ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាគម​សិទ្ធិមនុស្ស​ស្នើឲ្យ​ប្រើ​ប្រាស់​ «វប្បធម៌​សន្ទនា​​​​​​​​» ដោះ​ស្រាយវិវាទ​ដីធ្លី​


លោកធន់ សារាយ ប្រធាន​សមាគមសិទ្ធិមនុស្ស​អាដហុក​ធ្វើ​សនិ្នសីទកាសែត​នៅ​ការិយាល័យ​កណ្តាល​សមាគមសិទ្ធិមនុស្ស​​អាដហុក​ ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​២០១៤​ និង​៦ខែដើម​ឆ្នាំ​២០១៥។​ សន្និសីទកាសែត​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី​២២ខែ​កក្កដាឆ្នាំ​២០១៥។ (ហ៊ុល រស្មី​/VOA)

លោក​ធន់ សារ៉ាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​នៅ​ថ្ងៃ​ពុធ​នេះ ទទូច​ឲ្យ​មេដឹកនាំ​គណបក្ស​នយោ​បាយធំ​ពីរ​នៅ​ក្នុង​រដ្ឋសភា​ជាតិ​យក​ «វប្បធម៌សន្ទនា»​ មក​ដោះសា្រយ​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ ដែល​បាន​កើត​ឡើង​ និងប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ខ្មែររាប់​ម៉ឺន​នាក់នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ទោះ​ជា​ចំនួន​នៃ​វិវាទ​បាន​ថយ​ចុះ​បន្តិច​ក្តី​នៅ​ក្នុង​អំឡុង​ពេល​៦ខែ​ដំបូង​ក្នុងឆ្នាំ​២០១៥​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​ទីស្នាក់​ការ​កណ្តាល​របស់​សមាគម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ លោក​ធន់ សារ៉ាយ​បាន​ថ្លែង​ថា​វប្បធម៌​សន្ទនា​ ជា​ឧបករណ៍​នយោបាយមួយ​ដែល​អាចប្រើ​សម្រាប់​ជម្រះទំនាស់​ដី​ធ្លី​រ៉ាំរ៉ៃ​ធំៗ​បាន​មួយ​ចំនួនរវាង​ប្រពល​រដ្ឋ​ខ្មែរ​ និង​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

«អញ្ជឹង​ហើយ​បាន​ជា​យើង​សូម​ធ្វើ​ការ​អំពាវនាវ​ពី​ពេល​នេះ​ទៅ​ ថា​ឲ្យ​លោក​មេត្តា លើក​ក្រោយ​បើ​បាន​ជួប​គ្នា​ទៀត​ សូម​មេត្តា​យក​បញ្ហា​រឿង​ដី​ធ្លី​ដែល​នៅ​រ៉ាំរ៉ៃ​នេះ​យក​ទៅ​ជជែក​គ្នា​ផង​ ហើយ​ជា​ពិសេស​សភា​ទាំង​ពីរគណបក្សមាន​ហើយ​ គឺ​ខាង​គណៈកម្មាការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង​ទាំង​រដ្ឋសភា​ ទាំង​ព្រឹទ្ធសភា​មាន​ដូចគ្នា​ដឹង ហើយ​ក៏បាន​ទទួល​ព័ត៌មាន​នេះ​ក៏​ច្រើន​ដែរ​ ប៉ុន្តែ​បើ​ត្រូវ​ការ​ព័ត៌មាន​បន្ថែមពី​អាដហុក​ទៀត​ ​update យើង​អាច​ផ្តល់​ជូន​ថែម​ទៀត​ ​ដើម្បី​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​ហ្នឹង​ឲ្យ​វាគ្រប់​ជ្រុង​ជ្រោយ​ ក្នុង​ការ​សម្រេចចិត្ត​ ក្នុង​ការដោះ​ស្រាយ»។​ ​

​លោកធន់ សារាយ​បន្ត​ថា​ ទំនាស់​ដី​ធ្លី​រ៉ាំរ៉ៃ​ជាច្រើន​បាន​នៅ​ជាប់​គាំង​ហើយ​ដោះ​ស្រាយ​មិន​ចេញ​ ដោយសារ​កង្វះ​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​ប្រទេស​ និង​រនាំង​បុណ្យ​ស័ក្តិ​ធំៗ​របស់​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន ​ដែល​រារាំង​ដល់​ការ​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​។ លោក​បាន​ពន្យល់​អំពី​ទំនាស់​មួយ​ចំនួន​យ៉ាង​ដូច្នេះ​ថា៖

