អ្នក​វិភាគ​ថាការ​ប្តឹង​របស់​ចិនប្រឆាំង​នឹង​ការ​យក​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិកនឹង​មិន​ជួយ​បន្ធូរជម្លោះ​ពាណិជ្ជកម្ម​ទេ

រូបភាពឯកសារ៖ ស្បែក​ជើង​កូន​ក្មេង​ដែល​ធ្វើ​ដោយ​ចិន​ត្រូវ​បាន​ដាក់​លក់នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៨។

ប្រទេស​ចិន ​បាន​ដាក់​ពាក្យ​ប្តឹង​មួយ​ទៀត​នៅ​អង្គការ​ពា​ណិជ្ជកម្ម​ពិភព​លោក (WTO)បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ចាប់​ផ្តើម​យក​ពន្ធ​គយ​ចំនួន១៥​ភាគរយ​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​៣រយ​ពាន់​លាន​ដុល្លារ​នាំចូល​ក្នុង​សហ​រដ្ឋ​អាមេរិក។

ចិនបាន​ដាក់​ពាក្យ​ប្តឹង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បន្ទាប់ពី ​សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ចាប់ផ្តើម​យក​ពន្ធគយ​ចំនួន​១៥​ភាគ​រយ​លើទំនិញ​ចិន​ដែល​មាន​តម្លៃ​៣រយពាន់​លាន​ដុល្លារ​នាំចូល​ក្នុង​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ក៏​បាន​យក​ពន្ធគយ​ថ្មី​ពី​៥ទៅ​១០​ភាគរយ​លើទំនិញ​សហ​រដ្ឋ​អាមេរិក​ដែល​មាន​តម្លៃ៧៥ពាន់​លាន​ដុល្លារ​នាំ​ចូល​ក្នុង​ប្រទេស​ចិន ​រួមមាន​ប្រេង​ឆៅ ​ហើយ​នេះ​ជាសង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ធំ​ឡើង​រវាង​ប្រទេស​ទាំង២។

ខណៈ គោរព​កិច្ច​ព្រម​ព្រៀង​ពហុភាគី អ្នក​វិភាគ​ខ្លះទៀត ​និយាយ​ថា ចំណាត់​ការ​បែប​នេះ ​នឹង​លាត​ត្រដាង​ពី​អសមត្ថភាព​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ដែល​មាន​ទីតាំង​ក្នុង​ក្រុង​ហ្សឺណែវ​មិន​អាច​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំបង្អស់​២​របស់​ពិភពលោក ​ហើយ​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិត្យា​នុភាព​របស់​អង្គការ​ពាណិជ្ជកម្ម​នោះ។

កាល​ពី​ថ្ងៃ​ចន្ទ ​ក្រសួង​ពាណិជ្ជកម្ម​ចិន ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ការ​យក​ពន្ធគយ​នៅ​ពេល​ថ្មី​ៗ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​រំលោភ​យ៉ាង​ខ្លាំង​លើ​ការ​មូល​មតិ​ដែល​បាន​ធ្វើ​ឡើង​រវាង​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ​និង​ប្រធានា​ធិបតី​ចិន​ស៊ី ​ជីនពីង​ក្នុង​អំឡុង​នៃ​សន្និសីទ​កំពូល​G-20 ​នៅ​ក្នុង​ទីក្រុង​អូសាកា​ប្រទេស​ជប៉ុន។

​កាល​ពី​ចុង​ខែ​មិថុនា ​មេដឹកនាំ​ប្រទេស​ទាំង២ ​បាន​ព្រម​ព្រៀង​គ្នា​ចាប់​ផ្តើម​ការ​ចរ​ចា​ពាណិជ្ជកម្ម​ឡើង​វិញ​ហើយ​នឹង​បញ្ឈប់​ការ​យក​ពន្ធ​គយ​ថ្មី។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ប្រាប់​ឲ្យ​ដឹងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដាក់​ពាក្យ​ប្តឹង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​និង​ដើម្បីការ​ពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និង​ច្បាប់​ទម្លាប់ ពាណិជ្ជកម្ម​អន្តរ​ជាតិ។

នោះ គឺ​ជា​បណ្តឹង​លើក​ទី៣​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្តឹង​នៅឯអង្គការ​ពា​ណិជ្ជកម្ម​ពិភព​លោក(WTO)ប្រឆាំងការ​យក​ពន្ធគយដោយ​សហរដ្ឋ​អាមេរិកលើ​ទំនិញ​នាំ​ចេញ​របស់​ប្រទេស​ចិន។

ចិន បាន​ប្តឹង​ជាលើក​ដំបូង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​បន្ទាប់​ពី​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន ​បាន​យក​ពន្ធគយ​ចំនួន២៥​ភាគរយ​លើទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ ៥០ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ​និង​ម្តងទៀត​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​បាន​យក​ពន្ធគយ​ចំនួន​១០​ភាគរយ​លើ​ទំនិញ​នាំ​ចេញ​របស់​ចិន​ដែល​មាន​តម្លៃ​២រយ​ពាន់​លាន​ដុល្លារ។

