អង្គការសិទ្ធិមនុស្សនិងប្រជាពលរដ្ឋខ្មែរអូស្ត្រាលីដែលធ្វើការតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនៅចុងសប្តាហ៍នេះ បានទទូចឱ្យមានការផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហារំលោភសិទ្ធិមនុស្សនិងសិទ្ធិនយោបាយក្នុងប្រទេសកម្ពុជា។
លោក ហុង លីម អ្នកតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ និងជាអ្នកដឹកនាំបាតុកម្មម្នាក់ ប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន ក្នុងទឹកដីអូស្ត្រាលី បានថ្លែងប្រាប់ VOA កាលពីរំលងអាធ្រាត្រថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ទី១៧ខែមីនានេះថា ពលរដ្ឋខ្មែរប្រមាណ៥០០នាក់ ទាំងនៅក្នុងទីក្រុងស៊ីដនី និងមកពីរដ្ឋនានាទូទាំងប្រទេសអូស្ត្រាលី នឹងចូលរួមក្នុងបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន។
«ពួកអ្នកទាំងអស់ហ្នឹង មានប្រហែល៥ឡានទៀតដោយមិនគិតពីឡានតូចៗទេ ហើយអ្នកខ្លះ គេជិះកប៉ាល់ហោះមកដល់ហើយហ្នឹង។ អ្នកទាំងអស់ហ្នឹង នឹងមកជួបជុំគ្នាស្អែក គឺស្អែកធ្វើធំជាងថ្ងៃនេះទៀត។ ថ្ងៃនេះ យើងធ្វើបានគគ្រឹកគគ្រែងខ្លាំងណាស់ ដោយមានព្រះសង្ឃជាច្រើនអង្គ មកជួបជុំគ្នា ហើយពិសេសគឺព្រះអង្គមកជួយធ្វើពិធីព័ទ្ធសីមា ការពារយើងខ្ញុំទាំងអស់គ្នាហ្នឹង។ ហើយជាមួយគ្នាហ្នឹង ក៏ធ្វើដាក់បណ្តាសារទៅលើលោក ហ៊ុន សែន ឲ្យរលត់រលាយ ឱ្យមហារលត់ មហារលាយហ្នឹង»។
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនេះ នឹងប្រព្រឹត្តទៅក្នុងទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលី រយៈពេល៣ថ្ងៃ ដោយបានចាប់ផ្តើមចាប់ពីថ្ងៃសុក្រទី១៦ ខែមីនា។ កិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសជាសមាជិកអាស៊ានទាំង១០ ហើយដែលអូស្ត្រាលី ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ ត្រូវគេរំពឹងថា នឹងពិភាក្សាជាសំខាន់ពីបញ្ហាពាណិជ្ជកម្មនិងសន្តិសុខក្នុងតំបន់។
ប៉ុន្តែ ដោយមានបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសជាសមាជិកអាស៊ានមួយចំនួនជាពិសេសគឺបញ្ហាពាក់ព័ន្ធនឹងពលរដ្ឋរ៉ូហ៊ីងយ៉ា ក្នុងប្រទេសភូមា និងការធ្វើទុក្ខបុកម្មេញគណបក្សប្រឆាំង និងការយាយីសេរីភាពសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាដាដើមនោះ ក្រុមអ្នករិះគន់ រំពឹងថា ប្រទេសអូស្ត្រាលីនិងមេដឹកនាំអាស៊ានខ្លះដែលចូលរួមកិច្ចប្រជុំកំពូលនេះ នឹងលើកឡើងពីបញ្ហាទាំងនេះ។
លោក Olof Blomqvist អ្នកនាំពាក្យ អង្គការសិទ្ធិមនុស្ស Amnesty International បានថ្លែងប្រាប់VOAភាសាភូមាថា ស្ថានភាពដែលកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានលក្ខណៈគួរឲ្យបារម្ភយ៉ាងខ្លាំង។
«ដូច្នេះ យើងចង់ឃើញការផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើស្ថានភាពដ៏គួរឲ្យព្រួយបារម្ភមែនទែននៅក្នុងប្រទេសកម្ពុជា ដែលស្ថានភាពនេះ ត្រូវតែបញ្ចប់ឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន»។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ថើនប៊ុល (Malcolm Turnbull) បានរងការរិះគន់ពីសំណាក់អ្នករិះគន់និងក្រុមអ្នកតវ៉ា ដោយសារការស្វាគមន៍មេដឹកនាំភូមាគឺលោកស្រី អង់សាន ស៊ូជី និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហុង លីម ថ្លែងថា ៖
«ឥឡូវហ្នឹងគេកំពុងតែឆ្ងល់ហើយដូចថាលោកនាយករដ្ឋមន្ត្រី [អូស្ត្រាលី] ដែលទៅចាប់ដៃលោក ហ៊ុន សែន ដែលជាដៃប្រឡាក់ឈាម មិនដឹងថាតើត្រូវលាងប៉ុន្មានដងទេ។ ទាំងអស់គ្នា ទាំងអ្នកកាសែតគេចាប់ផ្តើមសួរហើយបាទថាតើ ហេតុអី នាយករដ្ឋមន្ត្រីហ្នឹង ត្រូវតែខាំមាត់សង្កត់ចិត្តទទួលលោក ហ៊ុន សែនហ្នឹង?»។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ដែលបានទៅដល់ប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រ បានថ្លែងតាមបណ្តាញហ្វេសប៊ុករបស់លោកថា រូបលោក ត្រូវបានស្វាគមន៍«យ៉ាងគគ្រឹកគគ្រែង» ដោយពលរដ្ឋខ្មែរជាង៨០០នាក់មកពីប្រទេសអូស្ត្រាលីនិងនូវ៉ែលសេឡង់ ហើយក៏ត្រូវបានស្វាគមន៍«យ៉ាងកក់ក្តៅបំផុត»ដោយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីផងដែរ៕