«ដូច​យើង​ដឹង​ហើយ​សុទ្ធ​តែ​រឿង​ក្រុម​ហ៊ុន ​ដែលអ្នក​សារព័ត៌មាន​យើង​ដឹង​ជា​ទូទៅ​ហើយ​ មិន​ពិបាក​ទេ​សុទ្ធ​តែ ដូច​ជា​ក្រុមហ៊ុន​ចំការ​អំពៅ​ ក្រុម​ហ៊ុន​នៅ​ឡ​ពាង​ ក្រុមហ៊ុន​នៅ​កោះ​កុង​ ក្រុម​ហ៊ុន​ចិន​ដែល​នៅ​កោះ​កុង ដូច​ជានៅ​មេមត់​ នៅ​រ៉ាំរ៉ៃ​នៅ​ហ្នឹង​ នៅ​មណ្ឌលគិរី​សុទ្ធ​តែ​ប៉ះ​ជាមួយ​អ្នក​ខ្លាំង​ៗ នៅ​រតនគិរី​សុទ្ធ​តែ​ដី​របស់​អ្នក​ដែល​មាន​អំណាច​ខ្លាំង​ៗ នៅ​ក្នុង​រដ្ឋាភិបាល​មួយ​ចំនួន​ ប៉ុន្តែ​សុទ្ធ​តែ​ជា​អ្នក​ដែល​យើង​ពិបាក​ដោះ​ ហើយ​ខេត្ត​ក៏​ពិបាក​ដោះ​ដែរ​»។​ ​

ការស្នើ​សុំ​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល​គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​សម រង្សី​ ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ យក​វប្បធម៌​សន្ទនា​មក​ដោះស្រាយ​វិវាទ​ដី​ធ្លី​នេះ​ កើត​មាន​ឡើង​នៅ​ពេល​ដែល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បញ្ចេញ​របាយការណ៍​បង្ហាញ​ពី​ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤​ និង​ប្រាំមួយ​ខែ​ដំបូង​ឆ្នាំ២០១៥។​

របាយការណ៍​ដែល​ដាក់​ចំណង​ជើង​ថា​ «ដី​របស់​នរណា?»​ របស់​សមាគម​អាដហុក​ឲ្យ​ដឹងថា​ នៅ​ក្នុង​ឆ្នាំ​២០១៤​ សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​១៤០​ ពាក់​ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដី​ធ្លី ដែល​មាន​ផល​ប៉ះពាល់​សរុប​យ៉ាង​ហោច​ណាស់​ចំនួន​២៤,៧០៨​ហិកតា​ និង​ប្រជាពលរដ្ឋ​ចំនួន​៩,៩៥៨​គ្រួសារ​។​ ខេត្ត​ដែល​ប៉ះពាល់​ច្រើន​បំផុត​ គឺខេត្ត​សៀម​រាប​ មាន​២៨​ករណី ខេត្ត​កំពង់ចាម​ មាន​១២​ករណី និង​ខេត្ត​បន្ទាយមាន​ជ័យ​មាន​ចំនួន១២​ករណី។​

នៅ​ក្នុង​អំឡុង​ពេល​៦ខែ​ដំបូង​ក្នុង​ឆ្នាំ២០១៥​ សមាគម​អាដហុក​បាន​ទទួល​៦៦​ពាក្យ​បណ្តឹង​ ដែល​ពាក់​ព័ន្ធ​ជាមួយ​ប្រជា​ពលរដ្ឋ​ចំនួន​៣,៥៦៤​គ្រួសារ​ លើ​ផ្ទៃដី​ចំនួន​ ៨,៦៦៨.៧៣​ហិកតា​។ បើ​ប្រៀធៀប​ទៅ​នឹង​៦​ខែ​ដំបូង​ក្នុង​២០១៤​ គឺ​ពាក្យ​បណ្តឹង​មាន​ការ​ថយចុះ​ ដោយ​សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្តឹង​ ៧៩​ពាក្យ​បណ្តឹង​ទាក់​ទង​ជាមួយ​៥,៩៩៤គ្រួសារ​ និង​១៩,​៤៥៥ហិកតា។​

