អ្នកតាមដាន​ថា ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​គ្មាន​ភាពចាំបាច់ ខណៈ​មន្រ្តី​រដ្ឋាភិបាល​ និង​ទីប្រឹក្សា​មាន​ចំនួន​លើសលប់

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង ឈរនៅមុខរដ្ឋសភាជាតិ មុនពេលចូលរួមសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា កម្ពុជា​មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​បន្ត​អាណត្តិ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ដែល​មាន​សមាសភាព​ពី​គណបក្ស​នយោបាយ​មិន​ជាប់​ឆ្នោត​នោះ​ទេ​ ដោយ​ថា ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ​មាន​ទីប្រឹក្សា ​និង​មន្ត្រី​នយោបាយ​ច្រើន​លើស​លប់។​

ការ​លើក​ឡើង​របស់​អ្នក​ឃ្លាំមើល​សង្គម​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ព្រះ​មហា​ក្សត្រ​បាន​ចេញ​ព្រះ​រាជក្រឹត្យ​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ចុះ​ថ្ងៃ​ទី​២២​ ខែ​សីហា ​ឆ្នាំ​២០២៣ ​សម្រាប់​អាណត្តិ​ទី​៧​នេះ។​

អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម​ លោក​ មាស នី​ ប្រាប់ ​VOA ​ថា ​ពី​ដំបូង​ឡើយ​ឧត្តម​ក្រុម​ប្រឹក្សា​មួយ​នេះ​ហាក់​មាន​ភាព​សកម្ម ​ប៉ុន្តែ​លោក​ថា ​ក្រោយ​មក​ទំនង​មិន​សម្រេច​លទ្ធ​ផល​ណា​មួយ​ជា​ដុំ​កំ​ភួន​ឡើយ។ ​

លោក​ មាស នី​ ថ្លែង​ថា៖​ «ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ដោយ​សារ​តែ​វា​ប្រើ​ប្រាស់​ធនធាន​មនុស្ស​ហ្នឹង​ច្រើន​ណាស់​ទៅ​ហើយ។​ ប្រសិន​បើ​ទុក​ឧត្តម​ក្រុម​ប្រឹក្សា​ហ្នឹង​ ​ទុក​ឱ្យ​គាត់​នៅ​តាម​គណបក្ស​របស់​គាត់​រៀងៗ​ខ្លួន​ទៅ​ ធ្វើ​ការ​ពង្រឹង​គណបក្ស​របស់​ខ្លួន​ អា​ហ្នឹង​វា​អាច​ដែរ​សម្រាប់​ជួយ​ជ្រោម​ជ្រែង​ទៅ​លើ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នា​ពេល​ខាង​មុខ។ ​ប៉ុន្តែ​ការ​ចូល​ទៅ​ ខ្ញុំ​មើល​ទៅ​ដូច​ជា​មិន​មាន​សង្ឃឹម​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​អី​ទេ​ ហើយ​ក៏​មិន​ចាំបាច់​ដែរ»។​

បើ​តាម​លោក ​មាស នី ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នេះ ​គឺ​ជា​ទិដ្ឋភាព​នយោបាយ​ ជា​ជាង​ផ្នែក​បច្ចេកទេស​ ដែល​លោក​ថា​ ប្រសិន​បើ​នៅ​តែ​បន្ត​អនុវត្ត​យន្តការ​ដូច​អាណត្តិ​មុន​ នោះ​នឹង​មិន​មាន​អ្វី​ប្លែក​គ្នា​ឡើយ។​

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក ​យង់ គិមអេង ​លើក​ឡើង​ថា ​រដ្ឋាភិបាល​មិន​គួរ​បង្កើត​ឱ្យ​មាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​នេះ​បន្ត​ទៀត​ទេ​ ដោយ​លោក​ថា ​រដ្ឋាភិបាល​បាន​តែង​តាំង​ទីប្រឹក្សា​ និង​ជំនួយ​ការ​របស់​រដ្ឋាភិបាល​ច្រើន​រួច​មក​ហើយ។​

