ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក
Nicolas Maduro ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវេណេស៊ុយអេឡា។
នៅក្នុងរបាការណ៍ដែលបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គការ Amnesty International បានប្រកាសថា ករណីសម្លាប់មនុស្សក្នុងប្រទេសនៅតំបន់អាមេរិកខាងត្បូងមានចំនួនច្រើនជាងប្រទេសផ្សេងទៀតដែលមានសង្គ្រាមទៅទៀត។ របាយការណ៍ក៏បានបញ្ជាក់អំពីអំពើហិង្សាឃោរឃៅធ្វើឡើងដោយពួកមន្រ្តីសន្តិសុខនៅអំឡុងពេលប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មនៅក្នុងប្រទេសជិតខាងក្រីក្រនានា។
អង្គការ Amnesty Internationa បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍មួយថា «ពួកមន្រ្តីបានប្រើប្រាស់វិធានការយោធា និងកងម្លាំងសន្តិសុខក្នុងរូបភាពជាការរំលោភសិទ្ធិមនុស្សនិងបានសម្លាប់មនុស្សដោយចេតនានៅអំឡុងពេលប្រតិបត្តិសន្តិសុខ»។
យោងតាមរបាយការណ៍មានការប្រហារជីវិតមនុស្សនៅក្រៅប្រព័ន្ធតុលាការចំនួន៨.២៩២ករណីនៅចន្លោះពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៧។
លោក Esteban Beltran នាយកអង្គការ Amnesty International ប្រចាំប្រទេសអេស្ប៉ាញបានថ្លែងថា «ករណីមួយចំនួនដែលកត់ត្រាដោយអង្គការ Amnesty បានបង្ហាញថា ជនរងគ្រោះគឺជាអ្នកគ្មានអាវុធ។
តាមរយៈការធ្វើកោសល្យវិច័យបង្ហាញថា ជនរងគ្រោះមានគ្រាប់កាំភ្លើងនៅត្រង់បំពង់ក, កញ្ចឹងក, និងក្បាល។ ពួកគេត្រូវបានដាក់ឲ្យលត់ជង្គង់ឬក្រាបចុះនៅអំឡុងពេលប្រហារជីវិត។
កាលពីឆ្នាំមុន គេរកឃើញថា ៩៥ភាគរយនៃជនរងគ្រោះដែលត្រូវបានសម្លាប់គឺជាបុរស ហើយ៦០ភាគរយនៃពួកគេមានអាយុពី១២ទៅ២៩ឆ្នាំ។
រដ្ឋាភិបាលវេណេស៊ុយអេឡាមិនទាន់ឆ្លើយតបភ្លាមៗទៅនឹងរបាយការណ៍នេះនៅ
ឡើយទេ។ យោងតាមអង្គការសហប្រជាជាតិ ពលរដ្ឋវេណេស៊ុយអេឡា២លាននាក់បានភៀសខ្លួនចេញពីប្រទេសចាប់តាំងពីឆ្នាំ២០១៤មក៕