អ្នកវិភាគយល់ថាការបែងចែកអាសនៈសភាមិនមានតុល្យភាពនឹងចំនួនពលរដ្ឋពិតប្រាកដនៅតាមខេត្តនីមួយៗដែលមានការប្រែប្រួលដោយសារតែការធ្វើចំណាកស្រុកនិងកំណើនពលរដ្ឋទេហើយស្នើឱ្យមានតម្លាភាពក្នុងការបែងចែក។
Your browser doesn’t support HTML5
លោកអ៊ូ វីរៈប្រធានវេទិការអនាគតដែលជាវេទិការស្រាវជ្រាវគោលនយោបាយបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថាខេត្តនិងក្រុងខ្លះមានចំនួនពលរដ្ឋកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះប៉ុន្តែចំនួនអាសនៈនៅដដែល។ ដូចជានៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៩៨មានពលរដ្ឋជិតមួយលាននាក់ប៉ុន្តែនៅឆ្នាំ២០១៥បានកើនឡើងដល់១.៨៣៥.០៩០ប៉ុន្តែចំនួនអាសនៈអ្នកតំណាងរាស្ត្រនៅតែ១២ដដែល។
រីឯខេត្តមួយចំនួនទៀតគួរតែបន្ថយអាសនៈដើម្បីរក្សាតុល្យភាពនៃសំឡេងសន្លឹកឆ្នោត។ លោកអ៊ូ វីរៈបានលើកឧទាហរណ៍ថាខេត្តព្រៃវែងមានប្រជាពលរដ្ឋចុះមកនៅសល់តែប៉ុន្មានសែននាក់ប៉ុន្តែអាសនៈមានចំនួន១១ គឺជិតស្មើទីក្រុងភ្នំពេញ។
លោកអ៊ូ វីរៈបានបន្ថែមថា៖
«អីចឹងបានន័យថាសំឡេងអ្នកបោះឆ្នោតនៅទីក្រុងភ្នំពេញប្រហែលជាបានមិនដល់ពាក់កណ្តាលនៃសំឡេងអ្នកបោះឆ្នោតនៅព្រៃវែងទេ។ អីចឹងបានន័យថាអ្នកបោះឆ្នោតនៅព្រៃវែងមានទម្ងន់ទៅលើអាសនៈជាតិនៅក្នុងសភាជាងទម្ងន់នៃអ្នកបោះឆ្នោតនៅទីក្រុងភ្នំពេញ។ នេះគឺជារឿងមួយដែលបង្ហាញពីភាពអតុល្យភាពមែនទែននិងអយុត្តិធម៌មែនទែនសម្រាប់ប្រជាពលរដ្ឋដែលនៅទីក្រុងភ្នំពេញ»។
ក្រុមអ្នកស្រាវជ្រាវនៃវេទិការអនាគតបានចេញផ្សាយអត្ថបទស្រាវជ្រាវខ្លីមួយកាលពីខែមករាដោយផ្តល់ការវាយតម្លៃថាអាសនៈនៅទីក្រុងភ្នំពេញគួរតែឡើងដល់១៥ហើយ ខេត្តព្រៃវែងគួរតែចុះមក៨អាសនៈ រីឯខេត្តបាត់ដំបងនិងសៀមរាបដែលមានពលរដ្ឋកើនឡើងដែរគួរតែឡើងដល់១០និង៩អាសនៈតាមលំដាប់រៀងៗខ្លួន។ នេះបើផ្អែកតាមរូបមន្តបែងចែកអាសនៈដែលមានចែងនៅក្នុងច្បាប់បោះឆ្នោតដែលសភាជាតិបានអនុម័តក្នុងឆ្នាំ១៩៩៧។
ប៉ុន្តែការចរចានយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣បែរជាបន្ថែមអាសនៈទៅខេត្តព្រះសីហនុដែលខុសពីរូបមន្តបែងចែកទៅវិញ។នេះបើតាមការបញ្ជាក់របស់លោកអ៊ូ វីរៈ។
លោកអ៊ូ វីរៈបានបន្ថែមថា៖
«កំពង់សោមគួរតែមានពីរទេមិនគួរមានបីទេ។ កិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរបានដាក់កំពង់សោមថែមពីរប៉ុន្តែអត់មានមូលហេតុឬរូបមន្តអ្វីដែលជាក់លាក់ឬក៏សមហេតុផលទេ។ អីចឹងគាត់ចេះតែនឹកឃើញគាត់ចេះតែស្នើគ្នាទៅហើយគាត់ចរចាគ្នាគាត់ថែមពីរ។ ការពិតគួរតែថែមមួយទេ»។
កម្ពុជាមិនបានបែងចែកហើយដំឡើងអាសនៈតាមច្បាប់បោះឆ្នោតដែលរដ្ឋសភាបានអនុម័តក្នុងឆ្នាំ១៩៩៧ទេ ហើយច្បាប់បោះឆ្នោតថ្មីក៏មិនបានចែងពីការបែងចែកអាសនៈដែរ។ លោកអ៊ូវីរៈបានលើកឡើងថាបើប្រើប្រាស់រូបមន្តកន្លងមកនេះគឺសភាគួរតែមានអាសនៈរហូតដល់១៣៩ឯណោះ។
បើទោះបីជាជំហរផ្ទាល់ខ្លួនរបស់លោកមិនគាំទ្រឱ្យមានការកើនឡើងអាសនៈច្រើនប៉ុន្តែលោកអ៊ូវីរៈយល់ថាការកើនឡើងអាសនៈនឹងមិនប៉ះពាល់ថវិការជាតិច្រើនទេបើប្រៀបធៀបនឹងផលប្រយោជន៍ដែលទទួលបានមកវិញ ក្នុងនោះមានដូចជាការមានគណបក្សនយោបាយច្រើននៅក្នុងរដ្ឋសភា។
«អ្វីមួយដែលគួរឱ្យចាប់អារម្មណ៍ប្រសិនបើជាឡើងអាសនៈដល់១៣៩គឺខ្ញុំមើលទៅគណបក្សតូចប្រហែលជាអាចមានអាសនៈនៅក្នុងសភាជាតិច្រើនជាង។ នេះគឺជារូបមន្តមួយដែលអាចធ្វើឱ្យមានពហុបក្សនៅក្នុងសភា។ ជារូបមន្តមួយដែលអាចល្អដែរសម្រាប់គណបក្សតូចៗ»។
លោកបន្ថែមថា៖ «អ្វីមួយដែលយើងសោកស្តាយមែនទែនគឺអត់មានពហុសំឡេងនៅក្នុងសភា»។
ក្នុងបរិបទប្រទេសកម្ពុជាគឺអ្នកតំណាងរាស្ត្រកម្រដើរខុសពីបន្ទាត់នយោបាយរបស់គណបក្សលើបញ្ហាជាច្រើនដែលនាំឱ្យលោកវីរៈយល់ថាបើមានគណបក្សនយោបាយច្រើននឹងធានាបានពហុសំឡេងនៅក្នុងរដ្ឋសភាជាតិ៕