​ របាយការណ៍​ដដែល​នេះ​បាន​កត់​សម្គាល់​ជាមួយ​នឹង​កង្វល់ថា​ ទាហាន​ ឬ​បុគ្គល​មាន​អំណាច​ និង​បុគ្គល​ដែល​មាន​ខ្នង​បង្អែក​ដូចជា​ ឧកញ្ញ៉ា និង​ទីប្រឹក្សា​របស់​មន្ត្រី​ មាន​អំណាច​ខ្ពង់​ខ្ពស់​បន្ត​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លីនេះ​។​

ទាក់​ទិន​នឹង​ការប្តឹង​ផ្តល់​វិញ​ សមាគម​អាដហុក​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ និង​បាន​ចាប់​ខ្លួន​សកម្មជន​ចំនួន​១២១នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ជម្លោះ​ដី​ធ្លី​។ ក្នុង​ចំណោម​១២១​នាក់​នេះ​ អ្នក​ដែល​គេ​ចោទ​ប្រកាន់​នេះ​ មាន​៦៨​នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ ហើយ​៦១​នាក់​ត្រូវ​បាន​គេ​ដោះ​លែង​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ មាន​៧​នាក់​បន្ត​នៅ​ក្នុង​ពន្ធនាគារ។​ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេល​៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៥​ មាន​តែ​១៨​នាក់​ប៉ុណ្ណោះ​ ត្រូវ​បាន​ចោទ​ប្រកាន់។​ ក្នុង​ចំណោម​ជន​ទាំង​នេះ​ មាន​១២​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ ហើយ​៩នាក់​ត្រូវ​បាន​បន្ត​ឃុំ​ខ្លួន​ រីឯ​៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះ​លែង​ ខណៈ​ដែល​៦នាក់​ទៀត​ ត្រូវ​បាន​គេ​ចេញដី​ការ​ចាប់​ខ្លួន​បន្ត។​

លោក​សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការណ៍​ជាច្រើន​រួច​ទៅ​ហើយ​ ដើម្បី​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អ្នក​មាន​អំណាច​លុយ​កាក់ ដោយ​រដ្ឋាភិបាល​បាន​ចាប់​ឃុំ​ខ្លួន​មន្ត្រី​មួយ​ចំនួន​ដាក់​ក្នុង​ពន្ធនាគារ​ ហើយ​ថា​វប្បធម៌សន្ទនា​គឺ​បញ្ហា​នយោបាយ​ដាច់​ដោយ​ឡែក​ពី​កិច្ចការ​បច្ចេកទេស​សម្រាប់​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​។​

«អាហ្នឹង​មិនមែន​រឿង​នយោបាយ​ទេ​ អា​បញ្ហា​ដី​ធ្លី​នេះ​ វាបញ្ហា​បច្ចេកទេស​។ អញ្ជឹង​ទេវប្បធម៌​សន្ទនា ឬ​មួយ​ក៏​កិច្ចព្រម​ព្រៀង​នយោបាយ​ វា​ជា​រឿង​នយោបាយ​ វា​ខុស​គ្នា​ពី​ហ្នឹង​។ ហើយ​យើង​ទៅ​យក​រឿង​នយោបាយ​ទៅ​គ្រប​ដណ្តប់​លើ​ច្បាប់​ លើ​រដ្ឋ​ធម្មនុញ្ញ​ម៉េច​បាន​»។

លោក​អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង​អង្កេត​ និង​ទំនាក់​ទំនង​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​ ពុំ​អាច​បញ្ជាក់​ពី​ចំនួន​ពាក្យប​ណ្តឹង​ ដែល​គណៈកម្មាការ​លោក​ទទួល​បាន​ទេ​ តែ​បាន​បញ្ជាក់​ថា​ទំនាស់​ដី​ធ្លី​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ដោះ​ស្រាយ គឺ​ច្រើន​ជា​ទំនាស់​ដែល​កប់​មក​យូរ​ឆ្នាំ​ ហើយ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​រក​ដំណោះ​ស្រាយ។