ពួក​អ្នក​វិភាគ ​និយាយ​ថា រហូត​មកទល់​ពេល​នេះ ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​មិន​ទាន់​បាន​សម្រេច​អំពីពាក្យបណ្តឹង២​កាល​ពី​ពេល​មុន​របស់​ចិននៅឡើយ​ទេ ​ហើយ​ប្រហែល​មិនអាច​សម្រេចពាក្យ​បណ្តឹង​លើក​ទី៣​នៅ​ឆ្នាំ​ក្រោយ​ឬ២ឆ្នាំ​ទៀតនោះ​ទេ​គឺ មានតែយូរជាង​នេះ។

លោក Roy Leeអនុ​ប្រធាន​មជ្ឈមណ្ឌលWTO & RTA នៃ​វិទ្យាស្ថានស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច Chung Hua បាន​និយាយ​ថា «ទោះបី​ជា​គណៈកម្មការ​យន្តការ​ដោះ​ស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សម្រេច​ចាត់​វិធានការ​ទៅតាម​ការ​ស្នើសុំ​របស់​ចិន​ក៏ដោយ ​ការ​សម្រេច​នោះ នឹងក្លាយ​ជា​ការវិនិច្ឆ័យ​គ្មានបានការ ​ដែល​គ្មាន​ប្រទេស​ណា ​ហាក់ដូចជា​គោរពការ​ដោះស្រាយ​ការរង្កៀស​ចិត្ត​ខាង​ពាណិជ្ជកម្ម​របស់​ខ្លួនទេ»។

លោក Leeបាន​និយាយ​ទៀត​ថា «សកម្មភាព​ទាំង​នោះ​របស់​ពួកគេ ​ត្រូវប្រើ​ជា​អាវុធ​ខុសៗ​គ្នា​សម្រាប់​ពួកគេ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​សហរដ្ឋ​អាមេរិកនិង​ចិន។ ក៏ប៉ុន្តែខ្ញុំ​គិតថា ​ចំណាត់​ការ​រឿងក្តី​របស់​ចិន តាម​រយៈ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​អង្គការ​ពាណិជ្ជ​កម្ម​នោះ»។

លោកLeeបាន​និយាយ​បន្ថែម​ទៀត​ថា៖ «ការណ៍​នេះ នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិត្យានុភាព​និង​ធ្វើ​ឲ្យខូច​ប្រយោជន៍ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ខ្ញុំ​គិតថា ការណ៍​នេះនឹង​បង្ហាញថា អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក មិន​អាច​ដោះ​ស្រាយជម្លោះ​ពាណិជ្ជកម្មបាន ​ហើយ​ជា​ការកាត់​សេចក្តី​មិន​បាន​ការ»។

លោក​ប្រធានាធិបតី​ត្រាំ បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បើ​សហរដ្ឋ​អាមេរិក ​ចាញ់​រឿងក្តី​នេះ សហរដ្ឋ​អាមេរិក ​នឹង​មិន​ធ្វើ​ទៅតាម​ការ​វិនិច្ឆ័យរបស់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទេ។ កាល​ពីពេល​មុន ​លោក​ប្រធានា​ធិបតី​ត្រាំ បាន​គំរាម​កំហែង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទៀត​ផង។

សហរដ្ឋ​អាមេរិក ជជែក​ឲ្យ​ហេតុផល​ថា ខ្លួន​កំពុង​ដាក់​ទណ្ឌកម្ម​ចិន​ចំពោះ​ការ​លួច​កម្មសិទ្ធ​បញ្ញា ​ដែល​មិន​មាន​ចែង​ដោយ​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO)។

អត្ថបទ​ការ​ពារ​ខ្លួន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ប្រាប់​ឲ្យ​ដឹងថា ​ប្រទេស​ទាំង២ ​បាន​ព្រម​ព្រៀង​គ្នា​ថា ​មិនពឹង​ពាក់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន។

អត្ថបទ​នោះ ប្រាប់​ឲ្យ​ដឹង​ថា «ចិន ​បាន​សម្រេច​ដោយឯកតោភាគី​ដើម្បី​អនុ​វត្ត​វិធានការ​គោល​នយោបាយ​ឧស្សាហកម្ម​យ៉ាង​គឃ្លើន​ដើម្បី​លួចឬ​គាបសង្កត់​យក​បច្ចេក​វិទ្យា​មិន​ត្រឹមត្រូវ​ពី​ដៃ​គូ​ពាណិជ្ចកម្ម​របស់​ខ្លួន។ សហរដ្ឋ​អាមេរិក ​បាន​អនុវត្ត​វិធានការ​យក​ពន្ធ គយ​ដើម្បីព្យាយាម​លុបចោល​គោល​នយោបាយ​ការ​ផ្ទេរ​បច្ចេកវិទ្យា​មិន​ត្រឹមត្រូវ​និង​មិន​ថ្លៃថ្នូរ​របស់​ចិន»។

ភាព​មិន​ប្រាកដ​ប្រជា ​លេចចេញ​ឡើង​ថា តើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹងសម្រេច​លើ​រឿងក្តី៣​របស់​ចិន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​យ៉ាង​ដូច​ម្តេច។

