ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក គឹម សុខ៖ «ខ្ញុំ​មិន​រត់​ទៅ​ណា​ទេ ខ្ញុំ​នៅ​តតាំង​ក្នុង​រឿង​ក្ដី​នេះ​តាម​ច្បាប់‍»

  • សាយ មុន្នី

លោកគឹម សុខ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«‍ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា៖ មួយ​ឆ្នាំ​ក្រោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក ផ្ញើ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន» ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ (លឹម សុធី/VOA)

ការ​ប្រកាស​ជំហរ​របស់​អ្នក​វិភាគ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧ ទាក់​ទង​នឹង​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តំណាង​ដោយ​លោក​មេធាវី ​គី តិច ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ។

អ្នក​តាមដាន​ការ​វិវត្ត​សង្គម​និង​នយោបាយ​នៅ​កម្ពុជា លោក គឹម សុខ បាន​ថ្លែង​ប្រាប់​VOA​ ក្នុង​កម្មវិធី​ «Hello VOA» នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​ថា លោក​នឹង​មិន​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ហើយ​នឹង​នៅ​តតាំង​ក្ដី​ក្នុង​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រឆាំង​រូប​លោក។

«ខ្ញុំ​បាន​បញ្ជាក់​ហើយ ជំហរ​ច្បាស់លាស់​គឺ​ខ្ញុំ​មិន​រត់​ទៅ​ណា​ទេ។ ខ្ញុំ​នៅ​តតាំង​ក្នុង​រឿង​ក្ដី​នេះ​តាម​ច្បាប់​គឺ​ធ្វើ​យ៉ាង​មិច​ឲ្យ​តែ​អ្នក​ដឹកនាំ អាជ្ញាធរ​រដ្ឋ តុលាការ ធ្វើ​អ្វី​ដែល​ជា​មូលដ្ឋាន​ច្បាប់ ខ្ញុំ​នៅ​តតាំង​ជានិច្ច»។

ការ​ប្រកាស​ជំហរ​របស់​អ្នក​វិភាគ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧ ទាក់​ទង​នឹង​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តំណាង​ដោយ​លោក​មេធាវី ​គី តិច ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ។

ដីកា​នេះ​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រួត​ពិនិត្យ​តាម​ច្រក​ព្រំដែន​ផ្លូវគោក ផ្លូវ​អាកាស​និង​ផ្លូវទឹក កុំ​ឲ្យ​លោក គឹម សុខ ចាកចេញ​ពី​ប្រទេស​កម្ពុជា​ជា​បណ្ដោះ​អាសន្ន។

លោក គឹម សុខ ដែល​ទើប​នឹង​លេច​មុខ ចូលរួម​ធ្វើ​ការ​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​អ្នកវិភាគ​ដ៏​លិច​ធ្លោ​ម្នាក់​គឺ​លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​គេ​ជឿ​ថា បាន​រង​បណ្ដឹង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​នេះ ដោយ​សារ​ការ​វិភាគ​ចំៗ​ និង​ត្រង់ៗ​របស់​លោក​អំពី​ការ​វិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​និង​សង្គម​ចុងក្រោយ​នេះ ជា​ពិសេស​គឺ​ការ​ហៅ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​បាន​ត្រៀម​ខ្លួន​«ប្លន់​អំណាច»។

តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​លោក គឹម សុខ អ្នក​វិភាគ​សង្គម និង​នយោបាយ​កម្ពុជា ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដើម្បី​ចូល​មក​សាកសួរ​ពី​ដំណើរ​រឿង​លើ​បណ្តឹង​របស់​លោក​មេធាវី​ គី តិច។ (រូបថត​ផ្តល់​ឲ្យ)
តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​លោក គឹម សុខ អ្នក​វិភាគ​សង្គម និង​នយោបាយ​កម្ពុជា ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដើម្បី​ចូល​មក​សាកសួរ​ពី​ដំណើរ​រឿង​លើ​បណ្តឹង​របស់​លោក​មេធាវី​ គី តិច។ (រូបថត​ផ្តល់​ឲ្យ)

