ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មុន​ពេល​តុលាការ​សម្រេច​ក្តី​ លោក​ហ៊ុន សែន​ព្រមាន​រឹបអូស​ទ្រព្យ​សម្បត្តិ​លោក​គឹម សុខ


រូបឯកសារ៖ ​អ្នកវិភាគ​នយោបាយ​លោក​គឹម សុខ (ខាងឆ្វេង) និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

«ស្អី!​​ អ្នកឯង​បញ្ចេញ​មតិ​ មក​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​សម្លាប់​មនុស្ស!​ អត់​ទេ!​ ទារ​កន្លះ​លាន​ដុល្លារ!​ ​ហើយ​បើ​អ្នក​ឯង​មិន​ចង់​ឲ្យ​រឹប​អូស​ទ្រព្យ​សម្បតិ្ត​ដើម្បី​លក់​ឡៃ​ឡុង​ទេ​ អ្នក​ឯង​យក​លុយ​មក​សង​មក»។ លោក​ហ៊ុន សែន​មាន​ប្រសាសន៍​បែប​នេះ​ទាំង​តុលាការ​មិនទាន់​បាន​ដំណើរ​ការ​កាត់​ក្តី​រឿង​នេះ​ផង។​​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែនបាន​គំរាម​អ្នក​វិភាគ​នយោបាយ​គឺ​លោក​គឹម សុខ​ ដោយ​ឲ្យ​តុលាការ​ដក​ហូត​ទ្រព្យ​សម្បត្តិ​របស់​លោក។​ ​លោក​ហ៊ុន សែនប្តឹង​លោក​គឹម សុខ​ដោយ​ទារ​សំណង​ជា​ទឹក​ប្រាក់​ចំនួន​៥សែន​ដុល្លារ​ដោយសារ​ការ​អត្ថាធិប្បាយ​ដែល​លោក​គឹម សុខ​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់លោក​កែម ឡី អ្នក​វិភាគ​នយោបាយ​ និង​សង្គម។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពានមិត្តភាព​កម្ពុជា-ចិន​កោះ​ធំ​ ក្នុង​ខេត្ត​កណ្តាល លោកហ៊ុន សែន​ ប្រធានគណ​បក្ស​ប្រជាជន​កម្ពុជា​ បានថ្លែង​ថា​ ​ការ​អធិប្បាយ​របស់​លោក​គឹម សុខ​ ដែល​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្លាប់​លោក​កែម ឡី​នោះបាន​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណបក្ស​កាន់​អំណាច​របស់​លោក។​

«ស្អី! អ្នកឯង​បញ្ចេញ​មតិ​ មក​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​សម្លាប់​មនុស្ស!​ អត់​ទេ!​ ទារ​កន្លះ​លាន​ដុល្លារ!​ ​ហើយ​បើ​អ្នក​ឯង​មិន​ចង់​ឲ្យ​រឹប​អូស​ទ្រព្យ​សម្បតិ្ត​ដើម្បី​លក់​ឡៃ​ឡុង​ទេ​ អ្នក​ឯង​យក​លុយ​មក​សង​មក»។​

លោក​ហ៊ុន សែន​មាន​ប្រសាសន៍​បែប​នេះ​ទាំង​តុលាការ​មិនទាន់​បាន​ដំណើរ​ការ​កាត់​ក្តី​រឿង​នេះ​ផង។

លោក​កែម ឡី​ អ្នក​វិភាគ​ដ៏​មាន​ប្រជាប្រិយភាព​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅក្នុង​ហាង​លក់​ទំនិញ​របស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច​ (Caltex)​ កាលពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​ ឆ្នាំ​២០១៦។ ការ​ស្លាប់​របស់​លោក​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ពី​លោក​ផ្តល់​សេចក្តី​អធិប្បាយ​ទៅអ្នក​សារ​ព័ត៌មាន​អំពី​របាយ​ការណ៍​របស់​អង្គការ​ Global Witness ​ដែល​បាន​ទម្លាយ​ឲ្យដឹង​ថា​ ក្រុម​គ្រួសាររបស់​លោក​ហ៊ុន សែន​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​ជាង​២០០​លាន​ដុល្លារ។​

