នាយករដ្ឋមន្ត្រី​ចិន​ថា ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​អាច​មាន​ភាព​ប្រសើរ​ឡើង

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang

ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​កំពុង​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​កាន់តែ​ជូរចត់​ឡើង ដោយ​ប្រទេស​ទាំង​ពីរ​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ទៅ​ហើយ។

ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​អាច​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​វិល​មក​រក​សភាព​ដើម​វិញ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ស្មារតី​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ដែល​បាន​ប្រាប់​ក្រុម​អ្នក​នយោបាយ​អាមេរិក​ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​កំពុង​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​កាន់តែ​ជូរចត់​ឡើង ដោយ​ប្រទេស​ទាំង​ពីរ​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ទៅ​ហើយ។

នៅ​ពេល​ជួប​ប្រជុំ​ជាមួយ​នឹង​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ និង​សមាជិក​រដ្ឋសភា​អាមេរិក​ដែល​ជា​ស្ត្រី​មួយ​រូប​នៅ​ក្នុង​ទីក្រុង​ប៉េកាំង លោក Li Keqiang បាន​និយាយ​ថា នៅ​ក្នុង​រយៈពេល ៤ ទសវត្សរ៍​ចុង​ក្រោយ​នៃ​ទំនាក់ទំនង​ការទូត ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​ម្ដង​ឡើង​ម្ដង​ចុះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​រីក​ចម្រើន​ត្រឹមត្រូវ និង​មាន​ស្ថិរភាព​នៃ​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​បម្រើ​ឲ្យ​ផល​ប្រយោជន៍​រួម និង​ផល​ប្រយោជន៍​សំខាន់​នៃ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំង​ពីរ‍»។

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Tennessee លោក Lamar Alexander បាន​ប្រាប់​លោក Li Keqiang ថា គណៈប្រតិភូ​អាមេរិក​ទៅ​ប្រទេស​ចិន «ដើម្បី​បង្ហាញ​ការ​គោរព​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស និង​ប្រជាជន​ចិន​ដ៏​អស្ចារ្យ‍»។

លោក​បាន​បន្ថែម​ថា៖ «ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​គឺ​ជា​គូ​ប្រកួត​ប្រជែង ប៉ុន្តែ​មិន​មែន​ជា​សត្រូវ​នោះ​ទេ‍។ ហើយ​យើង​ជឿ​ថា ដោយ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក យើង​អាច​បន្ត​រីក​ចម្រើន​ទាំង​អស់​គ្នា‍»៕