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់​ VOA ​ថា ការ​វិភាគ​របស់​លោក គឹម សុខ បាន​ទៅ​ហួស​ព្រំដែន ហើយ​ជា​អ្វី​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទទួល​យក​បាន។

«កុំ​វាយប្រហារ​គេ កុំ​លាប​ពណ៌​គេ កុំ​ចោទ​ប្រកាន់​គេ​ដោយ​គ្មាន​មូលដ្ឋាន។ ទៅ​ចោទ​ប្រកាន់​គេ ដូច​ជា​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា សម្លាប់​លោក​បណ្ឌិត​ កែម ឡី​ អញ្ចឹង អាហ្នឹង វា​ត្រូវ​ទេ? ទី​២ ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​ថា​ប្លន់​អំណាច។ ឥឡូវ​គេ​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត ហើយ​គាត់​ទៅ​វិភាគ​អញ្ចឹង បាន​សេចក្ដី​ថា​យ៉ាងម៉េច? ទៅ​ចោទ​ថា​គណបក្ស​ប្រជាជន​អត់​មាន​ទៅ​ធ្វើ​ការ​អី​យក​ចិត្ត​ប្រជាជន​ទេ បែរ​ជា​ទៅ​ប្រើប្រាស់​ ឆក់ប្លន់​អំណាច​ទៅវិញ អា​ហ្នឹង​វា​ផ្ទុយ​ពី​សភាព​ការណ៍​ពិត​ជាក់​ស្តែង។ អា​ហ្នឹង​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត»។

លោក​ គឹម សុខ​ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Hello VOA» ដដែល​ថា​ លោក​ពិត​ជា​បាន​ហៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​ថា​ត្រៀម​ខ្លួន​«ប្លន់​អំណាច»​ពិតមែន ហើយ​ក៏​នៅ​តែ​រក្សា​ជំហរ​នេះ​ដដែល។

«ពាក្យ​ដែល​ថា​ប្លន់​អំណាច ដែល​ខ្ញុំ​និយាយ​នេះ ខ្ញុំ​មិន​កែ​ទេ ទៅ​ដល់​ចំណុច​ណា​ក៏​ខ្ញុំ​មិន​កែ​ដែរ។ ប្ដឹង​ថែម​ទៀត​ ក៏​ខ្ញុំ​មិន​កែ​ដែរ»។

ប៉ុន្តែ លោក គឹម សុខ បញ្ជាក់​ថា លោក​មិន​បាន​និយាយ​ចំ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្លាប់​លោក​បណ្ឌិត​ កែម ឡី ​នោះ​ឡើយ។

«រឿង​សម្លាប់​លោក​បណ្ឌិត​ កែម ឡី ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​បាន​ប្រើ​ពាក្យ​ថា គណបក្ស​ប្រជាជន​កម្ពុជា សម្លាប់​លោក​បណ្ឌិត កែម ឡី​ ទេ។ ខ្ញុំ​បាន​ប្រើ​ពាក្យ​ថា គណបក្ស​ប្រជាជន​មិន​បាន​ត្រៀម​ខ្លួន​ទៅ​កាន់​ការ​បោះឆ្នោត​ទេ ប៉ុន្តែ​កំពុង​តែ​រក​ល្បិចកល​ទៅ​កាន់​ការ​ប្លន់​អំណាច»។

ដីកា​របស់តុលាការ​សាលាដំបូង​ដែល​បង្គាប់​ឲ្យ​លោក គឹម សុខ​ ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ​នៅ​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នោះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​កោះ​ហៅ​នេះ​ទេ ប៉ុន្តែ លោក គឹម សុខ បញ្ជាក់​ថា លោក​នឹង​នៅ​តតាំង​ជាមួយ​បណ្ដឹង​ប្រឆាំង​រូប​លោក​នេះ៕

XS
SM
MD
LG