លោក​ថ្លែង​ថា៖​ «សម្រាប់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​នេះ ​ខ្ញុំ​ថា​ ​មិន​គួរ​មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​ត្រូវ​បន្ត​ទេ​បាទ​ ព្រោះ​ក្នុង​រយៈ​ពេល​កន្លង​មក​ យើង​ឃើញ​ថា​ ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ ​ក៏​បាន​ប្រជុំ​ដែរ។​ ប៉ុន្តែ​ថា ​តើ​ស្អី​បាន​ចេញ​ជា​ផ្លែ​ផ្កែ​ ជា​ដុំ​កំភួន?​ អត់​ឃើញ​មាន​បាទ ​[...] អ៊ីចឹង​ខ្ញុំ​ថា ​មិន​គួរ​មាន​ស្ថាប័ន​នេះ​ទេ។​ ម៉្យាង​វិញ​ទៀត​ រដ្ឋាភិបាល​បាន​តែង​តាំង​ទីប្រឹក្សា​ បាន​តែង​តាំង​ជំនួយ​ការ​ហ្នឹង​ច្រើន​មក​ហើយ​បាទ»។​

ព្រះ​រាជ​ក្រឹត្យ​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ចុះ​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២៣ ​បញ្ជាក់​ថា ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ ជា​យន្តការ​ពិគ្រោះ ​និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជ​រដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា ​ក្នុង​គោល​ដៅ​លើក​ស្ទួយ​ប្រសិទ្ធ​ភាព​ការងារ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​បម្រើ​សេវា​ជូន​ប្រជាជន​ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ប្រកប​ដោយ​សក្តានុពល។​

ព្រះ​រាជ​ក្រឹត្យ​ដដែល​បន្ថែម​ថា​ គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ចុះ​បញ្ជី​ត្រឹម​ត្រូវ​អាច​ចូល​រួម​ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​នេះ​បាន ​ដោយ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​ផ្លូវការ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ បន្ទាប់​ពី​ព្រះ​រាជ​ក្រឹត្យ​នេះ​បាន​ចូល​ជា​ធរមាន។​

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​(ANSA)​ លោក ​សន ជ័យ ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ឯករាជ្យ​ភាព​ជា​ការ​សំខាន់​សម្រាប់​ប្រសិទ្ធ​ភាព​ការងារ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​មួយ​នេះ​ ប៉ុន្តែ​លោក​ថា​ កន្លង​មក​ពួក​គេ​នៅ​តែ​មាន​ដែន​កំណត់​នៃ​អំណាច​ក្នុង​ការ​ធ្វើ​ការងារ។ លោក​បន្ថែម​ថា​ លោក​គាំទ្រ​តិចតួច​សម្រាប់​ការ​បន្ត​វត្តមាន​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ដែល​មាន​សមាភាព​ពី​គណបក្ស​មិន​ជាប់​ឆ្នោត​នេះ។​

លោក​ ឈឹម ផលវរុណ ​អ្នក​ទទួល​បន្ទុក​សម្រប​សម្រួល​ការ​រៀបចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ ប្រាប់​វីអូអេ​ថា ​ការ​រិះគន់​ណា​មួយ​លើ​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​នេះ​ គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ។​

លោក​ថា៖​ «អ្នក​ដែល​បញ្ចេញ​មតិ​វា​ជា​សេរីភាព​របស់​បុគ្គល​រៀងៗ​ខ្លួន​ ប៉ុន្តែ​មិន​អាច​មតិ​របស់​បុគ្គល​មាន​តម្លៃ​ជា​ធរមាន​តម្រូវ​ឱ្យ​អ្នក​ដទៃ​ធ្វើ​តាម​ទេ។​ ហើយ​វា​ក៏​ជា​វត្ថុ​បំណង​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​ពី​គណ​បក្ស​នានា​ដែល​មាន​នៅ​កម្ពុជា»។​

