សេរីភាពដែលទើបកើតថ្មីក្នុងតំបន់គ្រប់គ្រងដោយជនជាតិKurd នេះ គឺត្រូវបានគេយកទៅប្រើប្រាស់ដើម្បីលើកកម្ពស់ភាសាជនជាតិ Kurd ដែលត្រូវបានហាមប្រាមជាច្រើនទសវត្សរ៍ក្នុងរបបដែលដឹកនាំដោយប្រធានាធិបតី Bashar al-Assad និងក្រោមអតីតឪពុករបស់លោក គឺលោក Hafez al-Assad ។
ក្រុមជនជាតិ Kurd និយាយថា ពួកគេមានសេរីភាពក្នុងការរៀន និងបង្រៀនភាសារបស់ពួកគេដល់កូនចៅជំនាន់ក្រោយ ដោយសារមិនសូវឃើញមានកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរីក្នុងតំបន់របស់ពួកគេទាល់តែសោះ។
លោក Ismael Omar គ្រូបង្រៀនភាសា Kurd របស់សហគមន៍ឯកជនមួយ ក្នុងទីក្រុង Amude និយាយថា៖ «រឿងដែលកំពុងកើតមានឡើងនៅពេលនេះ វាគឺជារឿងមួយដ៏ល្អបំផុត»។
លោកប្រាប់ VOA ថា៖ «យើងបានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាចំនួន៣១រូប ហើយយើងបានធ្វើកិច្ចការនេះចាប់តាំងពីដើមដំបូងនៃបដិវត្តន៍ស៊ីរីមកម្ល៉េះ»។
មុនពេលមានបដិវត្តន៍ស៊ីរី ឆ្នាំ២០១១ ប្រព័ន្ធអប់រំទាំងមូលក្នុងតំបន់ដែលមានជនជាតិ Kurd រស់នៅ ប្រើភាសាអារ៉ាប់តែមួយគត់។ ទោះបីជាជនជាតិ Kurd អាចអភិរក្សការប្រើភាសារបស់ខ្លួននៅតាមផ្ទះក៏ដោយ ក៏ជនជាតិស៊ីរីដើមកំណើត Kurd មិនដែលមានឱកាសបានសិក្សារៀនសូត្រភាសា Kurd នៅតាមសាលារៀនឡើយ។
លោកស្រី Samira Hajji Ali ប្រធានគណៈកម្មាធិការអប់រំក្នុងតំបន់គ្រប់គ្រងដោយជនជាតិ Kurd ក្នុងទីក្រុង Qamishli និយាយថា នេះជាពេលវេលាសម្រាប់ជនជាតិ Kurd យកភាសារបស់ពួកគេទៅប្រើប្រាស់ឡើងវិញ និងបង្ហាត់បង្រៀនដល់កូនចៅ។ លោកស្រីប្រាប់ VOA ថា៖ «ភាសារបស់ពួកយើងត្រូវបានរដ្ឋាភិបាល Baath ហាមឃាត់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែ បច្ចុប្បន្ននេះកូនចៅរបស់យើងអាចទទួលបានការអប់រំជាភាសាកំណើតរបស់ពួកគេ»។
លោកស្រី បានបន្តថា ក្រោមការដឹកនាំនៃរដ្ឋាភិបាលថ្មីនេះ ភាសា Kurd គឺជាភាសាផ្លូវការ ដូចនឹងភាសាអារ៉ាប់ និងភាសាស៊ីរី។
រដ្ឋបាលថ្នាក់តំបន់របស់ជនជាតិ Kurd ដែលធ្វើប្រតិបត្តិការស្វ័យភាព បានបង្កើតកម្មវិធីសិក្សាដែលមិនត្រឹមតែមានមុខវិជ្ជាភាសា Kurd ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់សៀវភៅសិក្សាដែលមានលក្ខណៈខុសប្លែកពីអ្វីដែលធ្លាប់បានបង្រៀននៅក្នុងសាលារៀនរដ្ឋរបស់ស៊ីរី។
លោក Abdulselam Mohamad គ្រូបង្រៀននៅសាលារៀនរដ្ឋ ក្នុងតំបន់ Qamishli និយាយថា៖ «នៅឆ្នាំសិក្សាខាងមុននេះ យើងនឹងមានសៀវភៅសិក្សាដែលរៀបចំសម្រាប់ថ្នាក់បឋម។ គ្រប់សៀវភៅសិក្សាមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តទាំងអស់ សរសេរជាភាសា Kurd»។
លោកប្រាប់ VOA ថា គ្រូៗនឹងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល ដើម្បីអាចប្រើប្រាស់ភាសា Kurd ក្នុងការបង្រៀន។
