ការ​វិភាគ៖ ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​របស់​ចិន​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន

រូបឯកសារ​៖ កញ្ចក់​ទូរទស្សន៍​ធំ​មួយ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឈរ​ថតរូប​ជាមួយ​គ្នា​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​អ៊ូសបេគីស្ថាន ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ការ​ទទួលស្គាល់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ខែ​កញ្ញា​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន​ដែល​ថា ប្រទេស​ចិន​មាន «ចម្ងល់​និង​កង្វល់» អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ បាន​ផ្ដល់​នូវ​សញ្ញា​ដំបូង​ដែល​ថា​រដ្ឋាភិបាល​ចិន​កាន់តែ​មាន​ក្ដី​បារម្ភ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ។

លោក Victor Gao ដែល​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Soochow និង​ជា​អនុ​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​កិច្ចការ​ប្រទេស​ចិន​និង​សាកលភាវូបនីយកម្ម​នៅ​ប្រទេស​ចិន បាន​និយាយ​ថា៖ «យើង​កំពុង​និយាយ​អំពី​ការ​វិនិយោគ​ដ៏​ធំ​មិន​ថា​វិនិយោគ​ដោយ​ចិន​ផ្ទាល់​ឬ​ក៏​វិនិយោគ​ដោយ​មាន​ចិន​ធ្វើ​ជា​អ្នក​ម៉ៅការ​នោះ​ទេ [នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន]»។

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​លើ​ការ​ខូចខាត​ចំពោះ​គម្រោង​សាងសង់​កប៉ាល់​ដែល​វិនិយោគ​ដោយ​ចិន គម្រោង​រោងចក្រ​ដែក​និង​ដែក​ថែប គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​របស់​ប្រទេស​ចិន​នៅ​ប្រទេស​អ៊ុយក្រែន។

អ្នក​តាមដាន​ស្ថានការណ៍​នានា​បាន​និយាយ​ថា អ្វី​ដែល​ប្រទេស​ចិន​ប្រហែល​ជា​បាន​គិត​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ​គ្រាន់តែ​ជា​ការ «ធ្វើ​សមយុទ្ធ​យោធា» ប្រយុទ្ធ​រយៈពេល​ខ្លី​នោះ បែរ​ជា​បាន​ក្លាយទៅជា​សង្គ្រាម​ដ៏​មហន្តរាយ​មួយ​ដែល​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​វិនិយោគ​ផ្ទាល់​ក្នុង​ទឹក​ប្រាក់​រាប់​ម៉ឺន​លាន​ដុល្លារ​របស់​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទៅ​វិញ។

អ្នក​តាមដាន​ស្ថានការណ៍​ទាំង​នោះ​បាន​បន្ថែម​ថា ជាង​នេះ​ទៀត សង្គ្រាម​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​និង​តម្លៃ​ម្ហូប​អាហារ​កើនឡើង​នៅ​លើ​ពិភពលោក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ការ​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​មួយ​ចំនួន​ដល់​ប្រទេស​រុស្ស៊ី​ក្នុង​កម្រិត​មួយ​មិន​សូវ​ច្រើន​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​បញ្ហា​ប្រទាំងប្រទើស​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​និង​ទ្វីប​អឺរ៉ុប។

លោក Gao បាន​បញ្ជាក់​ថា៖ «ប្រទេស​ចិន​បាន​រងគ្រោះ​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​ការ​វិនិយោគ​ដ៏​ធំ​របស់​ខ្លួន [នៅ​ប្រទេស​អ៊ុយក្រែន]។ ករណី​នេះ​ហើយ​អាច​ជា​កត្តា​ដែល​ជំរុញ​ឱ្យ​ចិន​ធ្វើ​យ៉ាង​ណា​ចង់​ឱ្យ​មាន​សន្តិភាព។ ប្រទេស​ចិន​ចង់​ឃើញ​សង្គ្រាម​នេះ​បញ្ចប់​ឱ្យ​បាន​កាន់តែ​ឆាប់»។

រូបឯកសារ៖ ប្រធានាធិបតី​ចិនលោក Xi Jinping ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី ៨ តាម​វីដេអូ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (Huang Jingwen/Xinhua via AP)

ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​របស់​ចិន

ប្រទេស​ចិន​បាន​ច្រានចោល​ការ​ស្នើ​របស់​បស្ចិម​ប្រទេស​ដែល​ចង់​ឱ្យ​ខ្លួន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​បាន​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​លើ​រដ្ឋាភិបាល​រុស្ស៊ី។

លោក Putin បាន​ពឹងផ្អែក​លើ​រដ្ឋាភិបាល​ចិន​សម្រាប់​ផ្នែក​ពាណិជ្ជកម្ម​នៅ​ពេល​ដែល​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស។ បើ​ផ្អែក​តាម​ទិន្នន័យ​គយ​របស់​ប្រទេស​ចិន ការ​នាំចេញ​សរុប​ពី​ប្រទេស​រុស្ស៊ី​ទៅ​កាន់​ប្រទេស​ចិន​បាន​កើនឡើង​ជាង ៥០% ចាប់ពី​ខែ​មករា​មក​ដល់​ខែ​សីហា នៅ​ពេល​ដែល​ប្រៀបធៀប​ជាមួយ​នឹង​រយៈពេល​ដូច​គ្នា​នេះ​ដែរ​កាលពី​ឆ្នាំ​មុន។

នៅ​ក្នុង​អំឡុង​ពេល​ជួប​ពិភាក្សា​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ជាមួយ​នឹង​លោក Putin កាលពី​ខែ​កញ្ញា​នៅ​ឯ​កិច្ច​ប្រជុំ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ (SCO) លោក Xi បាន​បញ្ជាក់​អះអាង​ថា «ប្រទេស​ចិន​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​លើ​ការ​ពង្រីក​ការ​គាំទ្រ​ខ្លាំងក្លា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ស្នូល​របស់​ពួកគេ​រៀងៗ​ខ្លួន»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ប្រទេស​ចិន។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា លោក Xi «បាន​សង្កត់ធ្ងន់​ថា ប្រទេស​ចិន​នឹង​ធ្វើការ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តោត​លើ​ការ​ប្រតិបត្តិ​ជាក់ស្ដែង​លើ​ផ្នែក​ពាណិជ្ជកម្ម កសិកម្ម ការ​ប្រាស្រ័យ​ទាក់ទង និង​ផ្នែក​ផ្សេងៗ​ទៀត»។

ប៉ុន្តែ ប្រទេស​ចិន​ហាក់​ដូចជា​បង្វៀង​មិន​លើកឡើង​អំពី​រឿង​ទណ្ឌកម្ម។

លោក John Kirby អ្នក​សម្របសម្រួល​ផ្នែក​សារគមនាគមន៍​យុទ្ធសាស្ត្រ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង VOA កាលពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា​ថា៖ «យើង​មិន​ទាន់​បាន​ឃើញ​ថា​ប្រទេស​ចិន​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​សម្ភារ​ណា​មួយ​ដល់​លោក Putin សម្រាប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។ ហើយ​យើង​ក៏​មិន​បាន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា​ចិន​រំលោភ​លើ​ទណ្ឌកម្ម​នានា [ដែល​ដាក់​លើ​ប្រទេស​រុស្ស៊ី] នោះ​ដែរ»។

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​មុន​កិច្ចប្រជុំ​កំពូល SCO នៅ​ទីក្រុង Samarkand ប្រទេស​អ៊ូសបេគីស្ថាន ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។ (Sputnik/Sergey Bobylev/Pool via Reuters)

កត្តា​សហរដ្ឋ​អាមេរិក

ប្រទេស​ចិន​មិន​អាច​ដក​ខ្លួន​ឆ្ងាយ​ចេញពី​ប្រទេស​រុស្ស៊ី​បាន​ទេ ដោយសារតែ​ភាព​តានតឹង​កើនឡើង​រវាង​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

លោក Oh Ei Sun អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​សិង្ហបុរី (Singapore Institute of International Affairs) បាន​និយាយ​ថា៖ «ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​ចិន​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ប្រសិនបើ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​កាន់តែ​អាក្រក់​ឡើង នោះ​រុស្ស៊ី​និង​ចិន​នឹង​ពង្រឹង​ឡើង​បន្ថែម។ នៅ​ពេល​ឥឡូវ​នេះ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​នោះ​ទេ ដូច្នេះ​វា​ជា​រឿង​ធម្មតា​នោះ​ទេ​ដែល​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​ចិន​នឹង​មាន​ភាព​កក់ក្ដៅ​ជាង​មុន»។

កាលពី​ដើម​ខែ​កញ្ញា ប្រទេស​ចិន​បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​ចុង​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី។

លោក Kirby បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​នឹង VOA ថា៖ «ប្រទេស​ចិន​មាន​ជម្រើស។ ដូច​ដែល​យើង​បាន​បញ្ជាក់​ជា​ច្រើន​ដង​រួច​មក​ហើយ យើង​ចង់​ឃើញ​ប្រទេស​ចិន​ជ្រើស​យក​ជម្រើស​ថ្កោលទោស​អ្វី​ដែល​លោក Putin កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន … និង​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​ក្ដី​បារម្ភ​ដែល​ខ្លួន​មាន​ទាក់ទិន​នឹង​អ្វី​ដែល​លោក Putin កំពុង​ធ្វើ​នៅ​អ៊ុយក្រែន»។

លោក Kirby បាន​បន្ថែម​ថា៖ «យើង​នឹង​បន្ត​រក្សា​ការ​ទំនាក់ទំនង​ឱ្យ​នៅ​បើក​ចំហ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន ដូច​ដែល​យើង​ត្រូវ​ធ្វើ។ ជា​ការពិត​ណាស់ មាន​បញ្ហា​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន ប៉ុន្តែ​ក៏​មាន​ចំណុច​ដែល​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា​យើង​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ដែល​នេះ​គឺជា​អ្វី​ដែល​យើង​គួរតែ​ធ្វើ»។

រូបឯកសារ៖ ទាហាន​រុស្ស៊ី​ម្នាក់​ចូលរួម​ក្នុង​សមយុទ្ធ​យោធា Vostok ឆ្នាំ២០២២ ដែល​ចិន​ក៏​បាន​ចូលរួម​ដែរ​នៅ​ជាយ​ក្រុង Ussuriysk ប្រទេស​រុស្ស៊ី ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២។

ការ​ពិចារណា​របស់​ចិន

ទោះជា​យ៉ាងណា​ក៏ដោយ ការ​ពឹងផ្អែក​លើ​ប្រទេស​រុស្ស៊ី​ជា​ដៃគូ​ភូមិសាស្ត្រ​នយោបាយ​កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិន​កាន់តែ​ប្រឈម​នឹង​ស្ថានការណ៍​ពិបាក​សម្រេច​ចិត្ត ជាពិសេស​ដោយសារតែ​ជំហរ​របស់​ខ្លួន​រឿង​សន្តិភាព។

លោក Oh បាន​និយាយ​ថា៖ «ខ្ញុំ​មិន​គិត​ថា​ប្រទេស​ចិន​នឹង​ព្យាយាម​ធ្វើ​ឱ្យ​ប្រទេស​រុស្ស៊ី​ក្លាយជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​ខ្លួន​ផ្នែក​យុទ្ធសាស្ត្រ​នោះ​ទេ លើកលែងតែ​សម្រាប់​ជំនាញ​យោធា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ក្រៅពី​នេះ​គឺ​គ្មាន​អ្វី​ច្រើន​ដែល​ត្រូវ​និយាយ​នោះ​ឡើយ។ សេដ្ឋកិច្ច​រុស្ស៊ី​មាន​កម្រិត​ប្រហាក់ប្រហែល​ទៅ​នឹង​ខេត្ត​ធូរធារ​មួយ​របស់​ចិន​ដែល​ប្រហែល​ជា​ស្មើ​នឹង​ខេត្ត Guangdong តែ​ប៉ុណ្ណោះ។ ចិន​ក៏​អាច​យក​ប្រទេស​ឥណ្ឌា​ធ្វើ​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ដែរ»។

អ្នក​តាមដាន​ស្ថានការណ៍​រំពឹង​ថា​ប្រទេស​ចិន​នឹង​បន្ត​រក្សា​គោល​ជំហរ​ដូច​សព្វថ្ងៃ​នេះ ដោយ​មិន​ផ្ដល់​ការ​គាំទ្រ​ពេញ​ទំហឹង​លើ​ប្រទេស​រុស្ស៊ី​ហើយ​ស្រប​ពេល​នោះ​ដែរ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក Gao បាន​បញ្ជាក់​ថា៖ «ប្រទេស​ចិន​គឺ​ជា​មិត្ត​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ផង​និង​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​ផង។ ប្រទេស​ចិន​បាន​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ផង​និង​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​ផង។ ...រឿង​ទាំង​អស់​នេះ​ជា​ច្រើន​អាច​ធ្វើ​បាន​ដោយ​មាន​ប្រយោជន៍​នៅ​ក្រៅ​ឆាក​ជាជាង​ជា​សាធារណៈ»។

រូបឯកសារ៖ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev (ស្ដាំ) និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ធ្វើ​ទស្សនកិច្ច​នៅ​កន្លែង​តាំង​ពិព័រណ៍​មួយ​នៅ​ក្រុង​ Nur-Sultan​ ប្រទេស​កាហ្សាក់ស្ថាន ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២។ (Press service of the President of Kazakhstan/Handout via Reuters)

ឱកាស​នៅ​តំបន់​អាស៊ី​កណ្ដាល

ស្រប​ពេល​ដែល​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​បន្ត ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​កណ្ដាល​ហាក់​ដូចជា​កើនឡើង ដូច​ដែល​បាន​ឆ្លុះ​បញ្ចាំង​ដោយ​កិច្ច​ប្រជុំ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ​នៅ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ទៅកាន់​ប្រទេស​កាហ្សាក់ស្ថាន និង​កិច្ចព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​កណ្ដាល​ជាដើម។

លោក Simon Chen សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់ (National Taiwan University) បាន​និយាយ​ថា៖ «ជា​ការពិត ប្រទេស​ចិន​តែងតែ​ចង់​សាងសង់​បំពង់​បង្ហូរ​ប្រេង​ឥន្ធនៈ​កាត់តាម​តំបន់​អាស៊ី​កណ្ដាល ប៉ុន្តែ​ដោយសារតែ​ការ​ប្រឆាំង​របស់​រុស្ស៊ី គម្រោង​នេះ​មិន​អាច​ត្រូវ​បាន​អនុវត្ត​នោះ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ គម្រោង​របស់​ចិន​នេះ​គឺ​ជិត​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​ហើយ»។

តំបន់​អាស៊ី​កណ្ដាល​អាច​ភ្ជាប់​ប្រទេស​ចិន​ទៅ​កាន់​ទ្វីប​អឺរ៉ុប​បាន និង​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ជួយ​លោក Xi ឱ្យ​សម្រេច​ឱ្យ​បាន​នូវ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​លោក។ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នេះ​គឺ​ជា​គម្រោង​កសាង​ផ្លូវ​សូត្រ​សម័យ​ទំនើប​របស់​ចិន​ដើម្បី​ងាយស្រួល​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ធម្មជាតិ​ទៅ​កាន់​ប្រទេស​ចិន ក៏​ដូចជា​ងាយស្រួល​បញ្ជូន​ផលិតផល​របស់​ចិន​ទៅ​កាន់​ទ្វីប​អឺរ៉ុប​និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​ផងដែរ។

លោក Chen បាន​និយាយ​ថា៖ «នៅ​ក្នុង​តំបន់​អាស៊ី​កណ្ដាល ប្រទេស​ចិន​នឹង​ប្រហែល​ជា​ទទួល​បាន​ប្រយោជន៍ [ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន] ប៉ុន្តែ​ជា​ទូទៅ សេដ្ឋកិច្ច​របស់​ចិន​បាន​រងគ្រោះ​ដោយសារ​បញ្ហា​អតិផរណា​លើ​ទំនិញ​កសិកម្ម តម្លៃ​ស្រូវ​សាឡី​និង​តម្លៃ​ប្រេង​ឥន្ធនៈ​ខ្ពស់។ សម្រាប់​ប្រទេស​ចិន សង្គ្រាម​នៅ​អ៊ុយក្រែន​មិន​មែន​ជា​អ្វី​ដែល​ខ្លួន​ត្រូវការ​នោះ​ទេ»។

កាលពី​ពាក់​កណ្ដាល​ខែ​កញ្ញា ប្រទេស​ចិន កាហ្សាក់ស្ថាន និង​អ៊ូសបេគីស្ថាន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​ការ​សិក្សា​អំពី​លទ្ធភាព​នៅ​ក្នុង​ការ​កសាង​ផ្លូវ​ដែក​មួយ​ខ្សែ​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ ដែល​កាត់​តាម​ប្រទេស​ទាំង ៣ ឆ្ពោះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប ដោយ​មិន​កាត់​តាម​ប្រទេស​រុស្ស៊ី​ដែល​កំពុង​រង​ទណ្ឌកម្ម​របស់​ក្រុម​បស្ចិម​ប្រទេស៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