នៅ​ពេល​សួរ​ពាក់​ព័ន្ធ​ជា​មួយ​ចំណាយ​លើ​សមាជិក​របស់​ឧត្តម​ក្រុម​ប្រឹក្សា ​លោក​ ឈឹម ផលវរុណ​ថា​ ​អាស្រ័យ​ទៅ​លើ​ចំនួន​ប្រតិភូ​គណបក្ស​ជាក់​ស្តែង។​

បើ​តាម​លោក​ ឈឹម ផលវរុណ​ មក​ទល់​ពេល​នេះ​មាន​គណ​បក្ស​ចំនួន​២០​ហើយ​ ដែល​បាន​ដាក់​ចូល​ជា​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា ​ប៉ុន្តែ​លោក​ថា ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដាក់​ពាក្យ​នៅ​ឡើយ​ ដែល​មិន​ទាន់​ដឹង​ថា​នឹង​ចាប់​ផ្តើម​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ណា​នោះ​ទេ។​

សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ជួប​ប្រជុំ​គ្នា​ជា​រៀង​រាល់​មួយ​ខែ​ម្តង ​និង​ជួប​ពិភាក្សា​ផ្ទាល់​ជា​មួយ​នាយក​រដ្ឋមន្រ្តី ​រៀង​រាល់​៦​ខែ​ម្តង​ តាម​ការ​កោះ​ប្រជុំ​របស់​ប្រធាន​ក្រុម​ប្រឹក្សា។​ នេះ​បើ​តាម​ព្រះ​រាជក្រឹត្យ​ដដែល។​

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក​ ពេជ្រ ស្រស់ ​លើក​ឡើង​ថា ​គណបក្ស​របស់​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​រួម​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​មួយ​នេះ​ ដោយ​សារ​តែ​មើល​ឃើញ​ពី​គុណ​តម្លៃ​ដែល​អាច​ចូល​រួម​អភិវឌ្ឍ​ជាតិ​បាន។​

ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់​ដែល​ថា ​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​មិន​មាន​ប្រយោជន៍​នោះ ​ប្រធាន​គណបក្ស​រូប​នេះ​ថា ​ជា​ការ​លើក​ឡើង​ដែល​មិន​ចង់​ឱ្យ​ខ្មែរ​រីក​ចម្រើន។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​អ្នក​វាយ​តម្លៃ​បែប​ណា​បែប​ណី​នោះ​ អា​នោះ​ជា​សិទ្ធិ​របស់​គេ​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ជា​តួអង្គ​មួយ​នៅ​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ផង​ដែរ ​ខ្ញុំ​មើល​ឃើញ​ថា ​ឧត្តម​ក្រុម​ប្រឹក្សា​គឺ​ជា​យន្ត​ការ​ល្អ​សម្រាប់​ជួយ​សង្គ្រោះ​ប្រជាជន​ខ្មែរ​យើង​ទាំង​មូល»។​

មុន​ចាក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​ នឹង​បន្ត​រក្សា​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់ ​ដើម្បី​ប្រមូល​ធាតុចូល​ពី​គណបក្ស​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ​តែ​មិន​មាន​លទ្ធភាព​ឈ្នះ​អាសនៈ​រដ្ឋសភា។​

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៨​ ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ គឺ​លោក​ ហ៊ុន​ សែន​ ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ​ដោយ​គ្មាន​វត្ត​មាន​គណបក្ស​ជំទាស់​ដ៏​ចម្បង។​ ក្នុង​ការ​បោះឆ្នោត​នោះ​ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​កាន់​កាប់​អាសនៈ​ទាំង​អស់​ក្នុង​រដ្ឋសភា។​

ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​នា​ពេល​នោះ ​ត្រូវ​បាន​អ្នក​តាម​ដាន​មើល​ឃើញ​ថា ​ជា​ជម្រើស​មួយ​របស់​លោក​ ហ៊ុន សែន​ ដើម្បី​បង្កើន​ភាព​ស្រប​ច្បាប់​សម្រាប់​រដ្ឋសភា​ឯក​បក្ស៕