រូបឯកសារ៖ សពលោក​កែម ឡី​ អ្នកវិភាគ​នយោបាយ​ ត្រូវ​បាន​អ្នកគាំទ្រ​រូប​លោក​ដឹក​ទៅ​កាន់​វត្ត​មួយ​នៅ​ក្រុងភ្នំពេញ កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។
រូបឯកសារ៖ សពលោក​កែម ឡី​ អ្នកវិភាគ​នយោបាយ​ ត្រូវ​បាន​អ្នកគាំទ្រ​រូប​លោក​ដឹក​ទៅ​កាន់​វត្ត​មួយ​នៅ​ក្រុងភ្នំពេញ កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក​ហ៊ុន សែន​ថ្លែង​បន្ត​ថា មេធាវី​របស់​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ​ដើម្បី​ទាមទារ​ឲ្យ​លោក​គឹម សុខ​សង​ជំងឺ​ចិត្តជាទឹកប្រាក់​ចំនួន​៥​សែន​ដុល្លារ​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូច​កិតិ្តយស​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។​

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ឃ្លាំ​មើល​លោក​គឹម សុខ​ផង​ដែរ។ លោក​អះ​អាង​ថា​ ចំណាត់​ការខាង​ផ្លូវ​ច្បាប់របស់​លោកគឺ​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​នីតិរដ្ឋ។​

«កុំ​រត់​ណា៎!​ ​ព្រោះ​ខ្លួន​ឯង​ថា ​ជើង​ខ្លាំង!​ ទៅ!​ ជាប់​គុក​ត្រឹម​ពីរឆ្នាំ​អី​តើ!​ ហើយ​អស់​លុយ​ប៉ុន្មាន?អត់​ទេ។​ កុំ​ថា​ អត់​លុយ​សង​វើយ»។​

លោក​បន្ត​ថា៖​ «កុំ​ឃើញ​គេ​មិន​មាត់​ ហើយ​អាង​អា​ក្បាល​មេក្រូ​ អាង​វិទ្យុ​ ហើយ​នាំ​គ្នា​វិភាគ​វាយ​ប្រហារ​គេ​ អត់​ទេ។​ ពង្រឹង​នីតិរដ្ឋ»។​

កាលពី​ឆ្នាំ​២០១៦​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ប្តឹង​លោក​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ដោយ​ទាម​ទារ​លុយ​ចំនួន​១០០.០០០​ដុល្លារ។ ការ​ប្តឹង​នេះ​កើត​ឡើង ​បន្ទាប់​ពី​អ្នក​វិភាគ​រូប​នេះ​ ធ្វើ​ការ​អធិប្បាយ​ថា ​ការ​ទម្លាយរឿងអា​ស្រូវ​ស្នេហា​លួច​លាក់​របស់​លោក​កឹម សុខា​ និង​នាង​ខុម ចាន់តារាទី​ហៅ​ស្រី​មុំ​ ​អតីតនារី​អ៊ុតសក់គឺជាយុទ្ធ​សាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដាក់​សម្ពាធ​លើ​លោក​កឹម សុខា។​

VOA​ ព្យាយាម​សុំ​សេចក្តី​អធិប្បាយ​ពីលោក​គឹម សុខ​ទាក់​ទិន​បណ្តឹង​របស់​លោក​ហ៊ុន សែន​ តែ​មិនទាន់​អាច​ទាក់​ទង​បាន​ទេនៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ដោយ​ទូរ​សព្ទ​របស់​លោក​ត្រូវ​បាន​បិទ។ ក៏​ប៉ុន្តែ​លោកបាន​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា​ លោក​អាច​នឹង​បាត់មុខ​មួយ​រយៈ ហើយ​លោក​មិន​បានផ្តល់​ហេតុផល​នៃ​អវត្ត​មាន​របស់​លោក​នោះ​ឡើយ។​

