តុលាការសម្រេច​ឃុំ​ខ្លួន​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ តាម​បណ្ដឹង​លោក​ ហ៊ុន សែន

លោកគឹម សុខ ដែលជាអ្នកវិភាគនយោបាយនិងសង្គម ចូលខ្លួនបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ តុលាការបានចោទលោកគឹម សុខ ពីបទ «បទបរិហាកេរ្តិ៍ ជាសាធារណៈនិងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម» តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក លី សុផាណា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ VOA តាម​បណ្ដាញ​សង្គម Telegram ថា ក្រោយ​ពី​បាន​បញ្ចប់​នីតិវិធី​សាកសួរ​លើក​ដំបូង​និង​ពិភាក្សា​ដេញដោល​រួច​មក ចៅ​ក្រម​ស៊ើបសួរ​ បាន​​សម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ បណ្ដោះ​អាសន្ន​ តាម​ការ​​ចោទ​របស់​ព្រះរាជអាជ្ញា​ពី​បទ«បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម»។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ នៅ​ពន្ធនាគារ​ព្រៃស ​ពី​បទ​ «បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម» តាម​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នេះ​បើ​យោង​តាម​មន្ត្រី​តុលាការ ដែល​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

អ្នក​វិភាគ​នយោបាយ​ លោក​ គឹម សុខ ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ប្ដឹង​ដោយ​ចោទ​ថា ​បាន​អធិប្បាយ​លើ​ឃាតកម្ម​របស់​អ្នក​វិភាគ​នយោបាយ លោក កែម ឡី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិ​យស​ និង​កិត្តិសព្ទ​របស់​គណបក្ស​កាន់​អំណាច​នោះ បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា។

លោក លី សុផាណា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ VOA តាម​បណ្ដាញ​សង្គម Telegram ថា ក្រោយ​ពី​បាន​បញ្ចប់​នីតិវិធី​សាកសួរ​លើក​ដំបូង​និង​ពិភាក្សា​ដេញដោល​រួច​មក ចៅ​ក្រម​ស៊ើបសួរ​ បានសម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ បណ្ដោះ​អាសន្ន​ តាម​ការចោទ​របស់​ព្រះរាជអាជ្ញា​ពី​បទ«បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម»។

លោក លី សុផាណា ​បញ្ជាក់​បន្ថែមថា លោក គឹម សុខ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។

លោក លី សុផាណា អះអាង​ថា តុលាការបាន​ធ្វើ​ត្រឹមត្រូវ​តាម​នីតិវិធី។

លោក​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ដូចនេះ​ថា៖ «ជន​ត្រូវ​ចោទ ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ បើ​មិន​សុខ​ចិត្ត​នឹង​ចំណាត់​ការ​ឬ​ការ​សម្រេច​របស់​សាលាដំបូង»។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក គឹម សុខ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ចេញ​ពី​វត្ត​ពោធិយារាម​ហៅ​វត្តចាស់​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ដោយ​មាន​ការ​ចូលរួម​ពីព្រះសង្ឃ​និង​ពលរដ្ឋ​ជា​បន្តបន្ទាប់រាប់​រយ​នាក់។

​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​នេះ ត្រូវ​បាន​អាជ្ញាធរ​បានរារាំង​ មុន​ពេល​ពួកគេ​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក។

ក្រោយ​ការ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង ដោយ​ពុំ​មាន​មេធាវី លោក គឹម សុខ ត្រូវ​គេ​ជឿ​ថា​ត្រូវ​បាន​អាជ្ញាធរ​ដឹក​ចេញ​ពី​តុលាការ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​នៅ​ម៉ោង​ប្រមាណ​៣​និង​២០នាទី​រសៀល។

រថយន្ត​នគរបាល​ចំនួន​២​គ្រឿង​បាន​បើក​ចេញ​ពី​តុលាការ​តាម​ច្រក​ទ្វារ​ចេញចូល​ទាំង​២ក្នុង​ពេល​ដំណាល​គ្នា ធ្វើ​ឱ្យ​អ្នក​ចូលរួម​តាមដាន​មិន​អាច​ដឹង​ថា​លោក​ គឹម សុខ ត្រូវ​បាន​នគរបាល​ដឹក​ចេញ​តាម​រថយន្ត​ណា​មួយ​នោះ​ទេ។

ពលរដ្ឋ​មួយ​រូប​ដែល​បាន​ចូលរួម​តាមដាន​ និង​ស្រែក​តវ៉ា​គឺ​អ្នក​ស្រី ស្រី នី អាយុ​៤៣​ឆ្នាំ អះអាង​ថា អ្នកស្រី​បាន​ធ្វើ​ដំណើរ​តាំង​ពី​ខេត្ត​សៀមរាប ដើម្បី​មក​គាំទ្រ​និង​លើក​ទឹកចិត្ត​ដល់​លោក គឹម សុខ។

អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា អ្នកស្រី​បាន​ស្គាល់​លោក ​គឹម សុខ តាមរយៈ​ការ​វិភាគ​របស់​លោក​លើ​បណ្ដាញ​សារព័ត៌មាន ហើយ​អ្នកស្រី​ជឿ​ថា លោក គឹម សុខ មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។

អ្នកស្រី ស្រី នី សម្ដែង​ការ​ខកចិត្ត​ដែល​តុលាការ​សម្រេច​ចិត្ត​ឃុំ​ខ្លួន​លោក​គឹម សុខ។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ទម្លាក់​ចោល​ពាក្យ​បណ្ដឹង​របស់​លោក។

«ខ្ញុំ​សង្ឃឹម​ថា សម្ដេច​គាត់​នឹង​ដក​ពាក្យ​បណ្ដឹង​នេះ​ចេញ​វិញ។ ខ្ញុំ​អរគុណ​គាត់​ទុក​ជាមុន»។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា អ្នកស្រី យិន ស្រ៊ិន ដែល​បាន​ចូលរួម​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ​នោះ បាន​ប្រាប់​ VOA ថា អ្នកស្រី​មក​តុលាការ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​លោក គឹម សុខ ក៏​ដូចជា​ទាមទារ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​លោក ​គឹម សុខ។

«ចឹង​ហើយ​បាន​ជា​ខ្ញុំ​ ពួក​ខ្ញុំ​ទាំងអស់​គ្នា​ដើម្បី​ឱ្យ​គាត់​មាន​កម្លាំង​ចិត្ត​តស៊ូ កុំ​ភ័យ​ កុំ​ខ្លាច។ ប្រជាពលរដ្ឋ​រាប់​លាន​ដើម្បី​តស៊ូ​គាត់ គាំទ្រ​គាត់ ដើម្បី​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​គ្នា»។

អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ ដែល​បាន​តាមដាន​ករណី​នេះ​ប្រាប់​ VOA នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក គឹម សុខ បាន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​តាម​ការ​ចូលខ្លួន​បំភ្លឺ។

លោក​បន្ត​ថា រដ្ឋាភិបាល និង​តុលាការ​ក៏​ត្រូវ​ផ្ដល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​លោក គឹម សុខ វិញ ដោយ​ការ​រក​ការ​ពិត​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​ជាប់​ទាក់ទង​នឹង​ករណី​បណ្ដឹង​នេះ។

«បើ​ចោទ​ប្រកាន់​ត្រូវ ទាល់តែ​គាត់​និយាយ​ខុស​ពី​ការពិត។ ដូច្នេះ​គេ​ត្រូវ​រក​ការ​ពិត​សិន រួច​ការ​ពិត​ទាំង​អស់។ មិនមែន​តែការពិត​ថា ជួប សម្លាប់ ហ្នឹង​វា​សម្លាប់​លោក​បណ្ឌិត​កែម ឡី ប៉ុណ្ណឹង​ទេ»។

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​ប្ដឹង​ទារ​លុយ​ពី​លោក គឹម សុខ ចំនួន​៥០០០០០​ដុល្លារ​ចំពោះ​ការ​អធិប្បាយ​របស់​លោក​ ដែល​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក​ កែម​ ឡី។

ក្រៅពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ក៏​បានប្ដឹង​លោក​ គឹម សុខ​ មួយ​ករណី​ទៀត ដោយ​អះអាង​ថា លោក​ គឹម​ សុខ​ បាន​ធ្វើ​ការ​អធិប្បាយ​ក្នុង​វិទ្យុ​ក្នុង​ស្រុក​មួយ​ថា ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​ មិន​រក​មុខ​ឃាត​កពិត​សម្លាប់​លោក​ កែម ឡី​ លោក​ ជា​ វិជ្ជា​ ព្រះ​សង្ឃ​ សម​ ប៊ុន​ធឿន​ ​និង​លោក​ឈុត​ វុទ្ធី​ ជា​ដើម។

លោក​ ហ៊ុន​ សែន​ បាន​ទាមទារ​ប្រាក់​ពី​លោក​ គឹម សុខ​ ​ចំនួន​១០​លាន​រៀល សម្រាប់​ពាក្យ​បណ្ដឹង​ទីពីរ​នេះ។

ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្ដឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​លោកស្រី ថាក់ ឡានី ទៅលើ​ការ​អត្ថាធិប្បាយ​របស់​ពួកគេ​ដែល​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក កែម ឡី៕