អ្នក​ជំនាញ៖ វប្បធម៌​សន្ទនា​រឹងមាំ​បើ​កម្លាំង​នយោបាយ​ប្រហាក់​ប្រហែល​គ្នា

លោក ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​ម្នាក់​ចូល​រួម​ជា​វាគ្មិន​​នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello VOA ប្រចាំ​ខែ​អំពី​អភិបាលកិច្ច​ល្អ​ជាមួយ​លោក ម៉ែន គឹមសេង នៃ VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

ប្រសិទ្ធភាព​នៃ «វប្បធម៌​សន្ទនា‍» ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ​នៅ​មាន​កម្រិត​នៅឡើយ​បើ​ទោះបី​ជា​មាន​ផល​វិជ្ជមាន​ខ្លះ​ក៏ដោយ។ នេះ​ដោយសារ​តែនៅមាន​ការចាប់ខ្លួនសកម្មជន​នយោបាយ​និង​ការដោះស្រាយ​បញ្ហា​រំលោភសិទ្ធិ​ពលរដ្ឋមិន​បាន​ធំដុំ​។ នេះ​បើតាមការ​សង្កេត​របស់​អ្នក​ឯកទេស​។​

លោក​ឱក សេរីសុភក្តិ អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​បញ្ជាក់ក្នុង​កម្មវិធីHello VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថានៅ​ពេល​ដែល​ប្រទេស​កម្ពុជាខិត​កាន់​តែ​ជិត​ដល់​ការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ពលរដ្ឋ​នឹង​កាន់​តែ​មាន​ចម្ងល់​ថា​តើ​បញ្ហា​មួយចំនួន​ដែល​ក្តៅ​ជាងនេះ​ទៅទៀត​វានឹង​ធ្វើ​ឱ្យ​វប្បធម៌​សន្ទនា​នេះ​ទទួល​បាន​ផល​តិចតួច​ទៀត​ឬយ៉ាងណា?

«ខ្ញុំ​គិត​ថា​ទោះបី​ជាមាន​លក្ខណៈ​វិជ្ជមាន​ខ្លះ​ក៏ដោយ​ក៏ប៉ុន្តែ​បញ្ហា​ធំៗ​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទាំងមូលឃើញថា​ប្រសិទ្ធភាព​នៃ​វប្បធម៌​សន្ទនា​ហ្នឹង​នៅមាន​កម្រិត‍»។​

បញ្ហា​វិជ្ជមាន​ដែល​កើត​មាន​ឡើង​ត្រូវ​បាន​លោក​សង្កេតឃើញ​ថា​មាន​ដូចជា​រដ្ឋសភា​បាន​ដំណើរការ​ពេញលេញ ការ​បង្កើត​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត បង្កើត​គណៈកម្មការ​ទី១០ ស​ម្រាប់​ដោះស្រាយ​បញ្ហា​ពុករលួយ ការចាប់​បញ្ជូន​ចេញ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​និង​ការ​បន្ថយ​ការ​វាយ​ប្រហារ​ដោយ​សំដី​ខ្លាំងៗ​ដាក់​គ្នា។​

ប៉ុន្តែ​នៅថ្ងៃ​ទី​២១​ខែ​កក្កដា​ គឺ​មាន​រយៈពេលមួយថ្ងៃនៅ​មុន​ខួប​មួយឆ្នាំ​នៃ«​វប្បធម៌​សន្ទនា‍»តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧ឆ្នាំ​ដល់​២០ឆ្នាំពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យកាលពីឆ្នាំ​២០១៤។

មន្ត្រីនៃគណបក្ស​ប្រជាជន​កម្ពុជា​ដែលបាន​គ្រប់​គ្រង​ប្រទេស​ជាង៣០ឆ្នាំអះអាង​ថា​ពួកគេ​មិន​អាច​ប្រើ​ប្រាស់​វប្បធម៌​សន្ទនា​នេះ​ដើម្បី ដោះលែង​ជន​ទាំងនោះ​បាន​ទេ។ ​

