សម្រាប់យុវជននៅតាមតំបន់ជនបទ ដើម្បីទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ពួកគេត្រូវតែផ្លាស់ទៅរស់នៅទីក្រុងធំៗ ដូចជាទីក្រុងភ្នំពេញជាដើម។ ដោយសារតែការងារភាគច្រើនត្រូវបានប្រមូលផ្តុំនៅតែតាមទីក្រុងធំៗ នោះយុវជនតិចតួចណាស់ដែលត្រឡប់ទៅធ្វើការ និងអភិវឌ្ឍសហគមន៍របស់ខ្លួនវិញ។ នាង ទែន សុខស្រីនិត ជូនសេចក្តីរាយការណ៍នេះពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ។
ជារៀងរាល់ឆ្នាំ នៅកម្ពុជាកម្លាំងពលកម្មវ័យក្មេងប្រមាណ៦ម៉ឺននាក់ត្រូវការការងារ។ បើទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរលូនជាបន្តបន្ទាប់ក្តី ក៏កម្ពុជាមិនទាន់បង្កើតការងារឲ្យគ្រប់គ្រាន់ទៅតាមតម្រូវការនៃកម្លាំងពលកម្មនេះនៅឡើយទេ។
ជាលទ្ធផល យុវជនកម្ពុជាជាច្រើនប្រថុយនឹងគ្រោះថ្នាក់មួយចំនួន ដើម្បីស្វែងរកការងារនៅក្រៅប្រទេស ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រទេសចិន។ ហើយពលករមួយចំនួនបានប្រឈមនឹងការជួញដូរមនុស្ស និងការបង្ខំឲ្យធ្វើការដូចជាទាសករនៅតាមទូកនេសាទសមុទ្រ ដូចជាករណីនៅប្រទេសថៃជាដើម។
ក៏ប៉ុន្តែ នៅខេត្តសៀមរាប យុវជនវ័យក្មេងម្នាក់បានផ្លាស់ប្តូរបរិបទនេះ។ ថន ប៊ុនថឹង អាយុ២៥ឆ្នាំ បានបង្កើតការងារឲ្យខ្លួនឯង។ ប៊ុនថឹង បានសម្រេចចិត្តរស់នៅក្នុងសហគមន៍របស់ខ្លួន ដែលឋិតនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈពេលដែលកំពុងបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅទីរួមខេត្តសៀមរាប។
ប៊ុនថឹង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៤ ប៉ុន្តែ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេសដោយមិនយកប្រាក់កម្រៃដល់កុមារ និងយុវជនវ័យក្មេងនៅសហគមន៍របស់ខ្លួនតាំងពីឆ្នាំ២០១១មកម្ល៉េះ។
ប៊ុនថឹង យល់ថា តាមតំបន់ជនបទ ការពង្រឹងការអប់រំដល់ក្មេងជំនាន់ក្រោយមានសារៈសំខាន់ដល់ការអភិវឌ្ឍក្នុងភូមិរបស់ខ្លួន។
«នៅក្នុងភូមិខ្ញុំ ខ្វះខាតចំណេះដឹង។ យើងដឹងហើយថា ប្រទេសអភិវឌ្ឍន៍មួយគឺត្រូវការចំណេះដឹង។ ដូច្នេះ ខ្ញុំក៏បានស្ម័គ្រចិត្ត»។
បើទោះបីជាមានការជំរុញឲ្យទៅរកការងារធ្វើនៅតាមទីក្រុង ដែលមានប្រាក់កម្រៃល្អក្តី ក៏ ប៊ុនថឹង យល់ថា ការផ្តល់ការអប់រំដល់សហគមន៍របស់ខ្លួនមានសារៈសំខាន់ជាង។
«វាជាការចែករំឡែកតិចតួចរបស់ខ្ញុំ ដែលខ្ញុំគិតថា វាមិនអាចធំដុំ អភិវឌ្ឍប្រទេសជាតិបានច្រើន ប៉ុន្តែវាជាផ្នែកមួយយ៉ាងតូចដែលខ្ញុំអាចជួយអភិវឌ្ឍប្រទេសបាន»។
សាលាបង្រៀនភាសាបរទេសនេះមានសិស្សសិក្សាចំនួន៦០នាក់ ដែលមកពីភូមិចំនួន៥ នៅឃុំព្រះដាក់នេះ។ អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៊ុនថឹង បានពង្រឹងភាសាអង់គ្លេសដល់កុមារក្នុងភូមិ ដែលប៊ុនថឹង យល់ថា អាចជួយឲ្យពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកការងារនៅពេលអនាគត។
«ហើយចំពោះសហគមន៍ ខ្ញុំគិតថា វាមានសារៈសំខាន់មែនទែន ព្រោះវាបានផ្តល់ចំណេះដឹងឲ្យពួកគាត់។ ពីមុនពួកគាត់មិនចេះសរសេរអក្សរ A ទេ តែឥឡូវគាត់ចេះសរសេរអក្សរ A ចេះនិយាយប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស។ ទោះបីតិចច្រើនក៏ដោយ ខ្ញុំសប្បាយចិត្ត»។
សម្រាប់គម្រោងទៅថ្ងៃអនាគត ដោយសារមើលឃើញថា នៅក្នុងសហគមន៍របស់ខ្លួនខ្វះខាតសាលាជំនាញវិជ្ជាជីវៈដល់ស្ត្រីមេម៉ាយ និងស្ត្រីវ័យក្មេងដែលមិនមានឱកាសទទួលបានការអប់រំ ថន ប៊ុនថឹង និងសិស្សទាំងអស់នឹងខិតខំរៃអង្គាសទឹកប្រាក់ពីសប្បុរសធម៌ ដើម្បីបង្កើតសាលាជំនាញវិជ្ជាជីវៈមួយនៅក្នុងភូមិ៕