ក៏ប៉ុន្តែ ​លោក Leeនិយាយ​ទៀត​ថា ចិន​មាន​ប្រៀប​បន្តិច​នៅពេល​ដែលអង្គការ​ពាណិជ្ជកម្ម​ពិភព​លោកនេះ ​អាចទទូចថា ​ការតំឡើង​ពន្ធ​គយលើសពី​កម្រិត​អតិបរមា​មាន​ការអនុញ្ញាត​ត្រូវ​តែបង្ហាញ​ហេតុផល​នៅឯ​អង្គការ​ពាណិជ្ជ​កម្ម។

ទោះ​យ៉ាងណាក៏ដោយ ​លោក​បាន​យល់​ស្របថា ​សហរដ្ឋ​អាមេរិក ​មានហេតុ​ផល​នៅពេល​សហរដ្ឋ​អាមេរិក និយាយ​ថាអង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ដែល​មិន​បាន​យក ចិត្ត​ទុកដាក់​ជា​យូរយា​ណាស់​មក​ហើយ​អំពី​គោល​នយោបាយ​ពា​ណិជ្ជ​កម្ម​មិន​ត្រឹម​ត្រូវ​របស់​ចិន ​ហើយនឹងការខកខានរបស់​ចិនមិន​បានគោរព​ការ​តាំងចិត្តរបស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​នោះ ​ចាំបាច់ឲ្យ​ធ្វើ​កំណែ​ទម្រង់ ទើប​អង្គការ​ពាណិជ្ជកម្ម​នោះ ​អាច​ធ្វើ​ការសម្រេច​បាន​ត្រឹមត្រូវ។

ពួក​អ្នក​វិភាគ និយាយ​ថា ចំណាត់​ការ​របស់​ចិន ​ភាគ​ច្រើន​ជានិមិត្ត​រូបដើម្បីលើក​មុខ​មាត់នៅពេល​មាន​ការកាត់​សេចក្តី​ណាមួយ​របស់អង្គការ​ពា​ណិជ្ជ​កម្ម​ពិភព​លោក។​ បើទោះបី​ជា​មាន​ការកាត់ក្តី​នោះ ក៏​មិន​អាច​ជួយ​ដោះ​ស្រាយសង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ទេ។

លោក Liao Qunប្រធាន​សេដ្ឋ​វិទូ​នៅឯ​ធនាគារ China CITIC Bank International Ltd. បាន​យល់​ស្រប ​ដោយ​បាន​និយាយ​ថា ប្រទេស​ទាំង២ ​ត្រូវតែ​ដោះស្រាយ​ការខ្វែង​គំនិត​គ្នា​តាម​រយៈ​ការ​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ទ្វេភាគី។

លោក Liao បាន​និយាយ​ទៀត​ថា ក៏ប៉ុន្តែ​ចំណាត់​ការរបស់​ចិន​នៅអង្គការ​ពាណិជ្ជ​កម្មពិភព​លោក​បញ្ជូន​សារ​យ៉ាង​ច្បាស់ថា ​ចិន​នឹង​មិន​ងាយ​ដក​ខ្លួន​ចេញ​ពីការ​ប្រយុទ្ធ​ខាង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​ក៏​មិន​គាំទ្រ​កិច្ច​ព្រមព្រៀង​ឯកតោ​ភាគី​នោះ​ដែរ។

សេដ្ឋ​វិទូ ​និយាយថា៖ «​ចិន​នៅ​តែ​សង្ឃឹម​ថា​នឹង​គោរព​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ​ជា​អង្គ ការ​ពាណិជ្ជកម្មពហុភាគី​ដែល​ប្រឆាំងទៅ​ចំណាត់ការ​ជា​ឯកតោ​ភា​គី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឬ​ប្រឆាំង​ផែនការ​ទម្លាក់​ចោល​សេច​ក្តី​សម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ។ ​

ការណ៍​នេះ ​បង្ហាញ​ថា ​ចិន​ប្រ​កាន់​ជំហ​យ៉ាងរឹងមាំ​គាំទ្រ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO)»។​ លោក Liao ​បាន​និយាយ​ទៀត​ថា ​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយមថា​ប្រទេស​ទាំង​២ ​នឹង​ព្យាយាម​ធ្វើ​កិច្ច​ព្រម​ព្រៀង​បណ្តោះ​អាសន្ន​នៅពេល​ណាមួយ​នៅ​ចុងឆ្នាំ​នេះឬ​នៅ​ដើម​ឆ្នាំ​ក្រោយមុនការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។

លោក​និយាយ​ទៀត​ថាទោះ​ជាយ៉ាង​ណា​ក៏ដោយ ​លោក​ប្រធានា​ធិបតី​ត្រាំ ​នឹង​ពិចារណា​អំពី​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ហើយ​នឹងការ​ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី​ម្តង​ទៀត​របស់​លោក​ក្នុងការសម្រេច​ថាតើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​ចិន ​មាន​ប្រយោជន៍​ឬ​អត់៕

ប្រែ​សម្រួលដោយ​ជឹង ប៉ូជីន