ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះរាជអាជ្ញា​បដិសេធ​សំណើ​ពន្យារ​ពេល​ចូល​ខ្លួន​បំភ្លឺ​របស់​លោក គឹម សុខ


លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ម្នាក់ ប្រាប់​អ្នកសារព័ត៌​មាន​ថា​ លោក​ គ្មានលុយ​បង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​​ សែន​នោះទេ ទាក់ទង​នឹង​សំណុំ​រឿង​ក្តី​ដែល​មេធាវី​លោក​នាយករដ្ឋ​មន្ត្រី​បាន​ដាក់​ទៅ​សាលារាជធានី​ភ្នំពេញ ​​នៅថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)​

លោក​ គឹម សុខ​ ដែល​ត្រូវ​បាន​លោក​លោក​ ​ហ៊ុន សែន ​ចោទ​ថា​បាន​អធិប្បាយ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិ​យស​ និង​កិត្តិសព្ទ​របស់​គណបក្ស​កាន់​អំណាច​នោះ​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​មិន​ទាន់​ទទួល​បាន​មេធាវី​ដើម្បី​ការ​ពារ​ក្ដី​ឲ្យ​លោក​នៅឡើយ​ទេ។​

អ្នកវិភាគ​នយោបាយ​ លោក​ គឹម សុខ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​ពន្យារ​ពេល​ការ​ចូល​ខ្លួន​បំភ្លឺ​ ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ប្ដឹង​ទារ​លុយ​ពី​អ្នកវិភាគ​រូប​នេះ​ ចំនួន​៥០០០០០​ដុល្លារ​ចំពោះ​ការ​អធិប្បាយ​របស់​លោក​ ដែល​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក​ កែម​ ឡី។

​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញដីកា​បង្គាប់​ឲ្យ​លោក​ គឹម សុខ​ ចូលខ្លួន​ទៅ​កាន់​អយ្យការ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។​ ការ​កោះ​ហៅ​នេះ​គឺ ដើម្បី​សាក​សួរ​លោក​ គឹម សុខ ពី​ដំណើរ​រឿង​លើ​បណ្ដឹង​របស់​លោក​មេធាវី​ គី​ តិច​ ដែល​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។ ដីកា​បង្គាប់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ ក្នុង​ថ្ងៃ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​លោក​ គី​ តិច។

​លោក​ គឹម សុខ​ ដែល​ត្រូវ​បាន​លោក​លោក​ ​ហ៊ុន សែន ​ចោទ​ថា​បាន​អធិប្បាយ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិ​យស​ និង​កិត្តិសព្ទ​របស់​គណបក្ស​កាន់​អំណាច​នោះ​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​មិន​ទាន់​ទទួល​បាន​មេធាវី​ដើម្បី​ការ​ពារ​ក្ដី​ឲ្យ​លោក​នៅឡើយ​ទេ។​ ដោយ​ហេតុ​នេះ​ លោក​ស្នើ​ឲ្យ​តុលាការពន្យារ​ពេល​សាកសួរ​រូបលោក។

នៅ​ពេល​ដែល​ VOA​ សួរ​បន្ថែម​ថា​ តើ​លោក​អាច​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដែរ​ឬទេ​ ប្រសិន​បើ​តុលាការ​មិន​ព្រម​លើក​ពេលនោះ​ លោក​ គឹម សុខ និយាយ​ថា​ ការ​ចាប់​ខ្លួន​លោក​នឹង​កើត​មាន​ឡើង។

​«គេ​គង់​តែ​ចាប់​ទេ​ មិន​ចាំបាច់​បារម្ភ​អី​ច្រើន​ទេ។​ កន្លែង​ហ្នឹង​ គេ​គង់​តែ​ចាប់​ទេ។​ ហើយ​គេ​គង់​តែ​ដាក់​គុក​ទេ។​ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​មិន​ដឹង»។

​លោក​ ថ្លែង​បន្ត​ថា​ លោក​មិន​មាន​ប្រាក់​រហូតដល់​រាប់​សែន​ដុល្លារ​ ដើម្បី​ផ្ដល់​ជូន​ទៅ​លោក​ ហ៊ុន​ សែន នោះ​ឡើយ​ ខណៈ​ដែល​លោក​រស់​នៅ​ក្នុង​បន្ទប់​ជួល​ដែល​មាន​តម្លៃ​មិន​ដល់១០០​ដុល្លារ​ក្នុង​មួយ​ខែ​ផង​នោះ។

«ប្ដឹង​អាសូរ​តែ​តិច​លោក​ម្ចាស់​អើយ ៥០​ម៉ឺន​ដុល្លារ​ នរណា​មាន​លុយ​សង​ ទាល់​តែ​ខ្ញុំ​មាន​សិទ្ធិ​លក់​ស្អី​គេ​ ស្តាត​អូឡាំពិក​ដូច​គេ​ បាន​មាន​លុយ​សង។ តែ​ខ្ញុំ​មាន​សិទ្ធិ​ដល់​ហ្នុង​ឯណា។​ ហើយ​បើ​សិន​ជា​មាន​ ក៏​ខ្ញុំ​មិន​ធ្វើ​នូវ​រឿង​ឧក្រិដ្ឋ​បែប​ហ្នឹង​ដែរ​ អា​ហ្នឹង​ជា​ឧក្រិដ្ឋ​ជាតិ​មួយ​ដែល​ប្រជា​រាស្ត្រ​ស្អប់​ណាស់។​ ខ្ញុំ​ធ្វើ​ដើម្បី​ប្រទេស​ជាតិ​ ដើម្បី​ប្រយោជន៍​ប្រជារាស្ត្រ​ទូ​ទៅ ខ្ញុំ​អត់​ធ្វើ​ដើម្បី​ខ្លួន​ឯង​ទេ»។

​លោក​បន្ថែម​ថា​ ទោះបី​ជួប​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ​ លោក​នឹង​នៅ​តតាំង​ខាង​ផ្លូវ​ច្បាប់​នេះ​ ដោយ​មិន​រត់​ចេញ​ពី​ប្រទេស​ ហើយ​ក៏​មិន​បោះបង់​ការ​ធ្វើ​អធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​នោះ​ឡើយ។

​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មួយ​ក្នុង​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រមាន​លោក​ គឹម សុខ ​មិន​ឲ្យ​រត់​ចេញ​ពី​ប្រទេស។

លោក​បាន​បញ្ជាក់​ថា​ លោក​ គឹម សុខ ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ ប្រសិន​បើ​លោក ​គឹម សុខ ពុំ​មាន​លទ្ធភាព​សង​ជា​សាច់​ប្រាក់​ទៅ​រូប​លោក។

លោក​ គី​ តិច​ មេធាវី​លោក​ ហ៊ុន សែន​ ប្រាប់​អ្នកសារព័ត៌មានថា លោក​ គឹម សុខ​ អាច​នឹង​ជាប់​ពន្ធនាគារ ប្រសិន​បើ​លោក​គ្មានលុយ​បង់​ទៅឲ្យលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​នៅសាលារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី/VOA)
លោក​ គី​ តិច​ មេធាវី​លោក​ ហ៊ុន សែន​ ប្រាប់​អ្នកសារព័ត៌មានថា លោក​ គឹម សុខ​ អាច​នឹង​ជាប់​ពន្ធនាគារ ប្រសិន​បើ​លោក​គ្មានលុយ​បង់​ទៅឲ្យលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​នៅសាលារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី/VOA)

ការ​អធិប្បាយ​របស់​លោក ​ហ៊ុន សែន​ បែប​នេះ​ កើតមាន​ឡើង​ នៅ​គ្រា​តុលាការ​មិន​ទាំង​បាន​សម្រេច​ថា​ លោក​ គឹម សុខ ពិត​ជា​មាន​ទោស​ ឬ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ។

លោក​ គី​ តិច​ មេធាវី​ការ​ពារ​ក្តី​លោក​ ហ៊ុន​ សែន​ ដែល​បាន​យក​ពាក្យ​បណ្ដឹង​របស់​លោក​ ហ៊ុន ​សែន ​ផ្សេង​ទៀត​ទៅ​ដាក់​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ប្រសិន​បើ​លោក​ គឹម​ សុខ​ មិន​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​កូន​ក្តី​លោក​នោះ​ តុលាការ​នឹង​អាច​ចាត់​ការ​ឃុំ​ខ្លួន​លោក​ គឹម​ សុខ។

«តែ​អត់មាន​អី​សង​ អា​ហ្នឹង​គេ​មាន​នីតិវិធី​គេ​ គេ​អាច​មាន​ចាប់​ឃុំខ្លួន​ ដាក់​ពន្ធនាគារ​ បង្ខំ​លើ​រូបកាយ​ធានា​សំណង»។

​យោង​តាម​បណ្ដឹង​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ប្ដឹង​លោក​ គឹម សុខ​ ដដែល​នេះ​ បាន​ឲ្យដឹង​ថា​ លោក​ គឹម​ សុខ​ បាន​ធ្វើ​ការ​អធិប្បាយ​ក្នុង​វិទ្យុ​ក្នុង​ស្រុក​មួយ​ ដោយ​បាន​និយាយ​ថា​ ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​មិន​រក​មុខ​ឃាត​ករ​ពិត ​សម្លាប់​លោក​ កែម ឡី​ លោក​ ជា​ វិជ្ជា​ ព្រះ​សង្ឈ​ សម​ ប៊ុន​ធឿន​ ​និង​លោក​ឈុត​ វុទ្ធី​ ​ជា​ដើម។

​លោក​ គី តិច ​មានប្រសាសន៍​បន្ត​ថា​ លោក​ គឹម សុខ​ បាន​បំពាន​ច្បាប់​ម្ដង​ទៀត​ តាម​ការ​អធិប្បាយ​អំពី​ការ​សម្លាប់​ ដែល​ឃាតករ​មិន​ដែល​ត្រូវ​បាន​រក​ឃើញ​នោះ។

​«មួយ​ជំហាន​ទៀត​នេះ​ គឺ​ថា​ គឹម​ សុខ​ បាន​បន្ត​ធ្វើ​សកម្ម​ភាព​បំពាន​ច្បាប់​ហ្នឹង​ទៅដល់​ រដ្ឋាភិបាល​ទៀត​ អញ្ចឹង​ហើយ​បាន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ប្រគល់​សិទ្ធិ​ឲ្យ​ខ្ញុំ​ មក​តំណាង​ប្ដឹង​គាត់​ ប្តឹង​គឹម សុខ​ ក្នុង​សំណុំ​រឿង​មួយ​ទៀត​នៅ​ថ្ងៃ​នេះ»។

​លោក​ គី តិច​ បាន​បន្ថែម​ថា​ លោក​ ហ៊ុន​ សែន​ បាន​ទាមទារ​ប្រាក់​ពី​លោក​ គឹម សុខ​ ក្នុង​ចំនួន​តែ​១០​លាន​រៀល​ប៉ុណ្ណោះ​ សម្រាប់​ពាក្យ​បណ្ដឹង​ទីពីរ​នេះ។

​ពាក់​ព័ន្ធ​នឹង​លិខិត​របស់​លោក​ គឹម សុខ​ ដែល​ស្នើ​សុំ​ឲ្យ​តុលាការ ​លើក​ពេល​នៃ​ការ​ចូល​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ លោក​ លី​ សុផាណា​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ប្រាប់​ VOA ​តាមរយៈ​សារ​ក្នុង​បណ្ដាញ​ទូរស័ព្ទ​ចល័ត​ថា អយ្យការ​បាន​ច្រាន​ចោល​សំណើ​របស់​លោក​ គឹម សុខ។​ លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«​តំណាង​អយ្យការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ពន្យារពេល​នៃ​ការ​ស្ដាប់​ចម្លើយ​ជន​ជាប់​សង្ស័យ​ ឈ្មោះ​ ​គឹម​ សុខ​ ហើយ​នឹង​បន្ត​ចំណាត់​លើ​សំណុំរឿង​នេះ»។

លោក​ លី​ សុផាណា​ សុំ​មិន​អធិប្បាយ​ចំពោះ​ ចំណាត់​ការ​របស់​តុលាការ​ថា​ តើ​នឹង​មាន​ការ​ចាប់​ខ្លួនលោក​ គឹម សុខ​ ឬ​យ៉ាង​ណា​នោះ​ឡើយ​ ក្នុង​ករណី​ដែល​លោក​ គឹម សុខ មិន​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​តាម​កាល​កំណត់​នោះ។

លោក​ ប្រេដ អាដាមស៍​ (Brad Adams)​ ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights​ Watch បាន​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​វាយប្រហារ​ខាង​ផ្លូវច្បាប់​របស់​លោក​ ហ៊ុន សែន​ ទៅ​លើ​លោក​ គឹម សុខ​ «គឺ​ជា​ការ​ប៉ុនប៉ង​បំភិតបំភ័យ​ ក្រុម​អ្នក​រិះគន់​រដ្ឋបាល​របស់​លោក​ ហ៊ុន សែន​ ដែល​គេ​ដឹង​ថា​ត្រូវ​បាន​ញាំញី​ដោយ​អំពើ​ពុករលួយ​នោះ»។

លោក​ថ្លែង​ថា៖

«នេះ​ពិត​ជា​ការ​ប៉ុន​ប៉ង​មួយ​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ ក្នុង​ការ​រិះគន់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ជា​រឿយៗ​គឺ​ការ​អធិប្បាយ​ផ្នែក​នយោបាយ។​ ហើយ ​ច្បាស់​ណាស់​ វា​មិនមែន​ជា​របៀប​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​អនុវត្ត​នោះ​ឡើយ។​ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា​ ហ៊ុន​ សែន​ មិន​ចាប់​អារម្មណ៍​នឹង​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ»។

លោក ​ប្រេដ អាដាមស៍​ បាន​ឲ្យដឹង​បន្ថែម​ថា​ ការណ៍​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទារ​ប្រាក់​ចំនួន​៥០០០០០​ដុល្លារ​ពី​ លោក ​គឹម សុខ​ គឺ​ជា​រឿង​មួយ​គួរឲ្យ​អស់​សំណើច​ជា​ទីបំផុត៕

XS
SM
MD
LG