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ទោះ​ខ្ញុំ​មាន​រឿង​អ្វី​ក៏ដោយ​ វា​គ្រាន់​តែ​ជា​ការ​បាត់​វត្តមាន​របស់​ខ្ញុំ​មួយ​រយៈ​ឬ​បាត់បង់​រូប​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ តែ​បើ​បង​ប្អូន​ឈាម​រួមខ្មែរ​ទាំង​ឡាយ​ ទាំង​ប្រជា​រាស្ត្រ​ធម្មតា ​ទាំង​អ្នក​នយោបាយ​ជាតិ​ប្រជាធិបតេយ្យយល់​អំពី​តម្លៃ​នៃ​ការ​រួម​កម្លាំង​ការ​ងារ​តស៊ូ​មតិ​រឹង​មាំ​ជា​មួយ​គ្នា​ដោយ​ស្មារតី​មិន​បោះ​បង់ ឆ្ពោះ​ទៅ​កាន់​ការ​ផ្លាស់​ប្តូរ​ នោះ​ជីវិត​ជាតិ​យើង​នៅ​តែរស់ ហើយ​ប្រសិន​បើ​មាន​ការ​បាត់​បង់​ខ្ញុំ​មែន​ វា​គ្មាន​អ្វី​គួរ​ឲ្យ​សោកស្ដាយ​ឡើយ»។​

លោក​គឹម សុខ​បាន​ប្រាប់​ VOA​ កាលពី​ថ្ងៃ​អាទិត្យ​ថា​ លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រឈម​នឹងបណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ លោក​គឹម សុខ​ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការបង្ហាញ​ភ័ស្តុតាង​នានា​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក កែម ឡី។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​ ​បាន​ប្រាប់​ VOA​ ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ឈ្នះ​ក្នុង​រឿង​ក្តី​ជាមួយ​លោក​គឹម សុខ​ ​បន្ទាប់ពី​លោក​ហ៊ុន សែន​បាន​ដាក់​ពាក្យ​បណ្តឹង​ការ​អធិប្បាយ​របស់​លោកគឹម សុខ។ យ៉ាងណាក៏ដោយ​ លោក​មានប្រសាសន៍​ថា​ កម្ពុជា​ពុំ​មាន​ប្រព័ន្ធ​យុត្តិធម៌​ណា​មួយ​ដែល​នឹង​វែក​មុខ​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ ការ​បាញ់​សម្លាប់​លោកកែម ឡី​នោះ​ឡើយ។​

«ក៏​ប៉ុន្តែ​ រឿង​មួយ​ដែល​យើង​ថា​ មាន​ការ​ព្រួយ​បារម្ភ​នោះ​នៅ​ត្រង់​ថា​ តើ​មាន​ប្រព័ន្ធ​ណា​មួយដែល ​ឬ​ក៏​ប្រព័ន្ធ​យុត្តិធម៌​តុលាការ​នោះ​ អាច​ទៅរក​ឲ្យ​ច្បាស់​ទេ​ ថា​តើ​អ្នកណា​ដែល​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាតកម្ម​នោះ​ មែន​ទែន​នោះ។​ តើ​វាដូច​ដែល​លោក​គឹម សុខ​ចោទមែន​ ឬក៏​វា​ជា​អ្នក​ណា​ផ្សេង»។​

រូបឯកសារ៖ លោក គី តិច មេធាវី​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលាតំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។​(ឡេង​ ឡែន/VOA)
រូបឯកសារ៖ លោក គី តិច មេធាវី​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលាតំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។​(ឡេង​ ឡែន/VOA)

