ស.រ.អា.​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​យក​ពានរង្វាន់​គំនិត​ច្នៃប្រឌិត​ថ្មី

រូបភាព​នៃគេហទំព័រ Global Innovation Through Science and Technology។

ក្រសួង​ការ​បរទេស​ស.រ.អា.​និង​អង្គការ​ស.រ.អា.​បង្កើត​កម្មវិធី​មួយ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​បេក្ខជន​នានា​ក្នុង​ពិភពលោក​និង​តំបន់​អាស៊ី​ ដែលមាន​សមត្ថភាព​ធ្វើឲ្យ​សង្គម​និង​ពិភពលោក​រីកចម្រើន​ បាន​ប្រកួត​ប្រជែង​គ្នា​ដណ្តើម​ពាន​រង្វាន់​គំនិតច្នៃប្រឌិតថ្មី​ដែល​នឹង​ធ្វើឡើង​រហូត​ដល់​ថ្ងៃ​ទី១១​ខែ​មិថុនា។​

បេក្ខជន​ចំនួន​៧៦​នាក់​មកពី​ប្រទេស​ចំនួន​៣៧​ក្នុង​ពិភពលោក​ រួមទាំង​តំបន់​អាស៊ី​ផង ​ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​ប្រកួត​ប្រជែង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ដើម្បី​ដណ្តើម​យក​ពាន​រង្វាន់​ទាក់ទង​នឹង​ការ​បង្កើត​ គំនិត​ច្នៃ​ប្រឌិត​ថ្មី​ដែល​ធ្វើឲ្យ​សង្គម​ ឬ​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ។​

កម្មវិធី​នេះ​ឈ្មោះ​ថា​«ការបង្កើត​ថ្មី​ជា​សកល​តាម​បែប​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ឆ្នាំ​២០១៥» ​ឬ ​ហៅ​ថា ​Global Innovation Through Science And Technology 2015 (GIST)។ ​ក្រសួង​ការ​បរទេស​ស.រ.អា.​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស.រ.អា.​មួយ​ឈ្មោះ ​CRDF Global ​គឺ​ជា​អ្នក​រៀបចំ​និង​ បង្កើត​កម្មវិធី​នេះ​ ដើម្បី​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​គំនិត​ច្នៃប្រឌិតថ្មីៗ​ ដោយ​ប្រើប្រាស់​ជំនាញ​នៃ​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ និង​ស្វែងរក​ ដើមទុន​ដើម្បី​បង្កើត​ពាណិជ្ជ​កម្ម​មួយ​ថ្មី ​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។​

បេក្ខជន​ទាំង​៧៦​នាក់​មកពី​ប្រទេស​ចំនួន​៣៧​នោះ​គឺ​ត្រូវ​ក្រុម​អ្នក​ជំនាញ​ ឬ​គណៈ​វិនិច្ឆ័យ​ជ្រើសរើស​ចេញ​ពីអ្នក​ដាក់ពាក្យ​សុំ​សរុប​ចំនួន​៧៩២​នាក់​ មកពី​ប្រទេស​ចំនួន​៧៤ ​មុនពេល​ប្រកាស​ឈ្មោះ​អ្នក​ ដែល​បាន​ជាប់​ក្នុងការ​ប្រកួត​ជា​បន្តក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​នោះ ​កាលពី​ដើម​ខែ​ឧសភា​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា​ លោកអ្នក​អាចចូល​រួម​បោះឆ្នោត​គាំទ្របេក្ខជន​ណា​ដែល​ខ្លួនពេញចិត្ត​ តាម​រយៈ​គេហទំព័រ​ www.aaas.org/tech-i/semifinalists។

លោក​អ្នក​អាច​បន្ត​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ ដែលខ្លួន​ពេញចិត្ត​បាន​ម្តង​ក្នុង​មួយថ្ងៃ ​ជា​រៀងរាល់​ថ្ងៃ​ រហូតដល់​ថ្ងៃ​ទី១១ ​ខែ​មិថុនា។​

អ្នក​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​នឹង​ត្រូវបាន​អញ្ជើញ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សហគ្រិនសកល​ឆ្នាំ​២០១៥។ ​មុននឹង​ចូលរួម​កិច្ចប្រជុំ​ អ្នកចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ទទួល​បាន​ការ​ហ្វឹកហាត់​ដ៏​ល្អ ​ហើយ​ក្រោយ​កិច្ច​ប្រជុំ ​អ្នក​ទាំង​នោះ​នឹង​ទទួល​បាន​ការ​ណែនាំ​រយៈពេល​បីខែ។ ​លើសពី​នេះ​ទៅ​ទៀត​ អ្នក​ទាំងនោះ​នឹង​មាន​ឱកាស​ក្នុង​ការ​បង្ហាញគំនិត​របស់​ខ្លួន​ ដល់​អន្តរជាតិ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ។ ប​ន្ថែម​ពី​នេះ​ទៀត ​អ្នក​ទទួល​ជ័យជម្នះ​ទាំងនោះ​ នឹង​ទទួល​បាន​សមាជិកភាព​នៃសមាគម​អាមេរិក​ស្តីពី​វិទ្យាសាស្រ្ត​ជាន់ខ្ពស់​ (AAAS)​ រយៈពេល​មួយ​ឆ្នាំ​ ​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៧​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​បន្ថែម​ពីលើការ​ចំណាយ​ផ្សេងៗ​ទៀត​ដែល​កម្មវិធី​នេះ​ចេញឲ្យ។​

