អ្នកវិភាគ៖ ការប្រកាស​គាំទ្រ​របស់​លោក ហ៊ុន សែន ឲ្យ​កូន​ប្រុស​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី គឺ​ដើម្បី​ស្ទង់​ចរន្ត​គាំទ្រ

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

ក្រោយ​ពី​មាន​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ក្នុង​ការ​គាំទ្រ​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ាណែត ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​នៅ​ពេល​អនាគត ​ ស្ថាប័ន​ និង​ក្រសួង​មួយ​ចំនួន​បាន​ចេញ​ញត្តិ​គាំទ្រ​ការ​លើក​ឡើង​នេះ។​

ក្នុង​ចំណោម​ស្ថាប័ន​ទាំង​នោះ ​ក៏​មាន​ក្រសួង​មួយ​ចំនួន​ផង​ដែរ ​រួម​មាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម ​និង​សំណង់ ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិញ្ញវត្ថុ ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ក្រសួង​បរិស្ថាន​ ក្រសួង​ប្រៃសណីយ៍​ជាដើម​ ដែល​បាន​ចេញ​សេចក្តី​ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ជម្រើស​បេក្ខភាព​នាយក​រដ្ឋមន្រ្តី ​គឺ​លោក ​ហ៊ុន ម៉ាណែត។​

លោក ​មាស នី​ អ្នក​វិភាគ​សង្គម​និង​នយោបាយ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ​អាច​ជា​តេស្ត​មួយ ​ដើម្បី​ស្ទាប​ស្ទង់​ពី​ចរន្ត​គាំទ្រ​ជម្រើស​របស់​លោក​ផង​ដែរ​ទាំង​នៅ​ក្នុង​ជួរ​គណ​បក្ស​ និង​ពី​សាធារណ​ជន។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ការ​ដែល​ធ្វើ​ពិសោធន​កម្ម​សាក​ល្បង​នេះ ​ខ្ញុំ​គិត​ថា​ ក៏​មិន​ជា​ចម្លែក​អី​ដែរ​ សម្រាប់​ការ​តែង​តាំង​តាម​រយៈ​ការ​បោះឆ្នោត។ ​វា​ត្រូវ​តែ​មាន​ការ​ស្ទង់​ស្ទាប​មើល​ ទោះ​បី​ជា​ថា​ ការ​ប្រកាស​របស់​គាត់​ហ្នឹង​ វា​ជា​សញ្ញា​ដែល​កើត​ឡើង​ ដោយ​សារ​តែ​មាន​បញ្ហា​ណា​មួយ​នៅ​ពី​ក្រោយ​ ​គាត់​ខឹង​អ្នក​ណា​អ៊ីចឹង​ទៅ​ ឬ​ក៏​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ ឬ​ចង់​ធ្វើ​ឲ្យ​បាន​ច្បាស់​លាស់​អ៊ីចឹង​ទៅ​ណា៎»។​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

មុន​ពេល​លោក ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣៦​ឆ្នាំ ​ប្រកាស​បែប​នេះ ​សារ​ព័ត៌មាន​បរទេស​ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ពី​បំណង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ាណែត​ បន្ត​តំណែង​របស់​លោក។​ ចំណែក​មន្រ្តី​គណបក្ស​ប្រឆាំង​ ក៏​បាន​លើក​ឡើង​ដែរ​អំពី​ការ​ឲ្យ​កូន​ប្រុស​បន្ត​តំណែង​នេះ។​

លោក​ ហ៊ុន ម៉ាណែត ​អាយុ​៤៤​ឆ្នាំ​ ដែល​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក​ West Point ​មាន​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។​ លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២០។​

ចំណែក​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០២០ ​លោក​ ហ៊ុន សែន​ ក៏​បាន​ព្រលយ​ផង​ដែរ​ថា​ លោក ​អូន ព័ន្ធ​មុន្នីរ័ត្ន ​ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ ហើយ​ជា​អតីត​លេខាធិការ​ផ្ទាល់​របស់​លោក ​ក៏​ជា​បេក្ខ​ជន​នាយក​រដ្ឋមន្រ្តី​ផង​ដែរ។​

រូបឯកសារ៖ លោក​ អូន ព័ន្ធមុនី​រ័ត្ន​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ទីផ្សារ​មូលប័ត្រ​កម្ពុជា​នៅ​ថ្ងៃ​អង្គារទី​៧​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។​ (​ឡេង ឡែន/វីអូអេ)

លោក ​អូន ព័ន្ធ​មុន្នីរ័ត្ន ​ត្រូវ​បាន​សារ​ព័ត៌មាន ​Reuters ​ចុះ​ផ្សាយ​កាល​ពី​កន្លង​ទៅ​ថា​ ​មាន​សញ្ជាតិ​ពីរ​ គឺ​ខ្មែរ​និង​ស៊ីប ​(Cyprus) ​ដែល​ជា​ប្រទេស​មួយ​នៅ​អឺរ៉ុប។​ ដូច្នេះ​បើ​អនុវត្ត​តាម​ច្បាប់​ដែល​កំណត់​ថា​ អ្នក​កាន់​តំណែង​រដ្ឋ​កំពូល ​ដូចជា​នាយក​រដ្ឋមន្រ្តី​ ប្រធាន​រដ្ឋសភា​ ប្រធាន​ព្រឹទ្ធសភា​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ ​ នោះ​លោក ​អូន ព័ន្ធ​មុន្នីរ័ត្ន​ ​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​បាន​ឡើយ។​ ច្បាប់​នេះ​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់ ​កាល​ពី​ដើម​ខែ​វិច្ឆិកា។​ ​

លោក​ សេង សារី​ អ្នក​វិភាគ​នយោបាយ​ម្នាក់​ដែល​លោក​ ហ៊ុន សែន ​ធ្លាប់​ព្រមាន​ចាប់​ខ្លួន​នោះ​ បាន​ចាត់​ទុក​ថា​ ការ​បង្ហាញ​ការ​គាំទ្រ​លោក​ ហ៊ុន ម៉ាណែត​ ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​បន្ត​នោះ​ គឺ​ជា​រឿង​ធម្មតា។​ ​ប៉ុន្តែ​លោក​ថា​ នេះ​ដោយ​សារ​ឥទ្ធិពល​របស់​នាយក​រដ្ឋមន្រ្តី​ទៅ​លើ​មន្រ្តី​រដ្ឋាភិបាល។​

លោក​ថ្លែង​ថា៖ ​«មន្រ្តី​ធំៗ ​ មន្រ្តី​រាជការ​ចេញ​សារ​គាំទ្រ​ ព្រោះ​សម្តេច ​ហ៊ុន សែន​ ជា​ប្រមុខ​រដ្ឋាភិបាល​ ដូច្នេះ​តិច​ ឬ​ច្រើន​ គាត់ មាន​ឥទ្ធិពល​ទៅ​លើ​មន្រ្តី​រាជការ​ និង​មន្រ្តី​នយោបាយ​ធំៗ។ អ៊ីចឹង​ការ​បញ្ចេញ​សារ​គាំទ្រ​នេះ ​អាហ្នឹង​មិន​មែន​ជា​រឿង​ចម្លែក​ទេ»។​

លោក​បន្ថែម​ថា​ ការ​ប្រកាស​របស់​លោក ​ហ៊ុន​ សែន​ អំពី​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​នេះ​ អាច​ជា​ «រឿង​ល្អ​មួយ» ​ដើម្បី​ឲ្យ​អ្នក​ប្រកួត​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​អាច​ត្រៀម​លក្ខណៈ​ផង​ដែរ។ ​យ៉ាង​ណាក្តី លោក​បញ្ជាក់​ថា​ រាល់​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​នយោបាយ​នៅ​កម្ពុជា ​គឺ​ត្រូវ​តែ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​មួយ ​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​អាច​ទទួល​យក​បាន។​

អភិបាល​ខេត្ត​កំពង់ស្ពឺ ​លោក ​វ៉ី សំណាង ​ ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក ​ហ៊ុន ម៉ាណែតដែរ​ ដោយ​លោក​និយាយ​យោង​ទៅ​លើ​កម្រិត​សិក្សា​របស់​លោក ​ហ៊ុន ម៉ាណែត ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។​

លោក​ថ្លែង​ថា៖​ «រដ្ឋបាល​ខេត្ត​ គឺយើង​គាំទ្រ​គាត់។ គាត់​មិន​មែន​ជា​មនុស្ស​...​អាច​និយាយ​បាន​ថា​ ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល។​ ហើយ​គាត់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​អាមេរិក​មក​ទៀត។​ អ៊ីចឹង​យើង​ធនធាន​មនុស្ស​ គឺ​យើង​ត្រូវ​ការ​ មិន​អ៊ីចឹង? ​ហើយ​ជា​ពិសេស​ ធនធាន​ដែល​ចេញ​ពី​ប្រទេស​លោក​សេរី»។​

ក្រៅ​ពី​មន្រ្តី​ជាន់ខ្ពស់​បម្រើការ​ក្នុង​ជួរ​រដ្ឋាភិបាល ​គេ​ក៏​សង្កេត​ឃើញ​ មន្រ្តី​តុលាការ​ និង​ឧកញ៉ា​មួយ​ចំនួន​បាន​បង្ហាញ​ការ​គាំទ្រ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។ ​

បើ​តាម​ហ្វេសប៊ុក​របស់​អគ្គ​បញ្ជាការ​ដ្ឋាន​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ នាយ​ឧត្តម​សេនីយ៍ ​វង្ស ពិសេន ​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​ក៏​បាន​ប្រកាស​«គាំទ្រ​យ៉ាង​ពេញ​ទំហឹង»​ចំពោះ​បេក្ខភាព​របស់​លោក​ ហ៊ុន ម៉ាណែត​ ជា​នាយក​រដ្ឋមន្រ្តី​ដែរ។​

លោក ​សុខ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ ដំណើរការ​ជ្រើស​តាំង​បេក្ខជន​នាយក​រដ្ឋមន្រ្តី​ គឺ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​បោះឆ្នោត​ជ្រើស​រើស​ពី​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​របស់​គណបក្ស​ ដោយ​ផ្អែក​លើ​សំឡេង​គាំទ្រ​៥០% ​បូក​១។​ ​

លោក​ថ្លែង​ថា៖​ «យើង​អនុវត្ត​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ គឺ​ក្នុង​ការ​ជ្រើស​រើស​មុខ​សញ្ញា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​ គឺ​គណៈ​កម្មការ​អចិន្រៃ្តយ៍ ​ គណៈ​កម្មការ​កណ្តាល​គណបក្ស​ជា​អ្នក​ជ្រើស​មុខ​សញ្ញា​ ហើយ​បន្ទាប់​មក​ដាក់​ទៅ​ចូល​មហា​សន្និបាត​របស់​គណបក្ស​ដើម្បី​ធ្វើការ​បោះឆ្នោត។​តា​លើស​ ៥០% ​បូក​១ ​អាហ្នឹង​គេ​ចាត់​ទុក​ជា​បាន​ការ»។​

លោក​បន្ត​ថា ​សន្ទុះ​នៃ​ការ​គាំទ្រ តាម​ស្ថាប័ន និង​ក្រសួង​នានា​ដែល​បាន​បង្ហាញ​ឡើង ​ស​បញ្ជាក់​ពី​ការ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ជម្រើស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្នុង​ការ​តែង​តាំង​កូន​ប្រុស​ច្បង​របស់​លោក​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី។​

លោក ​អ៊ូ ចន្ទរ័ត្ន ​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​គណបក្ស​«កែទម្រង់​កម្ពុជា» ​មាន​ប្រសាសន៍​ថា​ ការ​បង្ហាញ​ការ​គាំទ្រ​ដូច​នេះ ​គឺ​ដោយ​សារ​តែ​កម្ពុជា​កាន់​យក​ប្រព័ន្ធ​បរិបាល​កិច្ច ​ឬ​ប្រព័ន្ធ ​«បញ្ចុក​បញ្ស៊ី» ​ដែល​អាច​ឲ្យ​មាន​ការ​បំពេញ​ផល​ប្រយោជន៍​រវាង​គ្នា​ក្នុង​របប​បក្ខពួក​និយម។​

លោក​ថ្លែង​ថា៖ ​«នៅ​ក្នុង​ប្រទេស​យើង​ ដូច​ជា​ខ្ញុំ​បាន​ជម្រាប​ជូន​អ៊ីចឹង ​វា​មាន​ប្រព័ន្ធ​បែប​ហ្នឹង។ ​ដូច្នេះ​ចង់​ក៏​ដោយ មិន​ចង់​ក៏​ដោយ ​ បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ស្ថាប័ន​ហ្នឹង ​តែង​តែ​ចេញ​គាំទ្រ​ហើយ។ ​យើង​ចង់​និយាយ​ថា​ ជា​ក្រុម​ដែល​ជា​អ្នក​លុត​ក្រាប​អី​អ៊ីចឹង។ ​ម៉្លោះ​ហើយ​ត្រូវ​តែ​យក​ចិត្ត​ជា​មុន​សិន ​ថ្ងៃ​ណា​មួយ​ក្រែង​លោ​ឯកឧត្តម​ ហ៊ុន ម៉ាណែត​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​មែន ​អាច​ជា​ការ​សង​គុណ​អី​អ៊ីចឹង​ទៅ។​ អរគុណ​អ្នក​គាំទ្រ​អ៊ីចឹង​ទៅ»។​

លោក​បន្ថែម​ថា​ ​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ជំរុញ​ការ​គាំទ្រ​ជម្រើស​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​របស់​លោក​ បើ​ទោះ​បី​ជា​ត្រូវ​ឲ្យ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ក៏​ដោយ។​

រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ផល​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ខណៈ​លោក ​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​អង្គុយ​ពី​ក្រោយ​នោះ​ ​លោក ​ហ៊ុន សែន ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ លោក​ស ខេង ​មិន​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ទេ ​ដោយ​សារ​នៅ​ពេល​លោក​ ហ៊ុន សែន​ ឈប់​ធ្វើ​នាយក​រដ្ឋមន្រ្តី​ក្នុង​រយៈ​ពេល​យ៉ាង​តិច​១០​ឆ្នាំ​ទៀត ​លោក​ ស ខេង​ មាន​វ័យ​ចំណាស់​រួច​ទៅ​ហើយ។​

លោក​ អ៊ុំ សំអាន ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ហើយ​កំពុង​រស់​នៅ​សហ​រដ្ឋ​អាមេរិក ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា​ លោក ​ស ខេង ​«ស័ក្តិ​សម»​ ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ជាង​លោក ​ហ៊ុន ម៉ាណែត។​

លោក​បាន​លើក​ឡើង​នៅ​ក្នុង​ន័យដើម​ថា៖​ «មន្រ្តី​គណបក្ស​ប្រជាជន​ភាគ​ច្រើន​គាំទ្រ​លោក​ ស ខេង ​ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា។​ ​បើ​បោះឆ្នោត​ត្រឹមត្រូវ​ក្នុង​គណបក្ស​ដោយ​គ្មាន​ការ​គំរាម​កំហែង​លោក​ ស ខេង ​នឹង​ឈ្នះ​លោក ​ហ៊ុន ម៉ាណែត។ ​អ្នក​គាំទ្រ​លោក ​ស ខេង​ គួរតែ​ហ៊ាន​ចេញ​មុខ​តវ៉ា​រឿង​នេះ»។​

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​សុក្រ ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០២១ វីអូអេ​មិន​ទាន់​ឃើញ​ក្រសួង​មហាផ្ទៃ ​ឬ​ហ្វេសប៊ុក​របស់​លោក ​ស ខេង​ ចេញ​ញត្តិ ​ឬ​សេចក្តី​ប្រកាស​គាំទ្រ​បេក្ខភាព​របស់​លោក ​ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋមន្រ្តី​នៅ​ឡើយ​ទេ៕​