ចៅក្រមសហព័ន្ធបញ្ជាដល់រដ្ឋបាលលោកត្រាំឱ្យរក្សាទុកកិច្ចការពារប្រឆាំងនឹងការបញ្ជូនចេញនូវពួកជនវ័យក្មេង៧សែននាក់គ្មានឯកសារដែលគេស្គាល់ថាជាពួក«dreamers»។
នៅក្នុងការស្តីបន្ទោសខ្លាំងមួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ចប់កម្មវិធីដែលគេស្គាល់ថា DACA នោះ លោក John Bates ចៅក្រមតំបន់ក៏បានបញ្ជាដែរដល់ក្រសួងសន្តិសុខមាតុភូមិឱ្យទទួលពួកអ្នកដាក់ពាក្យថ្មីៗសម្រាប់កម្មវិធីនេះផងដែរ។
គោលនយោបាយកាលពីឆ្នាំ២០១២នេះដែលបានត្រូវអនុវត្តនៅពេលលោក បារ៉ាក់ អូបាម៉ា កាន់តំណែងជាប្រធានាធិបតីអាមេរិកាំងបានអនុញ្ញាតឱ្យពួកជនអន្តោប្រវេសន៍គ្មានឯកសារដែលបានមកកាន់ស.រ.អា.នៅពេលពួកគេជាអនីតិជន ហើយដែលបានចុះឈ្មោះរៀនក្នុងវិទ្យាល័យឬមួយបានរៀនចប់វិទ្យាល័យហើយនោះ និងដែលមិនបានប្រព្រឹត្តបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាមួយ
អាចរស់នៅនិងធ្វើការនៅក្នុងប្រទេសអាមេរិកក្នុងរយៈពេលរៀងរាល់ពីរឆ្នាំដែលអាចបន្តពេលបានដោយគ្មានការភ័យខ្លាចអំពីការបញ្ជូនខ្លួនចេញពីស.រ.អា.។
ក្រសួងសន្តិសុខមាតុភូមិបានលប់ចោលកម្មវិធីនេះកាលពីឆ្នាំ២០១៧ ដោយនិយាយបង្ហាញហេតុផលថា រដ្ឋបាលមុនគ្មានអំណាចខាងផ្លូវច្បាប់ដើម្បីបង្កើតកម្មវិធីនេះទេ។
ប្រធានាធិបតី ត្រាំ បានផ្តល់ឱ្យពួកសមាជិកសភាស.រ.អា.នូវពេលកំណត់ចុងក្រោយបង្អស់មួយនៅខែមីនា ដើម្បីឱ្យមានការដោះស្រាយជាអចិន្ត្រៃយ៍មួយដល់ពួកជនដែលឋិតក្នុងកម្មវិធី DACA ក៏ប៉ុន្តែសភាស.រ.អា.ដឹកនាំដោយពួកសាធារណរដ្ឋមិនបានចាត់វិធានការអ្វីទេ។
តុលាការសហព័ន្ធមួយចំនួនក៏បានសម្រេចដែរថា កិច្ចការពារដែលមានរួចហើយដល់ពួក DACA ត្រូវតែមានតទៅទៀតនៅពេលដែលនៅតែមានការប្រឆាំងខាងផ្លូវច្បាប់តទៅទៀត៕