតិបត្តិដើម្បីជៀងវាងគ្រោះថ្នាក់នានានៅក្នុងជម្លោះដែនសមុទ្រនេះ។
លោកសាស្ត្រាចារ្យ Alan Chong បានថ្លែងដូច្នេះថា៖ «ខ្ញុំគិតថាសញ្ញានេះបង្ហាញថាចិនចង់ធ្វើជាអ្នកផ្តល់ជំនួយមួយផ្សេងទៀត។ ហើយមួយវិញទៀតខ្ញុំគិតថាចិនក៏ចង់ជួយលោក Rodrigo Duterte តិចតួចដែរ ពីព្រោះថាលោក Duterte កំពុងប្រឈមការរិះគន់ជាច្រើនពីប្រជាពលរដ្ឋក្នុងប្រទេសរបស់លោកចំពោះការទោរទន់ទៅរកចិន ដោយការរិះគន់ទាំងនោះបានលើកឡើងថា លោក Duterte មានភាពជិតស្នាលជាមួយចិន ប៉ុន្តែលោកនឹងមិនទទួលបានអ្វីច្រើនពីចិននោះទេ»។
ប្រទេសចិននឹងបញ្ចប់កិច្ចព្រមព្រៀង
លោក Gregory Poling នាយកគម្រោងផ្តួចផ្តើមតម្លាភាពខាងនាវាចរណ៍តំបន់អាស៊ីដែលស្ថិតនៅក្រោមមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនិយាយថា ប្រទេសចិនប្រហែលជាមិនយល់ព្រមតាមកិច្ចព្រមព្រៀងបែងចែក៦០និង៤០ភាគរយនេះទេ ដែលកិច្ចព្រមព្រៀងនោះតម្រូវឲ្យក្រុមហ៊ុនខួងយកប្រេងចិនត្រូវមានអាជ្ញាប័ណ្ណពីប្រទេសហ្វីលីពីននៅក្រោមច្បាប់របស់ហ្វីលីពីន។
លោក Alexander Huang សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៃសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់បានថ្លែងថា អាជ្ញាប័ណ្ណពាណិជ្ជកម្មពិតប្រាកដមួយអាចជួយលុបបំបាត់ជម្លោះនយោបាយបាន។
លោកបានព្រមានថាប្រទេសចិនប្រហែលជាមិនចង់ធ្វើតាមការសន្យារបស់ខ្លួនទេ។ លោកបានថ្លែងបន្ថែមថា៖ «ប្រទេសចិនជួនកាលមិនគោរពតាមការប្តេជ្ញារបស់ខ្លួនទេ។ ចាប់ផ្តើមដំបូងអាចមានរបាយការណ៍ជាច្រើន ប៉ុន្តែជួនកាលតួលេខថវិកាមិនដូចគ្នាទៅនឹងរបាយការណ៍នោះទេ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា