អង្គការឃ្លាំមើលសិទ្ធិមនុស្សAmnesty International រាយការណ៍ថាការប្រហារជីវិតមនុស្សបានបន្តធ្លាក់ចុះកាលពីឆ្នាំមុនដល់ទៅ៤ភាគរយនៅជុំវិញពិភពលោក និងការធ្លាក់ចុះយ៉ាងគំហុកនៃការផ្តន្ទាទោសប្រហារជីវិត។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការប្រហារជីវិត និងការកាត់ទោសប្រហារជីវិតបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា មានការប្រហារជីវិតយ៉ាងហោចណាស់ចំនួន៩៩៣ករណីនៅក្នុងប្រទេសចំនួន២៣កាលពី
ឆ្នាំមុន ដែលចំនួននេះបានធ្លាក់ចុះ៤ភាគរយ ពីចំនួន១០៣២ករណីនៅក្នុងឆ្នាំ២០១៦ និងបានធ្លាក់ចុះ៣៩ភាគរយពីចំនួន១៦៣៤ករណីនៅក្នុងឆ្នាំ២០១៥។
ការប្រហារជីវិតជាច្រើននៅក្នុងសកលលោកដែលបានកត់ត្រាទុកកាលពីឆ្នាំមុនគឺមាននៅក្នុងប្រទេសចិន អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងប៉ាគីស្ថាន។ នេះបើយោងតាមរបាយការណ៍។
ប្រទេសចិននៅតែជាប់ចំណាត់ថ្នាក់កំពូលថាជាប្រទេសមានការប្រហារជីវិតមនុស្សច្រើនជាងគេនៅក្នុងពិភពលោក។ នេះបើយោងតាមអង្គការនេះ។ បើទោះបីជាចំនួនប្រហារជីវិតនៅក្នុងប្រទេសចិននៅតែមិនត្រូវបានគេដឹងច្បាស់លាស់យ៉ាងណាក៏ដោយ ក៏អង្គការ Amnestyបាននិយាយថា«មានការប្រហារជីវិតរាប់ពាន់ករណីត្រូវបានគេជឿថាបានធ្វើឡើង» នៅក្នុងប្រទេសនេះកាលពីឆ្នាំមុន។
៨៤ភាគរយនៃការប្រហារជីវិតត្រូវបានធ្វើឡើងក្នុងប្រទេសទាំង៤ គឺប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងប៉ាគីស្ថាន។ ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោចណាស់៥០៧នាក់ ប្រទេសអារ៉ាប៊ីសាអូឌីតប្រហារជីវិតមនុស្សយ៉ាងហោចណាស់១៤៦នាក់ ប្រទេសអ៊ីរ៉ាក់ប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ១២៥នាក់ ហើយប្រទេសប៉ាគីស្ថានបានប្រហារជីវិតមនុស្សយ៉ាងហោចណាស់៦០នាក់។ នេះបើយោងតាមអង្គការ Amnesty៕