លោក​ឱក សេរីសុភក្តិ​យល់​ថា​ជំហរ​ដូចនេះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ជួយ​សម្រួល​ដល់​ស្ថានការណ៍​ដែល​តាន​តឹង​នាពេលបច្ចុប្បន្ន​ទេ៖

«បើ​សិន​ជា​ប្រើ​ការ​ចរចា​នយោបាយ​ហើយ​នឹង​វប្បធម៌​សន្ទនា​មិន​បាន​ការ​ហើយនៅ​តែ​និយាយ​ថា​ជាបញ្ហា​តុលាការ​ទៀត​ ខ្ញុំ​គិត​ថា​វប្បធម៌​សន្ទនា​អាច​នឹង​មាន​បញ្ហា​មែនទែន‍»។​

ការខ្វែងគំនិតគ្នា​រវាង​គណបក្ស​ទាំងពីរ​លើ​ការអនុម័ត​សេចក្តីព្រាងច្បាប់​សមាគម​និ​ងអង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​នាំ​ឱ្យ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ពិភាក្សា​ច្បាប់​នេះ​ជា​ចំណុច​ច្បាស់​ពីការ​ដើរថយ​នៃ​វប្បធម៌​សន្ទនានេះ។

ក្រៅពី​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​រវាង​គណបក្ស​ធំៗ​ទាំងពីរ​លោក​ឱក សេរីសុភក្តិ​យល់​ថា​មេដឹកនាំ ​នយោបាយ​គួរ​តែ​យក​វប្បធម៌​នេះ​មក​ដោះស្រាយ​បញ្ហា​ជាតិផងដែរ៖

«គួរតែ វប្បធម៌​សន្ទនា​នេះ​គ្របដណ្តប់​ទៅ​លើ​បញ្ហា​ជាតិ​ធំៗ​ឱ្យ​ច្រើន​។ មាន​ដែរ​បញ្ហា​គណបក្ស​ទាំងពីរ​នេះ​ក៏​និយាយ​ចុះ​ប៉ុន្តែ​ឱ្យ​និយាយ​បញ្ហា​ប្រជាពលរដ្ឋ​ បញ្ហា​កង្វល់​ការរស់​នៅ​របស់​ប្រជាពលរដ្ឋ​ អំពើ​ពុករលួយ​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​សព្វថ្ងៃ​ ដីធ្លី​របស់​គាត់​ ព្រៃ​ឈើ​របស់​គាត់​ហ្នឹង​ គួរ​តែ​និយាយ​ឱ្យ​បាន​ច្រើន​ហើយ​ក្នុង​លក្ខណៈ​ចំហរ​តម្លាភាព​ទៅទៀត​ កុំ​ឱ្យ​តែ​លំៗ​រវាង​គណបក្ស​ទាំងពីរ​ហ្នឹង​‍»។

លោកយល់ដែរថា«​វប្បធម៌​សន្ទនា‍»​អាច​ធ្វើ​ទៅបាន​លុះ ណា​តែ​កម្លាំង​ទាំងសងខាងមាន​ប្រហាក់​ប្រហែលៗ​គ្នា​និង​មានតុល្យភាព​នៃ​កម្លាំង​នយោបាយ​។ នេះ​បាន​សេចក្តីថា​បើសិន​ជា​ប្រជាពលរដ្ឋ​នៅ​បន្ត​គាំទ្រ​ខ្លាំង​ទៅលើ​គណបក្ស​សង្គ្រោះជាតិ​ដូច​ដែលគណបក្ស​នេះ​ទទួល​បានកាលពី​មួយឆ្នាំ​មុន។

«ខ្ញុំ​យល់​ថា​គណបក្ស​កាន់​អំណាច​នឹង​នៅ តែ​ត្រូវ​ការ​វប្បធម៌​សន្ទនា​ព្រោះមិន​អាច​ឈ្នះ​ដាច់​ទេ​នៅ​តែ​ត្រូវ​ការ​ព្រោះ ដើម្បី កុំ​ឱ្យ​ប្រជាពលរដ្ឋ​វាយ​ប្រហារ​ខ្លាំង​ត្រូវ​តែ​សន្ទនា​ជាមួយ​អ្នក​ដែល​ប្រជាពលរដ្ឋ​គាំទ្រ‍»៕