ទាហាន​អាមេរិក​ទប់ទល់​ជាមួយ​ខ្មាន់​កាំភ្លើង​នៅ​លើ​រថភ្លើង​ដែល​រត់​រវាង​ក្រុង​អាំស្ទែដាំ​និង​ប៉ារីស

ប៉ូលិស​ស៊ើប​អង្កេត​បារាំង​ត្រួត​ពិនិត្យ​ស្វែង​រក​ភស្តុតាង​នៅ​លើ​រថភ្លើង​នៅ​ក្នុង​ក្រុង​ Arras ប្រទេស​បារាំង កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥។

អ្នក​ដំណើរ​ដែល​នៅ​រស់​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​នៅ​លើ​រទេះ​ភ្លើង​មួយ​ដែល​បាន​ធ្វើ​ដំណើរ​រវាង​ក្រុង​អាំស្ទែដាំ​ (Amsterdam) និង​ក្រុង​ប៉ារីស​បាន​និយាយ​ប្រាប់​អ្នកកាសែត​កាល​ពី​ថ្ងៃសៅរ៍​អំពី​វិធី​ដែល​ពួកគេ​បាន​ប្រើប្រាស់​ដើម្បី​យក​ឈ្នះ​លើ​បុរស​ប្រដាប់​អាវុធ​ម៉ារ៉ុក​ម្នាក់។ ​ពួកគេ​បាន​សរសើរ​ដល់​វីរភាព​នៃ​ទាហាន​អាមេរិកាំង​ពីរ​នាក់​ដែល​បាន​ដឹកនាំ​វិធានការ​ដើម្បី​បង្ក្រាប​អ្នកវាយ​ប្រហារ​នោះ។

អាជ្ញាធរ​ក្នុង​ប្រទេសអេស្ប៉ាញ​និយាយ​ថា ពួកគេ​បាន​ស្គាល់​អត្តសញ្ញាណ​បុរស​ប្រដាប់​អាវុធ​នោះ ​ហើយ​ថា ​ជា​ជន​ឥស្លាម​និយម​ជ្រុល​ម្នាក់​អាយុ​២៦ឆ្នាំ​ដែល​បាន​ចំណាយ​ពេល​វេលា​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ឆ្នាំ​ទៅ​មិញ។ ក្រុម​ភ្នាក់ងារ អេស្ប៉ាញ​ខាង​ប្រឆាំង​នឹង​ភេរវកម្ម​បាន​និយាយ​ថា​ បុរស​មាន​កំណើត​ក្នុង​ប្រទេស ​ម៉ារ៉ុក​អាយុ​២៦ឆ្នាំ​រូប​នេះ​បាន​រស់នៅ​ប្រមាណ​មួយ​ឆ្នាំ​នៅ​ក្នុង​ក្រុង​កំពង់ផែ​ Algeciras នា​ប៉ែក​ខាង​ត្បូង​ប្រទេស​នៅ​មុន​គាត់​ប្តូរ​លំនៅដ្ឋាន​ទៅ​នៅ​ក្នុង​ប្រទេស​បារាំង​វិញ​កាលពី​ឆ្នាំ២០១៤ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី។

លោក​ Chris Norman ដែល​ជា​ពលរដ្ឋ​អង់គ្លេស​រស់​នៅ​ក្នុង​ប្រទេស​បារាំង​បាន​រៀបរាប់​កាល​ពី​ថ្ងៃសៅរ៍​អំពី​ការ​ប្រឈម​មុខដាក់​គ្នា​កាល​ពី​ថ្ងៃសុក្រ​នៅ​ពេល​ជន​ប្រដាប់​អាវុធ​នោះ​ដើរ​ចូល​ក្នុង​ទូ​រទេះភ្លើង​លោក​ដោយមាន​កាន់​កាំភ្លើង​វែង​ធុន Kalashnikov កាំភ្លើងខ្លី និង​កាំបិតកាត់​ប្រអប់មួយ។​

លោក​ Norman ដែល​ជា​ជីតា​ម្នាក់​ដែល​បាន​កើត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ហើយ​នៅ ពេល​សព្វថ្ងៃ​នេះ​លោក​ធ្វើ​ការ​ខាង​ការ​ផ្តល់​ប្រាក់​អឺរ៉ុប​សម្រាប់​គម្រោង​ការ​ជំនួញ​ក្នុង​ទ្វីប​អាហ្រ្វិក​បាន​និយាយ​ថា​ សភាវគតិ​ដំបូង​របស់​លោក​គឺ​ឱន​ក្រាប​នៅ​ពេល​ជន​ប្រដាប់​អាវុធ​នេះ​ចាប់ផ្តើម​ស្រែក​ដាក់​អ្នក​ដំណើរ​តាម​រទេះភ្លើង​នោះ។​ លោក​ Norman បាន​និយាយ​រំលឹក​ប្រាប់​ហេតុការណ៍​នោះ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃសៅរ៍​នៅ​ក្នុង​ក្រុង​ Arras ​ប្រទេស​បារាំង​ថា​ «បន្ទាប់មក​ខ្ញុំ​បាន​ឮ​បុរស​ម្នាក់​ក្នុង​បណ្តា​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​នោះ​ស្រែក​ថា​ ទៅ​បង្ក្រាប​វា! ហើយ​អាមេរិកាំង​ម្នាក់​ទៀត​និយាយ​ថា ឯង​ធ្វើ​ដូច្នេះ​មែន​ឬ​អាសម្លាញ់! ហើយ​ពួក​គេ​ក៏​សំរុក​ទៅ​លើ​បុរស​នោះ»។

លោក​ Norman ​បាន​ថ្លែង​រំលឹក​ថា អ្នក​វាយ​ប្រហារ​ម៉ារ៉ុក​នោះ​បាន «ទប់ទល់​ខ្លាំង​គួរ​សម» ដោយ​បាន​ប្រើ​កាំបិត​កាត់​ប្រអប់​ឆូត​ក​លោក Spencer Stone ដែល​ជា​ទាហាន​អាមេរិកាំង​ម្នាក់។ ​លោក Norman បាន​និយាយថា​ ទោះ​ណា​ជា​លោក​មាន​របួស​ចេញ​ឈាម​ក៏​ដោយ ​ក៏​លោក​ Stone ដែល​ជា​សមាជិក​វ័យក្មេង​មាន​សាច់​ដុំ​មាំមួន​នៃ​កងទ័ព​អាកាស​ស.រ.អា.​បាន​បំពេញ​មុខ​នាទី​ធំ​មួយ​ក្នុង​ការ​បង្ក្រាប​អ្នក​វាយ​ប្រហារ​នោះ៕