«បញ្ហា​ដី​ធ្លី​នេះ​ យើង​មិន​អាច​ដោះ​ស្រាយ​ភ្លាម​ៗ​បាន​ទេ ព្រោះ​រឿង​ខ្លះ​វា​កើត​យូរ​ឆ្នាំ​ កើត​យូរ​ឆ្នាំ​ វា​មាន​ភាព​រ៉ាំរ៉ៃ​ដូច​ជំងឺ​អញ្ចឹង​ឯង។ ត្រូវ​ហើយ​កាល​ណា​ព្យាបាល​ជំងឺ វា​មិនមែន​ដាក់​ថ្នាំ​ភ្លាម​ព្យាបាល​ជា​ភ្លាម​ទេ​ យើង​ត្រូវធ្វើ​ការទាំង​អស់​គ្នា»។

លោក​បាន​បន្ថែម​ថា​ លោក​សម រង្សី​ ប្រធាន​សម្លេង​ភាគ​តិច​ក្នុង​រដ្ឋសភា​ក៏​ធ្លាប់​ប្រើ​ប្រាស់​វប្បធម៌​សន្ទនា​នេះ​ ដើម្បី​ស្វះស្វែក​រក​ច្រក​ចេញ​ដល់​ទំនាស់​ដី​ធ្លី​ធំៗ​មួយ​ចំនួន​ផងដែរ​។​

«ជា​ការពិត​ហើយ​ តែ​កាល​ណា​រឿង​ធំៗ​អញ្ចឹង​ពេល​ខ្លះ​ឯកឧត្តម​ប្រធាន​ពេល​ជួ​ប​ជាមួយ​សម្តេច​នាយក​គឺ​លោក​តែង​តែ​បាន​និយាយ​ដែរ​ គឺ​បាន​ជជែក​គ្នា​ដែរ​ណា៎​ ហើយ​ក៏​នៅក្នុង​នោះ​ក៏យើង​ឃើញ​ថាមាន​វិធានការណ៍មួយ​ចំនួន​ដែរ​ »។​

លោក​អ៊ូ វីរៈ​ ប្រធាន​អង្គការ​វេទិការ​អនាគត​ យល់​ឃើញ​ថា​ វិបត្តិ​ដី​ធ្លី​គួរ​ជា​ប្រធាន​បទ​អាទិភាព​មួយ​នៃ​វប្បធម៌​សន្ទនា​របស់មេដឹកនាំ​គណបក្ស​នយោបាយ​ក្នុង​រដ្ឋសភា​ជាតិ​ទាំង​ពីរ​ធ្វើការ​ជជែក​និង​ពិចារណា។ ប៉ុន្តែ​លោក​បាន​ព្យាករណ៍​ថា ​វប្បធម៌​សន្ទនា​នេះ​គឺ​គ្រាន់​តែ​ជា​វិធីសាស្រ្ត​នយោបាយ​សម្រាប់ការបែងចែក​អំណាច​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពី​រ​តែ​ប៉ុណ្ណោះ។​

«ការពិត​គួរ​ជា​រឿង​នៃ​មូល​ហេតុ​វប្បធម៌​សន្ទនា​ធំ​ជាង​គេ ​ហើយ​ទាក់​ទង​នឹង​រឿង​ដោះ​ស្រាយ​បញ្ហា​សម្រាប់​ប្រជា​ពលរដ្ឋ​ទាក់​ទង​នឹង​រឿង​ដី​ធ្លី​ក្តី​ទាក់​ទង​រឿង​ការ​បំពាន​ផ្សេងៗ​ដែល​តុលាការ​ពុក​រលួយ​ក្តី ​សុទ្ធ​តែ​រឿង​គួ​រ​ជជែក​គ្នា​រវាង​គណបក្ស​ទាំង​ពីរ»។

សមាគម​អាដហុក​បាន​ទទូច​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការចុះ​បញ្ជី​ដី​ធ្លី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ផង​ដែរ​ ពីព្រោះ​ថា​ភាព​យឺតយ៉ាវ​នៃ​ការចុះ​បញ្ជី​អាច​ធ្វើ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ប្រឈម​នឹង​ការ​បាត់​បង់​បន្ថែម​ទៀត​នៃ​ដី​ធ្លី​ជនជាតិ​ដើម​ភាគតិច​ ដី​កប់​ខ្មោច​ និង​ដី​ព្រៃ​ ដែល​គោរព​បូជា៕

XS
SM
MD
LG