ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា រដ្ឋាភិ​បាល​ថ្មី​នឹង​បន្ត​រក្សា​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​សម្រាប់​គណបក្ស​មិន​ឈ្នះ​អាសនៈ​សភា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៣។

មុន​ចាក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​ប្រកាស​ថា​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក នឹង​បន្ត​រក្សា​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​ប្រមូល​ធាតុចូល​ពី​គណបក្ស​ដែល​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត តែ​មិន​មាន​លទ្ធភា​ព​ឈ្នះ​អាសនៈ​រដ្ឋសភា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​សារ​ជា​សំឡេង​មួយ។

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៨ ដែល​ពេល​នោះ ការ​បោះ​ឆ្នោតអវត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧។

លោក ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​សារ​ជា​សំឡេង​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «យើង​ពិត​ជា​មាន​តម្រូវ​ការ​ ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​ទាំង​អស់​នៃ​បណ្តា​បក្ស​នយោ​បាយ​ បើ​ទោះ​បី​ជា​បក្ស​នយោបាយ​ មាន​សន្លឹក​ឆ្នោត​ មាន​អាសនៈ​ក្នុង​សភា ឬ​គណ​បក្ស​នយោ​បាយ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​សភា ដើម្បី​ចូល​រួម​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​។ ក្នុង​ន័យ​នេះ​ ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ ក៏​នឹង​ត្រូវ​រៀប​ចំ​ឱ្យ​មាន​នៅ​ក្នុង​នីតិកាល​ទី​៧ ជា​បន្ត​ទៀត​»។

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា​ ការ​រៀបចំ​ឱ្យ​មាន​ឧត្តម​ក្រុម​ប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​សម្រាប់​នីតិកាល​ទី​៧ គឺ​ធ្វើ​ឡើង​ដូច​ទៅ​នឹង​រដ្ឋាភិបាល​នីតិកាល​ទី​៦​ដែរ ដោយ​ដាក់​ឱ្យ​មាន​ប្រធាន​ប្រតិភូ អនុប្រធាន​ប្រតិភូ និង​មាន​លេខាធិការ ដែល​គណបក្ស​នយោ​បាយ​មួយ​ត្រូវ​មាន​ឥស្សរ​ជន​ចំនួន​៣​រូប​ចូលរួម។

ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​ត្រូវ​បាន​អ្នក​តាម​ដាន​មើល​ឃើញ​ថា​ជា​ជម្រើស​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​បង្កើនភាព​ស្រប​ច្បាប់​សម្រាប់​រដ្ឋសភា​ឯក​បក្ស​ ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។ គណបក្ស​នយោបាយ​ប្រមាណ​១៥​បាន​ចូលរួម​ កាល​ពី​ឆ្នាំ​២០១៨។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ លោក ម៉ម សូណង់ដូ ដែល​បាន​ចូលរួម​ជា​សមាជិក​របស់​ឧត្តម​ក្រុម​ប្រឹក្សានេះ ប្រាប់​វីអូអេ​ថា​គណបក្ស​របស់​លោក​នឹង​បន្ត​ចូលរួម។ លោក​បន្ថែម​ថា​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ​ថា​ គឺ​ជា​ការ​ផ្តល់​ឱកាស​ដល់​គណបក្ស​ផ្សេងៗ​ទៀត​ដែល​មិន​បាន​ជាប់​ឆ្នោត​ អាច​ចូល​រួម​ក្នុង​ការ​រួម​ចំណែក​កែ​លម្អ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​អភិវឌ្ឍ និង​រីក​ចម្រើន។

