រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​បោះ​ឆ្នោត​លើ​ច្បាប់​កំណែ​ទម្រង់​អន្តោប្រវេសន៍

ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក Zeid Ra'ad Al Hussein ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជជាតិ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។

ស្រប​ពេល​ដែល​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ត្រៀម​បោះ​ឆ្នោត​លើ​កំណែ​ទម្រង់​ដ៏​សំខាន់​មួយ​ចំពោះ​ច្បាប់​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សប្ដាហ៍​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ការពារ​គម្រោង​ចង់​បំបែក​កុមារ​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​មួយ​ចំនួន​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ។

ទោះបីជា​នេះ​ជា​ការ​អនុវត្ត​ដ៏​កម្រ​ក៏​ដោយ ក៏​នៅ​ពេល​ឥឡូវ​នេះ ភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​បាន​បំបែក​ក្រុម​គ្រួសារ​ណា​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ឬ​ក៏​ព្យាយាម​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់។

កុមារ​ប្រហែល ២ ពាន់​ត្រូវ​បាន​បំបែក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​រយៈពេល ៦ សប្ដាហ៍​គិត​ត្រឹម​ចុង​ខែ​ឧសភា​កន្លង​មក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋបាល​លោកTrumpកាល​ពី​សប្ដាហ៍​មុន។

ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក Zeid Ra'ad Al Hussein បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការណ៍​ដែល​ចង់​រារាំង​ឪពុក​ម្ដាយ​ដោយ​ការ​ធ្វើ​ឲ្យ​កូនៗ​របស់​ពួកគេ​ឈឺចាប់​គឺ​ជា​រឿង​ដែល «មិន​សម​ហេតុ​ផល» ទាល់តែ​សោះ។

លោក Zeid Ra'ad Al Hussein បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតីTrumpមនុស្ស​មិន​បាត់បង់​សិទ្ធិ​ជា​មនុស្ស​របស់​ខ្លួន​ដោយសារតែ​ការ​ឆ្លង​ព្រំដែន​ដោយ​គ្មាន​ទិដ្ឋាការ​នោះ​ទេ។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រើប្រាស់​គោល​នយោបាយ​របស់​ប្រទេស​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​ក្លាយជា​កន្លែង​ដែល​ពិបាក​រស់នៅ ដោយ​ការ​បង្កើន​ការ​ឈឺចាប់​បន្ថែម​ទៀត​ដល់​អ្នក​ដែល​រងគ្រោះ​ភាគ​ច្រើន​រួច​ទៅ​ហើយ»៕