ប៉ុន្តែ ប្រជាជនជាច្រើន មានការរិះគន់ចំពោះប្រព័ន្ធអប់រំថ្មីនេះ។ ពួកគេនិយាយថា ទោះបីជាការបង្រៀនជាភាសា Kurd ជារឿងមួយល្អ និងអាចបន្តភាសានេះដល់កូនចៅក៏ដោយ ក៏កម្មវិធីសិក្សាថ្មីដែលរដ្ឋាភិបាលដាក់ចេញនេះ មិនបានគិតគូរពីស្ថានភាពពិតជាក់ស្តែងដែលសិស្សមិនទាន់បានរៀបចំខ្លួនរួចរាល់ ក្នុងការទទួលការអប់រំជាភាសា Kurd ទាំងស្រុងបែបនេះនៅឡើយ។
លោកស្រី Nesrin Malla ម្តាយរបស់កូនសិស្សបីរូប ដែលចូលរៀននៅសាលាឯកជនដែលឧបត្ថម្ភដោយព្រះវិហារសាសនាគ្រិស្ត និយាយថា៖ «ពួកយើងមិនជំទាស់នឹងការបង្រៀនកូនៗរបស់យើងជាភាសាKurdនោះទេ»។
លោកស្រី ប្រាប់VOA ថា៖ «ភាសា Kurd ជាភាសាកំណើតរបស់យើង ហើយយើងស្រឡាញ់ភាសានេះ ប៉ុន្តែ ការសម្រុកដាក់គ្រប់សៀវភៅសិក្សាជាភាសា Kurdឲ្យកូនសិស្សក្នុងពេលតែមួយ គឺជាការធ្វើឲ្យខូចប្រយោជន៍»។
សាលារៀនឯកជន ដែលនៅតែបន្តបង្រៀនជាភាសាអារ៉ាប់ មិនមែនជាជម្រើសសម្រាប់មាតាបិតាសិស្សទាំងអស់ឡើយ។ ដោយសារតែតម្លៃសិក្សានៅតាមសាលារៀនឯកជន មានតម្លៃថ្លៃ ប្រជាជនគ្មានជម្រើសអ្វីក្រៅពីបញ្ជូនកូនៗរបស់ពួកគេទៅរៀននៅតាមសាលារៀនរដ្ឋ ដែលបង្រៀនជាភាសាKurd នោះទេ។
ក្រុមអ្នកជំនាញខាងភាសា សម្តែងនូវក្តីបារម្ភស្រដៀងគ្នានេះដែរ ដែលថាការដាក់បញ្ចូលភាសាKurdឲ្យសិស្សសិក្សា អាចនឹងរំខានដល់ទម្លាប់នៃការសិក្សារបស់ពួកគេ។
លោកគ្រូបង្រៀនម្នាក់ ឈ្មោះ Omar គិតថា៖ «វាត្រូវតែមានដំណើរការតាមលំដាប់លំដោយមួយសម្រាប់ការដាក់ឲ្យប្រើប្រាស់ភាសា Kurd សម្រាប់កូនសិស្សតាមជំហានបន្តិចម្តងៗ។ យើងមិនអាចចេះតែបង្រៀនពួកគេនូវភាសាមួយដែលពួកគេមិនធ្លាប់ឃើញក្នុងការអប់រំរបស់ពួកគេ ហើយយើងបែរជារំពឹងឲ្យពួកគេមានភាពជោគជ័យក្នុងការសិក្សាឡើយ»។
ក្រុមអ្នកជំនាញគិតថា ឧបសគ្គមួយទៀតសម្រាប់កូនសិស្ស គឺភាពខុសគ្នានៃអក្សរភាសា Kurd និងភាសាអារ៉ាប់។ ភាសា Kurd ស្ថិតក្នុងអំបូរភាសាឥណ្ឌា-អឺរ៉ុប ដែលប្រើអក្សរឡាតាំងសម្រាប់សំណេរ ចំណែកសិស្សធ្លាប់តែប្រើអក្សរអារ៉ាប់ដែលសរសេរពីស្តាប់ទៅឆ្វេង។
លោកគ្រូ Omar និយាយថា៖ «ករណីនេះមើលទៅហាក់បីដូចជាបញ្ហាតូចតាច ប៉ុន្តែ ជាក់ស្តែងវាជារឿងដែលពិបាកដោះស្រាយ ដោយសារតែសិស្សត្រូវតែប្តូរទម្លាប់ទាំងអស់ ទៅជាសំណេរអក្សរឡាតាំងវិញ»។
លោកបានបន្តថា វានឹងត្រូវចំណាយពេលច្រើន មុននឹងសិស្សអាចស៊ាំនឹងការប្រើប្រាស់អក្សរថ្មី។
ថ្មីៗនេះ សកលវិទ្យាល័យដែលទើបបង្កើតថ្មីមួយ មានកម្មវិធីអប់រំទៅលើបួនមុខជំនាញ រួមមាន អក្សរសាស្រ្តKurd វិទ្យាសាស្រ្ត វិស្វកម្ម និងវេជ្ជសាស្រ្ត។
ទោះបីជាមានភាពលំបាកផ្នែកបច្ចេកទេសទាំងនេះក៏ដោយ ក៏ក្រុមជនជាតិ Kurd នៅថ្នាក់មូលដ្ឋាននានា បាននិយាយថា ក្នុងពេលដែលពួកគេកំពុងតែទទួលបានសិទ្ធិអំណាចកាន់តែច្រើន ពួកគេបានតាំងចិត្តនឹងបន្តជំរុញភាសារបស់ពួកគេឲ្យមានការទទួលស្គាល់ពីគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ៕
ប្រែសម្រួលដោយ កោះ សុគន្ធី