លោក​ថ្លែង​ថា៖ «ចំណែក​យើង​ជា​គណ​បក្ស​ដែល​មិន​បាន​ទទួល​សន្លឹក​ឆ្នោត​ ប្រសិន​ជា​យើង​អត់​ធ្វើ​អ្វី​ទាំង​អស់​ ខួរ​ក្បាល​យើង​ឈប់​ដើរ​ហើយ។ ហើយ​គំនិត​ដែល​យើង​ចង់​ចូល​រួម​ការ​អភិវឌ្ឍ​ហ្នឹង​ក៏​អត់​អាច​ធ្វើ​បាន​ដែរ​។ សម្តេច​បាន​អញ្ជើញ​គណបក្ស​ក្នុង​ករណី​ដែល​គណ​បក្ស​ចង់​ចូល​រួម​ដែរ សម្រាប់​គណបក្ស​ដែល​អត់​បាន​ទទួល​សន្លឹក​ឆ្នោត។ កិច្ចការងារ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់មិន​មែន​សម្តេច​ហ៊ុន សែន គាត់​ចង្អុល​ទេ​ គឺ​ធ្វើ​ទៅ​តាម​ព្រះ​រាជ​ក្រឹត្យ»។

លោក​បន្ថែម​ទៀត​ថា​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​មិន​មាន​អ្វី​ដែល​ត្រូវ​ខាត​បង់​ឡើយ។
លោក​បញ្ជាក់​ថា​៖ «ដូច្នេះ​វា​អត់​មាន​អី​ខាត​ទេ​ មាន​តែ​ចំណេញ ចំណេញ​ត្រង់​អី​គឺ​យើង​ដឹង​ពី​របៀប​រដ្ឋាភិបាល​គេ​ធ្វើ​យ៉ាង​ម៉េច​ ហើយ​ខាង​ថ្នាក់​ជាតិ​ហ្នឹង​គេ​ធ្វើ​ការ​យ៉ាង​ម៉េច។ កាល​ពី​មុន​យើង​អត់​ដឹង​អី​ទាំង​អស់ យើង​ស្មាន​ យើង​ត្រូវ​ជេរៗ យើង​ត្រូវ​ថា​ៗ យើង​ត្រូវ​ទិតៀនៗ។ វា​ខុស​ទាំង​អស់​ ហ្នឹង​ហើយ​ដែល​ជា​ប្រយោជន៍​ដ៏​សំខាន់​ដែល​សម្រាប់​យើង​អ្នក​នយោបាយ​ ហើយ​អ្នក​ដែល​ស្រឡាញ់​ជាតិ»។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក ពេជ្រ ស្រស់ ប្រាប់​វីអូអេ​ថា​កាល​ពី​នីតិកាល​ទី៦ គណបក្ស​យុវជន​កម្ពុជា​ក៏​ធ្លាប់​បាន​ចូល​រួម​ក្នុង​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​នេះ​ដែរ។ ប៉ុន្តែ​លោក​ថា​គណបក្ស​របស់​លោក​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ​ក្នុង​ការ​ចូល​រួម​ជា​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នេះ។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​មិន​ទាន់​ច្បាស់​លាស់​យ៉ាង​ណា​នោះ​ទេ​ សំខាន់​យើង​មើល​ភាព​ច្បាស់​លាស់​ខាង​រដ្ឋាភិបាល​សិន​ ហើយ​យើង​នឹង​ប្រជុំ​ផ្ទៃ​ក្នុង​របស់​គណបក្ស ព្រោះ​ឥឡូវ​នេះ​ រដ្ឋា​ភិបាល​ក៏​មិន​ទាន់​មាន​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​ច្បាស់​លាស់​ដែរ»។

លោក​បន្ត​ថា​ការ​បង្កើត​ឱ្យ​មាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មាន​សារៈ​សំខាន់​ណាស់ ព្រោះ​យន្តការ​នេះ​មាន​ការ​ចូលរួម​គ្រប់​ភាគី​ចម្រុះ​នៃ​គណ​បក្ស​ចូលរួម​ដោយ​ធ្វើ​ការ​ដោយ​ឯករាជ្យ ក្នុង​គោល​បំណង​ទប់​ស្កាត់​អំពើ​អវិជ្ជមាន​ទាំង​ឡាយ​ក្នុង​សង្គម។ ជាក់​ស្តែង​លោក​ថា​កាល​ពី​ពេល​កន្លង​ទៅ គណបក្ស​របស់​លោក​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការដោះ​ស្រាយ​បញ្ហា​រឿង​ដីធ្លី​មួយ​ចំនួន​សម្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​ជួប​ប្រទះ​ផង​ដែរ។

ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ អ្នក​ស្រី ពោធិតី សាវត្ថី ប្រាប់​វីអូអេ​ថា​គណបក្ស​របស់​អ្នកស្រី​នឹង​បន្តចូលរួម​ជាសមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «នាង​ខ្ញុំ​នឹង​ចូលរួម​បន្ត​នៅ​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោ​បល់ ពីព្រោះ​យើង​យល់​ថា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជួយ​ជន​រង​គ្រោះ​ ប្រជា​រាស្រ្ត​រង​គ្រោះ​នៅ​តាម​ទូទាំង​ប្រទេស​ដែល​ត្រូវ​អ្នក​មាន​អំណាច​មួយ​ចំនួន​ អ្នក​មាន​លុយ​មួយ​ចំនួន​រំលោភ​លើ​គាត់​ច្រើន​ករណី​។ ហើយ​ជា​ពិសេស​គឺ​យើង​កែ​ទម្រង់​រឿង​អសកម្ម​ថ្នាក់​ក្រោម​ជាតិ​ និង​ថ្នាក់​ជាតិ»។

កាល​ពី​កន្លង​ទៅ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ បាន​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​នាយ​ក​រដ្ឋមន្រ្តី រៀង​រាល់​៦​ខែ​ម្តង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក យង់ គិមអេង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​រដ្ឋាភិបាល​មិន​គួរ​បង្កើត​ឱ្យ​មាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​នេះ​បន្ត​ទៀត​ទេ ​ព្រោះ​រដ្ឋាភិបាល​បាន​តែង​តាំង​ទីប្រឹក្សា​ និង​ជំនួយ​ការ​របស់​រដ្ឋាភិបាល​ច្រើន​រួច​មក​ហើយ។

លោក​ថ្លែង​ថា៖ «សម្រាប់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ ខ្ញុំ​ថា​មិន​គួរ​មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​ត្រូវ​បន្ត​ទេ​បាទ ព្រោះ​ក្នុង​រយៈ​ពេល​កន្លង​មក​ យើង​ឃើញ​ថា​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង ផ្តល់​យោបល់ ​ក៏​បាន​ប្រជុំ​ដែរ​។ ប៉ុន្តែ​ថា​តើ​ស្អី​បាន​ចេញ​ជា​ផ្លែ​ផ្កែ​ ជា​ដុំ​កំភួន អត់​ឃើញ​មាន​បាទ​...អ៊ីចឹង​ខ្ញុំ​ថាមិន​គួរ​មាន​ស្ថាប័ន​នេះ​ទេ។ ម៉្យាង​វិញ​ទៀត​ រដ្ឋា​ភិបាល​បាន​តែង​តាំង​ទីប្រឹក្សា​ បាន​តែង​តាំង​ជំនួយ​ការ​ហ្នឹង​ច្រើន​មក​ហើយ​បាទ»។

គួរ​បញ្ជាក់​ថា ​គណបក្ស​នយោបាយ​ចំនួន​១៨​បាន​ចូលរួម​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ បើ​តាម​លទ្ធផល​បឋម​ក្រៅ​ផ្លូវ​ការ មាន​តែ​គណបក្ស​ចំនួន​២​ប៉ុណ្ណោះ​ដែល​ឈ្នះ​អាសនៈ​រដ្ឋ​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​១២០​អាសនៈ និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិចឈ្នះ​៥​អាសនៈ៕

XS
SM
MD
LG