អ្នក​ដែល​ទទួល​បាន​សំឡេងឆ្នោត​ច្រើន​ជាង​គេ​នឹង​ទទួល​បាន​ជ័យ​ជម្នះ។ ហើយ​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ទីក្រុង​ Nairobi​ នៃ​ប្រទេស​ Kenya​ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

ឆ្នាំ​នេះ​មាន​បេក្ខជន​ប្រាំពីរ​នាក់​ មក​ពី​តំបន់​អាស៊ីអាគ្នេយ៍ដែល​ជាប់​ក្នុង​ការ​ជ្រើសរើស​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ រួមមាន​ម្នាក់​មក​ពី​ប្រទេស​វៀតណាម​ បីនាក់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​ និង​បី​នាក់​ពី​ប្រទេស​ហ្វីលីពីន។

ក្នុង​ចំណោម​អ្នក​ទាំងនោះ​ លោក​ Regnard ​Raquedan ​មកពី​ប្រទេស​ហ្វីលីពីន​ បាន​បង្ហាញ​ពី​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Cubbyspot​ សម្រាប់​ទទួល​សេវា​មើល​ថែទាំ​កុមារ។​ លោក​ Regisda Machdy Fuadhy ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បង្កើត​គេហទំព័រ​មួយ​ ដែល​មាន​អាស័យដ្ឋាន​ www.pijarpsikologi.org។​ គេហទំព័រ​នេះ​មាន​អត្ថបទ​ល្អៗ​ដែល​សសេរ​ដោយ​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្រ្ត​ ដែល​ផ្តល់​ដំបូន្មាន​ទាក់ទិន​នឹង​បញ្ហា​ផ្លូវចិត្ត។​ ចំណែក​ឯ​លោក​ Pham​ Thang​ មក​ពី​ប្រទេស​វៀតណាម​នៃ​ក្រុម​ Passion​ Zone​ Vietnam​ បាន​បង្ហាញ​ពី​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ​ ដែល​មាន​ឈ្មោះ​ថា​ Walltop Forest។​

ក្រុមហ៊ុន​នេះ​បញ្ចូល​កម្មវិធី​ពិសេស​ទៅ​ក្នុង​ឧបករណ៍​បច្ចេកវិទ្យា​ជាន់ខ្ពស់ ​ដូចជា​កុំព្យូទ័រ​ និង​ទូរស័ព្ទដៃ​ទំនើប​ដែល​តភ្ជាប់​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​ ដើម្បី​គ្រប់គ្រង​បរិស្ថាន​ធម្មជាតិ។ កម្មវិធី​នេះ​នឹង​ពិនិត្យ​ទៅ​លើ​ពន្លឺ​ សំណើម​ កំដៅ​ និង​ស្ថានភាព​នានា​ របស់​ដើមឈើ​ ដែល​ផ្តល់​ភាព​ងាយស្រួល​ សូម្បីតែ​អ្នក​ដែល​ពុំ​មាន​បទ​ពិសោធន៍ ​ឬ​អ្នក​ដែល​មាន​ចំណេះដឹង​បន្តិចបន្តួច​ទាក់ទិន​នឹង​បច្ចេកវិទ្យា​ ក៏​អាច​ប្រើប្រាស់​ប្រព័ន្ធ​ទាំង​នេះ​បាន​ដែរ។​

ចាប់​តាំងពី​ឆ្នាំ​២០១១មក​ GIST មាន​អ្នក​បង្កើត​ថ្មី​និង​សហគ្រិន​ទូទាំង​សកលលោក​ចូលរួម​ច្រើន​ជាង២លាន៨​សែន​នាក់ ​និង​បាន​ដឹកនាំ​បង្កើត​ក្រុមហ៊ុន​ថ្មីៗ​ជាង​៤៥០០​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ជាង​ ៨០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។ ​លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ ​អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា៖​«ស.រ.អា.​ជឿ​ថា​ សហគ្រិន​អាច​បង្កើត​ការងារ​ ច្រើន​ដែល​ពង្រឹង​ទំនាក់ទំនង​រវាង​បណ្តា​ប្រទេស​នានា​ក្នុងការ​កសាង​ទីផ្សារ​សកល ​ហើយ​ជួយ​សម្រេច​សុបិន​របស់​អ្នក​ដែល​ចង់​បាន​សេរីភាព​ក្នុង​ ការ​ធ្វើឲ្យ​ជីវភាព​ពួកគេ​ទៅ​តាម​បំណង​របស់​គេ​នោះ»៕