អាជ្ញាធរប្រទេសវ៉េណេស៊ុយអេឡាបានធ្វើការឆែកឆេរខុសច្បាប់តាមផ្ទះរបស់អ្នកដែលសង្ស័យថា ប្រឆាំងខាងនយោបាយ ហើយវាអាចជាផ្នែកមួយនៃយុទ្ធនាការបំភិតបំភ័យ។ នេះបើតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស Amnesty International ចេញកាលពីថ្ងៃចន្ទ។
ក្រុមសិទ្ធិមនុស្សក្នុងស្រុកបានចងក្រងរឿងរ៉ាវនៃការឆែកឆេរយ៉ាងតិច៤៧ករណី និងការវាយប្រហារនៅតំបន់អ្នកស្រុករស់នៅទូទាំងប្រទេស អំឡុងខែមេសា និងខែកក្កដា។ នេះបើតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស។ ការឆែកឆេរនេះកើតមានឡើងចំពេលដែលមានការតវ៉ារយៈពេល៤ខែប្រឆាំងនឹងរដ្ឋាភិបាលសង្គមនិយមរបស់លោក Nicolas Maduro ដែលច្រើនតែកើតមានអំពើហិង្សា ដែលក្នុងនោះមានមនុស្សជាង១២០នាក់បានស្លាប់ និងប្រហែល២ពាន់នាក់ទៀតបានរងរបួស ហើយមនុស្សយ៉ាងតិច៥ពាន់នាក់ត្រូវចាប់ខ្លួន។
អ្នកស្រី Erika Guevara-Roasa នាយករបស់អង្គការនេះនៅអាមេរិកសរសេរក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរបានពង្រីកការបង្ក្រាបពីតាមផ្លូវរហូតដល់បន្ទប់ទទួលភ្ញៀវក្នុងផ្ទះរបស់ប្រជាជន។
របាយការណ៍នេះចោទថា កងកម្លាំងសន្តិសុខរបស់បានរដ្ឋប្រើកម្លាំងមិនត្រឹមត្រូវ នៅពេលធ្វើការឆែកឆេរ ហើយបានអំពាវនាវឲ្យបញ្ឈប់សកម្មភាពតាមអំពើចិត្តនេះ។
របាយការណ៍របស់អង្គការ Amnesty នេះមានឈ្មោះថា រាត្រីតក់ស្លុត៕