​លោកមេធាវីការ​ពារក្តី​លោក​ហ៊ុន សែន​បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​ទេ។​ ពាក្យបណ្តឹង​របស់​លោក​ហ៊ុន សែន​ដាក់​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ការ​អធិប្បាយ​របស់​លោក​គឹម សុខ​ដែល​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្លាប់​លោក​កែម ឡី​ នោះ​បាន​«​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តិយស​ កិត្តិស័ព្ទ​ និង​ភាព​ស្អាត​ស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក៏បានបញ្ជាក់​អំពី​ចេតនា​ទុច្ច​រឹត​បង្ក​ជា​ការ​ញុះញង់​បំផុស​បំផុល​ បញ្ឆេះ​កំហឹងមហា​ជន​ ដែល​អាច​ឲ្យ​មាន​ចលាចល​ធ្ងន់​ធ្ងរ​ក្នុង​សង្គម​ទាំង​មូល»។​

លោក​គឹម សុខ​គឺ​ជា​បុគ្គល​ទីបី​ដែល​ត្រូវបាន​លោក​ហ៊ុន សែន​ប្តឹង ​បន្ទាប់​ពី​លោក​ស្រី​ថាក់​ ឡានី​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ និង​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​រង​បណ្តឹង​ស្រដៀង​គ្នា​នេះ។​

ក្នុង​កិច្ច​ខិតខំ​ស្វែង​រក​ការណ៍​ពិត​នៃ​ការ​ស្លាប់​របស់​លោក​កែម ឡី លោក​សម រង្ស៊ី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​មួយ​ក្នុង​សហ​រដ្ឋ​អាមេរិក​ ដើ​ម្បី​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ Chevron ​ដែល​ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​សាំង​ Caltex ​នៅ​ប្រទេស​កម្ពុជា​ផ្តល់​វីដេអូកាម៉េរា​សុវត្ថិភាព​ ដែល​បាន​ថត​រូប​ភាព​នៃ​ការ​បាញ់​សម្លាប់​លោក​កែម ឡី។ លោក​សម រង្ស៊ី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រថា​ តុលាការ​រដ្ឋ​ California​ នៅ​សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​ទទួល​យក​សំណើ​នោះ​ហើយ។​

លោក​សម រង្ស៊ី​ពន្យល់​ថា​ តុលាការ​អាមេរិក​យល់​ឃើញ​ថា ​សំណើ​របស់​លោកទាក់​ទង​ទៅ​នឹង​ក្តីក្តាំ​២​ផ្សេង​ទៀត​ គឺ​បណ្តឹង​របស់​លោក​ហ៊ុន សែន​នៅតុលាការប្រទេស​កម្ពុជា​ពី​បទ​បរិហារ​កេរ្តិ៍​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​ដែល​ថា​ រដ្ឋា​ភិបាល​លោក​ហ៊ុន សែន​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី។​ បណ្តឹង​មួយ​ទៀត​ជា​បណ្តឹង​របស់​ជន​រង​គ្រោះ​ខ្មែរ​មួយ​ចំនួន​ រួម​ទាំង​រូប​លោក​ផង​ដែរ​ ​ដែល​ប្តឹង​លោកហ៊ុន សែន​ចំពោះ​មុខ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ (ICC)​ ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​នៅ​ក្នុង​ស្រុកកោះ​ធំ​ ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​ ហ៊ុន សែន​ក៏​បាន​ព្រមាន​ខ្លាំងៗ​ ម្តងទៀត​ទៅ​ដល់​បុគ្គល​ ឬ​ក្រុម​ណា​ដែល​មាន​គំនិតចង់​ធ្វើ​បដិវត្តន៍​ពណ៌។ លោក​ថា​ បុគ្គល​ ឬ​ក្រុម​ទាំងនោះ​ត្រូវ​ត្រៀម​ក្តា​មឈូស​ឲ្យ​ហើយ​ជាមុន​សិន​ ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រដ្ឋបាល​របស់​លោក៕​

XS
SM
MD
LG